អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

សុខភាព​ផ្លូវ​ភេទ៖ តើ​ត្រូវ​ធ្វើ​ដូចម្តេចខ្លះ​ ក្រោយការ​រួម​រក្ស​បែបប្រថុយប្រថាន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ឆ្លង​ជំងឺ​អេដស៍ ឆ្លង​ជំងឺ​កាមរោគ មាន​ផ្ទៃ​ពោះ ... នេះ​ជាហានិភ័យ​ដែល​អាច​កើតបាន​ ​ក្រោយ​ពី​ការ​​រួមរក្ស​ដោយ​គ្មាន ឬ​ភ្លេច​ការពារ​ខ្លួន ឬ​ដោយហេតុ​​ស្រោម​អនាម័យ​ដាច់​រហែក។ ក្នុង​ករណី​បែប​នេះ​ តើ​ត្រូវ​ធ្វើ​ដូចម្តេច? ត្រូវ​ទៅ​ធ្វើតេស្ត​វិភាគ​នៅពេល​ណា? វិភាគ​អ្វី​ខ្លះ? និង​គួរ​ទទួល​បាន​ការ​ព្យាបាល​យ៉ាងណា?

ក្នុង​មួយ​ថ្ងៃៗ មាន​មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ឆ្លង​ជំងឺកាមរោគ(អង្គការ​សុខភាព​ពិភពលោក)
ក្នុង​មួយ​ថ្ងៃៗ មាន​មនុស្ស​ជាង​មួយ​លាន​នាក់​បាន​ឆ្លង​ជំងឺកាមរោគ(អង្គការ​សុខភាព​ពិភពលោក) iStock / CatLane
ផ្សាយពាណិជ្ជកម្ម

ឆ្លង​អេដស៍ កើត​ស្វាយ-ប្រមេះ ឆ្លង​មេរោគជំងឺ​​រលាក​ថ្លើម​ ធ្លាក់​ខ្លួន​មាន​ផ្ទៃ​ពោះ ទាំង​នេះ សុទ្ធ​សឹង​ជា​ហានិភ័យពិត​ជាក់​ស្តែង​នៃ​ការ​រួម​រក្សដោយ​ភ្លេច ដោយ​គ្មាន​​ការ​ការពារ ឬ​ដោយ​ ​ការពារ​មិនបាន​ត្រឹម​ត្រូវ។

ចំពោះការ​ឆ្លង​ជំងឺ​កាមរោគ ហានិភ័យ​នៃ​ការ​ឆ្លង​អាស្រ័យ​ទៅ​លើ​ប្រភេទ​និង​របៀប​រួម​រក្ស​ ប៉ុន្តែ​ទោះ​ក្នុង​ករណី​ណា​ក៏​ដោយ ក៏​ការទៅ​​ធ្វើ​តេស្ត​វិភាគ​រក​មើល​ការ​ចម្លង​រោគ​ក្រោយ​ប្រព្រឹត្ត​កាម​ដោយ​គ្មាន​ការ​ការពារ​ ជា​រឿង​សំខាន់ ហើយ​អាច​ចាំបាច់​ត្រូវ​ស្វែង​រក​ការព្យាបាលបង្ការ​​ផង​ដើម្បី​កាត់​បន្ថយ​គ្រោះ​ចម្លង​ជំងឺ​កាម​រោគ។

តើ​ត្រូវ​ធ្វើ​អ្វី​មុន​គេ​និង​ជា​បន្ទាន់?

អនុសាសន៍របស់​អ្នក​ជំនាញ​គឺ​ត្រូវ​អញ្ជើញ​ទៅ​មន្ទីរ​ពេទ្យ​ ទៅ​កន្លែង​សង្គ្រោះ​បន្ទាន់ ឬ​ទៅ​សេវា​​ជំនាញ​ជំងឺ​សើស្បែក​និង​កាមរោគ ឬ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍។​ បើ​ទៅ​ដល់​ក្នុង​អំឡុង​ពេល​បួនម៉ោង​​ក្រោយ​ការ​រួម​រក្ស ជា​ការ​ប្រពៃ​មែនទែន និង​យ៉ាង​យូរ​បំផុត​ត្រឹម​៤៨ទៅ​៧២​ម៉ោង។ ដើម្បី​សម្រួល​ការ​ធ្វើ​តេស្ត​វិភាគ​ និងការ​​សង្គ្រោះ​ គួរ​ទៅ​ជួប​គ្រូពេទ្យជាមួយ​ដៃគូ ​ទាំង​ពីរ​នាក់។

ហេតុ​អ្វី​ត្រូវ​រួស​រាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ? ព្រោះ​មាន​តែ​គ្រូពេទ្យ​ជំនាញ​ទេ ទើប​អាច​វាយ​តម្លៃ​អំពី​ហានិភ័យ​ពិត​ប្រាកដ​នៃ​ការ​ឆ្លង​មេរោគ​តាម​ផ្លូវ​ភេទ និង​មេរោគ​ជំងឺ​ស៊ីដា ព្រម​ទាំង​អាច​ធ្វើ​ការ​ត្រួត​ពិនិត្យ​បឋម​ ហើយចេញ​វេជ្ជបញ្ជា​​ផ្តល់​ថ្នាំព្យាបាល​បង្ការ​ជា​យថាហេតុ​បាន។

ចំពោះ​ជំងឺ​កាមរោគ​ ជំងឺអេដស៍ ជំងឺ​ឆ្លង​តាម​ការ​រួម​ភេទ វិធីសាស្ត្រ​ត្រួត​ពិនិត្យ​ដំបូង គឺ​ការ​ចោទ​សំណួរ បន្ទាប់​មក​ទើប​មាន​ការ​ធ្វើ​តេស្ត​រហ័ស​ ជួយ​ផ្តល់​ការ​វិនិច្ឆ័យ​ដំបូង​ថា​តើ​ក្នុង​ចំណោម​​ដៃ​គូ​ទាំង​ពីរ នរណា​មាន​ស្ថានភាព​វិជ្ជមាន​នឹង​ជំងឺ​កាមរោគ​ណា​ដែ​រឬអត់។

ចំពោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​Bវិញ គ្រូពេទ្យ​នឹង​ផ្ទៀង​ផ្ទាត់​ថាតើ​ដៃ​គូ​ទាំងពីរ​បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​ត្រឹម​ត្រូវដែរ​ឬទេ។ លទ្ធផល​នៃ​ការ​ធ្វើ​វិភាគឈាម​នឹង​បញ្ជាក់​អំពី​កំរិតសមត្ថភាព​នៃ​ការ​ការពារខ្លួន​ទល់​នឹង​ជំងឺ​មេរោគ​​រលាក​ថ្លើម​បាន។ ក្នុង​ករណី​សង្ស័យ​ ឬ​មិន​គ្រប់​គ្រាន់ គ្រូពេទ្យ​នឹង​ណែនាំ​ឱ្យ​ទៅ​ចាក់រំលឹក​​ថ្នាំ​បង្ការ​ជំងឺ​រលាក​ថ្លើម​មួយ​ដូសទៀតភ្លាម​។

​រួស​រាន់ស្វែង​រកការ​​ព្យាបាល​បង្ការ ​​ឱ្យ​បាន​ឆាប់​រហ័ស

ទាក់ទង​នឹង​ជំងឺអេដស៍ មាន​ថ្នាំព្យាបាលបង្ការ​ដែល​អាច​កាត់​បន្ថយ​គ្រោះ​ឆ្លង​មេរោគ​ហ៊ីវ​បាន​គួរ​ឱ្យ​កត់​សម្គាល់។ ប្រសើរ​តេស្ត​រហ័ស​ផ្តល់​លទ្ធផល​អវិជ្ជមាន​ទាំងពីរ​នាក់ នោះ​គេមិន​ចាំបាច់​ត្រូវ​ការ​ការព្យាបាល​បង្ការ​ទេ។ ប៉ុន្តែ​​ប្រសិនបើ​មិន​ស្គាល់ មិន​ដឹង​អំពីប្រវត្តិ​របស់​ដៃ​គូ​ដែល​ទើប​រួម​រក្ស​នឹង​​គ្នា​រួច ដោយ​គ្មាន​ការ​ពារ និង​ដោយ​មិន​ដឹង​ដៃគូ​នោះ​មានឬ​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ទេ នោះ​ការ​ព្យាបាល​បង្ការ​ដោយ​ប្រើថ្នាំ​ពន្យារ​ជីវិត​​Tritherapie ជា​ប្រការ​ចាំបាច់​សម្រាប់​ដៃ​គូ​ទាំងពីរ។ ត្រូវ​លេប​ថ្នាំ​ព្យាបាល​បង្ការ​រហូត​ដល់​ពេល​​បាន​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​អេដស៍​ ដែល​ជា​អ្នក​វាយ​តម្លៃ​ហានិភ័យ​ឆ្លង​មេរោគ​និង​សម្រេច​ថា​ត្រូវ​បន្ត​ប្រើ​ថ្នាំ​ព្យាបាល​បន្ថែម​សម្រាប់​រយៈ​ពេល​សរុប​២៨​ថ្ងៃ​ឬ​អត់។

ថ្នាំ​ព្យាបាល​បង្ការក្រោយប្រព្រឹត្ត​កាម មាន​ប្រសិទ្ធភាព​ខ្លាំងណាស់ បើ​បាន​លេបវា​នៅ​អំឡុង​ពេល​​៤​ម៉ោង​ក្រោយ​ការ​រួមរក្ស​ដោយ​គ្មាន​ការការពារ។ សម្រាប់​ប្រទេស​ខ្លះនិង​​តាមប្រភេទ​នៃហានិភ័យ​ គ្រូពេទ្យ​អាច​សម្រេច​ផ្តល់​ថ្នាំព្យាបាល​បង្ការ នៅ ៤៨ទៅ​៧២​ម៉ោង​ក្រោយ​។ ប៉ុន្តែ សូម​ចង​ចាំ​ថា ការ​ព្យាបាល​បង្ការ ជា​ថ្នាំ​បន្ទាន់​ ដែល​ត្រូវ​ស្ថិតនៅ​ជា​ករណី​លើក​លែង​ បន្ទាន់​ម្តងម្កាល។

ការ​ព្យាបាល​បន្ទាន់​មួយ​ទៀត​សម្រាប់​តែ​ស្រ្តី​ គឺ​ការ​ថ្នាំ​ការពារ​មិន​ឱ្យ​មាន​កូន។ នៅពេល​រួម​រក្ស​ដោយ​គ្មានការ​ការពារ​ ហើយ​ស្ត្រី​ខ្លាច​មាន​ផ្ទៃពោះ ស្ត្រី​អាច​រក​ថ្នាំ​ពន្យារកំណើត​បន្ទាន់​មក​លេប​ឱ្យ​បាន​ឆាប់​រហ័ស​ ពោល​គឺ​ក្នុង​រវាង​ពី​៣ទៅ​៥​ថ្ងៃ​យ៉ាង​យូរ​ក្រោយមាន​ទំនាក់ទំនង​ផ្លូវ​ភេទ​ជាមួយ​បុរស។ ថ្នាំពន្យារ​កំណើត​បន្ទាន់​នេះ នឹង​ទៅ​រារាំង​ឬ​ពន្យារ​ពេល​មិន​ឱ្យ​មេជីវិត​ញី និង​មេជីវិត​ឈ្មោល​ជួប​គ្នា​ដើម្បី​បង្ក​កំណើត ពោល​គឺ​ថ្នាំ​នេះ​មិនទៅ​បង្អាក់​ការ​បង្ក​កំណើត​ ឬ​រំលូត​កូន​ឡើយ។ ​​កងក្នុង​ស្បូន​​ក៏​អាច​ទប់​ស្កាត់​ការ​បង្ក​កំណើត​បាន​ដែរ ប្រសិន​បើ​អ្នក​សម្រេច​ដាក់​វា​នៅយ៉ាង​យូរ​​៥​ថ្ងៃ​ក្រោយ​ការ​រួម​រក្ស។ បាន​លេប​ថ្នាំ​ហើយ តែ​ដល់​ថ្ងៃ មិន​​ធ្លាក់​រដូវតាម​វដ្ត​របស់​វា ​ តែ​ត្រូវ​ទៅ​ផ្ទៀង​ផ្ទាត់ធ្វើ​តេស្ត​​ម្តងទៀត​​នៅ​២១​ថ្ងៃ​ក្រោយការ​រួម​រក្ស​ដោយ​គ្មានការពារ។

ជា​ចុងក្រោយ​គឺ​ការ​ព្យាបាល​ប្រឆាំង​នឹង​ជំងឺ​កាមរោគ​។ រួម​រក្ស​ដោយ​គ្មានស្រោម​អនាម័យ ដោយ​គ្មាន​ការ​ការពារជាមួយ​ដៃគូ​មិន​ប្រាកដ ​អាច​ប្រឈម​នឹង​ហានិភ័យ​ឆ្លង​រោគ​ជា​ច្រើន​។ ក្នុង​ករណី​ឆ្វេស​ប្រហែស​ ឬភ្លាត់​ម្តងម្កាល សូម​រួស​រាន់​ទៅ​រក​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​ផ្សះ​អង់ទីប៊ីយូទិក​ ឱ្យ​បានក្នុង​អំឡុង​ពេល​យ៉ាង​យូរ​​៧២​ម៉ោង​ ក្រែង​អាច​កាត់​បន្ថយ​ហានិភ័យ​ឆ្លង​រោគ​បាន​ខ្លះ។ ប៉ុន្តែ​ការ​ព្យាបាល​បែបនេះ​មិន​ទាន់​អាច​ធ្វើ​ជា​ស្វ័យ​ប្រវត្តិ​បាន​ទេ។ ក្រុមអ្នក​វេជ្ជសាស្ត្រ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​សិន​ ព្រោះ​តែ​មាន​បញ្ហា​ស៊ាំនឹង​ថ្នាំ​ផ្សះ។

ស្វាយ ប្រមេះ រលាកថ្លើម​ មេរោគ​អាច​សំងំ​យូរ

ទាំង​នេះជា​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​បន្ទាន់​ និង​យ៉ាង​ឆាប់​រហ័ស​ ក្រោយ​ពី​បាន​រួម​រក្ស​ដោយ​គ្មាន​ការការពារ។ ប៉ុន្តែ​មិន​ទាន់​អស់ហានិភ័យ​ទេ។ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ នៅ​៦​សប្តាហ៍​​ក្រោយ​ការ​រួម​រក្ស​បែប​ប្រថុយ​ប្រថាន សូម​អញ្ជើញ​ទៅ​ធ្វើ​តេស្ត​វិភាគ​ឈាមវាស់​កំរិត​អង់ទីក័រ​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ។ ជា​ទូទៅ ការ​វិភាគ​ឈាម​ត្រូវ​ធ្វើ​នៅ​ពេល​ឈប់​ប្រើ​ថ្នាំពន្យារ​ជីវិត​បន្ទាន់​បាន​មួយ​ខែ​ បន្ទាប់​មក​នៅ​៤​ខែ​ក្រោយ​ការ​រួម​រក្សដោយគ្មានការការពារ។

ការវិភាគ​ឈាម​មើល​អង់ទីក័រ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​ក៏​ជា​ឱកាស​ផ្អៀង​ផ្ទាត់​មើល​ជំងឺ​រលាក​ថ្លើម​ប្រភេទ​B និង​C។ សូម​ចង​ចាំ​ថា​ ការ​រួម​រក្ស​ដោយ​មាន​ដៃគូ​ច្រើន​និង​ដោយ​គ្មានពាក់​ស្រោម​អនាម័យ​ការពារ​ក៏​អាច​ជា​ប្រភព​នាំ​ឆ្លង​ជំងឺ​រលាក​ថ្លើម​ជា​ពិសេស​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ​និង​សេ។ តាម​ធម្មតា បើ​មាន​ការ​ចម្លង​ជា​យថាហេតុណាមួយ គេ​អាច​រក​និង​វិភាគឃើញ​មេរោគ​រលាក​ថ្លើម​ ចាប់​ពី​មួយ​ខែ​ឡើង​ទៅ និង​ជួន​អាច​ទាល់​តែ​ដល់​បី​ខែ​ទើបមើល​ឃើញ​ក៏​មាន​។ ដូច្នេះ បើ​ទោះ​បី​ជា​លទ្ធផល​តេស្ត​អវិជ្ជមាន​នៅក្នុង​មួយ​ខែ​ដំបូងក៏​ដោយ ក៏​គេ​ចាំបាច់​ត្រូវ​ទៅ​ធ្វើ​តេស្ត​ឈាម​ម្តង​ទៅ​នៅ​បី​ក្រោយ​ទើប​ជា​លទ្ធផល​ប្រាកដ​ និង​ជា​ការ​បញ្ជាក់​ថា​ពិត​ជា​គ្មាន​ការ​ចម្លង​រោគ​រលាក​ថ្លើម​ទេ។ មេរោគ​រលាក​ថ្លើម និង​មេរោគ​ជំងឺស្វាយ​ មាន​សមត្ថភាព​សំងំ​ក្នុង​ខ្លួន​មនុស្ស​យូរ​ អាច​ដល់​បី​ខែ​ទើប​រក​មើល​ឃើញ។

នៅមាន​ជំងឺ​កាមរោគ​ផ្សេង​ទៀត​ ដែល​បើ​ទោះ​បី​ជា​គ្មាន​រោគ​សញ្ញា​ក៏​ដោយ​ ក៏​ចាំ​បាច់​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី ​ធ្វើ​​វិភាគ​ឈាម វិភាគទឹក​នោម​ វិភាគ​រក​មើល​មេរោគ​សំងំ​តោង​នៅ​តាម​ទ្វារ​មាស ទ្វារធំ ឬ​បង្ហួរ​នោម​សម្រាប់​មនុស្ស​ប្រុស។ មេរោគ​ពពួក​ប៉ាពីឡូម៉ាវីរុស​ដែល​ខ្លះ​ជា​ភ្នាក់ងារ​បង្ក​ជំងឺ​កាមរោគ ខ្លះ​ជា​ភ្នាក់ងារ​នាំ​ឱ្យ​មាន​ហានិភ័យ​កើត​ជំងឺ​មហារីក​ មាន​សំងំបាន​យូរ​ណាស់​ មុន​នឹង​ឱ្យ​សញ្ញា​រោគ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រូពេទ្យ​​ផ្តល់​អនុសាសន៍​ឱ្យ​ទៅ​ពិគ្រោះ​និង​ត្រួត​ពិនិត្យ​សុខភាព​ផ្លូវ​ភេទ​ភ្លាម បើ​មាន​អាការៈ​រមាស់​ រោល​រលាក កន្ទួល​ ឬ​ឡើង​ក្រហម ឬ​មាន​ការ​ចេញ​ទឹក​រងៃ​តាម​ប្រដាប់​ភេទ ​នៅលើ​លិង្គ​ ឬនៅ​រន្ធ​លាមក។

ដោយ​សង្ខេប​ ការ​ធ្វើ​តេស្តនៅ​បី​ខែក្រោយ​ការ​រួមរក្ស​បែប​ប្រថុយប្រថានសម្រាប់​តាមដាន​ដោយ​ប្រាកដ​គ្រប់​ករណីទាំងអស់។ ឯ​ក្នុងករណីមាន​តេស្ត​វិជ្ជមាន និងមានរោគ​​​សញ្ញា​ឆ្លង​​គួរ​ឱ្យ​សង្ស័យ​ នោះ​ចាំបាច់​ត្រូវ​ស្វែង​រកព្យាបាល​ជា​បន្ទាន់​ ដើម្បី​ធានា​សុខភាព​ផ្ទាល់​ខ្លួន​ផង និង​ដើម្បី​កាត់​បន្ថយ​ការ​ចម្លង​ទៅ​អ្នក​ទី​បី​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ