អានតួអត្ថបទ

គណបក្សប្រជាជនកម្ពុជាបញ្ជាក់ថា​កិច្ចចរចា​ត្រូវឈរ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត

នៅ​ក្នុង​លិខិត​ឆ្លើយតប​ទៅ​លោក​ សម រង្ស៊ី​ ដែល​ស្នើ​សុំ​បើក​កិច្ចចរចា​ជាថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​​បោះឆ្នោត​ លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ស្តីបន្ទោស​គណបក្ស​​សង្គ្រោះជាតិ​ថា​បាន​ធ្វើ​ឲ្យ​កិច្ចចរចា​រក​ដំណោះស្រាយ​ជួប​នឹង​បរាជ័យ។​ យ៉ាងណា​ក៏ដោយ​​គណបក្ស​កាន់អំណាច​​អះអាង​ថា​ខ្លួន​​នៅតែ​​មាន​សុឆន្ទៈ​​ក្នុង​ការចរចា​តែត្រូវឈរលើ​លទ្ធផលនៃការ​​បោះឆ្នោត​។​

លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពិធី​រម្លឹក​ខួប​គណបក្ស​
លោក ជា ស៊ីម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពិធី​រម្លឹក​ខួប​គណបក្ស​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

 

គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​នៅ​តែ​បន្ត​បាច​ទឹក​ដាក់គ្នា​ដដែល​ចំពោះ​បរាជ័យ​នៃ​កិច្ច​ចរចា​រក​ដំណោះស្រាយ​បញ្ហា​បោះឆ្នោត។​ ក្រោយ​ពី​ទទួល​លិខិត​ស្នើ​សុំ​ចរចា​ជា​ថ្មី​​របស់​មេដឹក​នាំ​បក្សប្រឆាំង​ លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​​បាន​ឆ្លើយ​តប​វិញ​ដោយ​ស្តីបន្ទោស​​គណបក្ស​សង្គ្រោះជាតិ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​កិច្ច​ចរចា​ជួប​នឹង​បរាជ័យ។​

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី ​២៩​ សីហា​នេះ​ លោក​ ជា ស៊ីម​ បាន​រម្លឹក​ឡើង​វិញ​អំពី​កិច្ច​ចរចា​គ្នា​រវាង​គណបក្សទាំងពីរ​ដែល​បាន​ចាប់ផ្តើម​តាំង​ពី​ថ្ងៃ​ទី​៣​សីហា​​ដោយ​បាន​ឯក​ភាព​គ្នា​បង្កើត​គណៈកម្មការ​​ចម្រុះ​មួយ​ដោយ​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប)​ ជាអ្នក​សម្របសម្រួល​។​ ប៉ុន្តែ​ ក្រោយ​មក​ គណបក្ស​សង្គ្រោះជាតិ​បាន​ប្រែ​ក្រឡះវិញ។ ​លោក​ ជា ស៊ីម​ បន្ត​ថា​ ចាប់​តាំង​ពី​ពេល​នោះ​មក ​គម្រោង​កិច្ច​ចរចា​នានាបា​ន​ជួប​នឹង​បរាជ័យ​ដោយសារ​តែ​គណបក្ស​សង្គ្រោះជាតិ​​មិន​បាន​ចាត់​តំណាង​មក​ចូល​រួម​តាម​សំណើ​របស់ ​គ.ជ.ប។​

សូម​បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​ដែល​បដិសេធ​មិន​ទទួល​ស្គាល់​តួនាទី​របស់​ គ.ជ.ប​ តែង​បាន​ស្តីបន្ទោស​គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​អ្នក​បង្ក​ឧបសគ្គ​ដល់​កិច្ចចរចា​ដោយ​លើក​​យក​បញ្ហា​គ.ជ.ប​ មក​និយាយ​ដដែល។ ​យ៉ាងណា​ក៏ដោយ​ កាលពី​ថ្ងៃ​ទី​ ២៨​ សីហា​ លោក​ សម រង្ស៊ី ​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​ជូន​លោក​ ជា ស៊ីម ​ដើម្បី​​សុំ​បើក​កិច្ចចរចា​ថ្នាក់​កំពូល​រវាង​គណបក្ស​ទាំងពីរ។​ ទន្ទឹម​នឹង​នោះ ​គណបក្ស​ប្រឆាំង​ក៏​បាន​ប្រកាស​​​ពីគម្រោង​ធ្វើបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​ដែរ​នៅ​ថ្ងៃ​ទី​​៧​កញ្ញា។​

ការប្រកាស​គម្រោង​បាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត​នៅ​មុន​ពេល​ដែល​ គ.ជ.ប​ ប្រកាស​លទ្ធផល​ផ្លូវការ​ ​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា​ ជាការ​ប្រឆាំង​នឹង​ឆន្ទៈ​របស់ប្រ​ជាពលរដ្ឋ​ម្ចាស់ឆ្នោត​​ដែល​បាន​បង្ហាញ​តាមរយៈ​ការបោះឆ្នោត។ ​បាតុកម្ម​នេះ​ក៏​ត្រូវ​បាន​គណបក្ស​កាន់អំណាច​​អះអាង​ថា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រជាពលរដ្ឋ។​

ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ​២៩​ សីហា​នេះ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​តម្កល់​ប្រយោជន៍​ជាតិ​និង​ប្រជាជន​ជាធំហើយ​ចៀសវាង​ការប្រើប្រាស់​មធ្យោបាយ​ផ្ទុយ​ពី​ប្រជាធិបតេយ្យ។ ​គណបក្ស​នេះ​​ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​ផងដែរ។ គណបក្សប្រជាជនកម្ពុជា​នៅតែបញ្ជាក់ថា ខ្លួន​មាន​សុឆន្ទៈ​ក្នុង​កិច្ចចរចា​ជានិច្ច ប៉ុន្តែ​ត្រូវឈរ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ