អានតួអត្ថបទ
កម្ពុជា-សុខភាព

ស្ថានទូត​ថៃ​បដិសេធទាំង​ស្រុង​ព័ត៌មាន​ថាអាហារ​កំប៉ុងដែល​នាំ​ចូល​ពី​ថៃ​មាន​ផ្ទុក​មេរោគ​អេដស៍​

នា​ថ្ងៃ​ម្សិលមិញ​ពោល​គឺ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​ឆ្នាំ​២០១៦​នេះ​ស្ថានទូតនៃ​ប្រទេស​ថៃប្រចាំ​កម្ពុជា​បាន​ចេញសេចក្តី​ប្រកាស​ព័ត៌មាន​ច្រាន​ចោល​ទាំង​ស្រុង​នូវ​ព័ត៌មាន​ដែល​ថា​អាហារ​កំប៉ុង​ដែល​នាំ​ចូល​មកពី​ថៃ​មាន​ផ្ទុក​មេរោគ​អេដស៏។សេចក្តី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចែកចាយ​ចុះឡើង​នូវ​ព័ត៌មាន​នេះ​នៅក្នុង​បណ្តាញ​សង្គម​ហ្វេសបុក​ក្នុង​រយះពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​។សូមស្តាប់សេចក្តីរាយការណ៍របស់ ព្រឿន បញ្ញារី៖

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតថៃប្រចាំនៅកម្ពជា ច្រានចោលព័ត៌មានដែលថា អាហារកំប៉ុងនាំចូលពីប្រទេសថៃ មានផ្ទុកមេរោគអេដស៍៕
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតថៃប្រចាំនៅកម្ពជា ច្រានចោលព័ត៌មានដែលថា អាហារកំប៉ុងនាំចូលពីប្រទេសថៃ មានផ្ទុកមេរោគអេដស៍៕ @FB/Royal Thai Embassy in Phnom Penh
ផ្សាយពាណិជ្ជកម្ម

នា​ពេល​ថ្មី​នេះ​មាន​ការ​លេច​ឮ​ព័ត៌មាន​ជា​ច្រើន​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​ទាក់ទិន​ទៅនឹង​មេរោគ​អេដស៍​ដែល​មាន​ផ្ទុក​នៅ​ក្នុង​អាហារ​កំប៉ុង​ដែល​បាន​នាំ​មក​ពី​ប្រទេស​ថៃ​។ គួ រ​ជម្រាប​ជូន​ថា​ការ​ចែកចាយ​ព័ត៌មាន​តៗ​គ្នា​នៅ​ក្នុង​បណ្តោញ​សង្គម​នេះ​មាន​ទម្រង់​សារ​ជា​សំឡេង​និង​សារ​ជា​អក្សរ​នៅ​ក្នុង​បរិបទ​ភាសាខ្មែរ​ផង​និង​ភាសា​អង់គ្លេស​ផង ។

សារ​ជា​រួម​ដែល​បាន​ផ្សាយ​ទៅ​វិញ​ទៅ​មក​នោះ​មាន​អត្ថន័យ​យ៉ាង​ដូច្នេះ ថា​៖ “​ សូម​បង​ប្អូន​កុំបរិភោគ​អាហារ​កំប៉ុង​ដែល​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ​ពី​ព្រោះ​ថ្មីៗ​នេះ​មាន​កម្មករ​ម្នាក់ ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ហើយ​ដែល​បច្ចុប្បន្ន​កំពុង​តែ​ធ្វើ​ការ​ខាង​ផ្នែក​ផលិត​អាហារ​គ្រឿង​កំប៉ុង​នៅ​ក្នុង​ប្រទេស​ថៃ​នេះ បាន​មុត​ដៃ​រហូត​ដល់​មាន​ឈាម​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍​នោះ​ចូល​ទៅក្នុង​ទៅ​អាង​ស្តុក​អាហារ​។ “ ជា​មួយ​គ្នា​នេះ អត្ថន័យ​របស់​សារ​ទាំងនោះ ក៏​បាន​អំពាវនាវ​អោយ​ប្រជាជន​ទាំង​អស់​កុំ​បរិភោគ​អាហារ​កំប៉ុង​ទាំង​អស់​នោះ​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ។

ឆ្លើយ​តប​ទៅ​នឹង​សារ​ដែល​គ្មាន​ប្រភព​ច្បាស់លាស់​ទាំង​អស់ ស្ថានទូត​ថៃ​នៅ​ទី​៣១ ខែ ធ្នូ ឆ្នាំ​២០១៦​នេះ​បាន​ច្រានចោល​ទាំង​ស្រុង​ទៅ​នឹង​ព័ត៌មាន​នេះ។​ ច្រានចោល តាម​រយៈ​ការ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កម្រាស់​២​សន្លឹក ពោល​គឺ​ភាសាខ្មែរ​មួយ និង​អង់គ្លេស​មួយ។ នៅ​ក្នុងនោះ​ដែរ ស្ថានទូត​ថៃ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​សារ​ដែល​បាន​ចែកចាយ​ត​គ្នា​នោះ គឺ​ជាព័ត៌មាន​ក្លែងក្លាយ​ ហើយ​មួយ​វិញ​ទៀត​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​អាជ្ញាធរ​ថៃ​ក៏​មិន​បាន​ចេញ​សេចក្តីថ្លែងការណ៍​ណា​មួយ​បញ្ជាក់​ពី​បញ្ហា​នេះ​ដែរ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ ស្ថានទូត​ថៃ​ក៏​បាន​បញ្ជាក់​ថា​ការ​លើក​ឡើង​ដោយ​មិន​សម​ហេតុផល​នេះ​ បាន​ធ្វើ​ឡើង​ដោយ​ជន​ខិលខូច​មួយ​ចំនួន​ដែល​មាន​បំណង ចង់​បង្ខូច​ក្រុម​ហ៊ុន​ដែល​ផលិត និង​នាំ​ចេញ​ផលិតផល​ថៃ។ ហេតុនេះ​ហើយ​ ស្ថាន​ឯកអគ្គរាជទូតថៃ ក៏​បាន​អំពាវនាវ​ទៅ​ដល់​បង​ប្អូន​ទាំងអស់ អោយ​ឈប់​ធ្វើ​ការ​ចែកចាយ​បន្ដ​នូវ​ព័ត៌មាន​ក្លែងក្លាយ​មួយ​នេះតទៅ​ទៀត។

សូម​បញ្ជាក់​ថា កន្លង​មក​ស្ថានទូត​ថៃ​ក៏​បាន​ប្រទះ​ឃើញ​ព័ត៌មាន​ទាំង​អស់​នេះ គឺ​ជា​ព័ត៌មាន​បំផ្លើស​ដែល​បាន​ផ្សាយ​ចេញ​ត​ៗគ្នា​នៅ​ក្នុង​ប្រទេស​ប្រ៊ុយណេ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ហ្វីលីពីន​ម្តង​រួច​មក​ហើយ ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​២០១៣​ និង​២០១៤៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ