អានតួអត្ថបទ
កម្ពុជា

អតីតមេដឹកនាំខ្មែរ​ក្រហម នួន ជា និងខៀវ សំផន​ អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ក្នុង​ពន្ធនាគា

 ខណៈដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស ​កំពុង​ចូល​រួម​អបអរសាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណីជាតិ​នោះ ​អតីត​មេដឹក​នាំ​ខ្មែរ​ក្រហម​ លោក​ នួន​ ជា ​និង​លោក ​ខៀវ ​សំផន ​ក៍​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​រួម​អបអរ​សាទរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​នៅ​ក្នុង​ពន្ធនាគា​ផង​ដែរ​។ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​ម៉ិញ ​ក្រុមគ្រួសារ​ជន​ជាប់​ចោទ​ទាំង​ពីរ ​និង​មន្ត្រី​អនុរក្ស​ពន្ធនា​គារ​បាន​រៀប​ចំ​ពិធី​សូត្រ​មន្ត​ដល់​ជន​ជាប់​ចោទ​ទាំង​ពីរ។  

អង្គសវនាការនៃសាលាក្តីខ្មែរក្រហម
អង្គសវនាការនៃសាលាក្តីខ្មែរក្រហម Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

 

ពិធី​សូត្រ​មន្ត​ដល់​ជន​ជាប់​ចោទ​ទាំង​ពីរ​ គឺ​លោក ​នួន ជា ​និង​លោក​ ខៀវ ​សំផន ​ត្រូវ​បាន​ក្រុមគ្រួសារ​របស់​ជន​ជាប់​ចោទ​និង​មន្ត្រី​អនុរក្ស​ពន្ធនាគា ​រៀប​ចំ​ធ្វើ​ឡើង​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង​បណ្តោះអាសន្ន​របស់​សាលាក្តី​ខ្មែរ​ក្រហម ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគា​នៃ​ក្រសួងមហាផ្ទៃ ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១០​មេសា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ នេត្យ​ ភត្រា ​អ្នក​នាំ ​ពាក្យ​សាលាក្តី​ខ្មែរ​ក្រហម។ ​ពិធី​សូត្រ​មន្ត ​គឺ​ធ្វើឡើង​ ទៅ​តាម​ការ​ស្នើ​សុំ​របស់​ជន​ជាប់​ចោទ​ ដើម្បី​ជាការ​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​។
 
បើ​តាម​លោក ​នេត្យ​ ភត្រា ​សាលា​ក្តី​ខ្មែរ​ក្រហម​តែង​តែ​អនុញ្ញាត​ឱ្យ​ជន​ជាប់​ចោទ​ទាំង​អស់​នៅ​ក្នុង​ពន្ធនាគារ​ ប្រារព្ធ​ពិធី​តាម​បែប​សាសនា​ក្នុង​មួយ​ឆ្នាំ​ពីរ​ដង ​គឺ​បុណ្យ​ភ្ជុំបិណ្ឌ​ម្តង ​និង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ម្តង។​ បើ​តាម​លោក ​នេត្យ​ ភត្រា ​ដដែល ​បើ​ទោះបី​ជា​ជន​ជាប់​ចោទ​ទាំង​ពីរ​ស្ថិត​នៅ​ក្រោម​ការ​ឃុំខ្លួន​ក្តី​ ក៍​ប៉ុន្តែ​សិទ្ធិ​សាសនា​របស់​ពួក​គេ​មិន​ត្រូវ​បាន​ហាម​ឃាត​នោះ​ទេ​។
សូម​បញ្ជាក់​ថា ​ជន​ជាប់​ចោទ ​នួន ​ជា ​និង ​លោក ​ខៀវ ​សំផន ​គឺ​ជា​អ្នក​គោរព​តាម​ព្រះពុទ្ធ​សាសនា ខណៈ​ដែល​លោក​ កាំង​ ហ្គេវ​អ៊ាវ ​ហៅ​ឌុច​ អតីត​មេ​គុក​ទួល​ស្លែង​គោរព​តាម​គ្រឹស្ទ​សាសនា ​។    
 
នួន​ ជា ​បង​ធំ​ទី២​នៃ​របប​ខ្មែរ​ក្រហម ​បច្ចុប្បន្ន​មាន​អាយុ​៨៨ឆ្នាំ ​ត្រូវ​បាន​សាលា​ក្តី​ខ្មែរ​ក្រហម​ចាប់​ឃុំខ្លួន​កាល​ពី​ខែ​កញ្ញា​ឆ្នាំ ​២០០៧​ ក្រោម​បទ​ចោទ​ប្រកាន់ ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​, ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍,​ ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ​១៩៤៩ និង​អំពើ​មនុស្ស​ឃាត ​៖ ​ការ​ធ្វើ​ទារុណកម្ម ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​ផ្នែក​សាសនា​ ដូច​ មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ឆ្នាំ​១៩៥៦។
 
ចំណែក​លោក ​ខៀវ​ សំផន​ អតីត​ប្រមុខ​រដ្ឋ​នៃ​របប​ខ្មែរ​ក្រហម​ បច្ចុប្បន្ន​អាយុ​៨៤​ឆ្នាំ ​ត្រូវ​បាន​សាលាក្តី​ខ្មែរ​ក្រហម​ចាប់​ខ្លួន ​កាល​ពី​ខែ​វិច្ឆិការ​ឆ្នាំ​២០០៧​ ក្រោម​បទ​ចោទ​ ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ,​ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍ ​, ការ​រំលោភ​បំពាន​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​អនុ​សញ្ញា​ទីក្រុង​ហ្សឺ​ណែវ​ឆ្នាំ១៩៤៩​ និង​ អំពើ​មនុស្ស​ឃាត។
 
សូម​បញ្ជាក់​ថា ​ក្រោយ​ពី​សំរាក​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ ​សាលា​ក្តី​ខ្មែរ​ក្រហម​នឹង​បន្ត​បើក​សវនាការ​លើ​សំណុំ​រឿង​002/02​បន្ត​ទៀត​នៅ​ថ្ងៃទី​២១​មេសា​ខាង​មុខ​នេះ ​ដោយ​បន្ត​ការ​ស្តាប់​សក្ខីកម្ម ​និង​ការ​សំអាង​ហេតុ​ផ្សេងៗ​ទៀត​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ