អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

រ៉ុកកែត SLS របស់​ណាសា​មាន​លក្ខណៈពិសេស​អ្វីខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​គម្រោង "អារតេមីស" (Artemis) ដើម្បី​បញ្ជូន​មនុស្ស​​ទៅកាន់​ព្រះចន្ទ ទីភ្នាក់ងារណាសា​បាន​ផលិត​រ៉ុកកែតអវកាស​ថ្មីមួយ ដែល​គេ​ឲ្យឈ្មោះថា "Space Launche System" (SLS)។ ជា​រ៉ុកកែត​ដ៏​មាន​កម្លាំងខ្លាំងជាងគេ​បំផុត នៅ​ក្នុង​ចំណោម​រ៉ុកកែតអវកាស​ ដែល​កំពុងមាន​ដំណើរការ នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ។

រ៉ុកកែត​ថ្មី​របស់​ណាសា ឈ្មោះ "Space Launch System" ឬ SLS
រ៉ុកកែត​ថ្មី​របស់​ណាសា ឈ្មោះ "Space Launch System" ឬ SLS © NASA
ផ្សាយពាណិជ្ជកម្ម

រ៉ុកកែត SLS មាន​ប្រវែង ៩៨ម៉ែត្រ ហើយ​កម្លាំងម៉ូទ័រសរុប មាន​រហូតដល់​ទៅ​ជាង ៣៩មេហ្កាញូតុន គឺ ៤ម៉េហ្កាញូតុន​ខ្លាំងជាង​រ៉ុកកែតធុន Saturn V និង​​ជាង ១៦ម៉េហ្កាញូតុន​ខ្លាំងជាង​រ៉ុកកែតធុន Falcon Heavy របស់​ក្រុមហ៊ុន SpaceX ដែលកាលពីមុន​ជាប់ឈ្មោះ​ជា​រ៉ុកកែតអវកាស​ខ្លាំងជាងគេ​បំផុត​នៅលើ​ពិភពលោក។

SLS ជា​រ៉ុកកែត​ដែល​ចែកចេញជាពីរកំណាត់ ឬ Stage ហើយ​​កំណាត់​ទីមួយ​ក៏​ត្រូវ​ចែកចេញ​ជាពីរផ្នែកផងដែរ គឺ​ផ្នែក​នៅ​កណ្តាល ដែល​គេ​ហៅថា Core Stage មាន​ម៉ូទ័រ​ចំនួន ៤ ជាម៉ូទ័រ​ធុន RS-25 ដែល​ណាសា​​ធ្លាប់​ប្រើច្រើនដងរួចមកហើយ ​សម្រាប់​យានចម្លងអវកាស ឬ Space Shuttle កាល​ពីមុន ហើយ​ប្រើ​ប្រភេទ​ឥន្ធនៈក៏ដូចគ្នា​ផងដែរ គឺ​ប្រភេទ​អ៊ីដ្រូសែន ដោយ​មាន​អុកស៊ីសែន​ជា​សារធាតុ​ជំនួយ​សម្រាប់​ចំហេះ។

នៅអមសងខាង Core Stage នេះ គឺ​មាន​ភ្ជាប់​ដោយ​ប៊ូស្ទ័រ​ចំនួនពីរ ដែល​ប៊ូស្ទ័រនីមួយៗ​មាន​ប្រវែង ៥៤ម៉ែត្រ និង​មុខកាត់​ជិត ៤ម៉ែត្រ។

នៅពីលើ Core Stage នេះ​​កំណាត់ទីមួយ​ គឺមាន​រ៉ុកកែត​កំណាត់​ទីពីរ ឬ Upper Stage ដែល​មាន​​ធុងផ្ទុក​ឥន្ធនៈ​ប្រវែង​ជិត ១៤ម៉ែត្រ និង​មុខកាត់​ជាង ៥ម៉ែត្រ ផ្ទុកឥន្ធនៈ​ប្រភេទ​ដូចគ្នា​នឹង​កំណាត់​ទីមួយ​ដែរ គឺ​អ៊ីដ្រូសែន ឬ Hydrolox។

បន្ទាប់​ពី​ Upper Stage គឺមាន​​យាន Orion ដែល​ចែកចេញ​ជា​ពីរផ្នែកផងដែរ គឺ​ផ្នែក​ខាង​ក្រោយ ដែល​គេ​ឲ្យឈ្មោះ​ថា Service Module ផលិតដោយ​ទីភ្នាក់ងារ​អេសា ជាផ្នែក​មាន​ផ្ទុក​ឥន្ធនៈ និង​ប្រព័ន្ធម៉ូទ័រ និង​ផ្នែក​ខាងមុខមានរាងជាសាជី​ ដែលគេ​ឲ្យឈ្មោះ​ថា Command Module/Crew Module ជា​កន្លែង​ផ្ទុក​​ប្រព័ន្ធបញ្ជា​យាន ហើយ​​អាច​ផ្ទុក​អវកាសយានិក​បាន​ពី ២នាក់ ទៅ ៦នាក់។

បន្ទាប់​ពី​យាន Orion នេះ ផ្នែក​ដែល​មាន​រាង​ស្រួចវែង​នៅខាងចុងបំផុត​នៃ​រ៉ុកកែត គឺ​ជា​ប្រព័ន្ធសុវត្ថិភាព ដែលគេ​ឲ្យឈ្មោះ​ថា Launch Abort System ពោលគឺ​ជា​ប្រព័ន្ធ​សម្រាប់​សង្រ្គោះ​អវកាសយានិក នៅ​ក្នុងករណី​មាន​បញ្ហា​នៅ​ពេល​បាញ់បង្ហោះរ៉ុកកែត។ នៅក្នុងករណី​អាសន្ន ប្រព័ន្ធសុវត្ថិភាព​នេះ ដែល​មាន​ភ្ជាប់​​ជុំវិញ​ដោយ​កូនប៊ូស្ទ័រ​តូចៗ​ចំនួន ៤ អាច​នឹង​ត្រូវ​គេ​ប្រើ ដើម្បី​ផ្តាច់​ផ្នែក​ដែល​មាន​ដឹក​អវកាស​យានិក ​ចេញពី​តួ​រ៉ុកកែត ហោះឡើងទៅលើផុតពីកន្លែងគ្រោះថ្នាក់ រួចហើយ​បើក​ឆ័ត្រយោង ដើម្បី​នាំ​អវកាសយានិក​ចុះ​ចត​មក​លើ​ដីវិញ។

តាមគម្រោង ណាសា​នឹង​ផលិត​រ៉ុកកែតធុន SLS នេះ​ជា ៣ប្រភេទ។ ប្រភេទ​ទីមួយ ដែលគេ​ឲ្យឈ្មោះ​ថា SLS Block 1 មានសមត្ថភាព​ដឹកទម្ងន់​ពី​ផែនដី រហូត​ទៅដល់​គន្លង​ព្រះចន្ទ ​បាន ២៧តោន។ SLS​ Block 1B អាច​ដឹកទម្ងន់បានពី ៣៨តោន ទៅ ៤២តោន និង SLS Block 2 អាចដឹកទម្ងន់​បាន​ពី ៤៣តោន ទៅ ៤៦តោន។

SLS Block 1 ​នឹង​ត្រូវ​ប្រើ​សម្រាប់​បេសកកម្ម​ចំនួន ៣ដំបូង ទៅកាន់​ព្រះចន្ទ គឺ Artemis-1 ជាបេសកកម្ម​សាកល្បង ដែល​មិនមាន​ផ្ទុក​អវកាសយានិក ហើយ​ដែល​ណាសា​គ្រោង​ធ្វើ​ នៅ​ក្នុង​ឆ្នាំ២០២២​នេះ, Artemis-2 គ្រោង​ធ្វើ​នៅ​ឆ្នាំ២០២៤​ខាងមុខ នឹង​ត្រូវ​ដឹកអវកាសយានិក រហូត​ទៅដល់​​​គន្លង​តារាវិថី​ជុំវិញ​ព្រះចន្ទ ក៏ប៉ុន្តែ​​មិនចុះចត និង Artemis-3 ជាបេសកកម្ម​ផ្ទុក​អវកាសយានិក ទៅ​ចុះចត​ដោយផ្ទាល់​លើ​ដីព្រះចន្ទ ដែល​ណាសា​គ្រោង​ធ្វើ នៅ​ក្នុង​ឆ្នាំ២០២៥​ខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ