អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

គម្រោង​អន្តរជាតិ ITER ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​ការស្វះស្វែងរក​បច្ចេកវិទ្យា​ថ្មី ដើម្បី​ផលិត​ថាមពល​ដែល​មាន​សុវត្ថិភាព មិនបំពុល​បរិយាកាស និង​មិន​បញ្ចេញ​ឧស្ម័ន​នាំ​ឲ្យ​ផែនដីឡើងកម្តៅ អ្នក​វិទ្យាសាស្រ្ត​កំពុង​សាកល្បង​វិធី​ផលិត​ថាមពល ទៅតាម​យន្តការ​នៃ​ប្រតិកម្ម​នុយក្លេអ៊ែរ នៅ​ក្នុង​ស្នូល​ព្រះអាទិត្យ។ ការ​សាកល្បង​នេះ​ត្រូវ​ធ្វើឡើង នៅ​ក្នុង​គម្រោង​ជាលក្ខណៈអន្តរជាតិ មាន​ឈ្មោះ​ថា ITER ហើយ​ដែល​រ៉េអាក់ទ័រ​សាកល្បង​មួយ កំពុង​ស្ថិត​ក្រោម​ការ​សាងសង់​ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង។

រូបតំណាង បង្ហាញ​ពី​ដំណើរការ​នៃ​រ៉េអាក់ទ័រ​តូកាម៉ាក់ នៅ​ក្នុង​គម្រោង​ "អ៊ីទែរ" (ITER)
រូបតំណាង បង្ហាញ​ពី​ដំណើរការ​នៃ​រ៉េអាក់ទ័រ​តូកាម៉ាក់ នៅ​ក្នុង​គម្រោង​ "អ៊ីទែរ" (ITER) © ITER
ផ្សាយពាណិជ្ជកម្ម

ថាមពល​ គឺ​ជា​កត្តាដ៏ចាំបាច់​បំផុត​មួយ សម្រាប់​ជីវិត​របស់​មនុស្ស​យើង ហើយ​នៅពេល​ដែល​ចំនួន​ប្រជាជន​នៅលើ​ពិភពលោក​កើនឡើង​កាន់តែច្រើន តម្រូវការ​ថាមពល​ក៏​ត្រូវកើនឡើង​កាន់តែ​ច្រើន​ទៅតាម​នោះផងដែរ។

ចាប់តាំង​ពី​សតវត្សរ៍​ទី១៩មក មនុស្ស​យើង​បាន​អភិវឌ្ឍ​បច្ចេកវិទ្យា​បានយ៉ាងជឿនលឿន ដើម្បី​ផលិត​ថាមពល​យក​មកប្រើប្រាស់ ក៏ប៉ុន្តែ គិតមកទល់​នឹង​បច្ចុប្បន្ន​នេះ ថាមពល​ចម្បងបំផុត ដែល​យើង​ប្រើប្រាស់ គឺ​មាន​ប្រភព​ចេញ​ពី​ថាមពល​ផូស៊ីល រួមមាន ធ្យូងថ្ម ប្រេង និង​ឧស្ម័នធម្មជាតិ។ ថាមពល​ផូស៊ីល​អស់ទាំងនេះ ក្រៅតែពីមាន​បរិមាណ​កំណត់​ វា​ក៏​បង្កើត​ជា​បញ្ហា​ចម្បង​មួយទៀត​ផងដែរ គឺ​ការ​បញ្ចេញ​ឧស្ម័ន ដែល​នាំ​ឲ្យ​ភពផែនដី​របស់​យើង​ត្រូវ​ឡើងកម្តៅ។

ដូច្នេះ ដើម្បី​អាច​បង្កើន​ការ​ផលិត​ថាមពល​ឲ្យ​ស្រប​ទៅតាម​តម្រូវការ នៃ​កំណើន​សេដ្ឋកិច្ច និង​កំណើន​នៃ​ចំនួន​ប្រជាជន​នៅលើ​ពិភពលោក ហើយ​ក្នុងពេល​ជាមួយគ្នា អាច​ទប់ស្កាត់​ការ​ឡើងកម្តៅផែនដី យើង​ចាំបាច់​ត្រូវតែ​ស្វះស្វែងរកប្រភព​ថាមពល​ថ្មី។នៅ​ក្នុងការ​ស្វែងរក​ថាមពល​ថ្មី សម្រាប់​អនាគត​នេះ អ្នកវិទ្យាសាស្រ្ត​សំឡឹង​ទៅ​ប្រភពថាមពល​ដ៏ចម្បងមួយ ដែល​ផ្គត់ផ្គង់​ថាមពល​ដល់​ជីវិត​លើ​ភពផែនដី​របស់​យើង អស់រយៈពេល​រាប់ពាន់​លាន​ឆ្នាំមកហើយ គឺ​ព្រះអាទិត្យ។

ការអភិវឌ្ឍបច្ចេកវិទ្យា​នុយក្លេអ៊ែរ​ថ្មី​នេះ​ត្រូវ​បាន​ធ្វើឡើង តាមរយៈ​គម្រោង​អន្តរជាតិ "អ៊ីទែរ" (ITER) ដែល​មាន​ការ​ចូលរួម​សហការ​ពី​សំណាក់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង រុស្ស៊ី និង​ឥណ្ឌា ហើយ​ដែល​រ៉េអាក់ទ័រ​សាកល្បង​មួយ កំពុង​ត្រូវ​បាន​សាងសង់ នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បារាំង។

រ៉េអាក់ទ័រអ៊ីទែរ​ត្រូ​វបានសាងសង់ឡើង ដោយ​យក​ទៅតាម​ម៉ូដែល ដែលគេ​ឲ្យឈ្មោះ​ថា “តូកាម៉ាក់” (Tokamak) បង្កើតឡើង​ដោយ​រូបវិទូនុយក្លេអ៊ែរ​សូវៀត កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ៥០។

តូកាម៉ាក់ គឺ​ជា​ម៉ូដែល​រ៉េអាក់ទ័រ ដែលមានរាង​មូល​ដូច​នំកង ឬ​នំ​ដូណាត់ ហ៊ុំព័ទ្ធ​ជុំវិញ​​ដោយ​ដែន​ម៉ាញេទិក​យ៉ាងសម្បើម ដែល​អាច​ទ្រាំទ្រ​សីតុណ្ហភាព​​ខ្ពស់​ ដោយ​​នៅក្នុង​រេអាក់ទ័រ​តូកាម៉ាក់ នៃ​គម្រោង​អ៊ីទែរ សីតុណ្ហភាព​នឹង​មាន​រហូត​ដល់​ទៅ ១៥០លាន​អង្សា ពោលគឺ ក្តៅជាង​​សីតុណ្ហភាព​ក្នុង​ស្នូល​របស់​ព្រះអាទិត្យ​រហូត​ដល់​ទៅ ១០ដង​ឯណោះ ដែល​អាច​បង្កើត​ឲ្យ​មាន​ហ្វុយស្យុងនុយក្លេអ៊ែរ​រវាង​អ៊ីសូតូប​អ៊ីដ្រូសែន​ពីរ គឺ ដឺតេរីយ៉ូម (Deutérium) និង ទ្រីចូម (Tritium) ហើយ​ផលិត​ថាមពល​បាន ៥០០ម៉េហ្កាវ៉ាត់។

ផ្នែកផ្សេងៗគ្នា​នៃ​រ៉េអាក់ទ័រ​អ៊ីទែរ​ ត្រូវ​ផលិតឡើង​នៅ​តាម​បណ្តា​ប្រទេស​ជា​សមាជិក​គម្រោង មុននឹង​បញ្ជូន​ទៅកាន់​ប្រទេស​បារាំង ហើយ​តាម​គម្រោង រេអាក់ទ័រ​នឹង​ត្រូវ​ដំឡើង​ចប់សព្វគ្រប់ និង​ដាក់​ឲ្យ​ដំណើរការ នៅ​ក្នុង​ឆ្នាំ២០២៥​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ