អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

តើ​មហាសមុទ្រ​មាន​តួនាទី​សំខាន់ប៉ុណ្ណា​ក្នុងការ​កំណត់​អាកាសធាតុផែនដី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ផែនដី​ជា​ភព​ដែល​គ្រប់ដណ្តប់​ទៅដោយ​មហាសមុទ្រ ដោយ​គិត​ជា​សរុបទៅ ផ្ទៃទឹកសមុទ្រ​គ្រប់ដណ្តប់​រហូតដល់​ទៅ​ប្រមាណ​ជា ៧០% នៃ​ផ្ទៃ​ភពផែនដី​ទាំងមូល ហើយ​មហាសមុទ្រ​​ដើរតួនាទី​យ៉ាងសំខាន់​បំផុត នៅ​ក្នុង​គ្រប់​ភាវៈរស់ទាំងអស់​នៅលើ​ភពផែនដី ដោយ​​នៅ​ក្នុងនោះ​ក៏​រួមមានផងដែរ ​ជីវិត​របស់​មនុស្ស​យើង។ ក្រៅពី​ជា​ប្រភព​ទឹក ជាផ្លូវនាវាចរណ៍ និង​ជា​ប្រភពធនធាន​ធម្មជាតិ មហាសមុទ្រ​មាន​តួនាទីរឹតតែសំខាន់​មួយ​ទៀត គឺ​ការ​កំណត់​អាកាសធាតុ​លើ​ភពផែនដី។

© NASA
ផ្សាយពាណិជ្ជកម្ម

ផ្ទៃនៃភពផែនដីរបស់​យើងនេះ​ទទួលកម្តៅ​ពីព្រះអាទិត្យ​មិនស្មើ​គ្នានោះទេ ដោយ​កន្លែង​ខ្លះ​ទទួល​កម្តៅ​បាន​ច្រើន ហើយ​កន្លែង​ខ្លះ​បានតិច។ គឺ​មហាសមុទ្រ រួមជាមួយ​នឹង​បរិយាកាស ដែល​ដើរតួចម្បង ក្នុងការ​ពង្រាយ​ថាមពល​ព្រះអាទិត្យ ពី​តំបន់​ក្តៅ ទៅ​តំបន់​ត្រជាក់ ធ្វើឲ្យ​​សីតុណ្ហភាព​នៅ​លើ​ភពផែនដីមិនសូវ​ជា​ខុសគ្នា​ខ្លាំងពេក ហើយ​ចៀសវាង​មិន​ឲ្យ​តំបន់​មួយ​មាន​អាកាសធាតុ​ក្តៅខ្លាំងហួសហេតុ​ ចំណែក​តំបន់​មួយទៀត​មាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ហួសហេតុ​មិនអាច​រស់នៅ​បាន។

យន្តការ​ចម្បង​នៃ​ការពង្រាយ​កម្តៅ​ព្រះអាទិត្យ​នេះ ធ្វើ​ឡើង​តាមរយៈចរន្តទឹកសមុទ្រ។ នៅ​តំបន់​អេក្វាទ័រ និង​តំបន់​ត្រូពិក ទឹកសមុទ្រ​​ស្រូបកម្តៅ​បានច្រើន​ពី​ព្រះអាទិត្យ ហើយ​សីតុណ្ហភាព​នៅ​ក្នុងទឹក​ក៏​មាន​កម្រិត​ខ្ពស់​ជាង​នៅ​តាម​តំបន់​ដែល​កៀក​ទៅនឹង​តំបន់​ប៉ូល។ គម្លាត​នៃ​សីតុណ្ហភាព​ក្នុងទឹក​នេះ វា​បង្កើត​ឲ្យ​មាន​ចរន្ត​ទឹកសមុទ្រ ដែល​នាំ​ទឹកក្តៅ​ពីតំបន់​អេក្វាទ័រ​និង​ត្រូពិក​ឆ្ពោះ​ទៅកាន់​តំបន់​ប៉ូល ចំណែក​ទឹកត្រជាក់​ពី​តំបន់​ប៉ូល​ត្រូវ​ហូរ​ចាក់ចុះ​បញ្ច្រាសមកវិញ។

ក្នុងពេល​ជាមួយគ្នា យន្តការ​ស្រដៀងគ្នា​នេះ​ក៏​កើតឡើង​ផងដែរ នៅ​ក្នុង​បរិយាកាស នៅ​ពីលើ​លំហសមុទ្រ ដែល​បង្កើត​ឲ្យ​មាន​ជា​ចរន្តខ្យល់ ពេលខ្លះ​បង្កើត​ជា​ខ្យល់ព្យុះ ក៏ប៉ុន្តែ ជា​រឿយៗ​វាជា​យន្តការ​ដ៏សំខាន់​​ដែល​នាំទឹកភ្លៀង​ទៅ​កាន់តំបន់​ឆ្នេរ ដែល​ជា​កត្តា​កំណត់​អាកាសធាតុ​​តាំងពី​លំហ​សមុទ្រ​រហូត​ទៅដល់​ដីគោក។

តួនាទី​ដ៏ចម្បង​មួយទៀត​របស់​មហាសមុទ្រ គឺ​​ការជួយ​កាត់បន្ថយ​ការ​ឡើងកម្តៅ​ផែនដី តាមរយៈ​ការ​ស្រូប​យក​ និង​រក្សា​ទុកកម្តៅ​ពីព្រះអាទិត្យ។ ទឹក​នៅ​ក្នុង​មហាសមុទ្រ ត្រឹមតែ​ ៣ម៉ែត្រ​នៅស្រទាប់​​​ផ្នែក​ខាង​លើ​​ អាច​មាន​សមត្ថភាពស្រូបយកនិង​ស្តុក​​កម្តៅ​បាន​ច្រើន​ជាង​ស្រទាប់​បរិយាកាស​ទាំងមូល​ទៅទៀត ហើយ​រឹតតែ​សំខាន់ជាងនេះ​ទៅទៀត មហាសមុទ្រ​មិនមែន​ស្រូបយក​តែ​កម្តៅនោះទេ ក៏ប៉ុន្តែ ក៏​មានសមត្ថភាព​ផងដែរ ក្នុងការ​ស្រូបយក​ឧស្ម័ន​កាបូនិច​ពី​ក្នុង​បរិយាកាស ជួយកាត់បន្ថយ​បរិមាណ​ឧស្ម័ន ហើយ​ជួយកាត់បន្ថយ​ការ​ឡើងកម្តៅផែនដី។

ក៏ប៉ុន្តែ ព្រមគ្នា​ជាមួយ​នឹង​ការ​ជួយទប់ស្កាត់​ការឡើងកម្តៅផែនដី មហាសមុទ្រក៏​ត្រូវ​ទទួល​រងនូវផលប៉ះពាល់​អវិជ្ជមាន​ច្រើន​ផងដែរ​ពី​សកម្មភាព​របស់​មនុស្ស​យើង ទាំងសកម្មភាព​ដែល​បង្ក​នូវ​ការ​បំពុល​បរិស្ថាន​សមុទ្រ និង​ទាំង​សកម្មភាព​បញ្ចេញ​ឧស្ម័ន​ទៅ​ក្នុង​បរិយាកាស។

នៅ​ពេល​ដែល​បរិមាណឧស្ម័ន​នៅ​ក្នុង​បរិយាកាស​កើនឡើងខ្លាំង ហើយ​កម្តៅ​ផែនដី​កើនឡើង ទឹកសមុទ្រ​ក៏​ត្រូវ​ស្រូប​យក​កម្តៅ និង​ឧស្ម័ន​ពី​ក្នុង​បរិយាកាស​កាន់តែច្រើន ដែល​នេះត្រូវ​នាំ​ទៅដល់​បញ្ហា​ចោទចម្បងៗមួយចំនួន។

បញ្ហា​ចោទ​ទីមួយ នៅពេលដែល​បរិមាណ​ឧស្ម័ន​កាបូនិក​នៅ​ក្នុង​ទឹកសមុទ្រ​កើនឡើង ជាតិអាស៊ីត​ក៏​ត្រូវ​កើនឡើង ហើយ​នៅ​ពេល​ដែល​ជាតិអាស៊ីត​កើនឡើង​ខ្លាំង វា​អាច​នឹង​បង្ក​នូវ​ផលប៉ះពាល់​ទៅដល់​ប្រភេទ​​សត្វ​សមុទ្រ​មួយ​ចំនួន ហើយ​​​អាច​នឹង​នាំ​ទៅ​ដល់​​ការបាត់លំនឹង​នៃ​ប្រព័ន្ធអេកូសាស្រ្ត​ក្នុងសមុទ្រ។

បញ្ហា​ចោទ​ទីពីរ នៅពេល​ដែល​​កម្តៅ​ទឹកសមុទ្រ​កើនឡើង វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​​ប្រក្រតីភាព​នៃ​ចរន្ត​ទឹកសមុទ្រ នាំ​ឲ្យ​បាត់បង់​លំនឹង​នៅ​ក្នុងការ​បែងចែក​កម្តៅ បង្ក​ឲ្យ​មាន​លក្ខខណ្ឌ​អាកាសធាតុ​ខុសធម្មតា តំបន់​ខ្លះ​សីតុណ្ហភាព​ក្តៅខ្លាំង​ហួសហេតុ ចំណែក​តំបន់ខ្លះទៀតត្រជាក់ជ្រុល។ តំបន់​ខ្លះ​ភ្លៀងច្រើន​ហួសហេតុ​បង្ក​ឲ្យ​ទៅ​ជា​ទឹកជំនន់ ចំណែក​តំបន់​ខ្លះ​ទៀត​គ្មាន​ភ្លៀងសោះ​បង្កើត​ទៅជា​គ្រោះរាំងស្ងួត។

បន្ថែម​ពីលើ​នេះ​ទៅទៀត ការកើនឡើង​នៃ​កម្តៅទឹកសមុទ្រ​ក៏​បង្ក​ឲ្យ​​មាន​បញ្ហា​ចោទ​ដ៏​ធំមួយទៀត​ផងដែរ គឺ​ការកើនឡើង​នៃ​រយៈកម្ពស់​ទឹកសមុទ្រ ហើយ​ការកើនឡើង​នៃ​រយៈកម្ពស់​ទឹកសមុទ្រ​នេះ​ត្រូវ​កើតឡើង​​មកពី​​បាតុភូតពីរ​រួមបញ្ចូល​គ្នា។ ទីមួយ ការឡើងកម្តៅធ្វើ​ឲ្យ​ផ្ទាំងទឹកកក​នៅ​តំបន់​ប៉ូល​​ត្រូវ​រលាយ​ក្លាយ​ជា​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ ហើយ​ទីពីរ យើងដឹងថា ទឹក​គឺ​ជា​វត្ថុរាវ ដែល​រីកមាឌ នៅ​ពេល​ឡើងកម្តៅ។ កត្តា​ទាំងពីរ​រួមបញ្ចូល​គ្នា ពោលគឺ បរិមាណទឹកក៏​ត្រូវកើនឡើង​ដោយសារ​ការ​រលាយ​ផ្ទាំងទឹកកក ហើយ​ក្នុងពេល​ជាមួយគ្នា ទឹកក្នុងមហាសមុទ្រ​ទាំងមូល​ក៏​ត្រូវ​រីកមាឌ​ដោយ​សារ​កម្តៅ ដូច្នេះ វា​ធ្វើ​ឲ្យ​កម្រិត​កម្ពស់​ទឹកសមុទ្រ​នៅ​ទូទាំង​ពិភពលោក​ត្រូវ​កើនឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ