លោកសម រង្ស៊ីអំពាវនាវឲ្យពលរដ្ឋគាំទ្រ“ចលនាសង្គ្រោះជាតិ” ខណៈមន្ត្រីអតីតបក្សប្រឆាំងខ្លះប្រកាសមិនចូលរួម
នៅក្នុងវេទិកាជួបជុំមួយនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិកកាលពីថ្ងៃទី១៣ មករា លោកសម រង្ស៊ី ដែលធ្លាប់ជាប្រធានអតីតបក្សសង្គ្រោះជាតិ បានអំពាវឲ្យប្រជាពលរដ្ឋជាពិសេសអ្នកគាំទ្រអតីតបក្សប្រឆាំងគាំទ្រនិងចូលរួមជាមួយ"ចលនាសង្គ្រោះជាតិ” ដែលទើបង្កើតឡើងថ្មី។ ប៉ុន្តែទន្ទឹមនឹងការអំពាវនាវនេះ ក្រុមអ្នកតំណាងរាស្ត្រ និងមន្ត្រីអតីតបក្សប្រឆាំងនៅអាមេរិកចំនួន៥០នាក់ បានប្រកាសមិនចូលរួមទៅវិញ។ ការប្រកាសនេះធ្វើឡើងកាលពីថ្ងៃទី១៣ មករា គឺក្រោយមួយថ្ងៃនៃការប្រកាសបង្កើត“ចលនាសង្គ្រោះជាតិ។
ចុះផ្សាយនៅថ្ងៃ៖
នៅចំពោះមុខអ្នកគាំទ្រនៅសហរដ្ឋអាមេរិក និងតាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន លោកសម រង្ស៊ី បានអះអាងថា “ចលនាសង្គ្រោះជាតិ”នេះ គឺជាក្របខណ្ឌថ្មីមួយដែលគ្មាននរណាអាចប៉ះពាល់បានហើយក៏គ្មាននរណាអាចរំលាយបានដែរ សូម្បីតែលើក្រដាសក៏មិនអាចធ្វើអ្វីបានឡើយ។ បន្ថែមលើនេះ លោកសម រង្ស៊ី បានគូសបញ្ជាក់ថា “ចលនាសង្គ្រោះជាតិ” នេះ ក៏អាចអំពាវនាវឲ្យប្រជាពលរដ្ឋរៀបចំធ្វើបាតុកម្ម និងកូដកម្ម និងអាចអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធឈរនៅខាងប្រជារាស្ត្រ។ ដូច្នេះហើយ លោកសម រង្ស៊ី បានអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសអ្នកគាំទ្រអតីតគណបក្សប្រឆាំងទាំងអស់មកគាំទ្រ និងចូលរួមជាមួយចលនាថ្មីនេះ។
ផ្ទុយពីការអំពាវនាវនេះ មន្ត្រីអតីតគណបក្សសង្គ្រោះជាតិប្រចាំនៅតាមរដ្ឋនានានៅសហរដ្ឋអាមេរិកចំនួន៥០នាក់ក្នុងនោះក៏មានអតីតតំណាងរាស្ត្រចំនួន៣រូបផង បានប្រកាសមិនចូលរួមចលនានេះទេ។ តាមរយៈសេចក្តីប្រកាសព័ត៌មានចុះទី១៣ មករា ពោលគឺក្រោយមួយថ្ងៃដែល“ចលនាសង្គ្រោះជាតិ”ត្រូវបានប្រកាសបង្កើតឡើងនោះ ក្រុមមន្ត្រីអតីតបក្សសង្គ្រោះជាតិទាំងនេះ អះអាងថា ពួកគេនៅតែបន្តការតស៊ូនយោបាយក្នុងក្របខណ្ឌគណបក្សសង្គ្រោះជាតិជានិច្ច និងគ្រប់កាលៈទេសៈ ហើយថា ពួកគេមិនចូលរួមជាមួយចលនា ឫក្រុមអ្នកនយោបាយណាមួយក្រៅតែពីគណបក្សសង្គ្រោះជាតិនោះឡើយ។ លើសពីនេះទៀត ពួកគេក៏បានអំពាវនាវដល់សមាជិកនៃគណបក្សសង្គ្រោះជាតិ និងប្រជាពលរដ្ឋទាំងអស់ឲ្យបន្តគាំទ្រគណបក្សសង្គ្រោះជាតិ។
ចំពោះលោកសម រង្ស៊ីវិញ លោកថា “ចលនាសង្គ្រោះជាតិ” និងគណបក្សសង្គ្រោះជាតិ គឺតែមួយទេ ហើយចលនានេះ នឹងផ្តល់ភាពកក់ក្តៅ និងសេចក្តីសង្ឃឹមឡើងវិញដល់សកម្មជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិទាំងអស់។ លោកសម រង្ស៊ី បញ្ជាក់ទៀតថា “ចលនាសង្គ្រោះជាតិ” នឹងប្រមូលកម្លាំងអ្នកគាំទ្របានច្រើនជាងមុនទៅទៀត ពីព្រោះរូបភាពជាចលនាអាចទទួលសមាជិកពីមជ្ឈដ្ឋានផ្សេងៗ ដូចជាសង្គមស៊ីវិលជាដើម។ បើតាមលោកសម រង្ស៊ី ដដែល “ចលនាសង្គ្រោះជាតិ”នេះ នឹងរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួនដែលភាគច្រើនមកពីគណបក្សសង្គ្រោះជាតិ ដើម្បីធានាឲ្យមានការទាក់ទងគ្នាប្រកបដោយសេរីភាព ដោយចំហទូលំទូលាយ និងរលូន ហើយក៏អាចធ្វើសេចក្តីសម្រេចប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងរហ័សទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា “ចលនាសង្គ្រោះជាតិ” ត្រូវបានប្រកាសបង្កើតឡើងដោយមន្ត្រីអតីតបក្សប្រឆាំងចំនួន៩រូបកាលពីថ្ងៃទី១២ មករាក្នុងគោលបំណងទាមទារយកគណបក្សសង្គ្រោះជាតិមកវិញ ទាមទារឲ្យដោះលែងលោកកឹម សុខា និងអ្នកទោសរបស់អតីតគណបក្សប្រឆាំងផ្សេងទៀត។ ចលនានេះ ត្រូវបានអ្នកនាំពាក្យគណបក្សកាន់អំណាចចាត់ទុកថា ជាអង្គការចាត់តាំងឧទ្ទាមនិយមក្រៅច្បាប់។ ក៏ប៉ុន្តែលោកអេង ឆៃអ៊ាង ដែលជាសហស្ថាបនិកម្នាក់នៃ“ចលនាសង្គ្រោះជាតិ”បានអះអាងថា ចលនានេះ នឹងមិនវិវត្តខ្លួនទៅជាអង្គការបដិវត្ត ឬក៏ក្លាយខ្លួនទៅជាគណបក្សថ្មីជំនួសគណបក្សសង្គ្រោះជាតិក៏អត់ដែរ។ បើតាមលោកអេង ឆៃអ៊ាង នៅពេលណាដែលរាល់ការទាមទារទាំងអស់សម្រេចបាន នោះចលនានេះនឹងរំលាយខ្លួនឯងដោយស្វ័យប្រវត្តិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ