អានតួអត្ថបទ
កម្ពុជា

កម្ពុជាបង្ក្រាបបាន​​គ្រឿង​ញៀន​នាំ​ចូល​ពី​ប្រទេស​ឡាវ​​ជាង​៥០​គីឡូក្រាម

សមត្ថកិច្ច​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧​ឧសភា​សប្ដាហ៍​នេះ ទើប​តែ​បង្ក្រាប​បាន​គ្រឿង​ញៀន​ចំនួន​ជាង​៥០​គីឡូក្រាម​។ នៅ​ក្នុង​ជំនួប​ផ្ដល់​ព័ត៌មាន​បឋម​ដល់​អ្នក​កាសែត​កាល​ពី​ព្រឹក​មិញ លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ បាន​គូស​បញ្ជាក់​ថា គ្រឿង​ញៀន​ដែលទើប​បង្ក្រាប​បាន​ជាង​៥០​គីឡូក្រាម​នេះ ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ពី​ប្រទេស​ឡាវ ដោយ​គ្រោង​បែង​ចែក​បន្ត​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​។

លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ នៅ​​ក្នុង​ជំនួប​ផ្ដល់​ព័ត៌មាន​បឋម​ដល់​អ្នក​កាសែត ពី​ករណី​បង្ក្រាប​គ្រឿង​ញៀន​ជាង​៥០​គីឡូ​ក្រាម នាំ​ចូល​ពី​ប្រទេស​ឡាវ ថ្ងៃ​ទី​២០ ឧសភា ២០១៧
លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ នៅ​​ក្នុង​ជំនួប​ផ្ដល់​ព័ត៌មាន​បឋម​ដល់​អ្នក​កាសែត ពី​ករណី​បង្ក្រាប​គ្រឿង​ញៀន​ជាង​៥០​គីឡូ​ក្រាម នាំ​ចូល​ពី​ប្រទេស​ឡាវ ថ្ងៃ​ទី​២០ ឧសភា ២០១៧
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀនទ្រង់ទ្រាយ​ធំ​ក្នុង​ឆ្នាំ​២០១៧​នេះ ធ្វើ​ឡើង​នៅ​៣​ទីតាំង៖ ក្នុង​រាជធានី​ភ្នំពេញ ២​ទីតាំង និង​នៅ​ខេត្ត​រតនគិរី ១​ទីតាំង ដោយ​ចំណាយ​ពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​ ។ ពោល​គឺ​ចាប់​តាំង​ពី​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​ទី​១៧​ខែ​ឧសភា ដល់​ម៉ោង​២​កន្លះ​រសៀល​ថ្ងៃ​បន្ទាប់​។ នេះ​គឺការ​គូស​បញ្ជាក់​របស់​លោក ម៉ក់ ជីតូ អគ្គស្នងការ​រង​នគរបាល​ជាតិ​​។

លោក​បាន​ឲ្យ​ដឹង​បន្ថែម​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​ពីរ​នាក់ និង​ដក​ហូត​បាន​ ម្សៅ​ហេរ៉ូអ៊ីន​ចំនួន​៤៧​ដុំ ម្សៅ​ក្រាម​មេតំហ្វេតាមីន Ice ចំនួន​១២​ដុំ និង​មេតំហ្វេតាមីន​ថ្នាំ​គ្រាប់ WY ចំនួន​៤២​ដុំ សរុប​ទាំង​អស់​ជាង​៥០​គីឡូក្រាម​។

ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ដែល​ទើប​តែ​បង្ក្រាប​បាន​នេះ ត្រូវ​បាន​លោក ម៉ក់ ជីតូ ពន្យល់​ថា ជា​ករណី​រក្សា​ទុក និង​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​ប្រទេស​ឡាវ ដោយ​មាន​អង្គការ​ចាត់​តាំង​ត្រឹម​ត្រូវ​។ សម្រាប់​អគ្គស្នងការ​រង​នគរបាល​ជាតិ កម្ពុជា​គឺ​ជា​ប្រទេស​រង​គ្រោះ ព្រោះ​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​តាំង​ពី​យូរ​ណាស់​មក​ហើយ ដោយ​ភាគ​ច្រើន គ្រឿង​ញៀន​ត្រូវ​បាន​នាំ​ចូល​ពី​តំបន់​ត្រីកោណមាស ឆ្លង​កាត់​តាម​ប្រទេស​ឡាវ ចូល​មក​កម្ពុជា ដើម្បី​បែង​ចែក​បន្ត​ទៅ​កាន់​ប្រទេស​ដទៃ​ទៀត​។ ករណី​នេះ​មាន​ច្រើន​ណាស់​ដែល​សមត្ថកិច្ច​កំពុង​ស៊ើប​អង្កេត​ឈាន​ទៅ​បង្ក្រាប នៅ​ពេល​ប្រមូល​បាន​ភស្តុតាង​ជាក់​ស្ដែង​។

ដោយ​ឡែក ជន​សង្ស័យ​ដែល​ឃាត់​ខ្លួន​បាន​ទាំង​ពីរ​រូប នឹង​ត្រូវ​​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​សៅរ៍ ទី​២០​ឧសភា​នេះ​តែ​ម្ដង ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​​។ ចំពោះ​ការ​ចោទ​ប្រកាន់​កន្លងមក​ថា ការ​ផ្ដន្ទាទោស​ជន​ល្មើស​គ្រឿញ​ញៀន​មិន​សក្តិសម​នឹង​បទ​ល្មើសដែល​បាន​ប្រព្រឹត្ត អគ្គស្នងការ​រង​នគរបាល​ជាតិ លោក ម៉ក់ ជីតូ សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា សមត្ថកិច្ច​នឹង​រៀបចំ​ភស្តុតាង សាក្សី ឲ្យ​បាន​រឹង​មាំ ដើម្បី​ដាក់​បន្ទុក​ទៅ​លើ​ជន​ល្មើស​។

សូម​ជម្រាប​ជូន​ថា រដ្ឋាភិបាល​កម្ពុជា តាំង​ពី​ដើម​ឆ្នាំ​២០១៧​នេះ​មក បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​ជា​លើក​ទី​១ រយៈ​៦​ខែ​។ រហូត​មក​ទល់​ពេល​នេះ សមត្ថកិច្ច​បង្ក្រាប​បាន​ករណី​បទ​ល្មើស​គ្រឿង​ញៀន​ចំនួន​ជាង​៣​ពាន់​៥​រយ​ករណី ឃាត់​ខ្លួន​មនុស្ស​ជាង​៨​ពាន់​នាក់ និង​ដក​ហូត​គ្រឿង​ញៀន​បាន​ជាង​៥១​គីឡូក្រាម ដោយ​មិន​គិត​ករណី​ធំ​ចុង​ក្រោយ​នេះ​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ