អានតួអត្ថបទ
បារាំង-ចិន

លោកម៉ាក្រុង​សន្យា​នឹង​បិទខ្ទប់​មិន​ឲ្យ​ក្រុមហ៊ុន​បរទេស​ទិញ​ដី​កសិកម្ម​បារាំង

ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ​ម៉ាក្រុង នៅ​ថ្ងៃ​ព្រហស្បតិ៍ទី​២២​កុម្ភៈ បាន​សន្យា​ទៅកាន់​កសិករ​វ័យក្មេង​បារាំង ថា លោក​នឹង​ចូលរួម​ជាមួយ​ពួកគេ​ដើម្បី​បិទបញ្ចប់​សកម្មភាព​ទិញ​ដី​កសិកម្ម​បារាំង ពី​សំណាក់​ក្រុមហ៊ុន​បរទេស។ ប្រសាសន៍​របស់​ប្រមុខ​រដ្ឋបារាំង ធ្វើឡើង នៅក្រោយ​មាន​រឿង​អាស្រូវ​លក់ដី​កសិកម្ម​ជិត ២ពាន់​ហិចតា នៅ​ភាគកណ្តាល​ប្រទេស​បារាំង ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​កាន់កាប់ កាលពី​ឆ្នាំ ទៅ​មុន។ 

ប្រធានាធិបតី បារាំង​សន្យា​ទៅ​កាន់​កសិករ​វ័យក្មេង​បារាំង ថា នឹង​ទប់ស្កាត់​លែង​ឲ្យ​មាន​ក្រុមហ៊ុន​បរទេស​ទិញដី​កសិកម្ម​បារាំង នៅវិមាន​ប្រធានាធិបតី​នៅថ្ងៃទី ២២​កុម្ភៈ ២០១៨
ប្រធានាធិបតី បារាំង​សន្យា​ទៅ​កាន់​កសិករ​វ័យក្មេង​បារាំង ថា នឹង​ទប់ស្កាត់​លែង​ឲ្យ​មាន​ក្រុមហ៊ុន​បរទេស​ទិញដី​កសិកម្ម​បារាំង នៅវិមាន​ប្រធានាធិបតី​នៅថ្ងៃទី ២២​កុម្ភៈ ២០១៨ ©REUTERS/Etienne Laurent/Pool
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​វេទិកា​ជួប​ជាមួយ​កសិករ​វ័យក្មេង​បារាំង នៅ​វិមាន​ប្រធានាធិបតី ប្រមុខរដ្ឋ​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​សន្យា​ថា លោក​នឹង​ចាត់​វិធានការ​គ្រប់បែបយ៉ាង ដើម្បី ទប់ស្កាត់ កុំ​ឲ្យ​ក្រុមហ៊ុន​បរទេស​ទិញដី​កសិកម្ម​របស់​បារាំង​តទៅទៀត។ «សម្រាប់​ខ្ញុំ ដី​កសិកម្ម​បារាំង គឺ​ជា​ការវិនិយោគ​យុទ្ធសាស្រ្ត ដែល​អធិបតេយ្យភាព​របស់​ប្រទេស​ត្រូវ​ពឹងអាស្រ័យលើ​ទាំងស្រុង។ ដូច្នេះ យើង​មិន​អាច​អនុញ្ញាត​ឲ្យ​ដីកសិកម្ម​រាប់ពាន់​ហិចតា ធ្លាក់​ក្នុង​ដៃ​របស់​ជនបរទេស ដែល​យើង​មិន​ដឹង​ពី​គោលបំណង​ពិតប្រាកដ​របស់​គេ​នោះទេ។ » លោក​ប្រធានាធិបតី​បារាំង ចង់​សំដៅ​ដល់​ការទិញ​វិនិយោគ​ដី​កសិកម្ម​បារាំង ពី​សំណាក់​ក្រុមហ៊ុន​ចិន ដែល​កាលពី​ឆ្នាំទៅមួយ បាន​បណ្តាល​ឲ្យ​មតិ​រិះគន់ និង​ស្តាយស្រណោះ​ក្នុង​ចំណោម​ជនជាតិ​បារាំង។

 

សូមបញ្ជាក់ថា នៅក្នុង​រយៈពេល​២​ឆ្នាំ ជាប់គ្នា គឺ​នៅ​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧ ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Reward Group បាន​ទិញ​ដី​កសិកម្ម​២​កន្លែង ជិត ២០០០ ហិចតា នៅក្នុង​តំបន់​ភាគកណ្តាល​ប្រទេស​បារាំង។ បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៥ ក្រុមហ៊ុន​ចិន Reward Group ដែល​ធ្វើ​ជំនួញ​តាំង​ពី​ទេសចរណ៍ បច្ចេកវិទ្យា រហូត​ដល់​កសិឧស្សាហកម្ម​បាន​សរសេរ​នៅលើ​វិបសៃតិ៍​របស់ខ្លួន​ថា ការទិញ​ដី​កសិកម្មបារាំង​ស្ថិតនៅក្នុង​ផែនការ​យុទ្ធសាស្រ្ត ប្រែក្លាយ​ស្រែស្រូវសាឡី​បារាំង ដើម្បី ចានបាយ​របស់​ប្រជាជន​ចិន។ ដោយ​ធ្វើ​ជាម្ចាស់​ចំការស្រូវសាឡី​របស់​បារាំង ក្រុមហ៊ុន​ចិន​មាន​បំណង​លើកកំពស់​ស្តង់ដា គុណភាព​ម្សៅផលិត​នំប៉័ង និង​នំ​ប្រទេស​លោកខាងលិច នៅក្នុង​ប្រទេស​ចិន។ ដើម្បី ផ្គង់ផ្គង់ តម្រូវ​ក្នុង​ស្រុក ដែល​ចេះ​តែកើនឡើង​ជាមួយ​បរិមាណ​ប្រជាជន​ចិន ក្រុមហ៊ុន​ចិន​បាន​ទិញ​វិនិយោគ​ផងដែរ កសិដ្ឋាន​ចិញ្ចឹមគោ​យក​ទឹកដោះ នៅ​ប្រទេស​ម៉ុងហ្គោលី។

 

ក្រុមហ៊ុន​វិនិយោគ​ចិន ក្លាយ​កាន់​តែ​ច្រើន ជា​ម្ចាស់​ដី​កសិកម្ម​ដាំ​ស្រូវសាឡី និង​ចំការ​ទំពាំង​បាយជូ របស់​បារាំង។ ការវិនិយោគ​របស់​ក្រុមហ៊ុន​ប្រាក់រាប់លាន​របស់​ចិន បាន​បង្កើត​ឲ្យ​មាន​ក្តីបារម្ភ និង​ជា​ឧបសគ្គ​ ប៉ះពាល់​ដល់​ការធ្វើ​ជំនួញ​របស់​កសិករ​វ័យក្មេង​បារាំង។ កសិករ​បារាំង​បាន​ត្អូញត្អែរថា ដោយសារ​តែ​ការប្រជែង​ចង់​​បាន​របស់​ក្រុមហ៊ុន​ចិន ដី​កសិកម្ម បារាំង បាន​ឡើងថ្លៃ ដល់​ទៅ ៣ដង ឬ​៤ដង ប្រមាណ ១៥ ០០០​អឺរ៉ូ​ក្នុង​មួយហិចតា ដែល​ជា​តម្លៃ​ខ្ពស់​កប់​ពពក​សម្រាប់​កសិករ​ក្នុង​ស្រុក។

 

ដោយសារ​ តែ​ភាពមិនប្រក្រតី​ក្នុង​ការទិញ​លក់​ដី​កសិកម្ម​បារាំង​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន សភា​បារាំង នៅ​ដើម​ឆ្នាំ ២០១៧​បាន​បង្កើត​ច្បាប់​ដើម្បី​ពង្រីក​តួនាទី​របស់​ក្រុមហ៊ុន​គ្រប់គ្រង​ដី និង​អគារ​ជនបទ ដែល​កន្លងមក ត្រូវ​បាន​គេ​មើលរំលង នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន។ បារាំង​មិនមែន​ជា​ប្រទេសលើកដំបូង​គេ​ដែល​ចង់​កម្រិត​ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន នៅ​ក្នុង​រឿង​ទិញ​កសិកម្ម​ជាតិ​នោះទេ។ អូស្ត្រាលី នៅ​ដើមខែ​នេះ ទើប​បាន​ចេញ​ច្បាប់​ថ្មី​ដើម្បី រឹតបន្តឹង​លើជនបរទេស ដែល​ចង់​ទិញ​ដី​កសិកម្ម​របស់​អូស្រ្តាលី នៅបន្ទាប់​ពី​មាន​ការបារម្ភ​កន្លងមក ស្តីពី​ការពង្រីក​សក្តានុពល​របស់​ចិន នៅ​ក្នុង​ទឹកដី​បរទេស ដូចជា​នៅ​អាហ្វ្រិក ឬ​នៅ​កាណាដា​ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ