អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើ​ជំងឺ​មហារីក​កម្រ ពិត​ជា​កម្រ​មែនឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​មហារីក​ខ្លះ​ ជា​ជំងឺ​ដ៏​កម្រ ដែល ​ពិបាក​វិភាគ​វែក​រក​អាការៈ​សញ្ញានិង​​ពិបាក​ព្យាបាល​​ខ្លាំងណាស់។ ប៉ុន្តែ​មិន​ដូច​ឈ្មោះ មហារីក​កម្រ មិន​ប្រាកដថា​មិន​សម្បូរ​អ្នក​កើតនោះ​ទេ។ ​តើ​អ្វីទៅ​ជា​មហារីក​កម្រ?

Les cancers de l'enfant constituent la deuxième cause de mortalité pédiatrique en France et en Europe.
Les cancers de l'enfant constituent la deuxième cause de mortalité pédiatrique en France et en Europe. © Shutterstock - Mama Belle and the kids
ផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​នេះយើង​បាន​ដឹងនិង​ឮ​និយាយ​ច្រើន​អំពី​ជំងឺ​មហារីក​។ ​ មហារីកថ្លើម មហារីក​ក្រពះ មហារីក​ខួរក្បាល ... នេះ​អាច​ចាត់​ទុក​ជា​ជំងឺ​មហារីកខ្លះៗ​​ដែល​មាន​កើតច្រើន​ជាង​គេ​ប៉ុណ្ណោះ។ នៅ​មាន​ជំងឺ​មហារីក​ជា​ច្រើន​ប្រភេទ​ទៀត​ណាស់ ហើយ​ជំងឺ​មហារីក​ខ្លះ​ជា​ប្រភេទ​ជំងឺ​កម្រ​ទៀត​ផង។

ដូច​ម្តេច​ដែល​ហៅ​ថា​មហារីក​កម្រ?

មហារីកដែល​គេ​ចាត់​ទុក​ជា​​ជំងឺ​​កម្រ នៅពេល​ណាចំនួន​អ្នក​ជំងឺ​​ថ្មី​មាន​កំរិត​ទាប​ជាង​៦ករណី​​ក្នុង​មួយ​ឆ្នាំ​ ក្នុង​ចំណោមមនុស្ស​​១០ម៉ឺន​នាក់ ឬ​ជា​ជំងឺ​មហារីក​ដែល​កើត​នៅ​ក្នុង​តំបន់​ណាមួយ​ជា​ពិសេស ហើយ​កើត​លើ​សរីរាង្គ​ដែល​មិន​គួរ​ឬ​មិន​សូវ​ឃើញ​មាន​កើត​ជំងឺ​មហារីក។ ជំងឺ​មហារីកលេច​ឡើង​​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ឬ លេច​ឡើង​ក្នុង​ស្ថានភាព​​ដ៏​ស្មុគស្មាញ កើត​លើ​កុមារ ក៏​អាច​ចាត់​ទុក​ថា​ជា​ជំងឺ​មហារីក​កម្រ​បាន​ដែរ។ ខួរក្បាល ឆ្អឹង ជាលិកា​ទន់ ភ្នាស សរសៃឈាម ឬ​អូវែរ ... គ្រប់​​សរីរាង្គ​ គ្រប់​ផ្នែក​នៃ​រាងកាយ​មនុស្ស​សុទ្ធ​តែ​អាច​កើត​ជំងឺ​មហារីក​កម្រ​បាន​ទាំងអស់។​

ជំងឺ​មហារីក​កម្រ​មាន​កើត​លើ​មនុស្សធំ ឬក្មេង​ក្នុង​បរិមាណ​ដ៏​តិច​តួច​ដូច​ឈ្មោះ​ដែល​បាន​ហៅមែន ប៉ុន្តែ​បើ​គេ​ធ្វើ​បញ្ជី​រាប់​ឈ្មោះប្រភេទ​​មហារីក​កម្រ​ទៅ​នោះ​វា​នឹង​វែងខ្លាំងណាស់។​ ​បើ​សរុប​រួម​ទៅ​ជំងឺ​មហារីក​កម្រ​តំណាង​ឱ្យ​ដល់​ទៅ ២៥ទៅ​៣០%​នៃការ​វិភាគ​មើល​សញ្ញា​រោគ​​ជំងឺ​មហារីក​ធម្មតា និង​តំណាង​ឱ្យ២៥%​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ ដែល​ជា​ភ្នាក់ងារ​មួយ​របស់​អង្គការ​សុខភាពពិភពលោក។

នៅប្រទេស​បារាំង ក្នុង​មួយ​ឆ្នាំៗ គេ​រក​ឃើញ​មាន​ករណី​ជំងឺ​មហារីក​កម្រថ្មីច្រើន ដែលគ្រាន់​តែ​​កើត​​នៅ​លើ​កុមារ មានចំនួន​ដល់​ទៅ​​៧ម៉ឺន​ករណីឯណោះ។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Alain Puisieux នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​នៃ​វិទ្យាស្ថាន​Curie ប្រទេស​បារាំង យល់​ថា​ជំងឺ​មហារីក​កម្រ​ ជា​ករណី​កម្រ​មែន​បើ​គិត​ពី​ប្រភេទ​មហារីកនីមួយៗ តែបើ​​និយាយ​ជា​ទូទៅ​វិញ​មហារីក​កម្រ​ មាន​កើត​ញឹកញាប់​ណាស់ ហើយ​ជា​ជំងឺ​ដែល​ពិបាក​សង្ឃឹម។ អត្រា​សង្ឃឹម​រស់​មាន​កំរិត​ទាប​ជា​ជាង​ជំងឺ​មហារីក​ធម្មតាប្រមាណ​៥​ឆ្នាំ​។

មហារីក​កម្រ​គ្មាន​រោគ​សញ្ញា?

វែក​រក​ជំងឺ​មហារីក​កម្រ​ជា​វិញ្ញាសា​ដ៏​លំបាក​និង​ស្មុគស្មាញ​បំផុត​សម្រាប់​គ្រូពេទ្យ​ជំនាញ​ផ្នែក​​មហារីក។ ជា​ញឹកញយ ​អ្នក​ជំងឺ​មហារីក​កម្រ​ អាច​ដឹង​ខ្លួន​ថា​មាន​ផ្ទុក​ជំងឺ​មហារីក​ ដោយ​យឺត​យ៉ាវ​បំផុត ជួន​ទាល់​តែ​ជំងឺ​មហារីក​ឈាន​ដល់​ដំណាក់កាល​ធ្ងន់ ឬ​ជួន​ដល់​ដំណាក់កាល​រីករាលដាល​ពេញ​ខ្លួន Métastase ​ទៅ​ហើយ។​ ម្យ៉ាង​ទៀត គ្រូពេទ្យ​ក៏​នៅ​មិនទាន់​​សូវ​ស្គាល់​ជំងឺ​មហារីក​កម្រ​ ដែល​មាន​ចែក​ជា​ប្រភេទ​មហារីក​តូចៗ​ផ្សេង​​​ជា​ច្រើនទៀត​ណាស់។ ដល់​អ៊ីចឹង​ទៅ ដុំ​មហារីកនៅ​ភ្នែក​ស្លូតសោះ​​ អាច​ផ្តាច់​ជីវិតមនុស្ស​ខ្លាំង​ជាង​ជំងឺ​មហារីក​ស្បែក​​ដ៏ច្រើន​​ទៅ​ទៀត ពីព្រោះជំងឺ​មហារីក​ខ្លះ​​គ្រូពេទ្យ​ជំនាញ​មហារីក​បាន​ជួប​តែម្តង​ឬ​ពីរ​ដង​ក្នុង​មួយ​ជីវិត​ជា​ពេទ្យ ឯ​ជំងឺ​មហារីកធម្មតា ដូច​យ៉ាង​មហារីក​​ស្បែក​គ្រូពេទ្យ​ជួប​បី​បួន​ករណី​ថ្មី​ក្នុង​មួយ​សប្តាហ៍។​ អ្នក​ស្រាវជ្រាវ​ជំងឺ​មហារីក​កម្រ​នៅវិទ្យាស្ថាន​Curie ប្រទេស​បារាំង​ដ៏​ល្បី​ល្បាញ​ទាំង​ក្នុង​អឺរ៉ុប​និង​នៅ​លើ​ពិភពលោក បាន​ទទួល​ស្គាល់​ថា គ្រូពេទ្យ​ដើរ​ទន្ទឹម​នឹង​អ្នកឈឺ​​ក្នុង​ការ​វែ​ក​ជំងឺ និង​បញ្ជាក់​ថា​គួរ​ព្រួយ​បារម្ភ​ឬ​មិន​គួរ។

ឆាប់​រក​ឃើញ​ថា​ជា​ជំងឺ​មហារីក​ (កម្រ ឬ​​មិនកម្រ) បាន​លឿន​កាលណា ការ​ដៅ​សម្រេច​ព្យាបាល​បានកាន់​​ប្រសើរ​កាលណោះ ហើយក៏​ងាយ​ព្យាករណ៍​ដែរ។ ដើម្បី​អាច​ធ្វើ​ការ​វិនិច្ឆ័យ​វែក​រក​ជំងឺ​មហារីក​បាន​ល្អ​ប្រសើរ​ គេ​ក៏​ត្រូវ​រំពឹង​លើ​បច្ចេកវិទ្យាទំនើបៗ​ផង​ដែរ។ ក្នុង​ករណី​បែប​នេះ បញ្ញាសិប្បនិម្មិត អាច​ជួយ​វិភាគគគំនរ​​ទិន្នន័យ តាម​រយៈ​Algorithmes ដែល​មាន​បញ្ចូល​កម្មវិធី​សម្គាល់​ដុំ​សាច់​មហារីក។

ឧទាហរណ៍ ក្នុង​ករណី​មាន​ជំងឺ​មហារីកមិន​ដឹង​មូល​ហេតុ​គ្មាន​ប្រភព ​រក​ឃើញ​នៅ​​ដំណាក់កាល​មេតាស្តា​ទៅ​ហើយ គេ​ច្បាស់​ជា​មិន​ដឹង​ថា​សរីរាង្គ​មួយ​ណា​ជាសរីរាង្គ​មហារីក​​ដើម​ដំបូង​ទេ តែ​បើ​មាន​បញ្ញាសិប្បនិម្មិត​ជា​ឧបករណ៍​ជំនួយ​នោះ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​Curie​អាច​ចាប់​សញ្ញា​រក​ប្រភព​ដើម​នេះ​ជំងឺ​បាន​ខ្លះ​ តាម​រយៈ​កំណត់​ARN​របស់​ដុំ​សាច់​មហារីក។

មហារីកកម្រ​គ្មាន​ថ្នាំព្យាបាល?

ឈ្មោះ​ជា​មហារីក​ គឺ​ជា​ជំងឺ​ដ៏​គួរ​ឱ្យ​ខ្លាច​ ​តែ​ង​ផ្តាច់​ជីវិត​មនុស្សយ៉ាង​លឿន​រហ័ស​។ បច្ចុប្បន្ន​ដោយ​សារ​ភាពជឿនលឿន​ផ្នែក​វេជ្ជសាស្ត្រ​និង​វិទ្យាសាស្ត្រ អ្នក​ជំងឺ​មហារីក “ធម្មតា” ​មួយ​ចំនួន​អាច​ជា​សះស្បើយ​ឡើង​វិញ។ អត្រា​នៃ​ការ​ជារោគ និង​ក្តី​សង្ឃឹម​ ព្រមទាំង​ការ​ព្យាករណ៍​អំពី​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​ ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​កំរិត​នៃ​ជំងឺ​។ មាន​ន័យ​ថា បើអ្នក​ជំងឺ​បាន​ទទួល​ការ​ព្យាបាល​តាំងពី​​ដំណាក់កាល​ដំបូងៗ​ ក្តី​សង្ឃឹម​រស់​ខ្ពស់​ខ្លាំង។

 

 

ឯ​ចំណែក​មហារីក​កម្រវិញ ជា​ទូទៅ​ ​ជា​ប្រភេទ​ជំងឺ​ដែល​ពិបាក​ព្យាបាល​ឱ្យ​ជា​ណាស់ ពីព្រោះ​ការស្រាវជ្រាវ​ជា​​មូលដ្ឋាន​គ្រឹះ​ ការ​សាកល្បង​គ្លីនិក​ និង​ការ​ព្យាបាល​ថ្មី​ៗ​សម្រាប់​ជំងឺមហារីក​​កម្រ​ មា​នលក្ខណៈ​ខ្សត់ខ្សោយ​​ខ្លាំងណាស់។​ បើ​តាម​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ជំងឺ​មហារីក​អន្តរជាតិ យុទ្ធ​សាស្ត្រ​ព្យាបាល​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្នើ​ឱ្យ​មាន​អ្នក​ជំងឺ​ចូល​រួម​ធ្វើ​កា​រសាកល្បង​គ្លីនិក​ ឬ​ព្រម​សាកល្បង​ប្រើ​ថ្នាំ​ទើប​រក​ឃើញ​ថ្មី។ ចុះ​បើ​ពុំ​សូវ​មាន​អ្នក​ជំងឺ​ផង​ តើ​ការ​សាកល្បង​គ្លីនិក​នឹង​ប្រព្រឹត្ត​ទៅ​បាន​យ៉ាង​ដូចម្តេច?!​ នេះ​ជា​ករណី​ជាក់ស្តែង​មួយ។

បច្ចុប្បន្ន​នេះ អ្នក​សា្រវជ្រាវ​កំពុង​រុក​រក​ និង​ត្រួសត្រាយ​វិធី​ព្យាបាល​ដោយ​ប្រើ​ប្រព័ន្ធការពារ​ខ្លួន ឬ​ហៅជា​ភាសា​បារាំង​ថា immunothérapie។ វិធី​ព្យាបាល​នេះ ដៅ​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទល់​នឹង​ជំងឺ ដែល​បាន​ទទួល​រង្វាន់​ណូបែល​វេជ្ជសាស្ត្រ​ផង​កាលពី​ឆ្នាំ​២០០៨។ ភាព​ជឿន​លឿន​ជា​លំដាប់​ក្នុង​វិធី​ចាប់​សញ្ញា​បំប្លែង​ហ្សែន​ក៏​ជា​ក្តី​សង្ឃឹម​ថ្មី​ក្នុង​ដៅ​រក​វិធី​ព្យាបាល​ថ្មី​​ដែរ។ តម្រ៉ុយ​មួយ​ទៀត គឺ​អ្នក​ស្រាវជ្រាវ​កំពុង​ដៅ​សិក្សាមិនមែន​លើ​ដុំ​សាច់​មហារីកផ្ទាល់​ទេ តែ​​លើ​កោសិកា​ដែល​នៅ​ជុំ​វិញ​ដុំ​មហារីក​ តើអាច​​មាន​ប្រតិកម្ម​តប​ត​យ៉ាងណា​ខ្លះ​ក្នុង​បរិស្ថាន​មហារីក។

ការ​រក​ឃើញ​មហារីក​កម្រ​ជួន​ក៏​អាច​ជួយ​ផ្តល់​ផល​ដល់​ការ​ព្យបាល​ជំងឺ​មហារីក​ធម្មតា​ដែរ។ គ្រាន់​តែ​ថា​គួរ​ឱ្យ​សោក​ស្តាយ ការ​ស្រាវជ្រាវ​​ទាក់ទង​នឹង​ជំងឺ​មហារីក​កម្រ​អូស​ជើង​ខ្លាំងណាស់ ដោយ​ខ្វះ​ថវិកា​។ នៅពេល​កញ្ចប់​មូលនិធិ​សាធារណៈ​ឬ​មូលនិធិ​ជំនួយ​ម្តងៗ ឧស្សាហកម្ម​ឱសថ​ផ្តល់​អាទិភាព​ដល់​វិស័យ​ដែល​មាន​តម្រូវការ មាន​អ្នក​ជំងឺ​ច្រើន​ ទើបទទួល​​ផល​ចំណេញបាន​​ច្រើនដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ