អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

បេសកកម្មអារតេមីសទី១ (Artemis-I) ទៅកាន់ព្រះចន្ទ

ចុះផ្សាយ​នៅ​ថ្ងៃ៖

Artemis-I គឺជាបេសកកម្មទី១ នៃគម្រោងអារតេមីសរបស់ណាសា ដើម្បីបញ្ជូនមនុស្សទៅកាន់ព្រះចន្ទ ក្នុងគោលដៅបោះទីតាំងអចិន្រ្តៃយ៍ និងដើម្បីធ្វើជាមូលដ្ឋាន សម្រាប់បេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ នៅក្នុងបេសកកម្ម​ទី១​នេះ នឹង​មិនមាន​ដឹកអវកាសយានិក​នោះទេ ដោយ​មានតែ​តួយាន​ទទេ​តែប៉ុណ្ណោះ ដើម្បី​ជាការ​សាកល្បង​បច្ចេកវិទ្យា​រ៉ុកកែត និង​យានអវកាសថ្មី មុននឹង​ឈាន​ទៅ​ដឹកអវកាសយានិក។

© NASA
ផ្សាយពាណិជ្ជកម្ម

បេសកកម្ម Artemis-1 ត្រូវ​បាញ់បង្ហោះ ដោយ​ប្រើ​​រ៉ុកកែត SLS ដោយ​​បាញ់បង្ហោះចេញ​ពី​​ Launch Pad 39B (Cape Canaveral, Florida) ដែល​ជា​ទីតាំង​ប្រវត្តិសាស្រ្តមួយ ​ដែលគេ​ធ្លាប់​ប្រើ ដើម្បី​បាញ់បង្ហោះ​យាន​ទៅកាន់​ព្រះចន្ទ កាល​ពី​ក្នុង​គម្រោង​អាប៉ូឡូ។

ជិតដល់ពេល​បាញ់បង្ហោះ អ៊ីដ្រូសែន និង​អុកស៊ីសែន ​ត្រូវ​គេ​បង្ហូរ​ចូល​ទៅបំពេញ​ធុងឥន្ធនៈ ហើយ​បន្ទាប់មកទៀត ការរាប់ថយក្រោយ (Countdown) ត្រូវ​ចាប់ផ្តើម​នៅ ១៥វិនាទី​មុន​ ឬ T-15seconds។

ការបញ្ឆេះម៉ូទ័រ​ត្រូវ​ចាប់ផ្តើម​ពី​ម៉ូទ័រទាំង ៤ របស់ Core Stage ហើយ​បន្ទាប់មកទៀត ទើប​ម៉ូទ័រ​របស់ប៊ូស្ទ័រ​ត្រូវ​ចាប់ផ្តើម ​​​បង្កើត​ជា​កម្លាំងដំណោលសរុប​រហូតដល់​ទៅ​ជិត ៤ម៉ឺន​គីឡូញូតុន រុញ​តួរ៉ុកកែត ដែល​មាន​ទម្ងន់សរុប​ជិត ៣ពាន់តោន ​ឲ្យ​ហោះចេញ​ពីទីតាំងបាញ់បង្ហោះ។

៩០វិនាទីក្រោយ​បាញ់បង្ហោះ រ៉ុកកែតបង្កើន​ល្បឿន​រហូត​ដល់​កម្រិតមួយ ដែល​សម្ពាធ ដោយ​កម្លាំងកកិត​ដោយ​ស្រទាប់​បរិយាកាស ទៅលើ​តួរ៉ុកកែត ត្រូវ​កើនឡើង​ដល់​កម្រិត​អតិបរមា ដែលគេ​ហៅ​ជាភាសា​អង់គ្លេសថា Maximum Dynamic Pressure (Max Q)។

ប្រមាណជា ២នាទី ក្រោយ​បាញ់បង្ហោះ រ៉ុកកែត​ធ្វើ​ដំណើរទៅដល់​រយៈកម្ពស់​ប្រមាណ​ជា ៤៥គីឡូម៉ែត្រ​ពីដី ប៊ូស្ទ័រទាំងពីរ​ប្រើអស់ឥន្ធនៈ ហើយ​ក៏​ត្រូវ​ផ្តាច់ខ្លួន​ចេញ ដោយ​ទុក​តែ Core Stage ជាមួយ​នឹង​​ម៉ូទ័រ RS-25 ទាំង ៤គ្រឿង ជា​អ្នក​បន្ត​ដំណើរទៅមុខ ឆ្ពោះ​ទៅកាន់​គន្លង​តារាវិថី​ជុំវិញផែនដី។

ក្រោយ​ពី​រ៉ុកកែត​ធ្វើ​ដំណើរ​ចេញ​ផុត​ពី​ស្រទាប់​បរិយាកាស សម្បកដែក​ដែល​ស្រោប​ពី​ខាង​ក្រៅ ដើម្បី​ការពារ​យាន Orion ពី​ភាពកកិត​នឹង​ស្រទាប់​បរិយាកាស ក៏​ត្រូវ​ផ្តាច់ចេញ ហើយ​ប្រមាណ​ជា ៤០វិនាទី​ក្រោយ​មកទៀត ប្រព័ន្ធសុវត្ថិភាព (Launch Abort System) ដែល​លែង​ចាំបាច់​ទៀតហើយ​នោះ​ក៏​ត្រូវ​ផ្តាច់​ចេញ​ពីតួយានផងដែរ។

ប្រមាណជា ៨នាទី​ក្រោយ​បាញ់បង្ហោះ នៅពេល​ដែល​រ៉ុកកែត​ធ្វើ​ដំណើរ​ទៅដល់​រយៈកម្ពស់​ប្រមាណ​ជា​ជាតិ ១៦០គីឡូម៉ែត្រ​ពីដី ហើយ​រ៉ុកកែត​ក៏​​បង្កើនល្បឿន​ដល់​កម្រិត​មួយ ដែលគេ​ចង់​បានហើយ​នោះ ម៉ូទ័រទាំង ៤គ្រឿង​ត្រូវ​គេ​ពន្លត់ (Main Engine Cut-off) ហើយ​ Core Stage ក៏​ត្រូវ​គេ​ផ្តាច់​ចេញ ដោយ​ទុក​តែ Upper Stage ឲ្យ​នៅ​ភ្ជាប់​ជាមួយ​នឹង​យាន Orion។

ក្រោយ​ពី​ផ្តាច់​ចេញពី Core Stage ផ្ទាំងសូឡា ចំនួន ៤ ដែល​នៅ​ជាប់​នឹង​យាន Orion ក៏​ត្រូវ​គេ​ពន្លាត​ចេញ ដើម្បី​អាច​ចាប់ផ្តើម​ផលិត​ថាមពលអគ្គិសនី​ដោយខ្លួនឯង ហើយ​បន្ទាប់មកទៀត ម៉ូទ័រ​របស់​កំណាត់​ទី២ ក៏​ត្រូវ​គេ​ចាប់ផ្តើម​បញ្ឆេះ ក្នុងយន្តការមួយ ដែលគេ​ហៅ​ជាភាសា​អង់គ្លេស​ថា Perigee Raise Maneuver ដើម្បី​រុញ​យាន​ឲ្យ​ចូល​ទៅ​ក្នុង​គន្លង​តារាវិថី​ ក្នុងរយៈកម្ពស់ ចន្លោះ​ពី​​ប្រមាណ​ជា ៥០០គីឡូម៉ែត្រ​ ទៅ ១៨០០គីឡូម៉ែត្រ​ពីដី (គន្លងតារាវិថីទាប ឬ Low Earth Orbit)។

ប្រមាណ​ជា​ជាង ១ម៉ោង ក្រោយ​បាញ់បង្ហោះ និង​ក្រោយ​ពីធ្វើ​ដំណើរ​បាន​មួយជុំផែនដី Upper Stage ត្រូវ​បញ្ឆេះម៉ូទ័រ​សាជាថ្មីម្តងទៀត នៅក្នុង​យន្តការ​ដែល​គេ​ឲ្យឈ្មោះ​ថា Trans-Lunar Injection Burn (TLI) ដើម្បី​រុញ​យាន​ Orion ឲ្យ​ចេញ​ពី​គន្លង​តារាវិថី​ជុំវិញ​ផែនដី ហើយ​ធ្វើ​ដំណើរ​សំដៅ​ទៅកាន់​គន្លង​របស់​ព្រះចន្ទ។

នៅពេល​ទៅដល់​ចម្ងាយ​ប្រមាណ​ជា ១០០គីឡូម៉ែត្រ​ពី​​ព្រះចន្ទ យាន Orion ត្រូវប្រើ​ម៉ូទ័រ ដែល​នៅ​ជាប់​នឹង Service Module ដើម្បី​បន្ថយល្បឿន ហើយ​ចូល​ទៅ​ក្នុ​ងគន្លង​​ជុំវិញ​ព្រះចន្ទ។

ក្រោយ​ពីធ្វើ​ដំណើរជុំវិញ​ព្រះចន្ទ​រួចហើយ Orion នឹង​បញ្ឆេះម៉ូទ័រ​សាជាថ្មី​ម្តងទៀត ដើម្បី​បង្កើន​ល្បឿន​ឲ្យ​ចេញផុត​ពី​គន្លង​​ជុំវិញ​​ព្រះចន្ទ ហើយ​ធ្វើ​ដំណើរ​សំដៅ​ត្រឡប់​មក​កាន់​ភពផែនដីវិញ ដោយ​ធ្វើ​ដំណើរទៅតាម​គន្លងមួយ ដែល​នឹង​ត្រូវ​នាំ Orion ឲ្យ​ហោះសំដៅ​ចូល​រហូត​ទៅដល់​ស្រទាប់​បរិយាកាស​ផែនដី។

​នៅ​ពេល​ដែល​យាន Orion ធ្វើ​ដំណើរ​មក​ដល់​ក្នុង​ចម្ងាយ​ប្រមាណ​ជា ៥ពាន់​គីឡូម៉ែត្រ​ពី​ដី Service Module ដែល​គេ​លែងត្រូវការ​ទៀតហើយ​នោះ នឹង​ត្រូវ​ផ្តាច់ខ្លួនចេញ ដោយ​ទុកតែ Crew Module ឲ្យ​ហោះ​សំដៅ​​មកកាន់​ស្រទាប់​បរិយាកាស​ផែនដី ហើយ​មុនពេល​មកដល់​ស្រទាប់​បរិយាកាស Crew Module (ដែល​មាន​រាង​ជា​សាជី) ត្រូវ​បង្វិល​​ត្រឡប់​ខ្លួន ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ផ្នែក​ដែល​មាន​ខែល​ការពារ​កម្តៅ​ស្ថិត​នៅ​ខាងមុខ ដើម្បី​ការពារ​តួយាន​ពី​ភាព​កកិត​នឹង​ស្រទាប់​បរិយាកាស។

ដំណើរចូល​មក​កាន់ស្រទាប់​បរិយាកាស​ផែនដី ដែល​គេ​ហៅជាភាសាអង់គ្លេស​ថា « Reentry » ចាប់ផ្តើម​នៅ​រយៈកម្ពស់​ប្រមាណ​ជា ១២០គីឡូម៉ែត្រ​ពីដី ដោយ​នៅពេលនោះ Orion ធ្វើ​ដំណើរ​ក្នុងល្បឿន​រហូតដល់​ទៅ​ប្រមាណ​ជា ១១គីឡូម៉ែត្រ​ក្នុង​មួយវិនាទី មុននឹង​បន្ថយល្បឿនបន្តិចម្តងៗ ដោយសារ​ភាពកកិត​នឹង​ស្រទាប់​បរិយាកាស ហើយ​នៅ​ពេលដែល​ Orion ធ្វើ​ដំណើរ​ចូលមកដល់​រយៈកម្ពស់​ប្រមាណ​ជា ៧ពាន់​ម៉ែត្រ​ពីដី ឆ័ត្រយោង​តូច​ចំនួន​ពីរ​ត្រូវ​បើក​ចេញ ដើម្បីឲ្យ​យាន​បន្ថយល្បឿន​បាន​កាន់តែ​យឺត មុននឹង​អាច​បើក​ឆ័ត្រ​យោងធំៗ​ទាំង ៣ ឲ្យ Orion ធ្លាក់ចុះសន្សឹមៗ ទៅលើ​ទឹកសមុទ្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ