អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

កាហ្វេ​និង​សុខភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាហ្វេ​ ពិត​ជា​ផ្តល់​ផល​ល្អ​ដល់​សុខភាព​មែន​ឬ ? ប្រហែល​ជា​មែន ! នេះ​បើ​តាម​ចម្លើយ​របស់​ក្រុមអ្នកស្រាវ​ជ្រាវ មួយ​ភាគ​ធំ ដែល​គ្រាន់​តែ​មួយ​ឆ្នាំ ២០១២ បាន​ចេញ​ផ្សាយ​របាយការណ៍​​នៃ​ការ​សិក្សា​ចំនួន​១៥០​។ ផល​ប្រយោជន៍​ល្អ​ចំពោះ​សុខភាព​ ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​មាន​ច្រើន​ចំពោះ​អ្នក​ចេះ​ទទួល​ទាន​កាហ្វេ​ ក្នុង​បរិមាណ​សមរម្យ។

Wikimédia / Anna Markova
ផ្សាយពាណិជ្ជកម្ម

ផលល្អ​របស់​កាហ្វេ​ ចំពោះ​សុខភាព​មានជាអាទិ៍ ៖ ​ឥទ្ធិពល​ជា​វិជ្ជមាន​ប្រឆាំង​នឹង​ជំងឺ​សរសៃឈាម​បេះដូង ជំងឺ​មហារីក​​ប្រព័ន្ធ​រំលាយ​អាហារ ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ ជំងឺ​វង្វេងវង្វាន់ ភ្នែកស្ងួត ឬ​​ជំងឺ​ញ័រ។ កាហ្វេ​អាច​ថែម​ទាំង​ជួយ​កាត់​បន្ថយ​គ្រោះ​មរណៈ​ ​ បាន​១០% របស់​មនុស្ស​ពេញ​វ័យ​អាយុ​ចាប់​ពី ៥០​ទៅ ៧១ឆ្នាំ ដែល​​បរិភោគ​កាហ្វេ​បី​ពែង​ក្នុង​មួយ​ថ្ងៃ (បើ​ប្រៀប​ទៅ​នឹង​អ្នក​មិនបរិភោគ​កាហ្វេសោះ)។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​វិទ្យាស្ថាន​ជាតិ​អាមេរិក​ប្រឆាំងនឹង​ជំងឺ​មហារីក លើមនុស្ស ៤០០០០០​នាក់។

ប៉ុន្តែ​កាហ្វេ ភេសជ្ជៈ​ដែល​មនុស្ស​ទូទៅ​ទទួល​ច្រើន​ជាង​គេ​បន្ទាប់​ពី​ទឹក មាន​ឈ្មោះ​មិន​ល្អ​ប៉ុន្មាន​ទេ។ គ្រប់​គ្នា​តែង​យល់​ថា​ការបរិភោគ​កាហ្វេខ្មៅ​ច្រើន​ នឹង​ផ្តល់​ផល​អាក្រក់ ដូច​ពាក្យ​ស្លោក​ ធ្វើ​អ្វី​ក៏​ដោយ​ឱ្យ​តែ​ជ្រុល​ គឺ​មិន​ល្អទេ ! រូបភាព​អាក្រក់​របស់​កាហ្វេ គឺនាំ​ឱ្យ​ខូច​បេះដូង រលាក​ក្រពះ​ រំខាន​ដំណេក មហារីក​ផ្លោក​នោម ឬ​មាន​ឥទ្ធិពល​អាក្រក់​លើកូន​ក្នុង​ផ្ទៃ ។ល។ និង​។ល។ ប៉ុន្តែ​ជាង​ម្ភៃ​ឆ្នាំ​មក​ហើយ ដែលការ​ភ័យ​ព្រួយ​ ទាំង​អំបាល​ម៉ាន​នេះ ត្រូវ​រលប់​ចេញ ជាបណ្តើរៗ បន្ទាប់​ពី​មាន​ការ​សិក្សា​កាន់​តែ​ច្រើន​ឡើងៗ ​បង្ហាញ តែ​ផល​ល្អ​របស់​កាហ្វេ ប្រសិន​បើ​បរិភោគ​​ ជាតិ​កាហ្វេអ៊ីន ប្រមាណ​ពី​២០០​ទៅ​៣០០​មីលី្លក្រាម​ ក្នុង​មួយ​ថ្ងៃ។

« មានរសជាតិនិង​ក្លិនឈ្ងុយឆ្ងាញ់ ប៉ុន្តែ​មាន​ឈ្មោះ​អាក្រក់”​។ នៅ​តាម​តៀម​កាហ្វេ​ គ្រប់គ្នា​សុទ្ធ​តែ​យល់​ថា​កាហ្វេ​មិន​ល្អ​ចំពោះ​បេះ​ដូង​ ក្រពះ និង​ដំណេក តែ​តាម​ពិត​កាហ្វេ​មិន​ផ្តល់​ផល​អាក្រក់​អ្វី​ដល់​សុខភាព​ទេ។ ការសិក្សា​ដ៏​ធំ​មួយ​របស់​អាមេរិក​ដែល​ប្រៀបធៀប​​អត្រា​មរណៈ​ បង្ហាញ​ថា អ្នក​ផឹក​កាហ្វេ​រងគ្រោះ​កើត​ជំងឺ​សរសែឈាម​បេះដូង ជំងឺ​បេះដូង ទឹកនោម​ផ្អែម​ ជំងឺ​ផ្លូវ​ដង្ហើម​ និង​ជំងឺ​បង្ក​រោគ​ តិច​ជាង​អ្នក​មិន​ផឹក​កាហ្វេ។ ថ្វីត្បិត​តែ​អ្នក​ស្រាវជ្រាវ​មិនទាន់​​ស្គាល់​យន្តការ​ច្បាស់​លាស់​ក៏ដោយ ក៏​គេ​បាន​ដឹង​ថា​ សារធាតុ​កាហ្វេអ៊ីន មាន​ប្រតិកម្ម​លើ​ប្រព័ន្ធ​ខួរ​ក្បាល​ Recepteur ដែល​ទទួល​ដឹង​ព័ត៌មាន​អ្វី​មួយ ដោយ​បាន​នាំ​សារធាតុ​អង់ទីអុកស៊ីដង់​ ដែល​ជា​ភស្តុតាង​បញ្ជាក់​គុណ​ប្រយោជន៍​នៃ​កាហ្វេ​ចំពោះខួរ​ក្បាល​។ កាហ្វេផ្តល់​គុណ​ប្រយោជន៍ ល្គិក​ណា​អ្នក​បរិភោគ​ក្នុង​បរិមាណ កាហ្វេ​ខ្មៅ អត់​ដាក់​ស្ករ អត់​ដាក់​ដាក់​ទឹកកក ៤​ទៅ ៥​ពែង ក្នុង​មួយ​ថ្ងៃ និង​ដោយ​មិន​ជក់​បារី។ »​

ការ​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​របស់​សហរដ្ឋ​អាមេរិក ទើប​ចេញ​ផ្សាយ​នៅ​សប្តាហ៍​មុន បាន​រក​ឃើញ​បន្ថែម​ទៀតថា ទោះ​ក្នុង​កំរិត​ច្រើនបន្តិចក្តី​ក៏​កាហ្វេ​អាច​ជួយ​សុខភាព​បាន​ច្រើន។ ការ​ស្រាវជ្រាវ​កំពុង​បន្ត​សិក្សា​លើ​ឥទ្ធិពល​របស់​កាហ្វេ​ចំពោះ​ ជំងឺប្រព័ន្ធ​ប្រសាទ មាន​ជា​អាទិ៍​ជំងឺ​វង្វេងវង្វាន់ Alzeimer​ និង​ជំងឺ​ Parkinson ញ័រដៃញ័រជើង។

​តើ​កាហ្វេ​ជា​អ្វី ?

បន្ទាប់​ពី​ទឹក គេ​អាច​និយាយ​បាន​ គឺ​កាហ្វេនេះ​ឯង​ដែល​មនុស្ស​ទូទៅ​បរិភោគ​ច្រើន​ជាង​គេ នៅ​លើពិភពលោក។ មាន​ប្រទេស​ជាង​៧០​ធ្វើ​កសិកម្ម​ដាំ​ដើម​កាហ្វេ តែ​ប្រេស៊ីល​និង​កូឡុំប៊ី មាន​ឈ្មោះ​ល្បី​ជាង​ខាង​​​ផលិត​ផល​កាហ្វេ​នេះ។ ដំណាំ​កាហ្វេល្អ​​ ត្រូវ​ការ​លូតលាស់​ជាមួយ​អាកាសធាតុ​ជា​ពិសេស​ កម្តៅ​ត្រឹម​រវាង​ពី ២០​ទៅ​២៥​ដឺក្រេ ពន្លឺ​ព្រះអាទិត្យ​ មិន​ចែង​ចាំ​ចំខ្លាំង។ ជា​កូន​ដើម​ឈើ​តូចៗ​ម្យ៉ាង មាន​ផ្កា​និង​​​ផ្លែនៅ​នឹង​មែក ដែ​ល​ក្រោយ​មក​ក្លាយ​ជា​​​គ្រាប់​កាហ្វេ។
 

ផ្កា​កាហ្វេ​ប្រភេទ robusta នៅ​ប្រទេស​វៀតណាម
ផ្កា​កាហ្វេ​ប្រភេទ robusta នៅ​ប្រទេស​វៀតណាម DXLINH / Wikimédia

កាហ្វេ​មាន​ពីរ​ប្រភេទ ៖

-          កាហ្វេ អារ៉ាប៊ីកា តំណាង​៧៥%​នៃ​ផលិត​ផល​កាហ្វេ​នៅ​លើ​ពិភពលោក។ មាន​រសជាតិ​ឈ្ងុយ​ឈ្ងប់​ និង​ស្រទន់​ តែ​ពិបាក​ដាំ​និង​ថែរក្សា​ ​ ព្រោះ​ត្រូវ​ការ​ដុះ​លើ​ដី​ក្នុង​កំរិត​រយៈ​កម្ពស់​ពី ៦០០ ទៅ​២០០០ម៉ែត្រ។ មាន​កំហាប់​ជាតិ​កាហ្វេអ៊ីន​ទាប (០,៨ ទៅ ១,៣%)។ ច្រើ​ន​ដាំដុះ​តែ​នៅ​អាមេរិក​កណ្តាល អាមេរិក​កណ្តាល​និង​អាហ្វ្រិក​ខាង​កើត។

-          កាហ្វេ​ រ៉ូប៊ូស្តា តំណាង​ឱ្យ​២៥%​នៃ​ផលិតផល​ពិភពលោក។ ជា​ដើម​ឈើ​ធន់​នឹង​ជំងឹ អាច​ដុះ​លូត​លាស់​លើ​ខ្ពង់រាប​ទាបៗ​ ជាង​ដើម​កាហ្វេ​អារ៉ាប៊ីកា និង​ផ្តល់​ផល​ច្រើន។ ប៉ុន្តែ​រសជាតិ​កាហ្វេ​រ៉ូបូស្តា មាន​រសជាតិ​ខ្លាំង​ ល្វីង សុទ្ធ​ជ្រុល មិន​សូវ​មាន​ក្លិន​ឈ្ងុយ​ដូចអារ៉ាប៊ីកា ឯ​កំហាប់​ជាតិ​កាហ្វេអ៊ីន​​ក៏ខ្ពស់ (២ ទៅ ២,៥%)។ គេ​មាន​ការ​ដាំ​ដុំ​កាហ្វេប្រភេទ​នេះ​ច្រើន​នៅ​អាហ្វ្រិក និង​អាស៊ី​អាគ្នេយ៍។

គ្រាប់​កាហ្វេ​បេះ​ហើយ ត្រូវ​យក​ទៅលីង​ ដើម្បី​បាន​ក្លិន។ បើ​លីង​កាន់​តែ​យូរ​កាន់​តែ​ខ្លាំង កាន់​តែ​ល្វីង តែ​បាត់​បង់​លក្ខណៈ​ដើម​។ ការ​លីង​កាហ្វេ​​ ​ត្រូវ​ប្រែប្រួល​ តម្រូវ​ទៅ​​តាម​ប្រភេទ​កាហ្វេ​ ទើប​អាច​​​កំណត់​ទាញ​រសជាតិ​ដ៏​ប្រពៃ​នៃ​កាហ្វេ​បាន។



តើ​នៅ​ក្នុង​កាហ្វេ​មាន​សារធាតុ​អ្វី​ខ្លះ ?

គ្រាប់​កាហ្វេ​ មាន​ផ្ទុក​ ជាពិសេស​គឺ​ សារធាតុ ប្រមាណ​ជាង​១០​មុខ ដែល​អាច​ផ្សំ​ឡើង​ពេល​ខ្លះ ក្នុង​ពេល​លីង ប៉ុន្តែ​សារធាតុ​ដែល​​​សំខាន់ជាង​គេ​មាន​​បី ៖ កាហ្វេអ៊ីន អាល់កុលDiterpènes និង​ល្បាយ​Phenolique ដែល​ល្បី​ថា​មាន​សកម្មភាព​អង់ទីអុកស៊ីដង់។ ពិសារ​កាហ្វេ​ខ្មៅ ពីរ ឬ​បី​ពែង​ ក្នុង​មួយ​ថ្ងៃ គឺ​ឆ្លើយ​តប​​បាន​​ទាំង​ស្រុង​ទៅ​នឹង​តម្រូវការ​ធម្មជាតិ​ផ្នែក​អង់ទីអុកស៊ីដង់​ដែល​ចាំ​បាច់​សំរាប់​សរីរាង្គ​កាយមនុស្ស​ម្នាក់ហើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ការសិក្សា​របស់​អ្នកស្រាវជ្រាវជនជាតិ​ណ័រវេស​បង្ហាញ​ថា កាហ្វេ​ជា​របប​អាហារ​ដែល​​ទៅ​បំពេញ​បានយ៉ាងគ្រប់គ្រាន់​តម្រូវ​ការ​អង់ទីអុកស៊ីដង់​របស់​មនុស្ស។

គុណប្រយោជន៍​នៃ​កាហ្វេ

ការសិក្សា​កាន់​តែ​ច្រើនឡើងៗ​ និង​នាពេល​ថ្មីៗ​នេះ បាន​បោះផ្សាយ​ ការ​បរិភោគ​កាហ្វេ​ ក្នុង​បរិមាណ​ច្រើន អាច​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទីពីរ និង​ជំងឺ​ញ័រ​ដៃញ័រ​ជើង​ ដែល​បណ្តាល​មក​ប្រព័ន្ធ​ប្រសាទ​ចុះ​ខ្សោយ។ បរិភោគ​ក្នុង​បរិមាណ​ច្រើន គឺ ប្រមាណ​ពី​ ៤​ទៅ ៦​ពែង​ ក្នុង​មួយ​ថ្ងៃ អាច​កាត់​បន្ថយ​គ្រោះ​ជួប​ជំងឺ​ទឹក​នោម​​ផ្អែម​ បាន​២៨% បើ​ប្រៀប​ទៅនឹង​អ្នក​ដែល​ទទួល​ទាន​តិច​ជាង​ពីរ​ពែង​ក្នុង​មួយ​ថ្ងៃ។

ការ​ទទួល​ទាន​កាហ្វេ​ អាច​ជា​ជំនួយ​ នៅ​ពេល​យូរទៅៗ ក្នុង​ការ​កាត់​បន្ថយ​គ្រោះ​កើត​ជំងឺ​មហារីក​ស្បូន។ បួន​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​បាន​២៥% ពីរ​ទៅ​បី​ពែង​ក្នុង​មួយ​ថ្ងៃ​កាត់ប​ន្ថយ​បាន​៧%។

ជា​ចុង​ក្រោយ​សម្រាប់​បុរស ពិសារ​កាហ្វេ​ជា​ប្រចាំ អាច​កាត់ប​ន្ថយ​គ្រោះ​ថ្នាក់​ស្លាប់​បណ្តាល​មក​ពី ជំងឺ​មហារីក​ពង​ស្វាស​ បាន​២០%​ គិត​ក្នុង​បរិមាណ​៦​ពែង​ក្នុង​មួយ​ថ្ងៃ។ និង​កាត់​បន្ថយ​គ្រោះ​មរណៈ​បណ្តាល​មក​ពី ជំងឺ​សរសៃ​ឈាម​បេះដូង ជំងឺ​បេះដូង និង​ជំងឺ​ផ្លូវ​ដង្ហើម និង​ជំងឺ​បង្ក​រោគ​ ឱ្យទាប​ជាង​អ្នក​មិន​បរិភោគ​កាហ្វេ​សោះ។

សូម​បញ្ជាក់​ថា ការ​ទទួល​កាហ្វេ​នេះ រាប់​ទាំង​កាហ្វេ ដែល​គេ​ដក​សារធាតុ​កាហ្វេអ៊ីន​ចេញ​ បរិភោគ​ដោយ​គ្មាន​ជាតិ​ស្ករ និង​បារី​កំដ។​


ចុះ​គ្រោះ​ថ្នាក់​និង​ផល​ប៉ះពាល់​របស់​កាហ្វេ​វិញ​ ?!

កាហ្វេ​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​ទៅ​លើ​គុណភាព​ដំណេក ព្រោះ​សារធាតុ​កាហ្វេ​អ៊ីន​ ផ្តល់​កម្លាំង​សរសែ​វិញ្ញាណឱ្យ​កំរើក​ ឱ្យ​មាន​សកម្មភាព​ និង​ដូច​ជា​ទៅ​ដាស់​​សរសៃ​ប្រសាទ​បញ្ចេញ​អ័រមូន​ដំណេក​ និង​ទប់​ស្កាត់​មិនឱ្យ​ខួរ​ក្បាល​សំរាក​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​កាហ្វេ​អាច​ជួយ​មិន​ឱ្យ​ងងុយ​ដេក និង​ទៅ​ជួយ​ដាស់​សតិ​ឱ្យ​កាន់តែ​មាន​ភាព​ប្រុង​ប្រយ័ត្ន និង​កាន់​តែ​មាន​រ៉េផ្លិច។ ឥទ្ធិពល​នេះ​អាច​មាន​អំណាច​ដល់​ទៅ​៦ម៉ោង។ ដូច្នេះ​បើ​ពិសារ​ពេល​ល្ងាច​អាច​រំខាន​ដល់​ដំណេក ប៉ុន្តែ​សម្រាប់​បុគ្គល​ខ្លះ​ ដោយ​សារ​ការ​ទទួល​ទាន​ញយៗ​ក្លាយ​ជា​ទម្លាប់​ទៅ លែង​មាន​ឥទ្ធពល​ប៉ះពាល់​លើ​ការ​គេង​​​ទៅ​វិញ បន្តិច​ម្តងៗ ឬ​បាត់​ទាំង​ស្រុង​ផង​ក៏​មាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ