អានតួអត្ថបទ
ភូមា-រដ្ឋប្រហារ

ប្រជាជន​ភូមា​ ដង្ហើយ​ហៅ​ឲ្យ​សហគមអន្តរជាតិ រួបរួមគ្នា​ជួយ​ភូ​មាផង​

យ៉ាងហោចណាស់ មានក្រុមឧទ្ទាមជនជាតិភាគតិច ចំនួន​២នៅភូមា បានប្រកាសគោលជំហរ ប្រឆាំងនឹងរបបសិកភូមា និងបានព្យួរបទឈប់បាញ់ ដែលបានចុះជាមួយ​កងទ័ពភូមា។ ក្រោយ​ដំណឹងនេះ ប្រជាជនភូមា បាន​ទះដៃអបអរសាទរ អរគុណដល់​ក្រុមឧទ្ទាម​ជនជាតិភាគតិច ដែល​គាំទ្របាតុកម្ម​តវ៉ា របស់ពួកគេ។ បាតុកម្ម​ដែលនៅតែបន្ត បើទោះបីជាចំនួន​មនុស្សស្លាប់ បាន​កើនឡើងខ្លាំង ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃក៏ដោយ។

យុវជនបាតុករភូមា លើកដៃម្រាម៣ ពាក់របាំងមុខ រូបបាតដៃទង់ជាតិចិនខ្ទប់មាត់ និងលើថ្ងាស មាន​ខ្សែបូរ អង្គការសហប្រជាជាតិ ។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៤មេសា ២០២១
យុវជនបាតុករភូមា លើកដៃម្រាម៣ ពាក់របាំងមុខ រូបបាតដៃទង់ជាតិចិនខ្ទប់មាត់ និងលើថ្ងាស មាន​ខ្សែបូរ អង្គការសហប្រជាជាតិ ។ ក្រុងរ៉ង់ហ្គូន ថ្ងៃទី ៤មេសា ២០២១ AP
ផ្សាយពាណិជ្ជកម្ម

ប្រជាជនភូមា បុគ្គលិក​ស្ថានប័នរដ្ឋ និងឯកជន បន្តធ្វើពហិកា មិនចូលធ្វើការ និង​បន្តជួបជុំគ្នាដង្ហែរ​ក្បួន​ទូទាំងប្រទេស​ ដើម្បីប្រឆាំងនឹងរបបសិកភូមា។ នៅថ្ងៃចន្ទ គេបាន​អំពាវនាវ ឲ្យ​គ្រប់គ្នាទះដៃអបអរ អរគុណចំពោះក្រុមឧទ្ទាម​ប្រដាប់អាវុធ ជនជាតិភាគតិចការ៉េន និងក្រុមជនជាតិហ្សាន ដែល​​មានសេចក្តីក្លាហាន ប្រកាសគាំទ្រចលនាបាតុកម្ម របស់​ប្រជាជន។

លោក​ Yawd Serk មេបញ្ជាការម្នាក់នៃកងកម្លាំងរំដោះរដ្ឋហ្សាន បាន​ប្រកាសប្រាប់អ្នកកាសែតបារាំងថា ក្រុមលោក​បានសម្រេច​ព្យួរ កិច្ចព្រមព្រមព្រៀងឈប់​បាញ់ ដែលបានចុះហត្ថលេខា ជាមួយ​កងទ័ពភូមាកាលពីឆ្នាំ​២០០៥ ព្រោះថាកងទ័ពជាតិភូមា បានក្បត់ពាក្យសន្យា ធ្វើការបង្ហូរឈាម​សម្លាប់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥មេសា យោងតាម​អង្គការជួយ​អ្នកទោសនយោបាយ​នៅភូមា (AAPP) គឺមានបាតុករយ៉ាងហោច ៥៦០នាក់​បានស្លាប់ ដោយ​ការបង្ក្រាបបាញ់រះ និងប្លោងគ្រាប់រ៉ូកែត​របស់​កងទ័ព។​ ចំនួន​អ្នកស្លាប់អាចមានច្រើនជាងនេះ ដោយ​សារមាន​មនុស្ស​បាត់ខ្លួនជាច្រើននាក់ ក្នុងចំណោមអ្នកដែលគេចាប់ ចំនួន​២៧០០នាក់។

នៅចុងសប្តាហ៍កន្លងទៅ កងទ័ពភូមា បាន​ចេញបញ្ជាឲ្យ​កាត់ផ្តាច់បណ្តាញអ៊ីនធ័រណិត ទូទាំងប្រទេស ដើម្បី​បំបិតកុំឲ្យ​បាតុករ ធ្វើការចែករំលែក សារ រូបថត និងវីដេអូ នៅតាមបណ្តាញសង្គម។ ហើយទន្ទឹមគ្នានេះ បណ្តាញព័ត៌មានផ្លូវការ​របស់​កងទ័ព បានផ្សព្វផ្សាយឃោសនា ចោទប្រកាន់បាតុករ ថាបានបង្កអំពើហិង្សា អន្តិសុខសង្គម។​

ទោះយ៉ាងនេះក្តី នៅថ្ងៃចន្ទ ទី​៥មេសា គេសង្កេតឃើញ បាតុកម្ម​នៅតែមានសន្ទុះខ្លាំងក្លាដដែល នៅតាមទីក្រុងនានា ដោយ​ខ្លះដើរដង្ហែរក្បួរ ខ្លះ​ជិះម៉ូតូដង្ហែរ។ ប្រជាជនភូមានៅតាមតំបន់ជាប់ព្រំដែនថៃ បានងាកទៅទិញ​លេខទូរស័ព្ទ និងកាតស៊ីមរបស់ថៃ ដើម្បីទទួលបាន​សេវាអ៊ីនធ័រណិត​។ ជាថ្មីម្តងទៀត ប្រជាជនភូមានៅទីក្រុងម៉ាន់ដាឡេ រាប់ពាន់នាក់ បាន​ដង្ហើយ​​ហៅ​ឲ្យ​សហគមអន្តរជាតិ ត្រូវរកវិធីជួយស្រោចស្រង់ប្រជាធិបតេយ្យភូមាឲ្យ​បាន​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ