អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ការ​សិក្សា​៖ រស់នៅ​​ឬការ​​​លំហែ​​នៅ​មាត់​សមុទ្ទ​ជួយ​ទ្រទ្រង់​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​រឹងមាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​​ស្រាវជ្រាវ​បាន​លើក​ទឹ​កចិត្ត​​អំណាច​សាធារណៈ​​​ជួយ​សម្រួល​ការ​​ទៅ​សម្រាក​លំហែ​នៅ​មាត់​សមុទ្ទ ដល់​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​របស់​ខ្លួន ព្រោះ​សមុទ្ទ​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។ តើ​យើ​ង​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​អាច​ទាញ​យក​ផល​ល្អ​នៃ​បរិស្ថាន​សមុទ្ទឱ្យ​​រាងកាយ​និង​ស្មារតី​​?

ការ​សិក្សា​៖ រស់នៅ​​ឬការ​​​លំហែ​​នៅ​មាត់​សមុទ្ទ​ជួយ​ទ្រទ្រង់​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​រឹងមាំ
ការ​សិក្សា​៖ រស់នៅ​​ឬការ​​​លំហែ​​នៅ​មាត់​សមុទ្ទ​ជួយ​ទ្រទ្រង់​មនុស្ស​ឱ្យ​មាន​សុខភាព​ល្អ​រឹងមាំ AFP - JOSEPH EID
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ជំនឿ​របស់មហាជន​​នៅអឺរ៉ុប បាន​ទៅ​សម្រាក​លំហែ​នៅ​សមុទ្ទ​បាន​​មួយ​ខែ​ក្នុង​មួយ​ឆ្នាំ​ នឹង​គ្មាន​ជំងឺ​ដង្កាត់​ទេ។ ប៉ុន្តែថ្វី​បើ​​​គ្មាន​កា​រសិក្សា​ណា​អាច​បញ្ជាក់​តាមបែប​វិទ្យាសាស្ត្រ​ជុំ​វិញ​ជំនឿ​នេះក៏​ដោយ ក៏​គេ​ទទួល​ស្គាល់​​យ៉ាង​ជាក់លាក់​ថា​សមុទ្ទ​អាច​ជួយ​សរីរាង្គ​មនុស្ស​យើង​ឱ្យ​​មាន​ដំណើរការ​យ៉ាង​ល្អ​ប្រសើរ​បំផុត។

ការ​សិក្សា​របស់​អ្នក​ស្រាវជ្រាវផ្នែក​ចិត្តវិទ្យា​បរិស្ថាន​នៃ​សកលវិទ្យាល័យ​វីយ៉ែន ​ជាតិ​អូទ្រីស Sandra Geiger ទើប​ផ្តល់​សេចក្តី​សន្និដ្ឋាន​ដែលអាច​ពង្រឹងជំនឿ​ចាស់​បូរាណ​ខាង​លើ​បាន ដោយ​អាច​បញ្ជាក់​អំពី​ចំណង​ទាក់ទង​ដោយ​ផ្ទាល់​រវាង​ការ​មាន​សុខភាព​ល្អ​និង​ការ​រស់​នៅ​ជាប់​មាត់​សមុទ្ទ។ យោង​តាម​ទិន្នន័យ​សិក្សា​ក្នុង​១៥​​ប្រទេស​ ប្រជាពលរដ្ឋ​រស់​នៅ​តាម​មាត់​សមុទ្ទ​និង​អ្នក​ទៅ​សម្រាក​លំហែ​វិស្សមកាលនៅ​តំបន់​ឆ្នេរ​ មាន​ស្ថានភាព​សុខភាព​ល្អ​ប្រសើរ​ឡើង មិន​ថា​ជន​នោះ​រស់​នៅក្នុង​ប្រទេស​ណា​និង​មាន​កំរិត​ជីវភាព​យ៉ាងណា​ទេ។

​សេចក្តីសន្និដ្ឋានដែល​ទស្សនាវដ្តី​ Communications Earth & Environment យក​មក​ចុះ​ផ្សាយ​ ជា​លទ្ធផល​​បានមក​ពី​ការ​ចោទ​សំណួរ ស្តីពី​សកម្មភាព​ស្នើ​ឡើង​នៅ​លើ​ឆ្នេរ ព្រមទាំង​ស្តីពី​សុខភាព​រាងកាយ​និង​ផ្លូវចិត្ត ​លើ​មនុស្ស​ជាង​១៥០០០នាក់​រស់​នៅ​ក្នុងប្រទេស​អូស្ត្រាលី​ និង​១៤​ប្រទេស​នៅអឺរ៉ុប (អាល្លឺម៉ង់ ប៊ែលហ្សិក ប៊ុលហ្ការី អេស្ប៉ាញ បារាំង ក្រិក​ អៀឡង់ អ៊ីតាលី ន័រវែស ហូឡង់ ប៉ូឡូញ ព័រទុហ្កាល់ សាធារណរដ្ឋ​ឆែក​និង​អង់គ្លេស)។ ចម្លើយ​របស់​ពួកគេទាំង​១៥​ប្រទេស មាន​លក្ខណៈ​ស៊ីចង្វាក់គ្នា​​ និង​ច្បាស់​លាស់​ក្រៃ ដែល​សូម្បី​តែ​ក្រុម​ជំនាញ​និង​អ្នក​ស្រាវជ្រាវ​ផ្ទាល់​ក៏​ភ្ញាក់​ផ្អើល​ខ្លាំងមែនទែន។ សម្រាប់​​អ្នកស្រី Sandra Geiger លទ្ធផល​នៃ​ការសិក្សា​នេះស​ឱ្យ​ឃើញ​ថា​មនុស្ស​គ្រប់​រូប​ហាក់​ទទួល​បាន​នូវ​គុណប្រយោជន៍​ដូច​គ្នា​ពីការ​រស់​នៅក្បែរ​មាត់​សមុទ្ទ មិនមែន​តែ​ចំពោះ​​អ្នក​ធូរធារ​ឡើយ។ ការ​រស់​នៅ​ក្បែរ​សមុទ្ទ​និង​ពិសេស​ការ​ទៅ​លំហែ​នៅ​មាត់​សមុទ្ទ​អាច​ជះ​ឥទ្ធិពល​សំខាន់​លើ​សុខភាព​មនុស្ស។ នេះ​ជា​ការ​បញ្ជាក់បន្ថែម​​របស់​អ្នក​ស្រាវជ្រាវ​ជាតិ​អូទ្រីស​Sandra Geigerដដែល។

តើ​​សមុទ្ទ​ជួយ​ចម្រើន​សុខភាពយ៉ាងណា​ខ្លះ?

​៧០%​ នៃ​ភពផែន​ដី​ ជា​សមុទ្ទ​។ ហើយ​សមុទ្ទនេះ​​ជា​ប្រភព​នៃ​គុណប្រយោជន៍​ច្រើន​យ៉ាង​ណាស់​សម្រាប់​សរីរាង្គកាយ​មនុស្ស។ ទឹក​សមុទ្ទ ខ្យល់​សមុទ្ទ សំឡេង​រលក ឆ្នេរ​ខ្សាច់ ក៏​ដូច​​ជា​អាហារគ្រឿង​សមុទ្ទ​ សារាយ ... ​សុទ្ធ​តែ​ជា​អ្នក​ផ្គត់​ផ្គង់​សុខភាព​ទាំងអស់។

ទឹក​សមុទ្ទ​មាន​បន្សំ​សមាសធាតុ​រ៉ែ (រ៉ែ​អំបិល កាល់ស្យូម សូស្យូម ប៉ូតាស្យូម...)  និង​ធាតុចាំបាច់​olegoelement​ ​(អ៊ីយ៉ូដ ដែក សង្កសី ម៉ង់ហ្កាណែស...) គ្រប់មុខ ដូច​គ្នា​ស្ទើរ​បេះដាក់​នឹង​ជាតិ​ទឹក​នៅក្នុង​ខ្លួន​មនុស្សយើង។ ជាង​នេះ​ទៅ​ទៀត ទឹក​សមុទ្ទ​មានផ្ទុក​សារធាតុ​អង់ទីប៊ីយូទិក​ ដែល​ចូល​ចំណែក​ពង្រឹង​ប្រព័ន្ធ​ការពារ​ខ្លួន​ទៀត។ ចំណែក​ខ្យល់​សមុទ្ទ ជា​ខ្យល់​ប្រៃ សម្បូរ​ជាតិ​រ៉ែ និង​អ៊ីយ៉ុង​អវិជ្ជចេញ​មក​ពី​អំបិល​សមុទ្ទ។ គឺអ៊ីយ៉ុង​អវិជ្ជមាន​នេះ​ហើយ​ដែល​មាន​ចំណែក​បន្សុទ្ធ​ខ្យល់​បរិយាស​ដោយ​ទៅ​កម្ចាត់​អ៊ីយ៉ុង​វិជ្ជមាន​ និង​ជាតិ​ពុល​ បង្ក​ឡើងដោយ​ផ្សែង​ពុល។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​នៅ​ពេល​បាន​ទៅ​ដល់ និង​សម្រាក​កំសាន្ត​នៅ​មាត់​សមុទ្ទ ខ្លួន​ប្រាណ​យើង​នឹង​បាន​ស្រូប​យក​ខ្យល់​ប្រៃ​ខ្យល់​សម្បូរ​ទៅ​ដោយ​ជាតិ​រ៉ែ មក​បំពេញ​កង្វះ​ខាត​របស់​ខ្លួន។ ខ្យល់​បរិយាកាស​មាត់​សមុទ្ទ​ ជា​ខ្យល់​បរិសុទ្ធ ប្រៃ និង​មាន​ជាតិ​ពុល​តិច​តួច​ណាស់ ដោយ​មាន​បាក់តេរី ប្រមាណ​តែ​២រយ​ជា​មធ្យម​ក្នុង​មួយម៉ែត្រគូប​ខ្យល់ ទល់​នឹង​ជាង​៥ម៉ឺន​នៅ​ក្នុង​ក្រុង។

នៅ​មាត់​សមុទ្ទ សម្ពាធ​បរិយាកាស​ខ្ពស់​ខ្លាំង ទើប​យើង​អាច​ដក​ដង្ហើម​បាន​ស្រួល ហើយ​សរីរាង្គកាយ​ក៏​ទទួល​ខ្យល់​អុកស៊ីហ្សែន​បាន​ប្រសើរ។ ជាតិ​អំបិល អ៊ីយ៉ូត ដែល​ជា​សារធាតុ​ដ៏​ចាំបាច់​នៃ​ការ​ផលិត​និង​ចាត់​ចែង​ក្រពេញ​អ័រមូន​ទីរ៉ូអ៊ីត​ អាច​ហូរ​ចូល​ទៅ​សម្រួល​សព៌ាង្គកាយ​បាន​ផ្លូវ​ដង្ហើម​បាន​យ៉ាង​ស្រួល។

ចុះ​មុជ​ទឹក​សមុទ្ទ​ឱ្យ​បាន​តែ​១៥​នាទី ក៏​នឹង​ធ្វើ​ឱ្យខ្លួន​ប្រាណ​ពិសេស​ស្បែក​មាន​កម្លាំង។​ បើ​ជា​ទឹក​សមុទ្ទ​ត្រជាក់ វា​នឹង​ជួយ​ផ្តល់ជាតិ​​សំណើម​ដល់​ស្បែក និង​ធ្វើ​ឱ្យ​ស្បែក​ឡើង​ភ្លឺ​រលោង ព្រោះ​ជាតិ​អំបិល​របស់​ទឹក​សមុទ្ទ នឹង​ទៅ​ជម្រុះ​កោសិកា​ងាប់ៗ​តោង​​នៅ​លើ​ស្រទាប់​ស្បែក​អេពីដែម ​ជា​ហេតុ​នាំ​ឱ្យ​ស្បែក​ឡើង​ទន់​ល្មើយ​ល្អ។ ការ​សិក្សា​ខ្លះ​ទៀត បាន​រក​ឃើញ​ថា​ទឹក​សមុទ្ទ​មាន​សមត្ថភាពប្រឆាំង​នឹង​ការ​រោលរលាក ដោយ​អាចជួយ​​​ព្យាបាល​​អាការៈរោគ​សើរ​ស្បែក​មួយ​ចំនួន​ដូច​ជា​ជំងឺ​រលាកនៅ​លើ​​ស្បែក ​កម​រមាស់​ ... សូម​ចុះ​មុជ​ទឹក​ក្នុង​សមុទ្ទ​ឱ្យ​បានលិចយ៉ាង​ហោច​​ដល់​ត្រឹម​ទ្រូង ព្រោះ​នៅ​ពេល​នោះ​ខ្លួន​អ្នក​លែងទ្រទម្ងន់​ទាំង​មូល​ហើយ។ សាច់​ដុំ​នឹង​ចាប់​ធ្វើ​ចលនា​ដោយ​គ្មាន​ទម្ងន់ ទាញ​ផល​ប្រយោជន៍​ពី​ទឹក​សមុទ្ទ​ប្រៃ ដោយ​មិន​បះពាល់​រំខាន​ដល់​សន្លាក់។

ឆ្នេរ​ខ្សាច់​ ជា​ទីលាន​ដ៏​ប្រពៃ​បំផុត​សម្រាប់​ក្មេង​តូច​ៗ ជាពិសេស​ក្មេង​ក្នុង​វ័យ​រៀន​ដើរ។ នៅពេល​ដើរ​លើ​ឆ្នេរ​ខ្សាច់​ ក្មេង​ត្រូវ​ការ​ប្រឹង​ប្រើ​ជើង​និង​សន្លាក់​ខុស​ពី​ទម្លាប់​នៃ​ការ​រៀន​ដើរ​លើ​ផ្ទៃ​រាប​និង​រឹង​ក្នុង​ផ្ទះ​។ កាន់​តែ​ប្រសើរ​ទៀត គឺ​ការ​ដើរ​ក្នុង​ទឹក​លើ​ឆ្នេរ​ខ្សាច់​ ដើម្បី​ឱ្យ​​កែង​ជើងបាន​ប៉ះ​ប្រឈម​នឹង​រលកស្រាលៗ។ ពីរ​បី​ថ្ងៃ​នៅ​ឆ្នេរ​សមុទ្ទ​គ្រប់គ្រាន់​សម្រាប់​ក្មេង​តូច​ពង្រឹង​សាច់​ដុំ​ជើង សាច់​ដុំ​កំប៉េះគូថ និង​ឆ្អឹង​ខ្នង​ ឱ្យ​លូត​លាស់​ប្រកប​ដោយ​លំនឹង​និង​ស្ថិរភាព​ហើយ។ ចុះ​សម្រាប់​មនុស្សធំ?! ការ​ដើរ​លើ​ខ្សាច់ ក៏​ជា​សកម្មភាព​ដ៏​ល្អ​សម្រាប់​មនុស្ស​ធំ និង​គ្រប់​វ័យ​ទាំងអស់។ ដើរ​តាម​ឆ្នេរ​កាត់​ទឹក​ ឱ្យ​ដល់​គល់​ភ្លៅ មិន​សូវ​ហត់​ហើយ អាច​ជួយ​​សម្រួល​ចរន្ត​ឈាម​ ឱ្យ​ហូរ​ត្រលប់​​ទៅបេះ​ដូង​វិញ​ ប្រយុទ្ធ​ប្រឆាំ​ង​នឹងអាការៈ​ហើម​ជើង និង​ស្រយ៉ង់​ជើងផង។ ភាព​ត្រជាក់​របស់​ទឹក​សមុទ្ទ​មាន​ឥទ្ធិពល​ជួយ​ភ្ញោច​ បង្រួម​ និង​ពង្រឹង​សរសៃឈាម​វែន។

ដើរ​កម្សាន្តតាម​ឆ្នេរ​សមុទ្ទ​​ក្រោម​ពន្លឺ​ព្រះ​អាទិត្យនា​ពេល​ព្រឹក​ព្រលឹម និង​រៀប​លិច កាន់​តែ​ប្រពៃ និង​ផ្តល់​ប្រយោជន៍​ដល់សុខភាព។ ក្រោម​ពន្លឺព្រះ​អាទិត្យ​ បូក​និង​ខ្យល់​សមុទ្ទ​ដ៏​រំភើយៗ ស្បែក​នឹង​ធ្វើ​សំយោគ​វីតាមីដេ ដែល​អនុញ្ញាត​ឱ្យកាល់ស្យូម​និង​ហ្វូស្វ័រ​អាច​ជ្រាប​តោង​ជាប់​ក្នុង​សរីរាង្គ និង​ធ្វើ​ឱ្យ​ឆ្អឹង​បាន​រឹង​មាំ​ល្អ។ តែ​១០​ទៅ​២០​នាទី​ គ្រប់​គ្រាន់​ហើយ។​ លើស​ពី​នេះ អ្នក​ត្រូវ​ការពារ​ខ្លួន និង​ស្បែក​ពី​ពន្លឺ​ព្រះ​អាទិត្យ​ ដែល​ចាប់ចែង​ចាំង​និងក្តៅ​ខ្លាំង។

ចំណី​អាហារ​ជា​គ្រឿង​សមុទ្ទ ដោយ​មិននិយាយ​ដល់​​ក្តាម​ បង្កង បង្គា អយស្ទ័រ​ ដែល​មាន​វីតាមីន អ៊ីយ៉ូដ ជាតិ​ដែក អង់ទីអុកស៊ីដង់​ដ៏​ច្រើន ប្រភេទ​ត្រី​តូចៗ សារាយ​សមុទ្ទ ក៏​ជា​ប្រភព​ផ្តល់​អាហារ​រូបត្ថម្ភ​ដ៏ខ្ពស់ សម្បូរ​វីតាមីដេ និងអូមេហ្កា៣ អាស៊ីត​ខ្លាញ់​ដ៏​ចាំបាច់​សម្រាប់​សរីរាង្គ​កាយ​ដែរ។ គ្រឿង​សមុទ្ទ​ទាំង​នេះ ជា​អាហារ​ប៉ូវ​ហើយ​ មិន​ធ្វើ​ឱ្យ​ធាត់​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ