អានតួអត្ថបទ
ចិន-អាមេរិក

ប្រធានាធិបតី​ចិនជួប​ក្រុម​​ធុរជនអាមេរិកដើម្បីបង្កើនទំនុកចិត្ត​និង​ទាក់ទាញ​អ្នក​វិនិយោគ​ទុន​បរទេស

នៅរដ្ឋធានី​ប៉េកាំង ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​​ជួប​បណ្តា​ក្រុមហ៊ុនសហគ្រិន​អាមេរិកគ្រាក់ៗ​​ ​ ដើម្បី​ទាក់ទាញ​​ធុរជនអាមេរិក​និង​អ្នក​វិនិយោគ​ទុន​បរទេស​​។ ជំនួប​នេះរៀបចំឡើង​១​ថ្ងៃ​បន្ទាប់​ពីការ​​បិទបញ្ចប់​ទៅនៃ​វេទិកាធុរកិច្ច​​​ចិន។ ក្នុងវេទិកាធុរកិច្ច​ ​នាយករដ្ឋមន្ត្រីចិន​ លី ឈាំង ក៏​បានប្រកាសអំ​​ពីបំណង​លុបចោល​រនាំង​ឧបសគ្គក្នុងវិស័យ​មួយ​ចំនួនដែលរារាំងនិងរឹតត្បិត​ចំពោះ​​ក្រុមហ៊ុន​វិនិយោគ​ទុន​បរទេស​​។ 

លោក ស៊ី ជីនពីង អមដំណើរ​ជាមួយ​ឈ្មួញ​អាមេរិកគ្រាក់ៗ នៅថ្ងៃ​២៧ មីនា​ ២០២៤។
លោក ស៊ី ជីនពីង អមដំណើរ​ជាមួយ​ឈ្មួញ​អាមេរិកគ្រាក់ៗ នៅថ្ងៃ​២៧ មីនា​ ២០២៤។ AP - Huang Jingwen
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​ចិន​ ស៊ី ជីនពីង បាន​ជួប​សំណេះសំណាល​ព្រឹកថ្ងៃពុធ ជាមួយ​តំណាង​សហគមន៍​ធុរជនអាមេរិក នៅ​វិមាន​ប្រជាជនចិន។ នេះបើតាម​ទូរទស្សន៍​រដ្ឋចិន​ស៊ីស៊ីធីវី ​ដោយ​គ្មាន​​បញ្ជាក់​លម្អិត​ថា អ្នកវិនិយោគទុន​អាមេរិករូបណាខ្លះ​ចូល​រួម​ក្នុងជំនួប​​ទេ។ បើ​តាម​រូបភាព​ដែល​ទីភ្នាក់ងារ​បារាំងអាអេហ្វប៉េ​ពិនិត្យ​មើល គេ​ឃើញ​ថា ក្នុង​ចំណោមសហគ្រិន​​អាមេរិក​សំខាន់ៗ ក៏មានដែរ លោក​ គ្រីស្ទីយ៉ាណូ អេម៉ុន ​អគ្គនាយក Qualcomm ក្រុម​ហ៊ុន​អាមេរិក​ជំនាញ​ខាង​​ផលិត​គ្រឿង​បរិក្ខារ​អេឡិច​ត្រូនិច មូល​ដ្ឋាន​នៅ​​កាលីហ្វ័រញ៉ា​ ហើយ​និង​លោក ស្ទេហ្វាន ស្ហ្វារហ្ស៍ម៉ាន់ អគ្គនាយកក្រុមហ៊ុន​វិនិយោគទុន​ Blackstone មូលដ្ឋាន​នៅ​ក្រុង​ញូវយ៉ក។

រូប​ថត​អនុស្សាវរីយ៍ រវាង ប្រមុខ​រដ្ឋ​ចិន និង​អ្នក​វិនិយោគទុន​បរទេស​នៅស្រុកចិន។
រូប​ថត​អនុស្សាវរីយ៍ រវាង ប្រមុខ​រដ្ឋ​ចិន និង​អ្នក​វិនិយោគទុន​បរទេស​នៅស្រុកចិន។ AP - Shen Hong

ការ​ទទួល​ជួប​អ្នក​និវិយោគទុន​​អាមេរិកពីសំណាក់​ថ្នាក់ដឹកនាំកំពូល​ចិន​ ជាការ​កម្តៅ​ទំនុក​ចិត្ត​​​ ពីព្រោះថា ជា​ច្រើន​ខែមកហើយដែល​ឈ្មួញ​បរទេស​ថ្លែង​ក្តី​បារម្ភ​និងត្អូញត្អែរ​​កង្វល់ពី​​មុខ​ជំនួយ​របស់ខ្លួន​នៅចិន ​ដោយសារតែឧបសគ្គនានា​ខាងផ្លូវច្បាប់ ហើយ​និង​ការ​​ប្រកួត​ប្រជែង​មិន​ស្មោះត្រង់។​ រដ្ឋអំណាច​ចិន​ឲ្យ​តម្លៃ​និង​ផ្តល់​ឱកាស​ច្រើនដល់​ក្រុម​ហ៊ុន​ក្នុងស្រុកនិង​ក្រុមហ៊ុន​សាធារណៈ​​របស់រដ្ឋចិន​ ហើយ​និង​ធ្វើ​ទុក្ខ​បុកម្នេញ​ចំពោះ​ក្រុមហ៊ុន​បរទេស។ ការធ្វើ​ទុក្ខ​បុកម្នេញ​​ច្រើន​រូបភាព រាប់ចាប់តាំងពី​ការ​លួច​កម្មសិទ្ធិបញ្ញា ​ជាដើម។ មិនតែប៉ុណ្ណោះ នៅមាន​​ការ​ចុះ​ត្រួតពិនិត្យ​ឆែកឆេរ​​និងចាប់​សហគ្រិន​បរទេស​សួរ​ចម្លើយ ក្រោម​អំណាច​ច្បាប់​ប្រឆាំង​អំពើ​ភេរវកម្ម ដែលទើប​នឹងចូល​ជាធរមាន​នៅខែ​កក្កដាឆ្នាំមុន ក្រោយ​ពី​​វិសោធ​នកម្មរួច។ ច្បាប់​នេះ ត្រូវ ​ឈ្មួញ​បរទេស ​រិះគន់ថា រដ្ឋអំណាចចិន​​​បកស្រាយ​ស្រេច​នឹង​អំពើ​ចិត្ត។​ លោកស្រី ជីណា ម៉ែរី រ៉ៃមុនដូ រដ្ឋមន្ត្រីពាណិជ្ជកម្ម​អាមេរិក ក្នុង​ដំណើរ​ទៅ​ប៉េកាំង​ ខែ​សីហា​ឆ្នាំទៅមិញ ក៏បាន​លើកឡើង​ពីបរិយាកាស​ដ៏​​លំបាក​ក្នុង​វិស័យ​ធុរកិច្ច​​​ចិន ហើយ​និង​ព្រមាន​ពី​ហានិភ័យ​ធ្ងន់​ចំពោះការ​វិនិយោគទុន​​នៅស្រុក​ចិន។​

ជំនួបរបស់​លោក​ ស៊ី ជីនពីង និងធុរជន​អាមេរិក នៅពេល​​នេះ រៀបចំឡើង​១​ថ្ងៃ​បន្ទាប់​ពីការ​​បិទបញ្ចប់​ទៅនៃ​វេទិកាធុរកិច្ច​​​ចិន។ ក្នុងវេទិកា​ធុរកិច្ច នាយករដ្ឋមន្ត្រី​​ចិន លី ឈាំង ក៏​​បញ្ជាក់​ក្តី​រំពឹង​ជាថ្មី ថា​កំណើនសេដ្ឋកិច្ច​ឆ្នាំនេះ រង្វង់​៥%។ ដើម្បីទាក់ទាញ​អ្នកវិនិយោគទុន​បរទេស និង​ជួយ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ, លោក​ លី ឈាំង ប្រកាស​ថា​រដ្ឋអំណាច​ក្រុង​ប៉េកាំង​នឹង​លុប​ចោល​ឧបសគ្គ​រារាំង​មួយ​ចំនួន​ចំពោះ​ក្រុមហ៊ុន​បរទេស ពិសេស​វិស័យ​បច្ចេកវិទ្យាព័ត៌មានវិទ្យា​ ធនាគារ និងធនារ៉ាប់​រង។​ អគ្គនាយកក្រុម​ហ៊ុន​ Apple លោក ធីម ខុក ដែល​​​ចូលរួម​វេទិកាធុរកិច្ចចិនទើប​ចប់ថ្មីៗដើមសប្តាហ៍​នេះ បានថ្លែង​ប្រាប់អ្នកកាសែត​ថា ​ ក្រុម​ហ៊ុន​ Apple នឹង​បន្ត​វិនិយោគបន្ថែមទៀត​នៅចិន។

ចិន​ប្រឈម​មុខ​នឹង​កំណើន​សន្ទុះ​សេដ្ឋកិច្ច​ទាប ហើយនយោបាយ​ភូមិសាស្ត្រ ក៏​ប្រទះ​​បញ្ហា​ភាព​តានតឹង​ជាច្រើន​នៅ​ក្នុង​តំបន់​និងអន្តរជាតិ​។ អាស្រ័យ​ហេតុ​ដូច្នេះហើយ ទើប​ថ្នាក់ដឹកនាំ​​ចិន​ កំពុង​ស្វែង​រក​ទំនុក​ចិត្ត​ពី​ សហគ្រិន​អ្នក​វិនិយោគទុន​បរទេស ដើម្បី​រំពឹង​ធានា​ដល់​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​។ ដ្បិត ទិដ្ឋន័យ​ផ្លូវការ បង្ហាញ​ថា ការ​វិនិយោទុន​​បរទេសនៅស្រុក​ចិន បាន​ធ្លាក់​ចុះ​ខ្លាំង បើ​ធៀប​នឹង​រយៈ​៣ទសវត្សរ៍​ចុងក្រោយ។ ជាក់ស្តែង ក្នុង​​ឆ្នាំ២០២៣ ការ​វិនិយោគទុន​បរទេស​នៅ​ចិន​ ​ធ្លាក់​ចុះ ​៨% ហើយ​បន្ត​ចុះ​ទៀត ដល់​១១,៧% ​​ក្នុង​ខែ​មករា​ ដើម​ឆ្នាំ២០២៤​​៕​​​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ