អានតួអត្ថបទ
កម្ពុជា

កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី

កម្ពុជា​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី ក្នុង​ឋានៈ​ជា​សមាជិក​ស្ថាបនិក​។ ពិធីចុះ​កិច្ច​ព្រម​ព្រៀង​ ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៩​មិថុនា​ម្សិលមិញ នៅ​វិមាន​ប្រជាជន​ចិន ក្រុង​ប៉េកាំង ប្រទេស​ចិន​។ ក្នុង​ឋានៈ​ជា​សមាជិក​ស្ថាបនិក កម្ពុជា​ចាត់ទុក​ធនាគារ​នេះ​ថា​ជា​ប្រភព​ហិរញ្ញប្បទាន​ដ៏​មាន​សារសំខាន់​ថ្មី​មួយ​ទៀត សម្រាប់​ប្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​កម្ពុជា​។    

តំណាង​ប្រទេស​ចូល​រួម​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី AIIB
តំណាង​ប្រទេស​ចូល​រួម​ពិធី​ចុះ​កិច្ច​ព្រម​ព្រៀង​បង្កើត​ធនាគារវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី AIIB
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី​២៩​មិថុនា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក វង្សី វិស្សុត ចូល​រួម​ជាមួយ​តំណាង​ប្រទេស​ចំនួន​៥៧​ផ្សេង​ទៀត ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​បង្កើត​ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា AIIB​។ នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង​៥៧​នោះ មាន​ប្រទេស​ក្នុង​តំបន់​អាស៊ី​ចំនួន​៣៧ និង​ក្រៅ​តំបន់​ប្រទេស​អាស៊ី​ចំនួន​២០​ផ្សេង​ទៀត​។ ប្រទេស​ទាំង​៥៧ ដែល​រួម​ទាំង​កម្ពុជា​ផង នឹង​ក្លាយ​ជា​សមាជិក​ស្ថាបនិក​នៃ​ធនាគារ AIIB ដ៏​ថ្មី​ស្រឡាង​នេះ​។

​លោក វង្សី វិស្សុត ជា​តំណាង​ប្រទេស​កម្ពុជា បាន​គូស​បញ្ជាក់​ថា ធនាគារ AIIB នឹង​ក្លាយ​ជា​ប្រភព​ហិរញ្ញប្បទាន​ដ៏​មាន​សារសំខាន់​ថ្មី​មួយ​ទៀត បន្ថែម​លើ​ប្រភព​ដៃ​គូ​អភិវឌ្ឍ​ដែល​មាន​ស្រាប់ ដើម្បី​បម្រើ​ឲ្យ​សេចក្ដី​ត្រូវ​ការ​របស់​កម្ពុជា​។ សេចក្ដី​ត្រូវ​ការ​របស់​កម្ពុជា ក្នុង​ការ​វិនិយោគ​លើ​វិស័យ​អាទិភាព សំដៅ​ទ្រទ្រង់​កំណើន និង​លើក​កម្ពស់​ផលិតភាព​នៃ​សេដ្ឋកិច្ច ព្រម​ទាំង​សមត្ថភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​។

គួរ​ជម្រាប​ជូន​ថា ធនាគារ​វិនិយោគ​ហេដ្ឋារចនា​សម្ព័ន្ធ​អាស៊ី ហៅ​កាត់​ថា AIIB​ គឺ​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្ដរជាតិ​ពហុភាគី ដូច​ធនាគារ​ពិភពលោក World Bank និង​ធនាគារ​អភិវឌ្ឍ​អាស៊ី ADB ដែរ​។ ធនាគារ​នេះ​មាន​ដើម​ទុន​សរុប​ចំនួន​១០០​ពាន់​លាន​ដុល្លារ និង​មាន​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្ដរភាព កៀរគរ​ធនធាន លើក​កម្ពស់​ការ​ត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ី និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ព្រម​ទាំង​ភាព​ជាដៃ​គូ​ក្នុង​តំបន់​។

នៅ​ក្នុង​ការ​វិនិយោគ​ធនាគារ AIIB ប្រទេស​ចិន​បណ្ដាក់​ទុន​ច្រើន​ជាង​គេ គឺ​ប្រមាណ​៣០​ភាគ​រយ តាម​ពី​ក្រោយ​ដោយ​ប្រទេស​ឥណ្ឌា ៨,៤​ភាគ​រយ​។ ប្រទេស​រុស្ស៊ី ៦,៥​ភាគ​រយ​។ អាឡឺម៉ង់ ៤,​៥​ភាគ​រយ និង​បារាំង ៣,៤​ភាគ​រយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ