អានតួអត្ថបទ
Facebook

Facebook ឈ្នះក្តី​ទល់​នឹង​ក្រុមហ៊ុន​ចិន​ផលិត​ភេសជ្ជៈ​ដែល​ប្រើ​ឈ្មោះ​ខ្លួន

ជាថ្មី​ម្តងទៀត ​ បន្ទាប់​ពី​ឈ្មោះ​ម៉ាក​ iPhone ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​មួយ​យក​ទៅ​ប្រើប្រាស់ ​ពេលនេះ​គឺ​ម៉ាក​Facebook ​ត្រូវ​បាន​ក្រុមហ៊ុន​ចិន​ផលិត​ភេជ្ជៈ​ យក​ទៅ​ប្រើប្រាស់ ​ដាក់​លើ​ឈ្មោះ​ភេសជ្ជៈ​របស់ខ្លួន។ ក្រុមហ៊ុន​Facebook ​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ចិន​ ហើយ​ទី​បំផុត​ តុលាការ​ចិន​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ Facebook ​ឈ្នះ។

រូបតំណាង​បណ្ដាញ Facebook
រូបតំណាង​បណ្ដាញ Facebook
ផ្សាយពាណិជ្ជកម្ម

ដោយយោង​តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍ ​CCTV ​របស់​ចិន ​បាន​ឲ្យ​ដឹង​ថា ​កាល​ពី​ឆ្នាំ​២០១៤ ​ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​មួយ​ ឈ្មោះ ​Zhongshan Pearl River ​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​គ័ងទុង​ បាន​ដាក់​ពាក្យ​សុំ​ប្រើប្រាស់​ឈ្មោះ​សញ្ញា​ពាណិជ្ជកម្ម​ Face Book ​ទៅ​កាន់​អាជ្ញាធរ​ចិន​ទទួល​បន្ទុក​កម្មសិទ្ធិ​បញ្ញា ​ប៉ុន្តែ​ពាក្យFacebook ​គឺ​សរសេរ​ដោយ​មាន​ដកឃ្លា​នៅ​កណ្តាល។ អាជ្ញាធរ​កម្មសិទ្ធិ​បញ្ញា​បាន​អនុញ្ញាតិ ​ពាក្យសុំ​នេះ។

 
ក្រុមហ៊ុន​Facebook​ដែល​មាន​ទីតាំង​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា ​សហរដ្ឋ​អាមេរិក ​ បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ចិន ​ដើម្បី​បញ្ឈប់​ការ​ប្រើប្រាស់​ឈ្មោះ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​របស់​ខ្លួន។ តុលាការ​ដំបូង​ចិន​ បាន​សម្រេច​ក្តី ​ដោយ​បាន​ចាត់​ទុក​ជា​មោឃៈ​នូវ​សេចក្តី​អនុញ្ញាតិ​របស់​អាជ្ញាធរ​កម្មសិទ្ធិ​បញ្ញា​ចិន។ បន្ទាប់​មក​ទៀត ​ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ចិន ​បាន​ធ្វើ​ពាក្យ​បណ្តឹង​ឧទ្ធរណ៍​តែ​ទី​បំផុត​ តុលាការ​ឧទ្ធរណ៍​នៅ​ក្រុង​ប៉េកាំង​បាន​សម្រេច ​ដោយ​រក្សា​សេចក្តី​សម្រេច​របស់​តុលាការ​ដំបូង​ ឲ្យ​នៅ​ដដែល។

នៅក្នុង​សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍​ចិន​ បាន​បញ្ជាក់​ថា​ ការ​យក​ឈ្មោះFacebook ​ទៅប្រើ​ប្រាស់​ គឺ​ជា​ការ​ប៉ះពាល់ ​ទៅដល់​កម្មសិទ្ធិ​បញ្ញា​នៃ​ស្លាក​សញ្ញា​ពាណិជ្ជកម្ម​ដើម​ ដែល​បាន​ទទួល​ការ​ការពារ​ដោយ​ច្បាប់។ តុលាការ​បន្ត​ថា ​បើ​សិន​ជា​អាជ្ញាធរ​អនុញ្ញាតិ ​ឲ្យ​មាន​សកម្មភាព​របៀប​នេះ​ នោះ​មាន​ន័យ​ថា ​ក្រុមហ៊ុន​ដ៏ទៃ​ទៀត ​ប្រាកដ​ជា​នាំគ្នា​យក​ម៉ាក​ឈ្មោះ​ល្បីៗ​រាប់​មិនអស់ ​មក​សុំ​ការ​អនុញ្ញាតិ​ប្រើប្រាស់ ​យ៉ាង​អាណាធិបតេយ្យ ​ជាក់ជា​មិន​ខាន។ សកម្មភាព​បែប​នេះ ​ត្រូវតែ​បិទ​បញ្ចប់។

សូម​បញ្ជាក់ថា​ បណ្តាញ​សង្គម​ Facebook ​មិន​ត្រូវ​បាន​អនុញ្ញាតិ​ឲ្យ​ប្រើប្រាស់ ​នៅ​ក្នុង​ប្រទេស​ចិន​ទេ។ ​ក៏ប៉ុន្តែ​ក្រុមហ៊ុន​Facebook ​បាន​ចុះ​កិច្ចសន្យា​រកស៊ី​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន​ជាច្រើន។ លោក ​Mark​ Zuckerberg ​នាយក​Facebook បាន​ថែមទាំង​ឆ្លៀត​ឱកាស​ ស្វែង​រក​ការ​គាំទ្រ​ ពី​សំណាក់​អ្នក​ប្រើប្រាស់​បណ្តាញ​អ៊ីនធើណែត ​និង​បណ្តាញ​សង្គម​នៅ​ចិន​ទៀត​ផង។ ដូច្នេះ​ក្រុមហ៊ុន​ចិន​ មួយ​ចំនួន​ក៏​មាន​ចំណែក​ចំណេញ​ជាមួយ​នឹង​ការ​ឈ្នះក្តី​ របស់​ក្រុមហ៊ុន​Facebook ​នេះ​ដែរ។

ដោយឡែក​ គេ​នៅ​មិន​ទាន់​ភ្លេច​ទេ​ថា ​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ​ ក្រុមហ៊ុន​Apple  ​បាន​ចាញ់​ក្តី​នៅ​ប្រទេស​ចិន ​ បន្ទាប់​ពី​ក្រុមហ៊ុន​ចិន​ផលិត​កាបូប​មួយ​ បាន​ប្រើប្រាស់​ពាក្យ​ IPhone ​ដាក់​នៅ​លើ​ផលិតផល​ខ្លួន។ តុលាការ​ចិន ​បាន​សម្រេច​សេចក្តី​ ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្នះ ​ដោយ​សំអាង​ថា ​ពាក្យ​IPhone ​ដែល​ប្រើនៅ​លើ​កាបូប ​ សរសេរ​ជាមួយ​អក្សរ ​I ធំ ​មិនមែន​អក្សរ ​i ​តូច​ដូច​ នៅ​លើ​ផលិតផល​របស់​ ក្រុមហ៊ុន​ Apple​ទេ។ យ៉ាងណា​ក៏ដោយ ​សេចក្តី​សម្រេច​ដោយ​សំអាង​លើ​ហេតុផល ​មិន​ទំនង​បែបនេះ ​ បាន​ធ្វើឲ្យ​មាន​ការ​រិះគន់​ជាច្រើន។ ករណី​រំលោភ​លើ​កម្មសិទ្ធ​បញ្ញា​ពី​សំណាក់​ក្រុមហ៊ុន ​រោងចក្រ​សហគ្រាស​ចិន ​មាន​រាប់ពាន់​ករណី ​ដែល​នេះ ​វា​ក្លាយ​ទៅ​ជា​ទំលាប់​ប្រពៃណី​របស់​ក្រុមហ៊ុន​ចិន​ទៅ​ហើយ។ ក្រុមហ៊ុន​ចិន​ជាប់​ងារ​ល្បី​ជាង​គេ ​គឺ​ជំនាញ​ខាង​ចំលង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ