អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បេសកកម្ម​អារតេមីស​ទី៣ (Artemis-III) ដែល​នឹង​បញ្ជូន​អវកាសយានិក​ទៅ​ចុះចត​លើ​ដីព្រះចន្ទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បេសកកម្ម​ទី១ ដែល​បញ្ជូន​តែយានទទេ និង​បេសកកម្ម​ទី២ ដែល​មាន​ដឹក​អវកាសយានិក​ប៉ុន្តែ​​ត្រឹម​ហោះកាត់​មួយជុំព្រះចន្ទ បេសកកម្ម​ទី៣​វិញ គឺ​ជា​​ចំណុចរបត់​ដ៏​ចម្បងមួយ នៃ​គម្រោង​អារតេមីស គឺ​ការ​បញ្ជូន​អវកាសយានិក​ឲ្យ​ទៅ​ចុះចត​ដោយផ្ទាល់​លើដីព្រះច​ន្ទ ដើម្បី​បើកផ្លូវ​ឆ្ពោះទៅ​ការ​បង្កើត​មូលដ្ឋាន​អចិន្ត្រៃយ៍ ទុកប្រើ​សម្រាប់​ការធ្វើ​ដំណើរទៅ​កាន់​ភពអង្គារ។

© NASA
ផ្សាយពាណិជ្ជកម្ម

បេសកកម្មអារតេមីសទី៣ (Artemis-3) គឺ​ជា​បេសកកម្ម​ដំបូង នៅ​ក្នុង​គម្រោង​អារតេមីស ដែល​ណាសា​នឹង​បញ្ជូន​អវកាស​យានិក​ឲ្យ​ទៅ​ចុះចត​លើ​ដីព្រះចន្ទ ហើយ​ជា​លើកទីមួយ រាប់​ចាប់តាំង​ពី​គម្រោងអាប៉ូឡូ ត្រូវ​បាន​បិទបញ្ចប់ កាល​ពី​ឆ្នាំ១៩៧២​កន្លងទៅ។

នៅ​ក្នុង​បេសកកម្ម​អារតេមីស​ទី៣​នេះ ក៏ស្រដៀងគ្នា​នឹង​បេសកកម្ម​ទី២​ដែរ អវកាសយានិក​ត្រូវ​ធ្វើ​ដំណើរ​ពី​ផែនដី​នេះ​ទៅ ​តាម​យាន Orion ហើយ​បាញ់បង្ហោះ​ដោយ​ប្រើ​រ៉ុកកែត​ធុន SLS។

ក្រោយ​ពី​ធ្វើ​ដំណើរ​ក្នុង​គន្លង​ជុំវិញ​ផែនដី ហើយ​អវកាសយានិក​បាន​ត្រួតពិនិត្យ​ប្រព័ន្ធ​ដំណើរការ​របស់​យាន​រួចរាល់​ហើយ Orion នឹង​បញ្ឆេះម៉ូទ័រ ដើម្បី​បង្កើន​ល្បឿន​ចេញ​ពី​គន្លង​ផែនដី ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​គន្លង​ព្រះចន្ទ (TLI Burn) ដោយ​នៅពេល​ទៅដល់​ព្រះចន្ទ​នោះ Orion ត្រូវ​បញ្ឆេះម៉ូទ័រ​សាជាថ្មី ដើម្បី​អាច​ចូល​ទៅ​ក្នុង​គន្លង​ជុំវិញ​ព្រះចន្ទ ក្នុងគន្លង​ជាមួយគ្នា​នឹង​ស្ថានីយ៍ Gateway។

ក៏ប៉ុន្តែ សម្រាប់​បេសកកម្ម Artemis-3 នេះ ទីភ្នាក់ងារណាសា​បាន​សម្រេច​ថា នឹង​មិន​ពឹងផ្អែក​ទាំងស្រុង​លើ Gateway នោះទេ។ មានន័យថា ប្រសិនបើ​ Gateway ត្រូវ​បាន​សាងសង់​ចប់សព្វគ្រប់ ហើយ​ត្រូវ​បាញ់បង្ហោះ​យក​ទៅ​ដាក់​ក្នុង​គន្លង​ជុំវិញ​ព្រះចន្ទ អាច​មាន​ដំណើរការ​បាន Orion នឹង​ធ្វើ​ដំណើរ​ទៅ​ភ្ជាប់​ជាមួយ Gateway រួចហើយ ផ្ទេរ​អវកាសយានិក​ចេញ​ពី​ Orion ចូល​ទៅ​ក្នុង Gateway ហើយ​បន្ទាប់​មកទៀត ចេញ​ពី Gateway ចូល​ទៅ​ក្នុង Starship ដែល​ក្រុមហ៊ុន SpaceX ជាអ្នក​ទទួលបន្ទុក​បាញ់បង្ហោះ និង​បញ្ជូន​ទៅ​កាន់ Gateway នៅ​ក្នុង​បេសកកម្ម​ដាច់ដោយឡែក​មួយទៀត។

ផ្ទុយ​ទៅវិញ ប្រសិន​បើ​ Gateway នៅមិនទាន់​អាច​មាន​ដំណើរការ​ពេញលេញ​នៅឡើយទេ​នោះ Orion នឹង​ហោះ​ទៅ​ភ្ជាប់​ជាមួយ​ Starship ដោយផ្ទាល់។ ក្រោយ​ពី​បាន​ផ្ទេរ​អវកាសយានិក​ចេញ​ពី Orion រួចហើយ Starship នឹង​ផ្តាច់ខ្លួន​ចេញ​ ដើម្បី​​ដឹក​អវកាសយានិក​​ទៅ​ចុះចត​​លើ​ដីព្រះចន្ទ ដោយ​តាមគម្រោង គឺ​នឹង​ត្រូវ​ចុះចត​នៅ​ក្បែរ​តំបន់​ប៉ូល​ខាង​ត្បូងរបស់​ព្រះចន្ទ ជាទីតាំង ដែល​គេសង្ស័យថា អាច​មាន​វត្តមាន​ទឹកកក​នៅ​ក្រោម​ដី។

អវកាសយានិក ដែល​មាន​ស្រ្តីម្នាក់ផង ជាស្ត្រីទីមួយ ដែល​នឹង​ធ្វើ​ដំណើរ​ទៅ​ជាន់ដីព្រះចន្ទ នៅក្នុងប្រវត្តិសាស្ត្រ នឹងត្រូវ​ស្ថិត​នៅលើ​ព្រះចន្ទ​នោះ នៅ​ក្នុងរយៈពេល​រហូតដល់​ទៅ​ជិតមួយសប្តាហ៍ (៦ថ្ងៃ) ក្នុងពេល​ដែល​យាន Orion បន្ត​ស្ថិត​នៅ​ក្នុង​គន្លង​ជុំវិញ​ព្រះចន្ទ។

ក្រោយ​ពី​បញ្ចប់​បេសកកម្ម​លើ​ដីព្រះចន្ទ អវកាសយានិក​ ត្រូវ​​​ហោះចេញ​ពី​ព្រះចន្ទមកវិញ តាមយាន​ Starship ដដែល ដើម្បី​ត្រឡប់​ទៅ​តភ្ជាប់​ជាមួយ​យាន Orion ហើយ​ក្រោយ​ពី​ផ្ទេរអវកាសយានិក​ចេញ​ពី Starship យាន Orion ក៏​នឹង​ផ្តាច់ខ្លួន រួចហើយ​បញ្ឆេះម៉ូទ័រ​រុញ​យាន​ឲ្យ​ចេញ​ពី​គន្លង​ព្រះចន្ទ ហើយ​ធ្វើ​ដំណើរ​វិលត្រឡប់​មក​កាន់​ភពផែនដីវិញ ដោយ​ធ្វើ​ដំណើរ​ទៅតាម​គន្លង និង​យន្តការ​ដូចគ្នា​ទាំងស្រុង​ទៅនឹង​បេសកកម្ម​ទាំងពី​រ​លើកមុន គឺ Artemis-1 និង Artemis-2 ពោលគឺ ផ្នែក​ខាង​ក្រោយ​នៃ​យាន Orion (Service Module) ត្រូវ​ផ្តាច់ខ្លួន​ចេញ មុន​ពេល​ធ្វើ​ដំណើរ​ចូល​ទៅដល់​ក្នុង​ស្រទាប់​បរិយាកាសផែនដី ដោយ​ទុក​តែផ្នែក​ខាងមុខ គឺ ដែល​មាន​ដឹកអវកាសយានិក និង​មាន​ខែល​ការពារ​កម្តៅ ឲ្យ​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ស្រទាប់​បរិយាកាស និង​ចុះចត​លើ​ផ្ទៃទឹកសមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ