អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ទ្រឹស្តី​របស់​យ៉ូហាណេស កេព្ល័រ ស្តីពី​ចលនា​របស់​ភព

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុងប្រព័ន្ធព្រះអាទិត្យ​របស់​យើង​នេះ ភពទាំងអស់​មាន​ចលនា​វិលជុំវិញ​ព្រះអាទិត្យ នៅ​ក្នុងទិសដៅបញ្ច្រាស​នឹង​ទ្រនិច​នាឡិកា ហើយ​យើង​ក៏ដឹង​ផងដែរថា ​ភពនីមួយៗ​មាន​ចម្ងាយពីព្រះអាទិត្យ ទម្រង់គន្លង និង​រយៈពេល​មួយជុំព្រះអាទិត្យ​ជាក់លាក់។ យើង​អាច​ដឹង​រឿងទាំងអស់​នេះបាន តាមរយៈទ្រឹស្តី​របស់​អ្នក​ប្រាជ្ញ​អាល្លឺម៉ង់​ដ៏​សំខាន់​មួយ​រូប នៅ​ក្នុង​ប្រវត្តិសាស្រ្ត គឺ យ៉ូហាណេស កេព្ល័រ (Johannes Kepler)។

© NASA
ផ្សាយពាណិជ្ជកម្ម

យ៉ូហាណេស កេព្ល័រ កើត​នៅ​ឆ្នាំ​១៥៧១ គឺ​ជា​អ្នក​ប្រាជ្ញ​ នៅ​ក្នុង​ជំនាន់​ជាមួយគ្នា​នឹង​អ្នកប្រាជ្ញ​ដ៏​ល្បី​មួយ​រូបទៀត​ក្នុង​ប្រវត្តិសាស្រ្ត គឺ​អ្នកប្រាជ្ញ​អ៊ីតាលី កាលីលេអូ កាលីលេ, ជាអ្នកប្រាជ្ញ​មួយ​ជំនាន់​ក្រោយ​នីកូឡា កូពែរនិក ហើយ​មួយជំនាន់​មុន​អ៊ីសាក់ ញូតុន។

កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នៃ​ត្រកូល​អ្នក​កាន់​គ្រិស្ត​សាសនា​និកាយ​ប្រូតេស្តង់ នៅ​ក្នុង​ប្រទេស​ស្ថិត​ក្រោម​អំណាច​នៃ​វិហារកាតូលិក យ៉ូហាណេស កេព្ល័រ មានជំនឿ​យ៉ាងមាំ​ទៅលើ​ម៉ូដែល​ចក្រវាល​របស់​នីកូឡា កូពែរនិក ហើយ​នៅ​ក្នុង​អំឡុងពេល​ធ្វើ​ជា​សាស្រ្តាចារ្យ​គណិតវិទ្យា​នៅ​សកលវិទ្យាល័យ កេព្ល័រ​បាន​ចេញផ្សាយ​អត្ថបទស្រាវជ្រាវ បង្ហាញ​ជាសាធារណៈ​នូវ​ជំហរការពារ​ទ្រឹស្តី​របស់​កូពែរនិក ដែល​ជា​ទ្រឹស្តី​ផ្ទុយ​ទាំងស្រុង​ពីច្បាប់​សាសនា​នៅ​ក្នុង​សម័យកាល​នោះ ទាំង​ប្រូតេស្តង់ និង​កាតូលិក។

៤ឆ្នាំក្រោយ​ចេញផ្សាយ​អត្ថបទ​នេះ កេព្ល័រ​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការងារ​ជា​សាស្រ្តាចារ្យ​នៅ​សកលវិទ្យាល័យ ហើយ​ដោយ​ប្រឈម​នឹង​ការធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​កាតូលិក កេព្ល័រ​ក៏​បាន​​ចេញ​​ពីស្រុក​ទៅ​កាន់ទីក្រុងប្រាក (Prague) ដើម្បី​ទៅធ្វើការ​ជាមួយ​តារាវិទូ​ដ៏ល្បីមួយរូប នៅ​ក្នុង​សម័យកាលនោះ គឺ ទីកូ ប្រាហេ (Tycho Brahe)។

នៅពេល​ដែល​កេព្ល័រ​ចាប់ផ្តើម​មក​ធ្វើ​ការ​ដំបូង ទីកូ ប្រាហេ ឲ្យ​មើល​តែ​ទិន្នន័យ​មួយផ្នែក​តូចតែប៉ុណ្ណោះ គឺ​ទិន្នន័យ​ទាក់ទង​ទៅនឹង​គន្លង​របស់​ភពអង្គារ ដែល​គេ​សង្កេតឃើញ​ជា​ទូទៅ​ថា មាន​គន្លងចម្លែក មិន​ត្រូវ​ទៅនឹង​ម៉ូដែល​ប្រព័ន្ធព្រះអាទិត្យ​របស់​ផ្តូលេមី ដែល​យក​ផែនដី​ជា​ចំណុចកណ្តាល​នៃ​ចក្រវាល។ ក៏ប៉ុន្តែ នៅ​ឆ្នាំ១៦០១ ទីកូ ប្រាហេ បាន​ទទួលមរណភាព​ដោយ​សារ​ជំងឺ ហើយ​តំណែង  រួមទាំង​ទិន្នន័យ​របស់​លោក​ផង ក៏​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឲ្យ​​យ៉ូហាណេស កេព្ល័រ ជា​អ្នក​គ្រប់គ្រង​បន្ត។

តាមរយៈ​ទិន្នន័យ​អស់​ទាំងនេះ​ហើយ ដែល​យ៉ូហាណេស កេព្ល័រ បាន​បង្កើត​ទ្រឹស្តី​ចំនួន ៣ ទាក់ទង​នឹង​ចលនា​របស់​ភព ដោយ​ទ្រឹស្តី​ទី១ និងទី២ ត្រូវ​បាន​ចុះផ្សាយ នៅឆ្នាំ១៦០៩ និង​ទ្រឹស្តី​ទី៣ ចុះផ្សាយ​​៣ឆ្នាំក្រោយ​មក​ទៀត គឺ​នៅ​ឆ្នាំ១៦១២។

ទ្រឹស្តីទី១ (Kepler first law) កំណត់​ថា ភព​​ទាំងអស់​មាន​គន្លង​ជុំវិញ​ព្រះអាទិត្យ ក្នុងទម្រង់​ជាអេលីប ដោយព្រះអាទិត្យ​មានទីតាំង​នៅ​ត្រង់​កំណុំមួយ ក្នុងចំណោម​កំណុំទាំងពីរ​របស់​អេលីប។ នេះមានន័យថា ចម្ងាយ​រវាង​ភព និង​ព្រះអាទិត្យ​មិនមាន​តម្លៃថេរនោះទេ ផ្ទុយទៅវិញ នៅពេលដែលភព​មានចលនា​វិលជុំវិញ​ព្រះអាទិត្យ ចម្ងាយ​រវាង​ភព និង​ព្រះអាទិត្យ​​ត្រូវ​​ប្រែប្រួល​ជាប់​ជាប្រចាំ ទៅតាម​​គន្លង​ជាអេលីបរបស់​ភព។

ទ្រឹស្តីទី២ (Kepler second law) កំណត់ថា ល្បឿន​របស់​ភព​ជុំវិញ​ព្រះអាទិត្យ​ក៏​មិនថេរ​ជាប់​ជានិច្ច​នោះដែរ ដោយ​វា​ត្រូវប្រែប្រួល​អាស្រ័យថា តើភព​ស្ថិត​នៅ​ក្បែរព្រះអាទិត្យ ឬ​ឆ្ងាយ​ពីព្រះអាទិត្យ។ ចំណុចដែលភព​ស្ថិត​នៅចម្ងាយ​ជិតបំផុត​នឹង​ព្រះអាទិត្យ គេ​ហៅ​ជា​ភាសាអង់គ្លេសថា « Perihilion » ចំណែក​ឯចំណុច​ដែល​ភព​ស្ថិត​នៅ​ឆ្ងាយបំផុត​ពីព្រះអាទិត្យ គេឲ្យឈ្មោះថា « Aphelion »។ ដូច្នេះ យោងតាម​ទ្រឹស្តីទី២​របស់​កេព្ល័រ ភពមានចលនាវិលជុំវិញ​ព្រះអាទិត្យ​ក្នុងល្បឿនលឿនបំផុត នៅ​ត្រង់​ចំណុច Perihilion ហើយ​ល្បឿន​យឺតបំផុត​នៅត្រង់​ចំណុច Aphelion។

ទ្រឹស្តីទី៣ (Kepler third law) កំណត់ថា រយៈពេល​ដែល​ភពមួយ​ត្រូវ​ធ្វើ​ដំណើរបាន​ពេញ​មួយជុំ​ព្រះអាទិត្យ គឺ​អាចយូរ ឬឆាប់ អាស្រ័យ​ទៅលើ​​ ចម្ងាយ​រវាង​ភព និង​ព្រះអាទិត្យ។ មានន័យថា ភពដែល​ស្ថិត​នៅ​កាន់តែឆ្ងាយ​ពីព្រះអាទិត្យ ត្រូវចំណាយពេល​កាន់តែ​យូរ ដើម្បី​អាច​ធ្វើ​ដំណើរ​បាន​មួយជុំព្រះអាទិត្យ។ ហេតុដូច្នេះហើយ​បាន​ជា​ជាក់ស្តែង​ គេសង្កេតឃើញ​ថា ភពពុធ ដែល​ជាភពស្ថិត​នៅក្បែរព្រះអាទិត្យ​ជាងគេ អាច​ធ្វើ​ដំណើរ​មួយជុំព្រះអាទិត្យ ក្នុងរយៈពេល​តែ ៨៨ថ្ងៃ។ ផែនដី​វិលមួយជុំ​ក្នុងរយៈពេល ៣៦៥ថ្ងៃ។ ចំណែក​ភពសៅរ៍វិញ ត្រូវ​ប្រើ​ពេល​រហូតដល់​ទៅ  ១០ ៧៥៩ថ្ងៃ ពោលគឺ​ ២៩ឆ្នាំ ទើប​អាច​ធ្វើ​ដំណើរបាន​មួយជុំព្រះអាទិត្យ។

រហូតមកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ទ្រឹស្តី​ទាំង៣​​របស់​កេព្ល័រ នៅតែ​ជា​មូលដ្ឋាន​គ្រឹះ​ដ៏ចម្បង​បំផុត​មួយ សម្រាប់ឲ្យ​អ្នក​វិទ្យាសាស្រ្ត​សិក្សា ទៅលើ​គន្លង​របស់​ភព ទាំងភព​នៅ​ក្នុង​ប្រព័ន្ធព្រះអាទិត្យ និង​ភព​នៅក្រៅប្រព័ន្ធព្រះអាទិត្យ ហើយ​ក៏​ជា​មូលដ្ឋាន​គ្រឹះ​ដ៏សំខាន់​ផងដែរ នៅ​ក្នុង​យន្តការ​គន្លង​តារាវិថី​ជា​លក្ខណៈទូទៅ ក្នុងនោះ​ក៏​មាន​ដែរ គន្លង​របស់​ផ្កាយរណប​ជុំវិញ​ភពផែនដី​របស់​យើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ