អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បេសកកម្មអារតេមីសទី២ (Artemis-II)

ចុះផ្សាយ​នៅ​ថ្ងៃ៖

បន្ទាប់​ពី​បេសកកម្ម​ទី១ (Artemis-I) ដែល​ជា​បេសកកម្ម​គ្មាន​អវកាសយានិក ទីភ្នាក់ងារ​ណាសា​គ្រោង​ធ្វើ​បេសកកម្ម​ទី២ (Artemis-II) នៅ​ក្នុង​អំឡុង​ឆ្នាំ២០២៤ ដោយ​នៅ​ក្នុង​ដំណាក់កាល​ទីពីរនេះអារតេមីស​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ដោយ​ទទេ​នោះទេ ដោយ​នៅ​ក្នុង​យាន Orion នឹង​មាន​ដឹកអវកាសយានិក​ចំនួន ៤រូប​។ គោលដៅ គឺ​ធ្វើ​ដំណើរ​ទៅ​ហោះកាត់​មួយជុំ​ព្រះចន្ទ រួចហើយ​ត្រឡប់​មក​ផែនដីវិញ តែ​​មិនចុះចត​លើ​ដីព្រះចន្ទ។

© NASA
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ហោះចេញ​ពីដី ហើយ​ក្រោយ​ពី​​ប៊ូស្ទ័រទាំងពីរ និង​ Core Stage នៃកំណាត់ទីមួយ​ត្រូវ​បាន​ផ្តាច់​ចេញហើយ រ៉ុកកែត​កំណាត់ទី២ ឬ Upper Stage រួម​ជាមួយ​នឹង​យាន Orion ត្រូវ​ហោះចូល​ទៅ​ក្នុង​គន្លង​តារាវិថីទាប (Low Earth Orbit)។

ក្រោយ​ពី​ហោះមួយជុំ នៅក្នុង Low Earth Orbit នេះ ដោយ​ត្រូវ​ចំណាយពេល​ប្រមាណ​ជា ៩០នាទី Upper Stage នឹង​បញ្ឆេះម៉ូទ័រ​សាជាថ្មី ដើម្បី​រុញ​យាន Orion ឲ្យ​ទៅដល់​គន្លងតារាវិថីខ្ពស់ (High Earth Orbit) ដោយ​ចុងម្ខាង​នៅ​ត្រឹមប្រមាណ​ជាង ៣៧០គីឡូម៉ែត្រ ចំណែក​ចុងម្ខាង​ទៀត ចេញ​រហូតទៅដល់​ប្រមាណ​ជាង ១០ម៉ឺន​គីឡូម៉ែត្រ​ពីដី (ជិត ១ភាគ៣ នៃ​ចម្ងាយ រវាង​ផែនដី និង​ព្រះចន្)ទ។

នៅក្នុងអំឡុងពេល​ស្ថិត​ក្នុង​គន្លង​ជុំវិញផែនដី​នេះ អវកាសយានិក​​ត្រូវ​ពិនិត្យ និង​ធ្វើ​តេស្ត​បច្ចេកវិទ្យា​របស់​យាន ដោយ​ផ្តោត​សំខាន់​ទៅលើ​ប្រតិបត្តិការ ដែលគេ​ឲ្យឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Proximity Operation Demonstration » ដើម្បី​ធ្វើ​តេស្ត​សមត្ថភាព​យាន​ ទាក់ទង​នឹង​ការ​ហោះស្កាត់ជួប និង​តភ្ជាប់យាន (Rendez-vous and docking) ដែល​ជា​ប្រតិបត្តិការចាំបាច់​ នៅ​ក្នុង​បេសកកម្ម Artemis-III ក៏ដូចជា​នៅ​ក្នុង​បេសកកម្ម​បន្តបន្ទាប់​ផ្សេងទៀត ទៅថ្ងៃអនាគត។

បន្ទាប់​ពី​បានធ្វើ​តេស្ត​ប្រតិបត្តិការ Proximity Operation Demonstration នេះ​រួចហើយ នៅក្នុងអំឡុងពេលដែល​យាន Orion ស្ថិត​នៅ​ក្នុង​គន្លង​ជុំវិញ​ផែនដី​នៅឡើយ អវកាសយានិក​ត្រូវ​ផ្តោត​លើ​ចំណុច​ទីពីរ ដែល​ជា​ចំណុច​ដ៏​សំខាន់ នៅ​ក្នុង​បេសកកម្ម​ដែល​មាន​ដឹកអវកាសយានិក គឺ​ការ​​ពិនិត្យ​ប្រព័ន្ធយាន ដោយ​ផ្តោត​លើ​ប្រព័ន្ធ​ទំនាក់ទំនង (Deep Space Communication) ប្រព័ន្ធគោចរណ៍ (Deep Space Navigation) និង​ប្រព័ន្ធទ្រទ្រង់ជីវិត (Life Support System)។

ក្រោយ​ពី​ពិនិត្យមើលឃើញ​ថា ប្រព័ន្ធអស់ទាំងនេះ​មាន​ដំណើរការ​ត្រឹមត្រូវ​ អាច​ឲ្យ​អវកាសយានិក​ធ្វើ​ដំណើរ​ប្រកបដោយសុវត្ថភាព​បានហើយ ទើប​គេ​បញ្ឆេះម៉ូទ័រ​សាជាថ្មី ដោយ​លើកនេះ គេ​ត្រូវ​ប្រើម៉ូទ័រ ដែល​នៅ​ជាប់​នឹង​ Service Module របស់​​យាន​ Orion ដោយផ្ទាល់ ដើម្បី​បង្កើន​ល្បឿន​យាន​ឲ្យ​ចូល​ទៅ​ក្នុង​គន្លង ដែល​នាំ​ទៅ​កាន់ព្រះចន្ទ នៅក្នុង​យន្តការ​ដែល​គេ​ឲ្យឈ្មោះ​ថា Trans-Lunar Injection Burn (TLI)។

​ការធ្វើដំណើរពី​ផែនដីទៅព្រះចន្ទ និង​ពីព្រះចន្ទត្រឡប់​មកផែនដីវិញ ដោយ​យាន Orion នេះ នឹង​ត្រូវ​ទៅតាម​គន្លង​មាន​រាងជាលេខ ៨ ហើយដែលគេហៅជាភាសាអង់គ្លេស​ថា « Free-Return Trajectory » មានន័យថា ជា​គន្លង ដែល​អាច​នាំ​យាន​ឲ្យ​ធ្វើ​ដំណើរ​ពីផែនដី ទៅព្រះចន្ទ និង​ពីព្រះចន្ទ​ត្រឡប់​មក​កាន់ផែនដីវិញបាន បើទោះជា​មិនមាន​កម្លាំងម៉ូទ័រ​បន្ថែម ដោយ​ប្រើ​ជំនួយ​ពី​កម្លាំងទំនាញ​របស់​ផែនដី និង​កម្លាំងទំនាញ​របស់​ព្រះចន្ទ។

តាមរយៈ​គន្លង​នេះ ក្រោយ​ពីបាន​បញ្ឆេះម៉ូទ័រ​ជាលើកចុងក្រោយ នៅ​ក្នុង​យន្តការ Trans-Lunar Injection Burn យាន Orion នឹង​បណ្តែតខ្លួន​ សំដៅ​ទៅ​ហោះកាត់​ពី​មុខព្រះចន្ទ (ឬពីឆ្វេងព្រះចន្ទ​​បើមើល​ពីផែនដី) រួចហើយ​កម្លាំងទំនាញ​របស់​ព្រះចន្ទ​នឹង​ទាញ​យាន​ឲ្យ​ហោះវាង​ពីក្រោយ សំដៅ​​ទៅ​ខាង​ស្តាំ​វិញ មុននឹង​ហោះសំដៅ​ត្រឡប់​មកកាន់ផែនដី ដោយ​មិន​ទាមទារ​ឲ្យ​មាន​ការបញ្ឆេះ​ម៉ូទ័រ​សាជាថ្មី លើកលែងតែ​ករណីចាំបាច់​ ដើម្បី​កែតម្រូវ​គន្លង​យាន ឲ្យ​ហោះ​សំដៅ​មក​កាន់ស្រទាប់​បរិយាកាសផែនដី ក្នុង​រង្វាស់​មុំ​ជាក់លាក់ណាមួយ។

ដំណើរត្រឡប់​ពី​ព្រះចន្ទ មកកាន់ផែនដី​វិញ​នេះ នឹង​ត្រូវ​ធ្វើ នៅ​ក្នុង​យន្តការ​ប្រហាក់ប្រហែលគ្នា ទៅនឹង​បេសកកម្ម Artemis-I ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ