ហេតុអ្វីបានជាពលរដ្ឋខ្មែរមិនចូលចិត្តបង់ពន្ធ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣៧
និយាយពីការបង់ពន្ធលើប្រាក់បៀវត្ស មិនថានៅប្រទេសណាក៏ដូចជាប្រទេសដែរ ពលរដ្ឋភាគច្រើន គឺមិនសូវចូលចិត្តបង់ពន្ធប៉ុន្មានទេ។ ចំពោះប្រជាជនខ្មែរវិញ ជាទូទៅ ពលរដ្ឋខ្មែរ រឹតតែមិនសូវមានទម្លាប់ល្អខាងបង់ពន្ធនេះថែមទៅទៀត។ និយាយបែបផ្សេង គឺពួកគេមិនចូលចិត្តបង់ពន្ធតែម្តង។ ទំនងជាដូច្នេះហើយ ទើបការយកពន្ធលើប្រាក់បៀវត្ស គឺតម្រូវឲ្យនិយោជក កាត់ចេញទុកជូនរដ្ឋតែម្តង។ ដូច្នេះ តើហេតុអ្វីបានជាពលរដ្ឋខ្មែរមិនចូលចិត្តបង់ពន្ធ?
តាមច្បាប់និងបទដ្ឋានផ្សេងៗដែលស្តីពីពន្ធលើប្រាក់បៀវត្ស, អ្នកធ្វើការដែលទទួលបានប្រាក់ខែក្រោម៨០ម៉ឺនរៀល គឺមិនគិតពន្ធទេ។ ក៏ប៉ុន្តែ បើបានប្រាក់បៀវត្ស ចាប់ពី៨០ម៉ឺនរៀល ដល់១លាន២សែន៥ម៉ឺន គេត្រូវគិតពន្ធ ៥%។ ហើយចាប់ពី១លាន២សែន៥ម៉ឺន ទៅ៨លាន៥សែនរៀល រដ្ឋនឹងគិតពន្ធ១០%។ ចំណែកឯប្រាក់ខែបុគ្គលិក ដែលលើសពី ៨លាន៥សែនរៀល រហូតដល់១២លាន៥សែន នោះគឺត្រូវទូទាត់ ចំនួន១៥%។ ហើយបើលើសពី១២លាន៥សែនរៀលនេះទៅ នោះគឺគិត២០% សម្រាប់បង់ពន្ធជូនរដ្ឋ។
ចំពោះការបង់ពន្ធលើប្រាក់បៀវត្សនេះ ថៅកែ និយោជក ត្រូវកាត់ទុកជាមុន រួចជាស្រេចតែម្តង នៅពេលដែលបើកប្រាក់ប្រចាំខែ។ និយាយពីការបង់ពន្ធទៅលើប្រាក់ខែនេះ ទាំងថៅកែ និងបុគ្គលិក ទំនងជាមិនសូវមាននរណាចូលចិត្តបង់ពន្ធនោះទេ ព្រោះថាពួកគេនឹងត្រូវចំណាយប្រាក់។ ហើយបើនរណាបានទទួលប្រាក់ខែកាន់តែច្រើន ការបង់ពន្ធ ក៏កាន់តែកើនតាមនោះដែរ។
បើទោះបីជា អ្នកជាប់កាតព្វកិច្ចបង់ពន្ធលើកប្រាក់ខែនេះ បានបំពេញតាមកាតព្វកិច្ច គឺបានបង់ពន្ធនេះហើយក៏ដោយចុះ ក៏គេសង្កេតឃើញថា អ្នកខ្លះបង់ពន្ធទាំងបង្ខំចិត្ត និងទាំងរារែក ហើយថែមទាំងមិនមានទំនុកចិត្តទៅទៀត។ ការបង់ពន្ធដោយបង្ខំនិងរារែកចិត្ត ព្រោះថាពួកគេទាំងនោះ ត្រូវកាត់ប្រាក់ខែផ្ទាល់ខ្លួន យកទៅបង់ពន្ធ។ ប្រាក់ខែដែលរកបានជាថ្នូរនឹងកម្លាំងញើសឈាមរបស់ពួកគេ។ ចំណែកការមិនទុកចិត្ត ត្បិតថា ពលរដ្ឋទាំងនោះ មិនដឹង ឬមិនយល់ ថារដ្ឋយកលុយទាំងនោះ ទៅធ្វើអ្វីខ្លះ? ហើយចាត់ចែងដោយមានតម្លាភាព ឬក៏យ៉ាងណា?
មូលហេតុធំមួយទៀត គឺតាមទម្លាប់ជាយូរយារណាស់មកហើយ ដែលខ្មែរមិនមានទម្លាប់ល្អខាងបង់ពន្ធឲ្យបានខ្ចប់ខ្ចួននោះទេ។
ក្នុងប្រវត្តិសាស្ត្រអតីតកាល ខ្មែរមានការបង់ពន្ធដែរ តែស្ថិតក្នុងរូបភាពបែបផ្សេងៗ ដូចជាដង្វាយ ឬស្ថិតក្រោមរូបភាពបង្ខិតបង្ខំផងក៏ដោយអាចថាបាន។ តួយ៉ាង សម័យពីបុរាណ ប្រជានុរាស្ត្រខ្មែរត្រូវយកពន្ធអាករ ជាស្បៀង ឬគ្រឿងរណ្តាប់ផ្សេងៗ ទៅថ្វាយស្តេចម្ចាស់ផែនដី ម្ចាស់ប្រទេស! ពោលគឺរដ្ឋនេះហើយ។ បើនិយាយពីការប្រមូលពន្ធក្នុងសម័យអាណាព្យាបាលបារាំងវិញ ប្រជាជនខ្មែរមិនសប្បាយចិត្ត ហើយថែមទាំងបានងើបប៉ះបោរប្រឆាំងនឹងការប្រមូលពន្ធដ៏ធ្ងន់ធ្ងរ រហូតដល់ធ្វើវាយសម្លាប់អាជ្ញាធរបារាំងទៀតផង។
រហូតមកទល់នឹងសម័យនេះ ជាទូទៅ ពលរដ្ឋខ្មែរ ហាក់នៅមានទម្លាប់មិនចូលចិត្តបង់ពន្ធដដែល។ តើហេតុអ្វីបានជាដូច្នេះ?
មូលហេតុតាមទម្លាប់ និងការកាត់យកប្រាក់ខែដែលជាកម្លាំងញើសឈាមរបស់ខ្លួន ដែលបានលើកឡើងខាងលើនេះ គឺជាហេតុផលដែលអាចពន្យល់បានហើយ។ ក៏ប៉ុន្តែ នៅមានមូលហេតុផ្សេងទៀត ដែលអាចឆ្លុះបញ្ចាំងឲ្យកាន់តែភ្លឺច្បាស់ ពីការមិនពេញចិត្តនៅក្នុងការបង់ពន្ធនេះ។
ជាទូទៅ ប្រព័ន្ធនៃការបង់ពន្ធ គឺនៅមានកម្រិតខ្សោយ ខ្សោយទាំងបច្ចេកទេស និងធនធាន រាប់ទាំងធនធានមនុស្ស។ ដំណើរការនៃការប្រមូលពន្ធ គឺមានភាពខ្វះចន្លោះ។ ជាហេតុធ្វើឲ្យបុគ្គលមួយចំនួន អាចគេចវេះរួចខ្លួនពីសំណាញ់ពន្ធ។ ហើយការបង់ពន្ធនេះទៀតសោត នៅពេលខ្លះ គឺមានភាពមិនប្រត្រតី និងមិនស្មើភាពគ្នា។ មូលហេតុទាំងនេះ សុទ្ធតែជាហេតុផល ដែលធ្វើឲ្យអ្នកជាប់កាតព្វកិច្ចបង់ពន្ធទាំងឡាយ មិនសប្បាយចិត្ត ហើយក៏សូវចូលចិត្តបង់ពន្ធប៉ុន្មានដែរ។
ម្យ៉ាងវិញទៀត ក្នុងពេលសព្វថ្ងៃនេះ បុគ្គលិកភាគច្រើន ពិសេសអ្នកធ្វើការផ្នែកឯកជន ដែលត្រូវគេកាត់ពន្ធលើប្រាក់ខែរបស់ខ្លួន ពួកគេហាក់គ្មានសង្ឃឹមទៅលើការបង់ពន្ធរបស់ពួកគេនោះឡើយ។ ទី១ ការផ្តល់សេវាសាធារណៈពីរដ្ឋតបស្នងវិញ គឺខ្សោយ និងពេលខ្លះ គ្មានប្រសិទ្ធភាព។ ទី២ នៅពេលដែលពួកគេចាស់ជរា ឬធ្វើការលែងកើត គឺគ្មានបានប្រាក់អ្វីតបស្នងមកវិញ។ ចំណែកបុគ្គលិករដ្ឋឯណោះ ក៏ទំនងជាមិនសូវជាសប្បាយចិត្តរីកថ្លើមប្រមាត់ប៉ុន្មានណាស់ដែរ កាលបើពេលចូលនិវត្តន៍ទៅ បានប្រាក់រឺត្រែតតិចតួចនោះ។
លើសពីនេះ ចំពោះបុគ្គលិកមួយចំនួន ដែលទើបតែនឹងកសាងខ្លួនបានខ្លះ មានការងារល្មមសមរម្យ ងើបរើខ្លួន បានប្រាក់ច្រើនបន្តិច ក៏ត្រូវជាប់ពន្ធភ្លែតតែម្តង។ នេះជាបន្ទុកខ្លាំង ខណៈដែលមានការចំណាយច្រើន សម្រាប់ទិញទំនិញ បាយទឹក និងការធ្វើដំណើរផ្សេងៗ នេះមិនទាន់គិត ប្រសិនបើពួកគេជួលផ្ទះគេស្នាក់នៅផង។
ទោះបីយ៉ាងណាក៏ដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាស កាលពីចុងខែសីហាកន្លងទៅនេះ ថាការប្រមូលពន្ធមានកំណើនល្អ គឺប្រមូលបានលើសពីការរំពឹងទុក គឺបានរហូតដល់១៨%ឯណោះ។ នេះគឺដោយសារតែការរឹងបន្តឹង និងប្រឹងប្រែងកែទម្រង់របស់មន្ត្រីប្រមូលពន្ធ។
ក៏ប៉ុន្តែការកសាងទំនុកចិត្តនិងសេចក្តីសង្ឃឹមចំពោះអ្នកបង់ពន្ធ ក៏កាន់តែសំខាន់ និងចាំបាច់ថែមទៅទៀត។ ចាំបាច់និងសំខាន់ ព្រោះថា នៅពេលដែលអ្នកជាប់កាតព្វកិច្ចពន្ធទាំងអស់ ទុកចិត្តនិងមានក្តីសង្ឃឹម ពួកគេនឹងបំពេញកាតព្វកិច្ចបង់ពន្ធ បានកាន់តែល្អ ហើយការប្រមូលពន្ធ ក៏ច្បាស់ជានឹងកើនឡើងជាក់ជាពុំខាន។
ធ្វើដូច្នេះបាន គឺទាល់តែមានការឆ្លុះបង្ហាញពីតម្លាភាពនៃការប្រមូលពន្ធ និងទាល់តែមានការជួលជុល ឬលុបបំបាត់សំណាញ់ពន្ធដែលធ្លុះធ្លាយផងដែរ។ បើមិនដូច្នោះទេ លំបាកនឹងធ្វើឲ្យពលរដ្ឋខ្មែរ វិលមកស្រឡាញ់ការបង់ពន្ធនេះណាស់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ