អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិនៃការរកឃើញខ្សែក្រវាត់គុយពែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ខ្សែក្រវាត់គុយពែរ (Kuiper Belt) គឺ​ជា​តំបន់ស្ថិត​នៅប៉ែក​ខាង​ក្រៅប្រព័ន្ធព្រះអាទិត្យ លាតសន្ធឹង​ចាប់ពី​គន្លង​របស់​ភព​ណិបទូន រហូត​ទៅដល់​ចម្ងាយ​ប្រមាណ​ពី ៣០ ទៅ ៥០AU (៣០ ទៅ ៥០ដង នៃ​ចម្ងាយ​រវាង​ផែនដី​ទៅព្រះអាទិត្យ)។ ឈ្មោះ "គុយពែរ" គឺ​យក​តាម​ឈ្មោះ​តារាវិទូ​ហូឡង់ Gerard Kuiper ដែល​បាន​លើកសម្មតិកម្ម​នៃវត្តមាន​ខ្សែក្រវាត់គុយពែរ​នេះឡើង កាល​ពី​ដើម​ទសវត្សរ៍​ឆ្នាំ១៩៥០។

ខ្សែក្រវាត់គុយពែរ (Kuiper Belt)
ខ្សែក្រវាត់គុយពែរ (Kuiper Belt) © NASA
ផ្សាយពាណិជ្ជកម្ម

Gerard Kuiper បាន​សិក្សា​លម្អិត​ទៅលើ​គន្លង​របស់​​ផ្កាយដុះកន្ទុយ ជាពិសេស ផ្កាយដុះកន្ទុយ​ ដែល​ធ្វើ​ដំណើរ​ចូល​មក​ប៉ែក​ខាង​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​ជា​លក្ខណៈទៀងទាត់ ទៅតាម​វដ្ត​ដែល​មាន​រយៈពេល​ខ្លីក្រោម ២០ឆ្នាំ។

គេដឹង​ថា ផ្កាយដុះកន្ទុយ នៅពេល​ដែល​ចូល​មក​ក្បែរ​ព្រះអាទិត្យ​ម្តងៗ ម៉ាស់​របស់​វា​ក៏​ត្រូវ​ថយចុះ​ជាបន្តបន្ទាប់ ថយចុះ​ទៅតាម​ចំហាយទឹក ឧស្ម័ន ឬ​ធូលី ដែល​រលាយ​ដោយ​សារ​ថាមពលរបស់​​ព្រះអាទិត្យ។ ដូច្នេះ ផ្កាយ​ដុះកន្ទុយ​ដែល​ចូល​មក​ប៉ែក​ខាង​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​ញឹកញាប់ ម៉ាស់​របស់​វា​ក៏​ត្រូវ​ថយចុះ​លឿន រហូត​ដល់​ពេល​មួយវា​ប្រាកដ​ជា​នឹង​​ត្រូវ​រលាយ​បាត់​រូបទាំងស្រុង ដោយ​មិន​អាច​​ស្ថិតស្ថិរ​នៅ​បាន​យូរ​នោះទេ។ តាមការប៉ាន់ស្មាន ដោយ​យោងទៅលើ​ម៉ាស់​របស់​វា ផ្កាយ​ដុះកន្ទុយ​អស់ទាំងនេះ អាច​មានជីវិត​យ៉ាងច្រើន​ត្រឹម​រាប់​សិបម៉ឺនឆ្នាំ​ប៉ុណ្ណោះ។

ដូច្នេះ សំណួរ​ដ៏ចម្បងមួយ​ត្រូវ​ចោទឡើង នៅ​ក្នុង​ចំណោម​អ្ន​កវិទ្យាសាស្រ្ត នៅ​ក្នុង​អំឡុងពេលនោះ គឺ​ចោទឡើង​ថា ផ្កាយដុះកន្ទុយ​ទាំងនេះ​គឺ​ជា​បំណែក​ដែល​បន្សល់ទុក​តាំង​ពី​ពេល​កកើតប្រព័ន្ធព្រះអាទិត្យ​ដំបូងមកម៉្លេះ តើ​ហេតុអ្វី​បាន​ជា​ជាង​៤ពាន់៥រយលាន​ឆ្នាំ ក្រោយ​ការ​កកើត​ប្រព័ន្ធព្រះអាទិត្យ​ គេ​នៅតែ​បន្ត​​ឃើញ​មាន​ផ្កាយ​ដុះកន្ទុយ​​តទៅទៀត​បែបនេះ?

 Gerard Kuiper ក៏​បាន​លើកជា​សម្មតិកម្ម​ឡើង​ថា បំណែក​​ដែល​បន្សល់ទុក​ពី​ការកកើត​ប្រព័ន្ធព្រះអាទិត្យ គឺ​នៅ​ប្រមូលផ្តុំគ្នា នៅ​ក្នុង​តំបន់​មួយ​ នៅ​ប៉ែក​ខាង​ក្រៅប្រព័ន្ធព្រះអាទិត្យ ទៅ​ហួស​ពី​គន្លង​ភពណិបទូន ដោយ​ភាគច្រើន​វា​មាន​គន្លងថេរ​នៅ​ក្នុង​តំបន់​នោះ ដោយ​មិន​ចូល​មក​ប៉ែក​ខាង​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​នោះទេ ម៉ាស់​របស់​វា​ក៏​មិន​ត្រូវ​ថយចុះ​ដោយ​ថាមពល​របស់​ព្រះអាទិត្យ​នោះដែរ ហេតុដូច្នេះហើយ​បាន​ជា​វា​អាច​ស្ថិតស្ថិរ​នៅ​គង់វង់​បាន​យូរ​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។

ផ្កាយដុះកន្ទុយ ដែល​គេ​សង្កេតឃើញ គឺ​មាន​ប្រភព​ដើម​ចេញ​ពី​តំបន់​នេះ​ឯង មានន័យថា កាល​ពីមុន​វា​ជា​បំណែក​ដែល​មាន​គន្លង​ថេរ នៅ​ក្នុង​តំបន់​ខ្សែក្រវាត់​គុយពែរ ក៏ប៉ុន្តែ ដោយសារ​តែ​​​វា​ត្រូវ​រង​នូវ​ការ​រំខាន​ណាមួយ (ដោយ​ការ​បុកទង្គិចគ្នា​ជាមួយ​នឹង​បំណែក​ផ្សេង ឬ​ដោយ​ឥទ្ធិពល​នៃ​កម្លាំងទំនាញ​របស់​ភព​ណាមួយ) ទើប​ធ្វើ​ឲ្យ​គន្លង​របស់​វា​ត្រូវ​ប្រែប្រួល ហើយ​នាំ​ចូល​មកប៉ែក​ខាង​ក្នុង​ប្រព័ន្ធព្រះអាទិត្យ​។

ក៏ប៉ុន្តែ ផ្កាយ​ដុះក​ន្ទុយ​ទាំងនេះ គ្រាន់តែ​ជា​ផ្នែក​ដ៏​តូចមួយ​ប៉ុណ្ណោះ ក្នុងពេល​ដែល​បំណែក​ជាច្រើន​ផ្សេងទៀត បន្ត​មានគន្លង​ថេរ នៅ​ក្នុង​តំបន់​ខ្សែក្រវាត់គុយពែរ។

ទោះជាយ៉ាងណា អ្វីដែល Gerard Kuiper លើកឡើង​នៅពេលនោះ គឺ​​នៅត្រឹមតែ​​​ជា​​ទ្រឹស្តី​មួយតែ​ប៉ុណ្ណោះ ដោយ​គេ​មិន​មាន​ភស្តុតាង​ជាក់លាក់ណា​មួយ ដែល​អាច​បញ្ជាក់​បាននោះទេ ដោយសារ​តែ​​​តំបន់​ខ្សែក្រវាត់​គុយពែរ​នេះ ស្ថិត​នៅ​ឆ្ងាយ​ខ្លាំងពេក​ពី​ផែនដី ហើយ​បំណែក​នៅ​ក្នុង​តំបន់​នេះ​ភាគច្រើន​ក៏​មាន​ទំហំ​តូចៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​ស្វែងរក​ឃើញ។

រហូតទាល់តែ​ប្រមាណ​ជា ៤០ឆ្នាំក្រោយ​មក នៅ​ឆ្នាំ១៩៩២ បំណែក​នៅ​ក្នុង​តំបន់​ខ្សែក្រវាត់​គុយពែរ ដែល​គេ​ឲ្យ​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា « Kuiper Belt Objects » ឬ KBO ត្រូ​វបាន​គេ​រកឃើញ​ជា​លើកទីមួយ ហើយ​ដែល​ជា​ភស្តុតាង​ដំបូងបង្អស់បញ្ជាក់​អំពី​​​ខ្សែក្រវាត់​គុយពែរ។

គិតរហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ គេបានរកឃើញ​បំណែក​នៅ​ក្នុង​តំបន់​ខ្សែក្រវាត់​គុយពែរ (Kuiper Belt Objects) ចំនួន​ជាង ២ពាន់ ហើយ​គេ​ប៉ាន់ស្មាន​ថា គិតជាសរុប នៅក្នុង​តំបន់​ខ្សែក្រវាត់​គុយពែរនេះ បំណែក​ដែល​មាន​ទំហំ​ចាប់​ពី ១០០គីឡូម៉ែត្រ​ឡើងទៅ អាច​មាន​រហូតដល់​ទៅ​រាប់សិបម៉ឺន ហើយ​បើ​រាប់​ទាំង​បំណែក​តូចៗល្មម ទំហំ​ចាប់ពី ២០គីឡូម៉ែត្រ​ឡើង គឺ​អាច​មាន​រហូតដល់​ទៅ​រាប់រយលាន​ឯណោះ។

ខ្សែក្រវាត់​គុយពែរនេះ​ក៏​មិនមែន​ជា​ព្រំដែន​ចុងក្រោយ​នៃ​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នោះដែរ ដោយ​​ហួស​ពី​ខ្សែក្រវាត់​គុយពែរនេះ​ទៅ ​នៅមាន​តំបន់​មួយទៀត ដែល​មាន​រាង​ជាស្វ៊ែរ​ស្ថិត​នៅ​ព័ទ្ធជុំវិញ​ប្រព័ន្ធអាទិត្យ​របស់​យើង ហើយ​ដែលគេ​ឲ្យ​ឈ្មោះ​ថា អួតខ្លោវដ៍ (Oort Cloud)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ