អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

អ៊ីរ៉ង់​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ ៥បូក១ ដើម្បី​និយាយ​ពី​រឿង​អាមេរិក​បន្ត​ដាក់​ទ័ណ្ឌកម្ម​លើ​ខ្លួន

នៅ​ថ្ងៃ​សៅរ៍ ទី១៧ ធ្នូ ប្រទេស​អ៊ីរ៉ង់​បាន​ស្នើ​ជា​ផ្លូវការ​ឲ្យ​មាន​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស ៥បូក១ គឺ​អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស និង​អាល្លឺម៉ង់​ដើម្បី​ជជែក​រឿង​អាមេរិក​បន្ត​ដាក់​ទ័ណ្ឌកម្ម​ថ្មី​លើ​អ៊ីរ៉ង់។ ទ័ណ្ឌកម្ម​ដែល​ទីក្រុង​តេហេរ៉ង់​បាន​បរិហារ​ជា​ការ​រំលោភបំពាន​លើ​កិច្ចព្រមព្រៀង​នុយក្លេអែរ​ចុះ​ហត្ថលេខា​កាល​ពី​ខែ​កក្កដា ឆ្នាំ ២០១៥ និង​ដែល​អាមេរិក​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ។

លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​ម៉ូហាម៉ាត ហ្សាវ៉ា ហ្សារ្វី
លោក​ប្រមុខ​ការទូត​អ៊ីរ៉ង់​ម៉ូហាម៉ាត ហ្សាវ៉ា ហ្សារ្វី REUTERS/Raheb Homavandi/TIMA
ផ្សាយពាណិជ្ជកម្ម

សំណើ​របស់​ប្រទេស​អ៊ីរ៉ង់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​លិខិត​មួយ​របស់​លោក​ប្រមុខ​ការ​ទូត​ម៉ូហាម៉ាត ហ្សាវ៉ា ហ្សារ្វី​ផ្ញើ​ទៅ​កាន់​លោកស្រី​ប្រមុខ​ការទូត​អឺរ៉ុប Federica Mogherini។ នៅ​ក្នុង​លិខិត​នោះ លោក​ហ្សារី្វ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ចប្រជុំ​នៃ​គណៈកម្មការ​រួម​គ្រោង​ដោយ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដើម្បី​និយាយ​អំពី​ទង្វើ​ថ្មី​របស់​អាមេរិក​ដែល​បាន​បន្ត​ទ័ណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់។ ការ​ផ្ញើ​លិខិត​ផ្ទាល់​ទៅ​កាន់​លោកស្រី Fererica ក៏​ដោយសារ​លោកស្រី​មាន​តួនាទី​ជា​អាជ្ញាកណ្តាល​នៅ​ក្នុង​ទំនាក់ទំនង​រវាង​អ៊ីរ៉ង់ និង​ក្រុមប្រទេស ៥បូក១។

ប្រតិកម្ម​បរិហារ​អាមេរិក​របស់​អ៊ីរ៉ង់​ពេល​នេះ​បាន​ធ្វើ​ឡើង ២ថ្ងៃ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ពន្យារ​រយៈពេល ១០ឆ្នាំ​បន្ថែម​នូវ​ទ័ណ្ឌកម្ម​លើ​អ៊ីរ៉ង់​ដែល​ព្រឹទ្ធសភា​អាមេរិក​បាន​បោះឆ្នោត​គាំទ្រ​ដោយ​សម្លេង​ភាគ​ច្រើន​នា​ដើម​ខែ​ធ្នូ​នេះ។ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់ ពិសេស​ប្រមុខ​សាសនា​អ៊ីស្លាម​អាលី ខាមេណី និង​លោក​ប្រធានាធិបតី​រ៉ូហានី​បាន​បរិហារ​លើ​ការ​ពន្យារ​ទ័ណ្ឌកម្ម​នោះ និង​ចោទ​អាមេរិក​ពី​បទ​រំលោភ​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​ក្នុង​ខែ​កក្កដា ឆ្នាំ ២០១៥ និង​ដែល​អាមេរិក​ក៏​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ។

សូម​ជម្រាប​ជូន​ថា កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចុះ​ហត្ថលេខា​រវាង​អ៊ីរ៉ង់ និង​សហគមន៍​អន្តរជាតិ​ដែល​ចូល​ជា​ធរមាន​ក្នុង​ខែ​មករា ឆ្នាំ ២០១៦ នេះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​លើក​ទ័ណ្ឌកម្ម​មួយ​ភាគ​ចេញ​ពី​អ៊ីរ៉ង់។ អង្គការ​សហប្រជាជាតិ​បាន​ទទួល​ស្គាល់​ថា អ៊ីរ៉ង់​ពិត​ជា​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ដែល​តម្រូវ​ឲ្យ​កាត់​បន្ថយ​កម្មវិធី​នុយក្លេអ៊ែរ។ តែ​ទីក្រុង​តេហេរ៉ង់​បាន​ចោទ​អាមេរិក​ពី​បទ​បន្ត​យក​ជើង​រាទឹក​មិន​ឲ្យ​អ៊ីរ៉ង់​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច​ប្រក្រតី​ឡើង​វិញ​ជាមួយ​អាមេរិក​ក៏​ដូច​ប្រទេស​ផ្សេង​ក្នុង​លោក។

ទីក្រុង​វ៉ាស៊ីនតោន​បាន​អះអាង​ថា ទ័ណ្ឌកម្ម​ប្រឆាំង​អ៊ីរ៉ង់​ក្នុង​សំណុំរឿង​នុយក្លេអ៊ែរ​ត្រូវ​បាន​អាមេរិក​ព្យួរ​ដូច​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​មែន តែ​ទ័ណ្ឌកម្ម​ដែល​អាមេរិក​បាន​ពន្យារ​បន្ថែម​ពេល​នេះ គឺ​ជា​ទ័ណ្ឌកម្ម​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិមនុស្ស ការ​គាំទ្រ​ភេរវនិយម និង​កម្មវិធី​មីស៊ីល​របស់​អ៊ីរ៉ង់។ ទីក្រុង​តេហេរ៉ង់​បាន​ទទួល​ស្គាល់​ថា ទ័ណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់​ក្នុង​វិស័យ​ការពារ ធនាគារ និង​ថាមពល​ពេល​នេះ​បាន​ធ្វើ​ឲ្យ​អ៊ីរ៉ង់​ទទួល​បាន​ប្រយោជន៍​សេដ្ឋកិច្ច​តិច​ជាង​ការ​រំពឹង​ទុក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ