លោកហ៊ុន សែន ប្រកាសយកគោលនយោបាយ“សុំជំនួយបរទេស”ទៅប្រជែងការបោះឆ្នោតជាតិឆ្នាំ២០១៨
ប្រធានគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានប្រកាសនៅមុខកម្មករ កម្មការិនីនៅព្រឹកនេះថា លោកនឹងយកគោលនយោបាយ “៣សុំ” គឺសុំជំនួយ សុំការវិនិយោគ និងសុំឲ្យអន្តរជាតិទិញទំនិញពីកម្ពុជា ដើម្បីយកទៅប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ២០១៨ខាងមុខ។ គោលនយោបាយ “៣សុំ”របស់លោកហ៊ុន សែននេះ គឺប្រឆាំងនឹងគោលនយោបាយ “៣កុំ”គឺកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញកម្ពុជាដែលលោកនាយករដ្ឋមន្រ្តីកំណត់ខ្លួនឯងសម្រាប់បក្សប្រឆាំង។ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិបដិសេធថា គណបក្សគ្មានគោលនយោបាយបែបនេះឡើយ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៧
ក៏ដូចជាលើកមុនៗដែរ នៅក្នុងជំនួបជាមួយកម្មករកម្មការិនីដ៏កម្រនេះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានលើកឡើងពីការរំដោះប្រទេសពីភ្លើងសង្រ្គាម និងឈានមករកការរីកចម្រើនដូចពេលសព្វថ្ងៃ។ សព្វថ្ងៃ ដែលលោកហ៊ុន សែន ចង់សំដៅនាពេលនេះ គឺការកើនឡើងនៃចំនួនកម្មករ ក៏ដូចជាចំនួនរោងចក្រនៅក្នុងប្រទេសកម្ពុជា។ ម៉្យាងវិញទៀត លោកក៏ចង់លើកឡើងពីផ្លាស់ប្តូរៗពីប្រាក់ខែទាប មកប្រាក់ខែសមរម្យរបស់កម្មករនាពេលបច្ចុប្បន្ននេះផងដែរ។
បន្ថែមពីការលើកសរសើរពីភាពរីកចម្រើនរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកផ្ទាល់ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានរិះគន់ខ្លាំងៗសំដៅគណបក្សសង្រ្គោះជាតិ ពិសេសគឺទៅលើលោកសម រង្ស៊ី ដែលជាអតីតប្រធានគណបក្សតែម្តងចំពោះការមិនរកផលប្រយោជន៍ដល់កម្មករ និងបែរជាមកបំផ្លិចបំផ្លាញផលប្រយោជន៍ពួកគេទៅវិញ។ បើតាមលោកហ៊ុន សែន គណបក្សប្រឆាំងបានអនុវត្តគោលនយោបាយ “៣កុំ”កន្លងមក គឺកុំឲ្យបរទេសផ្តល់ជំនួយ កុំឲ្យមកវិនិយោគ និងកុំឲ្យបរទេសទិញទំនិញពីកម្ពុជា។ ដើម្បីប្រឆាំងនឹងគោលនយោបាយដែលលោកកំណត់ដោយខ្លួនលោកចំពោះគណបក្សប្រឆាំងនេះ លោកនាយករដ្ឋមន្រ្តី ក៏បានប្រកាសបង្កើតគោលនយោបាយ “៣សុំ” គឺសុំឲ្យបរទេសផ្តល់ជំនួយ សុំឲ្យមកវិនិយោគ និងសុំឲ្យទិញទំនិញពីកម្ពុជា។ គោលនយោបាយនេះ ក៏ត្រូវបានលោកហ៊ុន សែន ប្រកាសយកទៅប្រកួតប្រជែងការបោះឆ្នោតជាតិនាពេលខាងមុខ។
លោកស្រីកែ សុវណ្ណរតន៍ ប្រធានគណៈកម្មការផ្នែកការងារនៃរដ្ឋសភាមកពីគណបក្សសង្រ្គោះជាតិបានច្រានចោលការចោទប្រកាន់របស់លោកហ៊ុន សែនដែលថា បក្សប្រឆាំងមិនឲ្យបរទេសផ្តល់ជំនួយឫមកវិនិយោគនៅកម្ពុជា។ លោកស្រីបញ្ជាក់ថា គណបក្សប្រឆាំងមិនដែលមានគោលនយោបាយបែបនោះឡើយ។ បើតាមលោកស្រីកែ សុវណ្ណរតន៍ អ្វីដែលគណបក្សប្រឆាំងបានធ្វើនោះ គឺគ្រាន់តែបានស្នើឲ្យម្ចាស់ជំនួយដាក់លក្ខខណ្ឌការងារឲ្យបានល្អប្រសើរដល់កម្មករតែប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកស្រីសង្កត់ធ្ងន់ថា គណបក្សសង្រ្គោះជាតិតែងតែគិតគូរពីបញ្ហាកម្មករកម្មការិនីខ្មែរទាំងជីវភាពរស់នៅ និងសិទ្ធិសេរីភាពជាដើម។
សូមបញ្ជាក់ថា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ អតីតប្រធានគណបក្សសង្រ្គោះជាតិលោកសម រង្ស៊ី ធ្លាប់បានដឹកនាំកម្មករកម្មការិនីធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួល។ បាតុកម្មនាពេលនោះ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។ ប៉ុន្តែជាការកត់សម្គាល់ ក្រោយមកប្រាក់ឈ្នួលកម្មករក៏បានឡើងជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានព្រមានជាមុនហើយមិនឲ្យមានបាតុកម្មរបៀបនេះកើតឡើងម្តងទៀតទេនៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខហើយថា ការដំឡើងប្រាក់ឈ្នួលដល់កម្មករ គឺរដ្ឋាភិបាលទេជាអ្នកធ្វើមិនមែនគណបក្សប្រឆាំងនោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ