អានតួអត្ថបទ
អាមេរិក-ជប៉ុន-កូរ៉េខាងត្បូង

អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ព្រមព្រៀង​ដោះដូរ​ព័ត៌មាន​សម្ងាត់​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង

ប្រភព​ព័ត៌មាន​ផ្លូវការ​ពី​កូរ៉េខាងត្បូង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី២៦ ធ្នូ​ថា អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ទើប​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ដោះដូរ​ព័ត៌មាន​សម្ងាត់​ស្តីពី​សណុំរឿង​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។ កិច្ចព្រមព្រៀង​ពេល​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​កូរ៉េខាងជើង​កំពុង​ជាប់ចោទ​ជា​ចោរអ៊ីធ័រណេត​លួច​ទិន្នន័យ​របស់​ក្រុមហ៊ុន​ហូលីថូដ​សូនី​នៅ​សហរដ្ឋអាមេរិក។

លោក​ប្រធានាធិបតី​អាមេរិក និង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង
លោក​ប្រធានាធិបតី​អាមេរិក និង​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង REUTERS/Jung Yeon-je/Pool
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ថ្ងៃ​ចន្ទ ទី២៩ ធ្នូ​សប្តាហ៍​ក្រោយ​ដែល​កិច្ចព្រមព្រៀង​ត្រីភាគី​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ស្តីពី​ការ​ដោះដូរ​ព័ត៌មាន​សម្ងាត់​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ត្រូវ​ចុះ​ហត្ថលេខា​ជា​ផ្លូវការ នេះ​បើ​តាម​ការ​ប្រកាស​ឲ្យ​ដឹង​របស់​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង។ ចំណែក​អ្នក​នំា​ពាក្យ​របស់​ក្រសួង​ការពារជាតិ​នេះ​វិញ​បាន​បញ្ជាក់​ថា កម្មវត្ថុ​សំខាន់​នៃ​កិច្ចព្រមព្រៀង​ត្រីភាគី​ពេល​នេះ គឺ​ដើម្បី​ប្រឈម​ទប់​នឹង​ទង្វើ​ផ្គើន​របស់​ក្រុង​ព្យុងយ៉ាង ព្រម​ទំាង​ជួយ​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ឲ្យ​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​ការ​គំរាមកំហែង​នុយក្លែអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង។

គួរ​ជម្រាប​ជូន​ថា សំណុំរឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង ជា​សំណុំរឿង​មួយ​ស្មុគស្មាញ និង​ដែល​បាន​អូសបន្លាយ​អស់​ជា​ច្រើន​ឆ្នំា​មក​ហើយ។ អ្វី​ដែល​សហគមន៍​អន្តរជាតិ មាន​អាមេរិក​នំា​មុខ​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​ខា្លច​តែ​របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​ដែល​មាន​បំពាក់​ដោយ​អាវុធ​បរមាណូ​ស្រាប់​នោះ អាច​បន្ត​ផលិត​គ្រាប់​ក្បាលនុយក្លែអ៊ែរ​ទៅ​បំពាក់​លើ​កាជ្រួច​ដែល​ជា​អាវុធ​គំរាមកំហែង​នៅ​ក្នុង​តំបន់​ទំាង​មូល។ ក្រុមអ្នកឯកទេស​មិន​មាន​មន្ទិលសង្ស័យ​ចំពោះ​សមត្ថភាព​របស់​កូរ៉េខាងជើង​ទេ ព្រោះ​ក្រុងព្យុងយ៉ាង​មាន​ទំនាក់ទំនង​ជិតស្និត​ជាមួយ​ប្រទេស​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន​ដែល​អាច​ជួយ​កូរ៉េខាងជើង​ឲ្យ​ផលិតអាវុធ​ប្រភេទ​នេះ។

យ៉ាង​ណា​ក៏​ដោយ ប្រភព​ពី​មន្រ្តីទូត​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ត្រីភាគី​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ស្តីពី​ការ​ដោះដូរ​ព័ត៌មាន​សម្ងាត់​រឿង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះ​​មិន​បាន​អនុញ្ញាត​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង​ដោះដូរ​ព័ត៌មាន​តែ​ពីរ​នាក់​ដោយ​ផ្ទាល់​ទេ ពោល​គឺ​ត្រូវ​ឆ្លង​កាត់​អាមេរិក​ជា​មុន​សិន នេះ​ក៏​ដោយសារ​តែ​ប្រទេស​អាស៊ី​ទំាង​ពីរ​ធ្លាប់​មាន​ទំនាក់ទំនង​តានតឹង​នៅ​ក្នុង​អតីតកាល។ អ្វី​ជា​ការ​កត់សម្គាល់ កិច្ចព្រមព្រៀង​ត្រីភាគី​អាមេរិក ជប៉ុន និង​កូរ៉េខាងត្បូង​ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អាមេរិក និង​កូរ៉េខាងជើង​កំពុង​បន្ត​ដំឡើង​សរសៃ ក ក្នុង​សំណុំរឿង​ក្រុមហ៊ុន​ហូលីវូដ​សូនី​នៅ​សហរដ្ឋអាមេរិក។ ទីក្រុង​វ៉ាស៊ីនតោន​បាន​ចង្អុល​ចំ​មុខ​ក្រុង​ព្យុងយ៉ាង​ថា ជា​ចោរអ៊ីធ័រណេត​ចូលលួច​ទិន្នន័យ​របស់​ក្រុមហ៊ុន​ហូលីវូដ​សូនី បន្ទាប់​ពី​ក្រុមហ៊ុន​មួយ​នេះ​ត្រៀម​ចាក់​បញ្ចំាង​ខ្សែភាពយន្ត​មួយ​មាន​ចំណង​ជើង​ថា « The Interview » ដែល​រៀបរាប់​ពី​គម្រោង​ផែនការ​សម្លាប់​មេដឹកនំា​កូរ៉េខាងជើង​គីម ជុនអ៊ុន​ពី​ពួក CIA អាមេរិកំាង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ