អានតួអត្ថបទ
កម្ពុជា

កម្ពុជា សម្ពោធ​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ ប្រវែង ១៣០០​គីឡូម៉ែត្រ លើក​ដំបូង

ស្ថានីយ​មិត្តភាព​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ ខ្សែ​កាប្លិ៍​អុប​ទិក​ក្រោម​បាត​សមុទ្រ ម៉ាឡេស៊ី-​កម្ពុជា-​ថៃ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា រំពឹង​ថា នឹង​ផ្តល់​ឲ្យ កម្ពុជា នូវ​បណ្តាញ​អ៊ីន​ធើ​ណិត​ល្បឿន​លឿន​ជាង​មុន តម្លៃ​ប្រសើរ​ជាង​មុន វិសាលភាព​ធំ​ទូលាយ និង​មាន​សុវត្ថិភាព នៃ​លំហូរ​ទិន្នន័យ​ឌីជីថល ទាំង​សេវា​ទូរស័ព្ទ អ៊ីន​ធើ​ណិត និង​ឯកជន​ភាព ទៅ​កាន់​ពិភព​លោក។

ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​នៅ​ថ្ងៃ​ពុធនេះ។
ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ហើយ​នៅ​ថ្ងៃ​ពុធនេះ។
ផ្សាយពាណិជ្ជកម្ម

ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ​ភ្ជាប់ ​ប្រទេស ម៉ាឡេស៊ី កម្ពុជា ថៃ ប្រវែង ១៣០០​គីឡូម៉ែត្រ ហើយ​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ​បាន​រហូត​ដល់ 30 Tbps ជា​លើក​ដំបូង​នៅ​កម្ពុជា បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ហើយ នៅ​ថ្ងៃ​ទី​ ១៥ ខែ​មីនា​នេះ។

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍ លោក ត្រាំ អ៊ីវតឹក បាន​ថ្លែង​ថា​នេះ គឺ​សក្ខីកម្ម​មួយ​បង្ហាញ​ពី​ភាព​ជា​ដៃ​គូ​យូរ​អង្វែង​របស់​ប្រតិបត្តិករ​ទូរគមនាគមន៍ នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង​បី ម៉ាឡេស៊ី កម្ពុជា ថៃ ដោយ​ផ្តោត​លើ សមត្ថភាព​បញ្ជូន-ទទួល​ លំហូរ​ទិន្នន័យ​ឌីជីថល ក្នុង​ល្បឿន​លឿន និង​ធំ​ទូលាយ​។ ខណៈ​នៅ​ជុំវិញ​ពិភព​លោក មាន​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ សរុប​ជាង ៩០០​ពាន់​គីឡូម៉ែត្រ ការ​ស្ថាបនា​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ នេះ ក៏​ជា​ផ្នែក​មួយ នៃ​គោល​នយោបាយ​អ៊ីនធើណិត​ល្បឿន​លឿន​របស់​កម្ពុជា ដែល​បច្ចុប្បន្ន​កំពុង​បន្ត​ពង្រីក​សមត្ថភាព​នៃ​ការ​ប្រើ​ប្រាស់​អ៊ីនធើណិត​ល្បឿន​លឿន និង​ការ​ប្រើ​ប្រាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​រួម ឲ្យ​ទៅ​ដល់ តំបន់​សក្តានុពល​សេដ្ឋកិច្ច ទេសចរ និង​តំបន់​ដាច់​ស្រយាល​គ្មាន​សេវា​ទូរគមនាគមន៍​គ្រប់​គ្រាន់។ រដ្ឋមន្រ្តី​ក្រសួង​ប្រៃសនីយ៍ បាន​បន្ថែម​ថា កម្ពុជា ក៏​មាន​បណ្តាញ​អុបទិក​លើ​គោក ប្រមាណ ៣០.០០០ គីឡូម៉ែត្រ ដែល​កំពុង​ពង្រីក​បន្ត ទៅ​ក្នុង​រាជធានី​ខេត្ត​ទូទាំង​ប្រទេស និង​មាន​គោលដៅ ភ្ជាប់​ទៅ​ដល់​គ្រប់​ឃុំ ត្រឹម​ឆ្នាំ ២០១៨​នេះ។

អគ្គនាយក​ក្រុមហ៊ុន អ៊ីហ្ស៉ីខម តំណាង​ភាគី​កម្ពុជា លោក ផូល ប្លែន ហ័រហ្គែន ចាត់​ទុក​ថា សមិទ្ធិផល​នេះ គឺ​ជា​ការ​ប្រែ​ក្លាយ​ក្តី​ស្រមៃ​ទៅ​ជា​ការ​ពិត​មួយ របស់​កម្ពុជា ក្នុង​ការ​ពង្រីក​សមត្ថភាព​បញ្ជូន​ទិន្នន័យ​មួយ​ដែល​មាន​សុវត្ថិភាព និង​អ៊ីនធើណិត​ល្បឿន​លឿន​ជាង​មុន​ ភ្ជាប់​ទៅ​កាន់​ពិភពលោក។

លោក​ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ រំពឹង​ថា ពលរដ្ឋ​កម្ពុជា អាច​នឹង​ទទួល​បានអ៊ីនធើណិត​ប្រើ​ប្រាស់​កាន់​តែ​លឿន តម្លៃ​កាន់​តែ​ប្រសើរ​ជាង​មុន និង​មាន​សុវត្ថិភាព​ខ្ពស់។

គួរ​ជម្រាប​ថា ស្ថានីយ​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ នេះ កសាង​ឡើង ក្រោម​កិច្ច​ព្រម​ព្រៀង​សហការ​យោគ​យល់​គ្នា​រវាង ក្រុមហ៊ុន Telcotech ជា បុត្រ​សម្ព័ន្ធ របស់ ក្រុមហ៊ុន EZECOM រួម​នឹង​ក្រុមហ៊ុន Telekom Malaysia Berhad របស់ ម៉ាឡេស៊ី និង​ក្រុមហ៊ុន Symphony Communication Public Company Limited របស់​ថៃ។ ក្រុមហ៊ុន Huawei Marine Networks Co. Ltd ជា​ក្រុមហ៊ុន​ទទួល​ការ​កិច្ច​សន្យា​ផ្គត់​ផ្គង់​សេវា និង​ភ្ជាប់​ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុទ្រ​បី​ប្រទេស​លើក​នេះ។ ​កាល​ពី​អំឡុង​ខែ​ឧសភា ២០១៥ ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធើណិត EZECOM បាន​ចុះ​កិច្ច​ព្រមព្រៀង​មួយ ដើម្បី​កសាង ខ្សែ​កាប​អុបទិក​ក្រោម​បាត​សមុត្រ​ប្រវែង ១៣០០​គីឡូម៉ែត្រ ក្នុង​តម្លៃ​ជាង ៨០​លាន​ដុល្លារ ដោយ​ភ្ជាប់​ខេត្ត​ Cherating ក្នុង​ប្រទេស​ម៉ាឡេស៊ី ជាមួយ​នឹង ខេត្ត Rayong លើ​ទឹក​ដី​ថៃ មុន​ពេល​ភ្ជាប់​សាខា​ ទៅ​ខេត្ត​ព្រះសីហនុ ប្រទេស​កម្ពុជា។ ខ្សែ​កាប​នេះ ក៏​មាន​លទ្ធភាព​អាច​ភ្ជាប់​បណ្តាញ​ទំនាក់​ទំនង​តាម​ផ្លូវ​ខ្សែ​កាប​ក្រោម​បាត​សមុទ្រ ចម្ងាយ​ ២០.០០០​គីឡូម៉ែត្រ​ ដែល​ភ្ជាប់​ពី​អាស៊ី ទៅ​អាមេរិក ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ