អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ជាតិ​ពុល​សំណរ​គំរាម​កំហែង​​​សុខភាពសាធារណៈ​ប្រហែល​ខ្យល់​ពុល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការសិក្សា​មួយ​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​អង្គារ​ទី ១២​កញ្ញា​២០២៣ បាន​បង្ហាញ​ថា​ ពិភពលោក​មើល​ស្រាល​ផលវិបាក​នៃ​ជាតិ​ពុល​សំណរ​ ចំពោះ​សុខភាព​សាធារណៈ​ខ្លាំងណាស់។ បើ​តាម​ក្រុម​អ្នក​ស្រាវជ្រាវ​​របស់​Global Burden of Disease ​សំណរបំពុល​សុខភាព​មនុស្ស​ក្នុង​​កំរិត​ប្រហាក់​ប្រហែល​ការ​ស្រូបផ្សែង​​ពុល​ក្នុង​បរិយាកាស​ដែរ។

អគ្គិភ័យ​ឆេះ​វិហារ​Notre Dame នៅក្រុង​ប៉ារីស ជះ​ជាតិ​ពុល​សំណរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​
អគ្គិភ័យ​ឆេះ​វិហារ​Notre Dame នៅក្រុង​ប៉ារីស ជះ​ជាតិ​ពុល​សំណរ​គួរ​ឱ្យ​ព្រួយ​បារម្ភ​ REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

បើ​តាម​លទ្ធផល​​សិក្សា​វិភាគ​តេស្ត​ឈាម​ស្តី​​អំពីកំរិត​ជាតិ​ពុល​នៃ​សំណរចំពោះ​សុខភាព​​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​រស់​នៅក្នុង​១៨៣​ប្រទេស  ជាតិ​ពុល​សំណរ​​ជា​ដើម​ហេតុ​នាំ​ឱ្យ​​អ្នក​ជំងឺ​សរសៃឈាម​បេះ​ដូង​៥លាន​៥​សែ​ននាក់​ស្លាប់​នៅ​ឆ្នាំ​២០១៩ នៅទូទាំង​ពិភពលោក។ ជាតិ​ពុល​សំណរ​ក៏​ជា​ប្រភព​បង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​ផ្សេង​ទៀត ជា​ពិសេស​ចំពោះ​កុមារ​ ព្រោះ​ជាតិ​សំណរ​មាន​រក​ឃើញ​នៅ​ក្នុង​ស្ទើរ​គ្រប់ទិសទី ទាំង​ក្នុង​​ចំណី​អាហារ ចាន​ក្បាន ឬ​របស់​ប្រើប្រាស់ ព្រមទាំង​ជីរ​កសិកម្ម ។ល។និង​។ល។

អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ទៀត​ថា ការ​ពុល​ដោយ​សំណរ​ ដែល​​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ដូច​ផ្សែងពុល​ក្នុង​បរិយាកាសដែរ តំណាង​ឱ្យ​៣០%​នៃ​មរណភាព​ដោយ​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ពោល​គឺ​វា​អាច​បង្ក​ឱ្យ​ស្លាប់​​ដល់​​៦​ដង​ច្រើន​​ជាង​ការ​ប៉ាន់​ស្មាន​មុនៗ​។ ​ជាតិ​ពុល​សំណរមាន​តួនាទី​ធ្វើ​ឱ្យ​កើត​​ជំងឺ​សរសៃ​ឈាម​បេះ​ដូង ខ្លាំង​ជាង​បារី និង​ខ្លាញ់​ក្នុង​ឈាម​ទៀត។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​ដដែល។ ប៉ុន្តែ​អ្នក​ជំនាញ​ខ្យល់​ពុល​ក្នុង​អាកាស​​នៃសាកលវិទ្យាល័យ​Birmingham លោក Roy Harrison ទទួល​យក​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ដោយ​ប្រុង​ប្រយ័ត្ន​ ដោយ​សំអាង​ថា​ការ​សិក្សា​គួរ​ឱ្យ​ចាប់អារម្មណ៍​តែ​នៅ​មាន​​ចំណុច​គួរ​ឱ្យស​ង្ស័យ​​ច្រើន ព្រោះ​គេ​ពិបាក​វាយតម្លៃ​ប្រកប​ដោយ​ភាពប្រាកដ​ប្រជា​ណាស់​អំពី​ជាតិ​ពុល​សំណរ​ក្នុង​ស្រទាប់​ពលរដ្ឋ​រស់​នៅក្នុង​ប្រទេស​ក្រីក្រ​កំពុង​អភិវឌ្ឍន៍។ ចំណុច​គួរ​ឱ្យ​សង្ស័យ​មួយ​ទៀត ទាក់​ទង​នឹង​កំរិតសមត្ថភាព​​ពុល​នៃ​សំណរ​ក្នុង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ​ប្រសិនបើ​អ្វី​ៗ​ត្រូវ​បាន​បញ្ជាក់​មែន ​ការ​សិក្សា​នេះ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​សម្រាប់​វិស័យ​សុខភាព​សាធារណៈ​។ សម្រាប់​ពេល​នេះ លោក Roy Harrison យល់​ថាលទ្ធផល​នៃ​ការ​សិក្សាមាន​​កំរិត​ត្រឹម​តែ​ជា​សម្មតិកម្ម​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ។

សំណរ​ជា​អ្វី ?

សំណរ​ជា​លោហៈតាន់​ ពុល​ពី​​ធម្មជាតិសម្រាប់​មនុស្ស និង​មាន​កប់​​នៅក្នុង​ស្រទាប់​ដី​។ នៅ​មុន​ឆ្នាំ​១៩៧០ សំណរ​ត្រូវ​បាន​គេ​យក​ម​កប្រើប្រាស់​យ៉ាង​ខ្លាំង​ក្នុងវិស័យ​ឧស្សាហកម្ម។ ​

ការ​ទាញ​យក​សំណរ​មក​ប្រើប្រាស់​ បាន​​​បំពុលបរិស្ថាន​ បំពុល​មនុស្ស​ និង​បង្ក​ឱ្យ​មាន​បញ្ហា​សុខភាព​​ធ្ងន់ធ្ងរ ​​នៅ​ក្នុង​តំបន់​ជា​ច្រើន​នៃ​ភព​ផែន​ដី​។

​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​​សំណរ ការ​ស្ល​បំប្លែង​សំណរ ឬការ​កែច្នៃ​សំណរ​ និង​ការយក​សំណរ​ប្រើប្រាស់សម្រាប់​ធ្វើ​ផលិតផល​រាប់​រយ​មុខ​ ជាពិសេស​យក​សំណរ​មក​ធ្វើ​ជាអាគុយ​ឡាន​ ម៉ូតូ​... ជា​ប្រភពសំខាន់​​នាំ​ឱ្យ​មាន​កា​រចម្លង​ជាតិ​ពុល​សំណរ​ក្នុង​បរិស្ថាន។ លោហៈ​សំណរ​នេះ​ក៏​មាន​ប្រើជា​គ្រឿង​ផ្សំ​​សម្រាប់​ផលិត​របស់​របរ​ប្រើប្រាស់​ជា​ច្រើន​ផ្សេង​ទៀត ដូច​ជាសម្រាប់​ដំឡើង​ពណ៌​​ថ្នាំ​លាប សម្រាប់​ផ្សារ​ សម្រាប់​ធ្វើ​កញ្ចក់ ធ្វើ​កែវ​គ្រីស្តាល់​ គ្រាប់​ផ្ទុះ សេរ៉ាមិក គ្រឿង​អលង្ការ ល្បែង​ក្មេង​លេង ឬ​ផលិតផល​កែសម្ជស្ស​បែប​បូរាណ​​នៅ​ឥណ្ឌា នៅម៉ិចស៊ិក​ និង​នៅ​វៀតណាម។ គេ​ក៏មាន​​រក​ឃើញ​ស្នាម​ជាតិពុល​​សំណរ​នៅក្នុង​ទឹក​ ដែល​ហូរ​តាម​បណ្តាញ​ទុយយោមាន​ជាតិ​សំណរ ឬ​​ផ្សារភ្ជាប់​ដោយ​ប្រើ​សំណរ។

សំណរ​ក៏​មាន​វត្តមាន​តាំង​ពី​យូរ​យារ​មក​ហើយ​ក្នុង​ល្បាយ​ប្រេង​សាំង។ តែ​ដោយយល់​អំពី​គ្រោះ​ថ្នាក់​នៃ​​​ជាតិ​ពុល​សំណរ ទើបបណ្តា​ប្រទេស​​នៅ​អាមេរិក​ខាង​ជើងនិង​ប្រទេស​ឧស្សាហកម្ម​ជឿន​លឿនភាគ​ច្រើន​ចាប់​កាត់​បន្ថយ​វត្តមាន​លោហៈពុល​សំណរ​តាំងពី​ឆ្នាំ​១៩៧០មក។ ​ឧស្សាហកម្ម​ប្រេង​សាំង​ចាប់​ផ្តើម​ចម្រាញ់​​ដក​ជាតិ​សំណរ​ចេញ​ជា​បណ្តើរៗ​ និង​ទាំង​ស្រុង​នៅ​ឆ្នាំ​១៩៨៦​នៅ​សហរដ្ឋ​អាមេរិក និង​១៩៩០នៅកាណាដា។ ​តាំងពីខែ​កក្កដា​ឆ្នាំ​២០២១​មក បើ​តាម​អង្គការ​សុខភាព​ពិភពលោក គ្មាន​ប្រទេស​ណា​នៅ​លក់​ប្រេង​សាំង​មាន​ជាតិ​សំណរ​ទៀតទេ។

បច្ចុប្បន្ន​ សារជាតិ​ពុល​សំណរ​មួយ​ភាគ​ធំ​ ​មាន​ធ្វើចរាចរណ៍​នៅ​លើ​ទីផ្សារ​ពិភពលោក​ ក្នុង​ទម្រង់​ជា​វត្ថុ​​កែច្នៃ​ប្រើ​ឡើងវិញ​។ ​អង្គការ​សុខភាពពិភពលោកបាន​ចាត់បញ្ចូល​​សំណរ​ ទៅ​ក្នុង​ចង្កោម​សារធាតុ​គីមី​ពុល១០មុខ ដែល​​គួរ​ឱ្យ​ព្រួយ​បារម្ភ​ខ្លាំងសម្រាប់​សុខភាព​សាធារណៈ។ អង្គការ​បាន​ទាមទារ​ឱ្យ​រដ្ឋ​ជា​សមាជិក​នីមួយៗ​ការពារ​ពលករ កុមារ ស្ត្រីមាន​ផ្ទៃពោះ​ពី​ការ​គំរាម​កំហែង​ដោយ​សារធាតុ​ពុល​សំណរ។

​តើសំណរ​អាច​​ប៉ះពាល់​ដល់​សុខភាព​យ៉ាងណា?

ជាតិ​ពុល​សំណរ​មាន​នៅ​គ្រប់​ទិស​ទី ​ក្រោម​ដី​ ក្នុងទឹក​ លើខ្យល់ ក្នុង​បរិស្ថាន​ ដែល​មនុស្ស​អាច​ស្រូប​យក​តាម​មាត់​តាមផ្លូវ​ដង្ហើម​ ក្នុង​ទម្រង់​ជា​លម្អង ជា​ធាតុ​ល្អិត​ឆ្មារៗ ...

នៅពេល​ ​បាន​ចូល​ទៅ​ដល់​ក្នុង​សរីរាង្គ​កាយ​ហើយ​ ជាតិពុល​​សំណរនឹង​ចែក​ចាយ​ទៅ​សរីរៈ​ផ្សេងៗ​ ដូច​ជា​ខួរក្បាល តម្រងនោម ថ្លើម​ និង​ឆ្អឹង។ សំណរ​នឹង​ទៅ​ផ្តុំ​កក​គរ​នៅ​ក្នុង​ធ្មេញ​និង​ឆ្អឹង ច្រើន​ឡើង​ៗ​ទៅ​តាម​ពេល​វេលា​ តែ​អាច​រំលាយ​បញ្ចេញ​ចោល​តាម​ទឹក​នោម​ដោយ​យឺតៗ​បំផុត។ ដំណើរ​បណ្តោះ​ជាតិ​សំណរចេញ​ពី​ក្នុង​សរីរាង្គ​​ត្រូវ​ការ​ប្រើពេល​រាប់​សិប​ឆ្នាំ​ឯណោះ។ សំណរស្តុក​ក្នុង​ឆ្អឹង​អាច​នឹង​ឆ្ល​ង​ហូរ​ទៅ​តាម​ឈាម​ ពេលស្ត្រី​ពរពោះ​និង​អាច​ចម្លង​ទៅ​ឱ្យ​ទារក​នៅក្នុង​ផ្ទៃ​បាន។

បើតាម​សម្មតិកម្ម​ ការ​​ប្រឈម​​នឹង​ជាតិ​ពុល​សំណរ​អាច​នឹង​ចូល​រួម​ចំណែក​ធ្វើ​ឱ្យ​មាន​ងាយ​មាន​ជំងឺ​ ពាក់​ព័ន្ធ​វ័យ​ ដូច​ជា​ជំងឺសម្ពាធ​ឈាម (ឡើងឈាម) ជំងឺ​តម្រងនោម ភ្នែក​ឡើង​បាយ​ បាត់បង់ការ​ចង​ចាំ ...។ គេ​មិនទាន់​​ដឹង​នៅឡើយ​ថា​តើ​ផលវិបាក​នៃ​សារធាតុ​ពុល​សំណរ​លើសុខភាព​អាច​កែ​ប្រែឬ​ប្តូរ​ផ្លាស់​បាន​ដែរ​ឬអត់​ទេ។ ជំងឺ​ពុក​ឆ្អឹងរបស់​មនុស្ស​វ័យ​ចំណាស់​​ ក៏​ទំនង​ជា​បណ្តាល​មក​ពី​ជាតិ​សំណរ​កក​នៅ​លើ​ឆ្អឹង​តាំងពី​ក្មេង​មក​ ដាច់របេះ​​ទៅ​តាមចរន្ត​​ឈាម ព្រោះដូច​កាល់ស្យូម ​ជាតិ​សំណរ​ប្រមាណ​​៩០​ទៅ​៩៥​%​ដែលចូល​ទៅ​ដល់​ក្នុង​ខ្លួន​មនុស្ស​​តែង​ទៅ​តោង​នៅក្នុង​​ឆ្អឹង​និង​ធ្មេញ។

​កុមារ​ងាយ​ទទួល​ជាតិ​ពុល​សំណរខ្លាំង​ជាងមនុស្ស​ធំ?

ប៉ុន្តែ​សារធាតុ​ពុល​សំណរ​​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ដល់​សុខភាព​កុមារ។ ​ជាតិ​ពុល​សំណរក្នុង​កំរិត​​ខ្ពស់​ អាច​នឹង​ធ្វើ​ឱ្យ​ក្មេងខូច​ខួរក្បាល ខូច​ប្រព័ន្ធ​ប្រសាទ​កណ្តាល ប្រកាច់​សន្លប់ និង​ស្លាប់​បាន​។ ក្មេង​ដែល​គេច​ពី​ស្លាប់​បន្ទាប់​ពី​ពុល​ជាតិ​សំណរ​ធ្ងន់ធ្ងរ អាច​មាន​ហានិភ័យ​រស់​ក្នុង​ភាព​ពិការ​ផ្នែក​បញ្ញាញាណ​ និង​វិបត្តិអាក្បកិរិយា​អស់​មួយ​ជីវិត។ បើ​រង​ជាតិ​ពុល​សំណរ​ក្នុង​កំរិត​ទាប ក្មេង​អាច​រស់​ជា​ធម្មតា​ដោយ​គ្មាន​រោគ​សញ្ញា​អ្វី​ស្តែង​ចេញ​មក​ទេ ប៉ុន្តែ​គេ​បាន​ដឹង​ថា​ជាតិ​សំណរ​នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​សរីរាង្គ​មួយ​ចំនួន​ធំ​ទ្រុឌទ្រោម​​ក្នុង​កំរិត​ផ្សេងៗ​គ្នា​។ គេ​បាន​ដឹង​ថា​ជាតិ​សំណរ​អាច​បំផ្លាញជា​ពិសេស ​កា​រលូត​លាស់នៃ​ខួរក្បាល​របស់​ក្មេង ដែល​អាច​ធ្វើ​ឱ្យ​ភាព​ឆ្លាត​វាង​វៃ​របស់​កុមារ​ធ្លាក់​ចុះ​ ដែល​អាច​ធ្វើ​ឱ្យ​ក្មេង​ប្តូរ​ផ្លាស់​ឥរិយាបថ ពិបាក​ចុះ​ចូល​ក្នុង​សង្គម ឬ​មិន​សូវ​ចេះ​ផ្ចង់​អារម្មណ៍ ជា​ដើម​។ល។ និង​ដែល​ធ្វើ​ឱ្យ​ក្មេង​រៀន​មិន​ពូកែ គ្មានលទ្ធផល​សិក្សាល្អ​នៅ​សាលា។ ​ជាតិ​ពុល​សំណរ​ក៏​ជា​ដើម​ហេតុ​នាំ​​បង្ក​ឱ្យ​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម​ក្រហម ឡើង​ឈាម ខ្សោយ​តម្រង​នោម និងបង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រព័ន្ធ​ការពារ​ខ្លួន​ ព្រមទាំង​ប្រព័ន្ធ​បន្ត​ពូជ​ទៀត។ ឥទ្ធិពល​នៃ​សំណរ​លើ​ប្រព័ន្ធ​ប្រសាទ​និង​ឥរិយាបថ​មិន​អាចព្យាបាល​ត្រលប់​ឱ្យ​ប្រសើរ​ឡើង​វិញ​បាន​ទេ។ ហើយ​ក៏​គ្មាន​កំរិត​អប្បបរិមា​នៃ​កំហាប់​ជាតិ​សំណរ​ដែល​គ្មាន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព។ កំហាប់​ជាតិ​ពុល​សំណរ​ឈាម​យ៉ាង​តិច​បំផុត​ ជួន​ក៏អាច​ធ្វើ​ឱ្យ​ក្មេង​អាប់​ប្រាជ្ញា​ និង​ជួប​ការ​លំបាក​ក្នុង​សិក្សា​បាន​ដែរ។

ប្រសិន​បើ​ក្មេង គ្មាន​អាហារ​ទទួល​ទាន​គ្រប់គ្រាន់ទៀត​ នោះ​ពួក​គេ​​​ងាយ​ទទួល​យក​ជាតិ​សំណរ​ជាង​ក្មេង​ធម្មតាទៅទៀត ព្រោះ​សរីរាង្គកាយ​ក្មេង​នោះខ្វះ​ជីវជាតិ​ចិញ្ចឹម​​​ដូច​ជា​កាល់ស្យូម​និង​ដែក ​​​ដូច្នេះ​ទើប​​ត្រូវ​ការ​ស្រូបខ្លាំង​នូវ​រាល់​គ្រប់ជីរជាតិ​សម្រាប់​មក​បំពេញ​​អាហារ​រូបត្ថម្ភ។ ក្មេង​កាន់​តែ​តូច កាន់​តែ​ងាយ​ងាង​គ្រោះ​ខ្លាំង ជាពិសេសក្នុង​វ័យ​ដែល​​ប្រព័ន្ធប្រសាទកំពុង​លូត​លាស់។

នៅក្នុង​របាយការណ៍​របស់​អង្គការ​សុខភាពពិភពលោក ដែល​ទើប​ធ្វើ​បច្ចុប្បន្នភាព​នៅ​ឆ្នាំ​២០២១ គេ​ប៉ាន់​ប្រមាណ​ថា​ក្នុង​ចំណោម​ក្មេង២លាន​នាក់​​ស្លាប់​​បាត់​បង់​ជីវិត​នៅ​ឆ្នាំ​២០១៩ ដោយ​សារធាតុ​ពុល​គីមី ពាក់​កណ្តាល​បណ្តាល​មក​ពី​ជាតិ​ពុល​សំណរ។ ក្នុង​កំរិត​ពិភពលោក​ មនុស្ស​លោក​បាន​ខាត​បង់​ជីវិត​សរុប​អស់​២១,៧លាន​ឆ្នាំ​ ដោយ​ហេតុ​ប្រឈម​នឹង​ជាតិ​ពុល​សំណរ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ