អានតួអត្ថបទ
Apple-Samsung

តុលាការ​អាមេរិក​កាត់​ឲ្យ Apple ឈ្នះ Samsung ក្នុង​ជម្លោះ​កម្មសិទ្ធិ​បញ្ញា

កាលពីថ្ងៃ​សុក្រ ម្សិលមិញ​នេះ តុលាការ​អាមេរិក​បាន​កាត់​ឲ្យក្រុមហ៊ុន Apple របស់​អាមេរិក​ឈ្នះ​ក្តី​លើ​ក្រុមហ៊ុន​​ Samsung របស់​កូរ៉េ​ខាង​ត្បូង​ ក្នុង​វិវាទ​ទាក់ទង​នឹង​កម្មសិទ្ធិ​បញ្ញា។ តុលាការ​បាន​រកឃើញ​ថា​ Samsung បាន​លួច​ចម្លង​ម៉ូដែល​​ទូរស័ព្ទរបស់ ​Apple ហើយ​បង្គាប់​ឲ្យ Samsung បង់​លុយ​សងជំងឺ​ចិត្ត​​ដល់ Apple រហូតដល់​ទៅ​ជាង ១ពាន់​លាន​ដុល្លារ។ ការសម្រេច​របស់​តុលាការ​អាមេរិក​នេះ​បាន​ធ្វើ​ឡើង នៅថ្ងៃ​ជាមួយ​គ្នា នឹង​សេចក្តីសម្រេច​របស់​តុលាការ​កូរ៉េ​ខាង​ត្បូង ក៏ប៉ុន្តែ តុលាការ​កូរ៉េ​ខាង​ត្បូង​​​បានសម្រេច​​ថា ទាំង Apple និង​ទាំង Samsung សុទ្ធតែ​មាន​កំហុស ដោយ​បាន​លួច​ចម្លង​ម៉ូដែល​គ្នា​ទៅវិញ​ទៅមក។

ទូរស័ព iPhone 4s របស់​ក្រុមហ៊ុន Apple (ឆ្វេង) និង​ទូរស័ព្ទ Galaxy S III របស់ក្រុមហ៊ុន Samsung
ទូរស័ព iPhone 4s របស់​ក្រុមហ៊ុន Apple (ឆ្វេង) និង​ទូរស័ព្ទ Galaxy S III របស់ក្រុមហ៊ុន Samsung Reuters
ផ្សាយពាណិជ្ជកម្ម

វិវាទ​នៅតុលាការ រវាង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដ៏​ធំទាំងពីរ គឺ​ Apple របស់​អាមេរិក​ និង Samsung របស់​កូរ៉េ​ខាង​ត្បូង គឺ​ជា​ក្តីក្តាំ​​កម្មសិទ្ធិបញ្ញា​ដ៏ធំបំផុតមួយ នៅក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លងទៅនេះ។ នៅ​ទីចុង​បញ្ចប់ គឺ​​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង​ជា​អ្នក​ចាញ់​ ហើយ​​​ត្រូវ​សងការ​ខូចខាត​ដល់​ក្រុមហ៊ុន​អាមេរិក រហូតដល់​ទៅ​ជាង ១ពាន់​លាន​ដុល្លារ ដែល​ជាទឹកប្រាក់​សំណង​ជំងឺ​ចិត្ត​ដ៏​ច្រើន​សន្ធឹកសន្ធាប់​មិន​ធ្លាប់​មាន​កន្លងមក។

គួរបញ្ជាក់ថា Apple បាន​ចោទ Samsung ​ថា​បាន​លួចចម្លង​ម៉ូដែល និង​បច្ចេកវិទ្យា​​ពី iPhone និង iPad យក​ទៅ​ប្រើ​ក្នុង​​​ទូរស័ព្ទដៃ​ប្រភេទ Galaxy និង​ក្នុង Galaxy Tab។ Samsung ក៏​បាន​ចោទ Apple ថា​បាន​លួច​ចម្លង​បច្ចេកវិទ្យា​របស់​ខ្លួន​ដែរ។ តុលាការ​កូរ៉េ​ខាង​ត្បូង ដែល​បាន​ចេញ​សេចក្តីសម្រេច កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ​ដែរ​ ​បាន​សម្រេច​ថា ក្រុមហ៊ុន​ទាំងពីរ​សុទ្ធតែ​បាន​លួច​ចម្លង​ម៉ូដែល និង​បច្ចេកវិទ្យា​គ្នា​ទៅវិញ​ទៅមក ហើយ​ត្រូវ​សង​ជំងឺ​ចិត្ត​ដល់​គ្នា​ទៅវិញ​ទៅមក។ តុលាការ​អាមេរិក​វិញ ​បាន​សម្រេច​ដាក់​កំហុស​តែទៅលើ​ក្រុមហ៊ុន​ Samsung ម្ខាង​ប៉ុណ្ណោះ។

ភ្លាមៗ​ក្រោយ​ពី​សេចក្តីសម្រេច​នេះ ក្រុមហ៊ុន​ Samsung បាន​ចេញ​សេចក្តីថ្លែងការណ៍​​មួយ​ប្រកាស​ថា ខ្លួន​នឹង​ប្តឹង​ទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​អាមេរិក។

នៅពេលនេះ គេនៅមិនទាន់​ដឹង​ប្រាកដ​នៅឡើយទេ​ថា តើ​បរាជ័យ​​នៅ​ក្នុង​តុលាការ​អាមេរិក​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ និង​​ការ​លក់​ផលិតផល​របស់ Samsung ត្រឹម​កម្រិតណា?

អ្នក​វិភាគខ្លះ​យល់ថា បរាជ័យ​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់ Samsung ដោយសារ​តែ​អ្នក​ប្រើប្រាស់​ទូរស័ព្ទដៃ​នឹង​គិត​ថា ទូរស័ព្ទ​ដៃ​របស់ Samsung គ្រាន់តែ​ជា​ផលិតផល​ចម្លង​ពី​គេ។ មាន​អ្នក​វិភាគខ្លះទៀត​យល់​ផ្ទុយ​ទៅវិញ ដោយ​គេ​គិតថា ក្តីក្តាំ​ដ៏ធំ​ និង​ដ៏ល្បីល្បាញ​នៅ​តុលាការ​អាមេរិក​នេះ អាច​នឹង​​ធ្វើ​ឲ្យ​គេ​ស្គាល់​ម៉ាក​ Samsung កាន់តែ​ច្រើន​ទៅវិញ។ ការលក់​ផលិតផល​ Samsung ក៏​ទំនង​ជា​មិន​ទទួលរង​ការ​ប៉ះពាល់​អ្វី​ប៉ុន្មាន​ដែរ ដោយសារ​តែ​​ក្តីក្តាំ​កម្មសិទ្ធិបញ្ញា​ជាមួយ Apple នេះ ភាគច្រើន​ទាក់ទង​តែ​នឹង​​ផលិតផល​ Samsung ម៉ូដែល​ចាស់ៗ។

​ក្រុមហ៊ុន International Data Corporation (IDC) ដែល​ជា​ក្រុមហ៊ុន​សិក្សា​ទីផ្សារ​ដ៏ធំ​មួយ​ជំនាញ​ខាង​វិស័យ​អេឡិចត្រូនិក និង​ Hi-Tech បានរកឃើញ​ថា នៅ​ចន្លោះ​ពីខែ​មេសា ដល់​ខែ​មិថុនា កន្លងទៅនេះ Samsung បាន​លក់​ទូរស័ព្ទដៃ​នៅលើ​ទីផ្សារ​ជុំវិញ​ពិភពលោក រហូតដល់​ទៅ​ជាង ៥០លាន​គ្រឿង ចំណែក Apple វិញ លក់​បាន​តែ ២៦លាន​គ្រឿង​តែ​ប៉ុណ្ណោះ។ ក្រុមហ៊ុន IDC ក៏​បាន​បញ្ជាក់​ផងដែរ​ថា នៅ​ក្នុង​ទីផ្សារ​ទូរស័ព្ទដៃ​ពិភពលោក​ ដែល​មាន​តម្លៃ​រហូតដល់​ទៅ​ប្រមាណ​ជាង ២០០ពាន់​លាន​ដុល្លារ Samsung គ្រប់គ្រង​ចំណែក​ទីផ្សារ​រហូតដល់​ទៅ ៣២,៦% ចំណែក Apple វិញ គ្រប់គ្រង​បានតែ ១៦,៩%​ ប៉ុណ្ណោះ។

១ពាន់​លាន​ដុល្លារ ដែល​តុលាការ​តម្រូវ​ឲ្យ Samsung សង​ទៅ​ Apple គឺ​ជា​ទឹកប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់​មែន ក៏ប៉ុន្តែ វាមាន​ទំហំ​ត្រឹមតែ ១,៥%​ ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​ ដែល Samsung រក​បាន​ពី​ការ​លក់​ផលិតផល​ទូរស័ព្ទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ