ភូមាកំពុងលង់ក្នុងវិបត្តិខ្វះប្រេងឥន្ធនៈប្រើប្រាស់?
រង់ហ្គូនរដ្ឋធានីសេដ្ឋកិច្ចរបស់ភូមា និងតំបន់ជុំវិញក្រុងកំពុងឆ្លងកាត់វិបត្តិខ្វះប្រេងឥន្ធនៈប្រើប្រាស់យ៉ាងខ្លាំង។ ពលរដ្ឋនាំគ្នាសម្រុកទៅតម្រង់ជួររង់ចាំទិញប្រេងនៅតាមស្ថានីយ៍។ នេះបើតាមសារព័ត៌មានរដ្ឋនិងពលរដ្ឋ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៥៧
ភូមាកំពុងប្រឈមនឹងវិបត្តិខ្វះប្រេងឥន្ធនៈ។ ស្ថានីយ៍ខ្លះស្ងួតប្រេងនិងត្រូវបិទទ្វារអស់មួយសប្តាហ៍ហើយ។ ស្ថានីយ៍ខ្លះទៀត ដែលនៅសល់ប្រេងខ្លះ បានកំរិតបរិមាណលក់ត្រឹមតែ២០លីត្រប៉ុណ្ណោះសម្រាប់អតិថិជនម្នាក់ៗ។ នេះបើតាមការសម្គាល់របស់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានបារាំងAFP ដោយរៀបរាប់ទៀតថានៅព្រឹកថ្ងៃពុធនេះ មានរថយន្តម៉ូតូច្រើនណាស់បានមកបន្តកន្ទុយគ្នានៅតាមស្ថានីយ៍ក្នុងក្រុងរ៉ង់ហ្គូនដែលមានប្រជាពលរដ្ឋរស់នៅជាង៥លាននាក់ដើម្បីរង់ចាំចាក់សាំង។
ជាផ្លូវការបើតាមសារព័ត៌មានរដ្ឋភូមា Globel New Light of Myanmar កង្វះប្រេងឥន្ធនៈនៅក្រុងរ៉ង់ហ្គូននិងតំបន់ជុំវិញក្រុង បណ្តាលមកពីបញ្ហាចរាចរណ៍។ ការដឹកជញ្ជូនប្រេងពីកំពង់ផែទៅផ្គត់ផ្គង់ស្ថានីយ៍នីមួយៗជួបការយឺតយ៉ាវខ្លាំង ទើបកន្លែងខ្លះគ្មានប្រេងសម្រាប់លក់។
ប្រេងឥន្ធនៈ ដែលលក់នៅតាមស្ថានីយ៍ក្នុងក្រុងរ៉ង់ហ្គូន មួយភាគធំ ត្រូវដឹកមកពីកំពង់ផែធីឡាវ៉ា និងជាប្រេងនាំចូល។ ប៉ុន្តែតម្លៃប្រេងនាំចូលបានហក់ឡើងយ៉ាងខ្លាំង ព្រោះលុយភូមាធ្លាក់ថ្លៃជាលំដាប់តាំងពីរដ្ឋប្រហារមក។ រដ្ឋប្រហារថ្ងៃទី ១កុម្ភៈ២០២១ បានបិទបញ្ចប់សករាជនៃការបើកចំហនយោបាយនិងសេដ្ឋកិច្ចរបស់រដ្ឋាភិបាលស៊ីវិលដឹកនាំដោយលោកស្រីអ៊ុងសានស៊ូជី។ ហើយតាំងពីពេលនោះមក ជម្លោះហិង្សារវាងរដ្ឋាភិបាលសិកនិងបក្សប្រឆាំងនយោបាយ និងកងទ័ពភូមាជាមួយពួកឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចក៏បានផ្ទុះឡើង នៅតាមតំបន់ជាច្រើនជាមានអាទិ៍តំបន់ភាគខាងជើងជាប់ព្រំដែនចិន ឥណ្ឌា និងថៃ។
ភូមារាប់មានក្រុមប្រដាប់អាវុធជាជនជាតិភាគតិចរាប់សិបក្រុម ខ្លះប្រយុទ្ធប្រឆាំងនឹងកងទ័ពរដ្ឋាភិបាលសឹកភូមាតាំងពីឆ្នាំ១៩៤៨ ឆ្នាំដែលភូមាបានទទួលឯករាជ្យពីអង់គ្លេស។ កាលពីខែតុលា សម្ព័ន្ធជនជាតិភាគតិចបីក្រុមបានសហការគ្នាបើកយុទ្ធនាការប្រឆាំងយោធារបបសឹក នៅរដ្ឋShan ដោយដណ្តើមកាន់កាប់បានក្រុងយុទ្ធសាស្ត្រដែលជាដណ្តើមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ពាណិជ្ជកម្មភូមា-ចិន។ ប្រឈមនឹងស្ថានភាពកាន់តែហិង្សាឡើងៗនេះ ម្សិលមិញ មេដឹកនាំសឹកភូមា លោក មីន អ៊ុងឡាំង បានអំពាវនាវឱ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច ដោះស្រាយជម្លោះតាមផ្លូវនយោបាយ។
សម្រាប់អ្នកវិភាគនៃធនាគារពិភពលោក ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនជាការគំរាមកំហែងខ្លាំងសម្រាប់របបសឹកភូមា បូកថែមនឹងវិបត្តិអតិផរណា និងការផ្តាច់ភ្លើងញយៗ បន្តញាំញីសេដ្ឋកិច្ចភូមាងើបឡើងបានទេ។ សេដ្ឋកិច្ចភូមាបានដាំក្បាលចុះតាំងពីមានរដ្ឋប្រហារមក។ បើទោះបីជាប្រទេសមានកំណើនសេដ្ឋកិច្ចប្រមាណ៣%មែន តែផលិតផលសរុបក្នុងស្រុកបានធ្លាក់ចុះអស់ប្រមាណ១០% ក្នុងរយៈពេលបួនឆ្នាំនេះ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោកកាលពីខែមិថុនាកន្លងទៅ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ