អានតួអត្ថបទ
កម្ពុជា

GMAC៖ ប្រាក់ឈ្នួល​អប្បបរមា​២០១៧ អាច​ឡើង​បន្ថែម​បាន​ ៤ដុល្លារ

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ជម្រាប​មក​កាន់​ក្រសួង​ការងារ​ថា ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០១៧ គឺ​អាច​ដំឡើង​បាន​ត្រឹម​ ៤ដុល្លារ​ប៉ុណ្ណោះ គឺ​មិន​អាច​លើស​ពី​១៤៤.២ដុល្លារ​បាន​នោះ​ទេ។ សហជីព​នៅ​កម្ពុជា​បាន​បដិសេធ​មិន​ទទួល​យក​ការ​ដំឡើង​នេះ​ឡើយ។

ការតវ៉ារបស់សហជីព នាពេលកន្លងមក
ការតវ៉ារបស់សហជីព នាពេលកន្លងមក RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

សមាគម​រោងចក្រ​កាត់ដេរ​អះអាង​ថា អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​សម្រាប់​ឆ្នាំ​២០១៧ មិន​អាច​ឡើង​លើស​ ១៤៤.២ដុល្លារ​បាន​នោះ​ទេ។ ភ្លាម​ៗ​ក្រុម​សហជីព​នៅ​កម្ពុជា​ប្រកាស​ទាត់​ចោល​ចំនួន​នេះ ហើយ​ថា​ក្រុម​សហជីព​មាន​ជំហរ​រួម​គ្នា​ គឺ​ប្រមាណ​ ១៨០ដុល្លារ​សម្រាប់​ប្រាក់​ឈ្នួល​ឆ្នាំ​ ២០១៧។ ប៉ុន្តែ​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​លើក​ទឡ្ហីករណ៍​យ៉ាង​ហោច​ ៤ ដែល​មិន​អាច​ដំឡើង​លើស​ពី​ ១៤៤.២ដុល្លារ​នោះ​ទេ។

នោះ​គឺ ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​បញ្ជា​ទិញ​ពី​អ្នក​បញ្ជា​ទិញ ឬ​ម្ចាស់​ម៉ាក ទី២ ការ​ធ្លាក់​ចុះ​នូវ​ផលិត​ភាព​ការងារ ទី៣ អត្រា​កំណើន​នៃ​ទឹក​ប្រាក់​នាំ​ចេញ​ធ្លាក់​ចុះ និង​ទី​៤ អត្រា​កំណើន​រោង​ចក្រ​ថ្មី​មាន​ការ​ធ្លាក់​ចុះ​ ខណៈ​ដែល​ចំនួន​រោងចក្រ​បិទ​ទ្វារ​មាន​ការ​កើន​ឡើង។ យ៉ាងណា​ក៏​ដោយ​ក្រុម​សហជីព​នៅ​កម្ពុជា​បាន​ទាត់​ចោល​ការ​អះអាង​របស់​សមាគម​រោងចក្រ​កាត់​ដេរ ហើយ​ថា​ទិន្នន័យ​នោះ​ គឺ​មិន​ពិត​សោះ​ឡើយ។

លោក​អាត់ ធន់ សម្ព័ន្ធ​សហជីព​CCAWDU(ស៊ីខៅឌូ) បាន​លើក​ឡើង​ថា ផលិត​ភាព​ការងារ​បាន​កើន​ឡើង កម្លាំង​ពលកម្ម​ក៏​បាន​កើន​ឡើង ទន្ទឹម​នឹង​ចំនួន​រោងចក្រ​បើក​ថ្មី​បាន​កើន​ឡើង​ប្រមាណ​ជាង​ ១០០​រោង​ចក្រ ខណៈ​ដែល​រោងចក្រ​បាន​ប្រកាស​បិទ ​មាន​ចំនួន​៨​រោង​ចក្រ​ ហើយ​រោងចក្រ​ព្យួមាន​ចំនួន​ ១០៣​រោង​ចក្រ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ធ្វើ​បាតុកម្ម និង​កូដកម្ម​របស់​កម្មករ​ក៏​បាន​ថយ​ចុះ​ប្រមាណ​ ៥០%​ផង​ដែរ។

សូម​បញ្ជាក់​ថា​ជា​រៀង​រាល់​ឆ្នាំ អ្នក​ពាក់ព័ន្ធ​ក្នុង​វិស័យ​វាយនភណ្ឌកាត់ដេរ និង​ផលិត​ស្បែក​ជើង តែង​តែ​ជួប​ប្រជុំ​គ្នា​ ដើម្បី​ស្វែង​រក​ចំណុច​សមមូល​នៃ​ការ​តំឡើង​ប្រាក់​ឈ្នូល​អប្បបរមា​សម្រាប់​កម្មករ។ កម្មករ​ដែល​តែងតែ​ប្រើ​ប្រាស់​យន្តការ​ធ្វើ​បាតុកម្ម​ ដើម្បី​បាន​ប្រាក់​ឈ្នួល​សមរម្យ។ តួយ៉ាង​កាល​ពី​ឆ្នាំ​ ២០១៤ កន្លង​ទៅ បាតុកម្ម​ដើម្បី​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៥០ ដុល្លារ បាន​បណ្តាល​ឱ្យ​កម្មករ​យ៉ាង​ហោច​ ៥​នាក់​បាន​ស្លាប់​ និង​រង​របួស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​ផង​ដែរ។

យ៉ាងណា​ក៏​ដោយ លោកហេង សួរ អ្នក​នាំពាក្យ​ក្រសួង​ការងារ ដែល​ជា​អ្នក​សម្រប​សម្រួល​ការ​ចរចា​ប្រាក់​ឈ្នួល​បាន​លើក​ឡើង​ថា គ្រប់​គូភាគី​នៃ​ការ​ចរចា​មាន​សិទ្ធិ​ក្នុង​ការ​ដាក់​តួរ​លេខ​រៀង​ៗ​ខ្លួន​ដើម្បី​ចរចា។

ទោះបីជា​បែប​ណា​ក៏​ដោយ ក្រុម​សហជីព​នៅ​កម្ពុជា​បាន​អះអាង​ថា ការ​ដំឡើង​ត្រឹម​តែ ​៤​ដុល្លារ​២​កាក់​សម្រាប់​ឆ្នាំ​២០១៧ គឺ​មិន​អាច​ទទួល​យក​បាន​ទេ​ សម្រាប់​ក្រុម​សហជីព។ ក្រុម​សហជីព​ដែល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ ដោយ​មិន​ចាំបាច់​កម្មករ​ទាមទារ​ដោយ​ការ​ធ្វើ​បាតុកម្ម​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ