អានតួអត្ថបទ
កម្ពុជា

អ្នក​ទទួល​ខុស​ត្រូវ​កាសែត The Cambodia Daily ជំនាន់​ក្រោយ​៣​រូប ត្រូវ​ពន្ធដារ​ប្តឹង​ពីរ​ករណី​ផ្សេង​គ្នា

ទី​បំផុត​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃ​ទី​៤​កញ្ញា បាន​សម្រេច​ប្តឹង​ចំនួន​២​ផ្សេង​គ្នា​ទៅ​អ្នក​គ្រប់​គ្រង​កាសែត The Cambodia Daily។ ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​កាន់​តុលាការ​ដែល​សារព័ត៌មាន​ទើប​ទទួល​បាន​នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត The Cambodia Daily បដិសេធ​ការ​បង់​ពន្ធ​ជូន​រដ្ឋ​ជាង​៦​លាន​ដុល្លារ និង​មាន​ការ​ធ្វើ​អត្ថាធិប្បាយ​ដោយ​អ្នក​គ្រប់​គ្រង​កាសែត​នេះ ដែល​ស្ថាប័ន​ពន្ធដារ​យល់​ថា​ជា​ការ​បរិហាកេរ្តិ៍។

កាសែតខេមបូឌាដេលី
កាសែតខេមបូឌាដេលី RF
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ទី​១​ដែល​ផ្ញើ​ទី​កាន់​ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក វ៉ាន់ ពុទ្ធិពល តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ប្តឹង​ជន​បរទេស​៣​នាក់ គឺ​ទី​១​លោក​ស្រី Deborah Krisher-Steele ទី​២ លោក Douglas Eric Steele អ្នក​ទាំង​ពីរ​ជា ជា​កម្មសិទ្ធិ​ករ និង ជា​បណ្ណាធិការ នៃ​ក្រុម​ហ៊ុន Bernard Krisher Jimushi Co.Ltd។ និង​ជន​ទី​៣​គឺ​លោក Bernard Krisher ជា​ចាង​ហ្វាង​សារព័ត៌មាន The Cambodia Daily។ បុគ្គល​ទាំង​៣ រង​បទ​ចោទ​ដូច​គ្នា​គឺ​ពី​បទ​គេច​វេះ​ពន្ធ និង​ការ​ប្រព្រឹត្ត​អំពើ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​បទ​បញ្ញត្តិ​ស្តី​ពី​ពន្ធ​ដារ។

យោង​តាម​អង្គហេតុ និង​អង្គ​ច្បាប់ អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​លើក​ឡើង​ថា កាសែត The Cambodia Daily ដែល​បាន​ចាប់​ផ្តើម​អាជីវកម្ម​កាល​ពី​ឆ្នាំ​១៩៩៣​មក​នោះ មិន​បាន​ចុះ​បញ្ជី​និង​បំពេញ​កាតព្វកិច្ច​សារពើពន្ធ គឺ​ជា​ការ​ប្រព្រឹត្ត​អំពើ​រាំង​ស្ទះ​ការ​អនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ ដូច​មាន​ចែង​ក្នុង​មាត្រា​១២៨​នៃ​ច្បាប់​ស្តីពី​សារពើពន្ធ។ លើស​ពី​នេះ ពាក្យ​បណ្តឹង​ក៏​បាន​ឲ្យ​ដឹង​ដែរ​ពី​ការ​គេច​វេះ​ពន្ធ​ដោយ​មាន​ការ​រៀប​ចំ​ផ្ទេរ​ផ្ទង់ បែប​ទិញ​លក់​ក្រុមហ៊ុន​ពី​លោក Bernard Krisher មក​កូន​របស់​គាត់​គឺ​លោក​ស្រី Deborah Krisher Steele។

ដោយ​ឡែក អគ្គនាយកដ្ឋាន​ពន្ធដារ​ក៏​បាន​ដាក់​បណ្តឹង​ផ្សេង​មួយ​ទៀត ទៅ​កាន់​តុលាការ​ដែរ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នោះ ដោយ​ប្តឹង​លោក​ស្រី Bernard Krisher Steele ជា​ជន​ជាតិ​អាមេរិក ពី​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ និង​ស្នើ​ឲ្យ​មាន​ការ​ផ្តន្ទា​ទោស​តាម​ច្បាប់​និង​ទាម​ទារ​សំណង​ជំងឺ​ចិត្ត ខាត​បង់​ពេល​វេលា​ចំនួន​៨០០​លាន​រៀល។

បណ្តឹង​របស់​ស្ថាប័ន​ពន្ធដារ​ទី​២​នេះ គឺ​ដោយ​សារ​លោក​ស្រី Bernard Krisher Steele បាន​ប្រាប់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ជា​សារ​អេឡិចត្រូនិក ដែល​មាន​ខ្លឹម​សារ​ថា​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​ចោទ​សារព័ត៌មាន​របស់​លោក​ស្រី​ថា​ជំពាក់​ថ្លៃ​ពន្ធ​៦,១​លាន​ដុល្លារ​នោះ គឺ​ជា​ចេតនា​នយោបាយ​ចង់​បិទ​កាសែត​នេះ​ចោល​តែ​ម្តង។ មួយ​វិញ​ទៀត តាម​រយៈ​សារ​អេឡិច​ត្រូនិក​ដែរ លោក​ស្រី Steele បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ពន្ធដារ​ថា បាន​ធ្វើ​ឲ្យ​បែក​ធ្លាយ​នូវ​ព័ត៌មាន​ស្តី​ពី​ការ​កំណត់​ពន្ធ​ឡើង​វិញ។

សូម​បញ្ជាក់​ថា មុន​នឹង​ឈាន​ដល់​ការ​ប្តឹង​អ្នក​គ្រប់​គ្រង​កាសែត The Cambodia Daily នេះ អគ្គនាយក​ដ្ឋាន​ពន្ធដារ​កាល​ពី​ខែ​កន្លង​ទៅ បាន​សរសេរ​លិខិត​ទៅ​កាន់​កាសែតThe Cambodia Daily ដើម្បី​ឲ្យ​កាសែត​នេះ​បំពេញ​កាតព្វកិច្ច​បង់​ពន្ធ​ជូន​រដ្ឋ ដែល​បាន​ខក​ខាន​អស់​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​ហើយ និង​ទុក​ឱសាន​វាទ​ដល់​ត្រឹម​ថ្ងៃ​ទី​៤​ខែ​កញ្ញា។ ក៏​ប៉ុន្តែ​អ្នក​គ្រប់​គ្រង​កាសែត​The Cambodia Daily បន្ត​ដែល​ជា​កូន​ស្រី​ស្ថាបនិក​លោក Bernard Krisher ថ្លែង​បដិសេធ​ការ​ទទួល​ខុស​ត្រូវ​លើ​ពន្ធដារ​ពី​អតីត​កាល ដោយ​លោក​ស្រី ទទួល​ខុស​ត្រូវ​ចាប់​ពី​ខែ​មេសា​ឆ្នាំ​២០១៧​មក​ប៉ុណ្ណោះ ជា​ពេល​វេលា​ដែល​កាសែត​នេះ​ត្រូវ​បាន​គ្រប់​គ្រង​បន្ត​ពី​លោក​ស្រី បន្ទាប់​ពី​ការ​លក់ ទិញ​ក្រុមហ៊ុន​នេះ​រវាង​ឱពុក​និង​កូន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ