អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ប្រវត្តិនៃ​ការ​រកឃើញ​ទ្រឹស្តីអំពី​អាតូម

ចុះផ្សាយ​នៅ​ថ្ងៃ៖

អាតូម​គឺ​ជា​ភាគល្អិត ដែល​ជា​ធាតុផ្សំ​នៃ​អ្វីៗគ្រប់យ៉ាងទាំងអស់​​នៅ​ក្នុង​ចក្រវាល រាប់ចាប់តាំង​ពី​គ្រាប់ខ្សាច់​ដ៏តូចល្អិត រហូត​ទៅដល់​ភព និង​ផ្កាយដ៏ធំសម្បើមៗ។ ចំណេះដឹង​របស់​យើង​ទៅលើ​អាតូម ​ចាប់ផ្តើម​មាន​ការវិវឌ្ឍ​ជឿនលឿន ចាប់តាំង​ពី​ដើមសតវត្សរ៍​ទី១៩ ក៏ប៉ុន្តែ ប្រភពដើម​នៃ​ទ្រឹស្តី ទាក់ទង​នឹង​វត្តមាន​​​របស់​អាតូម​នេះ​បាន​ចាប់ពន្លក​ឡើង​តាំង​ពី​ជាង​ពីរពាន់​ឆ្នាំ​មុនមកម៉្លេះ គឺ​មាន​ប្រភពដើម​ចេញ​ពី​ទស្សនវិទូក្រិក​សម័យបុរាណ។

© NASA
ផ្សាយពាណិជ្ជកម្ម

ទៅតាម​ទស្សនវិជ្ជា​របស់​ ដេម៉ូគ្រីត (​ឆ្នាំ​៤៦០-​ឆ្នាំ៣៧០​មុន​គ.ស.) ប្រសិនបើ​គេ​យក​វត្ថុណាមួយ​ទៅ​ពុះជាពីរ ហើយ​យក​មួយ​កំណាត់​ទៅ​​​បន្ត​ពុះច្រៀក​ជាពីរ​បែបនេះ​​​ជា​​បន្តបន្ទាប់​​ទៅទៀត គេ​មិនអាច​ចេះតែ​បន្ត​ពុះច្រៀក​បំណែក​នេះ​​​ដោយ​គ្មាន​ទីបញ្ចប់​បាននោះទេ ទៅដល់​ចំណុចមួយ គេ​​ប្រាកដ​ជា​នឹង​ទទួល​បាន​បំណែក​ដ៏តូចបំផុត​មួយ ដែល​គេ​លែង​អាច​ពុះច្រៀក​តទៅទៀត​បាន។ « មិនអាច​ពុះច្រៀកបាន » ដែល​តាមភាសាក្រិក​ថា « អាតូម៉ូស » ហើយ​ដែល​សព្វថ្ងៃ​យើងហៅ​ក្លាយ​មកជា « អាតូម »។ យោងតាម ដេម៉ូគ្រីត បំណែក​ដ៏តូចល្អិត​ដែល​មិន​អាចពុះច្រៀក ឬ​ « អាតូម៉ូស » នេះហើយ ដែល​ជា​ធាតុផ្សំ​ជា​មូលដ្ឋាន នៃ​គ្រប់អ្វីៗ​ទាំងអស់ នៅ​ក្នុងចក្រវាល​របស់​យើង​នេះ។

ក៏ប៉ុន្តែ ទ្រឹស្តី​របស់​ដេម៉ូគ្រីត នៅពេលនោះ វា​ផ្ទុយ​ទៅនឹង​ទ្រឹស្តី​របស់​ទស្សនវិទូ​​ដ៏​មានឥទ្ធិពល​បំផុត​មួយរូប នៅ​ក្នុង​សម័យកាលនោះ គឺ​អារីស្តូត ដែល​លើកឡើង​ថា គ្រប់អ្វីៗ​ទាំងអស់ នៅ​ក្នុង​ចក្រវាល​របស់​យើង​នេះ មានធាតុផ្សំចំនួន ៤ គឺ ទឹក ដី ភ្លើង និង​ខ្យល់។ ទ្រឹស្តី​របស់​​អារីស្តូត​នេះ​ត្រូវ​បាន​គេ​នាំគ្នា​ជឿ​ជាទូទៅ ចំណែក​ទ្រឹស្តី​របស់​​ដេម៉ូគ្រីត ក៏​ត្រូវ​បាន​គេ​បដិសេធ ហើយ​បំភ្លេចចោល​​អស់រយៈពេល​​ជាង​ពីរពាន់ឆ្នាំ រហូត​មកទល់​នឹង​សតវត្សរ៍​ទី១៩។

ចន ដាល់តុន (ឆ្នាំ១៧៦៦-ឆ្នាំ១៨៤៤) គឺ​ជាសាស្ត្រាចារ្យ​គណិតវិទ្យា​ នៅ​ទីក្រុង​មែនឆេស្ទ័រ ក៏ប៉ុន្តែ ផ្តោត​អារម្មណ៍​ខ្លាំង​ទៅលើ​ការ​សិក្សា​ អំពី​បរិយាកាស ដោយ​ពីដំបូង​សិក្សា​ជាលក្ខណៈឧតុនិយម ហើយ​ក្រោយ​មកទៀត ឈាន​ទៅ​សិក្សា​លម្អិត អំពី​ធាតុផ្សំ​គីមី​របស់​ខ្យល់ នៅ​ក្នុង​បរិយាកាស។

ចេញ​ពីការ​សិក្សា​ទាំងទៅលើ​ទ្រឹស្តី និង​ទាំង​តាមរយៈ​ការពិសោធន៍​ជាក់ស្តែង ចន ដាល់តុន បាន​​បង្កើត និង​ចេញផ្សាយ​ទ្រឹស្តី​ អំពី​អាតូម នៅអំឡុងទសវត្សរ៍​ឆ្នាំ១៨០០ ដោយ​យោងតាម​ទ្រឹស្តី​របស់ ចន ដាល់តុន ដូចអ្វីដែល​បាន​លើកឡើង​ដោយ​ទស្សនវិទូក្រិក ដេម៉ូគ្រីត គ្រប់អ្វីៗ​ទាំងអស់​ នៅ​ក្នុង​ចក្រវាល​យើង​នេះ ផ្សំឡើង​ដោយ​ភាគល្អិត​ដ៏តូចបំផុត​មួយ គឺ​អាតូម ហើយ​អាតូម​នេះ​ទៀតសោត ថ្វីដ្បិត​តែ​វាមាន​ទំហំ និង​ម៉ាស់​ខុសៗគ្នា អាស្រ័យ​ទៅតាម​សារធាតុ​គីមី​នីមួយៗ ហើយ​អាតូម​អាច​ផ្សំចូលគ្នា ឬ​អាច​បំបែក​ចេញ​ពី​គ្នាមកវិញ ក៏ប៉ុន្តែ នៅ​ក្នុង​គ្រប់​ស្ថានភាព​ទាំងអស់ អាតូម មិន​អាច​ត្រូវ​បាន​គេ​បង្កើតឡើង ហើយ​ក៏​មិន​បាត់បង់​ទៅវិញនោះដែរ។ ម្យ៉ាងទៀត ដូចទៅនឹង​ទ្រឹស្តី​របស់​ដេម៉ូគ្រីត ទ្រឹស្តី​របស់​ដាល់តុន ក៏​បាន​កំណត់​ផងដែរ​ថា អាតូម​ គឺ​ជា​ធាតុផ្សំជាមូលដ្ឋាន​ដ៏​តូចល្អិត​បំផុត ដែល​គេ​មិន​អាច​បំបែក​​តទៅទៀតបាន។

ទ្រឹស្តី​របស់​ចន ដាល់តុន ត្រូវ​បាន​គេ​ចាត់ទុក​ជា​ចំណុចរបត់​ដ៏​សំខាន់​ ចេញ​ពី​ទ្រឹស្តី​ខុសឆ្គង​រាប់ពាន់​ឆ្នាំ​របស់​អារីស្តូត ដែល​ថា គ្រប់អ្វី​ៗ​ទាំងអស់​ផ្សំឡើង​ដោយទឹក ដី ភ្លើង និង​ខ្យល់ ដើម្បី​បោះជំហាន​ចូល​ក្នុងគីមីវិទ្យា​សម័យ​ទំនើប​។ ក៏ប៉ុន្តែ ទ្រឹស្តីអាតូម​របស់​ចន ដាលតុន​នេះ គ្រាន់តែ​ជា​ជំហាន​ដំបូងមួយ​តែ​ប៉ុណ្ណោះ ដោយ​ប្រមាណ​ជា​ជិត ១០០ឆ្នាំ​ក្រោយ​មកទៀត អ្នក​វិទ្យាសាស្រ្ត​ផ្សេងទៀត​បាន​រកឃើញ​ថា ទ្រឹស្តី​របស់​ដាល់តុន និង​ដេម៉ូគ្រីត ទាក់ទង​ទៅនឹង​ភាព​មិន​អាច​បំបែក​តទៅទៀត​បាន​នៃ​អាតូម​ ក៏​មិន​ទាន់​ត្រឹមត្រូវ​១០០%​នោះដែរ ដោយ​តាមការពិតទៅ ​អាតូម​ខ្លួនឯង​ក៏​ត្រូវផ្សំឡើង​ដោយ​ភាគល្អិត​កាន់តែ​តូចជាង​នេះ​ច្រើន​ទៅទៀត ដែល​គេ​ឲ្យ​ឈ្មោះ​ថា « ភាគល្អិតក្រោមអាតូម » (Subatomic particles)៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ