សមាជិកព្រឹទ្ធសភាអាមេរិក ដាក់ឱសានវាទឲ្យកម្ពុជាដោះលែងលោក កឹម សុខា ត្រឹមថ្ងៃទី ០៩ វិច្ឆិកា
សមាជិកព្រឹទ្ធសភាអាមេរិកដ៏មានឥទ្ធិពលម្នាក់ បានដាក់ឱសានវាទឲ្យរដ្ឋាភិបាលទីក្រុងភ្នំពេញ ដោះលែងលោក កឹម សុខា ប្រធានគណបក្សប្រឆាំង ត្រឹមថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ បើមិនដូច្នោះទេ សភាអាមេរិកនឹងស្នើឲ្យមានការចាត់វិធានការជាក់លាក់លើមន្ត្រីរដ្ឋាភិបាលកម្ពុជាមួយចំនួន ដោយហាមមិនឲ្យចូលទឹកដីអាមេរិកនោះទេ។ នេះបើយោងតាមលិខិត ចុះថ្ងៃទី ២៣ តុលា របស់ លោក ថេត ហ្គ្រូស (TED CRUZ) សមាជិកព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណៈរដ្ឋរបស់លោក ដូណាល់ ត្រាំ។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលកម្ពុជា បានចាត់ទុកលិខិតនេះថា គ្រាន់តែជាការស្រមើស្រម៉ៃប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣១
នៅក្នុងលិខិតផ្ញើទៅកាន់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ តុលា លោក ថេត ហ្គ្រូស (TED CRUZ) សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សសាធារណៈរដ្ឋ បានសំដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពីមានការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា រួមទាំងការធ្វើទុក្ខបុកម្នេញមកលើគណបក្សប្រឆាំងនារយៈពេលចុងក្រោយនេះ។
នៅក្នុងលិខិតផ្ញើទៅកាន់លោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកនិងម៉ិចស៊ិកនេះ លោក ថេត ហ្គ្រូស (TED CRUZ) អតីតបេក្ខជនប្រធានាធិបតី និងជាគណៈកម្មការសេវាកម្មកងទ័ព បញ្ញតិ រដ្ឋបាល និងគណៈកម្មការចម្រុះសេដ្ឋកិច្ចនៃព្រឹទ្ធសភាសហរដ្ឋអាមេរិក បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅត្រឹមថ្ងៃទី ០៩ វិច្ឆិកា ខាងមុខនេះ។ បើក្នុងករណីមិនដោះលែងទេនោះ នោះលោករួមជាមួយសហការីរបស់ខ្លួនទាំងនៅក្នុងរដ្ឋសភា និងរដ្ឋបាលរបស់លោក Trum និងពិនិត្យមើលមន្ត្រីជាន់ខ្ពស់កម្ពុជាជាក់លាក់មួយចំនួន ឲ្យទទួលខុសត្រូវចំពោះទង្វើទាំងនេះ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនោះទេ។
លិខិតរបស់លោក ថេត ហ្គ្រូស (TED CRUZ) បានធ្វើឡើង ខណៈពេលដែលមានការរំលឹកឡើងវិញនូវខួបលើកទី២៦ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃទី ២៣ តុលា ដោយលោក ថេត ហ្គ្រួស បានហៅការចាប់ខ្លួនប្រធានគណបក្សប្រឆាំង លោក កឹម សុខា នេះថា មិនត្រឹមតែធ្វើឲ្យគ្រោះថ្នាក់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាប៉ុណ្ណោះទេ តែនឹងធ្វើឲ្យគ្រោះថ្នាក់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាផងដែរ។ ហើយថា ការមិនព្រមដោះលែងលោក កឹម សុខា នៅថ្ងៃទី ០៩ វិច្ឆិកា ដែលជាថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតនៅខែកក្កដា វានឹងមិនអាចធ្វើឲ្យអ្នកសង្កេតការមិនលំអៀងណាមួយ ឬប្រទេសណាមួយ បញ្ជាក់ថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខនេះ មានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះឡើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានចាត់ទុកលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោក ថេត ហ្គ្រួស ថា គ្រាន់តែជាការស្រមើស្រម៉ៃប៉ុណ្ណោះ។ លោកបានបន្ថែមថា កម្ពុជាក៏មិនព្រួយបារម្ភ ចំពោះការព្រមានដាក់ទណ្ឌកម្មមកលើមន្ត្រីរដ្ឋាភិបាលកកម្ពុជា ដូចការលើកឡើងនៅក្នុងលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិករូបនេះឡើយ។
សូមបញ្ជាក់ថា នេះមិនមែនជាប្រតិកម្មលើកទីមួយ ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងភ្នំពេញ ក្រោយពីការចាប់ខ្លួនប្រធានគណបក្សប្រឆាំងលោក កឹម សុខា នោះទេ ខណៈដែលរដ្ឋាភិបាលកម្ពុជា នៅតែអះអាងថា វិធានការរបស់ខ្លួនគឺចាំបាច់ ក្នុងការរក្សាសន្តិភាពនៅកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ