អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិនៃការរកឃើញតំបន់អួតខ្លោវដ៍ (Oort Cloud)

ចុះផ្សាយ​នៅ​ថ្ងៃ៖

ព្រំដែន​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ មិនមែន​បញ្ចប់​ត្រឹម​តំបន់​ខ្សែក្រវាត់​គុយពែរ​នេះ​នោះទេ។ ​ទៅហួស​ពី​ខ្សែក្រវាត់​គុយពែរនេះ​ទៅ ​នៅមាន​តំបន់​មួយទៀត ​ដែលគេ​ឲ្យ​ឈ្មោះ​ថា អួតខ្លោវដ៍ ដោយយក​ទៅ​តាម​ឈ្មោះ​របស់​តារាវិទូ​ហូឡង់​ គឺ យ៉ាន អួត (Jan Oort)។ តំបន់​អួតខ្លោវដ៍​នេះ មាន​រាងជាស្វ៊ែរ​ព័ទ្ធជុំវិញ​ប្រព័ន្ធព្រះអាទិត្យ ហើយ​ព្រំដែន​ខាងក្រៅបំផុត ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ ប្រមាណ​ជា ១ឆ្នាំពន្លឺ ទៅ១,៥ឆ្នាំពន្លឺ ពី​ព្រះអាទិត្យ។

© NASA
ផ្សាយពាណិជ្ជកម្ម

យ៉ាន អួត (Jan Oort) បាន​លើកសម្មតិកម្ម អំពី​វត្តមាន​នៃ​តំបន់​រាងជាស្វ៊ែរ​ព័ទ្ធ​ជុំវិញ​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ កាល​ពី​ឆ្នាំ១៩៥០ ពោលគឺ នៅ​ក្នុង​អំឡុងពេល​ប្រហាក់ប្រហែលគ្នា នឹង​ពេលដែល​សម្មតិកម្ម​ទាក់ទង​នឹង​ខ្សែក្រវាត់គុយពែរ ត្រូវ​បាន​លើកឡើង ដោយ​តារាវិទូ​ហូឡង់​មួយរូបទៀត គឺ​ Gerard Kuiper។

ដូចទៅនឹង​ករណី​ខ្សែក្រវាត់​គុយពែរដែរ សម្មតិកម្ម អំពី​តំបន់​អួតខ្លោវដ៍​នេះ ​កើតចេញ​ពី​ការ​សង្កេត​ទៅលើ​​ផ្កាយដុះកន្ទុយ​ ក៏ប៉ុន្តែ ខុសពី​ Gerard Kuiper ដែលផ្តោត​ការ​សិក្សា​ទៅលើ​ផ្កាយដុះកន្ទុយ ដែល​​ធ្វើ​ដំណើរចូល​មក​ក្បែរព្រះអាទិត្យ​ជាលក្ខណៈទៀងទាត់ ទៅតាម​វដ្ត​ខ្លី ក្រោម ២០ឆ្នាំ យ៉ាន អួត វិញ​ កត់សម្គាល់​ទៅលើ​​​ផ្កាយ​ដុះកន្ទុយ​មួយប្រភេទ​ទៀត ដែល​មាន​គន្លង​ចេញ​ទៅ​យ៉ាង​សែន​ឆ្ងាយ​ពី​ព្រះអាទិត្យ ឆ្ងាយ​រហូតដល់​ទៅ​រាប់ម៉ឺន ឬ​រាប់សែន​​ដង​នៃ​ចម្ងាយរវាង​ព្រះអាទិត្យ​និង​ភពផែនដី​របស់​យើង។

ក្រៅពី​មាន​គន្លង​ចេញ​ទៅ​យ៉ាង​ឆ្ងាយ​ពីព្រះអាទិត្យ គេ​ក៏​អាច​សង្កេតឃើញ​ផងដែរ​ថា ផ្កាយ​ដុះកន្ទុយ​អស់ទាំងនេះ មិនសុទ្ធតែ​មាន​គន្លង​ស្រប​ទៅនឹង​ប្លង់​របស់​ភព​ ដូចជា​ផ្កាយដុះកន្ទុយ ដែល​មក​ពី​តំបន់​ខ្សែក្រវាត់​គុយពែរនោះទេ ផ្ទុយទៅវិញ មាន​ផ្កាយដុះកន្ទុយខ្លះ​មាន​គន្លង​រាង​​បញ្ឆិត ឬ​​បញ្ឈរ ពីលើ​ចុះក្រោម ឬ​ពីក្រោម​ឡើងទៅលើ​ក៏​មាន។

ហេតុដូច្នេះហើយ​បាន​ជា យ៉ាន អួត បាន​សន្និដ្ឋាន​ថា នៅ​ប៉ែក​ខាង​ក្រៅប្រព័ន្ធព្រះអាទិត្យ ចេញទៅឆ្ងាយ​ហួស​ពី​តំបន់​ខ្សែក្រវាត់​គុយពែរ នៅមាន​តំបន់​មួយទៀត ដែល​ប្រមូលផ្តុំ​ទៅដោយ​បំណែក​តូចធំ ដែល​បន្សល់​ទុកតាំងពីពេល​កកើតប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែ ខុស​ពី​តំបន់​ខ្សែក្រវាត់​គុយពែរ និង​តំបន់​ខ្សែក្រវាត់អាចម៍ផ្កាយ ដែល​មាន​រាងមូលសំប៉ែត​ដូចថាស​ តំបន់​អួតខ្លោវដ៍​នេះ​វិញ គឺមាន​រាង​មូល​ជា​ស្វ៊ែរ​ព័ទ្ធ​ជុំវិញ​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង។

ជាទូទៅ ការ​ស្វែងរកបំណែក​ នៅ​ក្នុង​តំបន់​អួតខ្លោវដ៍​នេះ វា​គឺ​ជា​រឿង​ស្មុគស្មាញខ្លាំង ដោយសារ​តែ​វា​ស្ថិត​នៅ​​​ឆ្ងាយ​ខ្លាំងពេក​ពី​ព្រះអាទិត្យ និង​ពី​ភពផែនដី​របស់យើង។

ដើម្បី​​ងាយគិតសម្រៃ​អំពី​ចម្ងាយ​ដ៏សែន​ឆ្ងាយ​នេះ យើង​គួរ​កត់សម្គាល់ថា យាន Voyager ដែល​ជា​យាន​ដ៏​មាន​ល្បឿន​លឿន​បំផុត ហើយ​ដែល​បាន​ធ្វើ​ដំណើរ​ចេញ​ផុត​ពី​ដែន​ម៉ាញេទិច​របស់​ព្រះអាទិត្យ ចូល​ទៅដល់​លំហ Interstellar (ដែល​ពេលខ្លះ​ត្រូវ​បាន​គេ​ចាត់ទុក​ថា​បាន​ចេញ​ផុត​ពី​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ទៅហើយ​នោះ) តាមពិត​ទៅ នៅមិនទាន់​ធ្វើ​ដំណើរ​ទៅដល់​តំបន់​អួតខ្លោវដ៍​នៅឡើយ​នោះទេ។ ក្នុងល្បឿន​បច្ចុប្បន្ននេះ Voyager ត្រូវ​ចំណាយពេល​ប្រមាណ​ជា ៣០០ឆ្នាំ​ទៀត ទើប​ធ្វើ​ដំណើរ​ទៅដល់​តំបន់​អួតខ្លោវដ៍ ហើយ​ទាល់តែ​ប្រមាណ​ជា ៣ម៉ឺនឆ្នាំ​ទៀត ទើប​អាចឆ្លង​ផុតតំបន់​អួតខ្លោវដ៍​នេះ​បាន។

បើទោះជា​គេ​អាច​ធ្វើ​ដំណើរ​ក្នុងល្បឿន​លឿន​ស្មើ​នឹង​ល្បឿន​របស់​ពន្លឺ​ក៏ដោយ ក៏​គេ​ត្រូវការ​ពេល​មិនតិច​នោះដែរ ទើប​អាច​ធ្វើ​ដំណើរ​ទៅដល់​​តំបន់​អួតខ្លោវដ៍​នេះ​បាន។ ក្នុងល្បឿន ៣០ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយវិនាទី ពន្លឺដែល​ចេញ​ពីព្រះអាទិត្យ​ត្រូវ​ចំណាយពេល​ត្រឹមតែ ៨នាទី​ប៉ុណ្ណោះ ដើម្បី​មកដល់​ភពផែនដី​របស់យើង, ៤ម៉ោងកន្លះ​ទៅដល់​ភពណិបទូន ហើយ​ចូល​ទៅដល់​តំបន់​ខ្សែក្រវាត់​គុយពែរ, ប្រមាណ​ជា ៧ម៉ោងកន្លះ​​​​ចេញផុត​ពី​ខ្សែក្រវាត់​គុយពែរ ក៏ប៉ុន្តែ ទាល់តែ​ប្រមាណ​ជា ១០ថ្ងៃ​ក្រោ​យ​មក​ទើប​អាច​​ចូល​ទៅដល់​ព្រំដែន​ប៉ែក​ខាង​ក្នុង​នៃ​​តំបន់​អួតខ្លោវដ៍ ហើយ​បន្ទាប់មកទៀត ត្រូវការ​ពេល​ក្នុង​រង្វង់​ពី​១ឆ្នាំ ទៅ​១ឆ្នាំកន្លះ​ទៀត ទើប​​ពន្លឺ​ដែល​ចេញ​ពីព្រះអាទិត្យ​នេះ អាច​ធ្វើ​ដំណើរ​​ចេញ​ផុត​ពី​តំបន់​អួតខ្លោវដ៍។

និយាយជារួម ព្រំដែន​ខាង​ក្រៅបំផុត​នៃ​តំបន់​អួតខ្លោវដ៍ ស្ថិត​នៅ​ចម្ងាយ​រហូតដល់​ទៅ ១ឆ្នាំ ឬ១ឆ្នាំកន្លះ​ឯណោះ​ពី​ព្រះអាទិត្យ ពោលគឺ ប្រមាណ​ជា ១ភាគ៤ នៃ​ចម្ងាយ​ទៅកាន់​​ផ្កាយ Proxima Centauri ផ្កាយ​ដែល​ស្ថិត​នៅ​ជិតបំផុត​នឹង​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ