អានតួអត្ថបទ

សង្គម​ស៊ីវិល​ចំនួន​៥០ ​ស្នើឲ្យ​អាជ្ញាធរ​បញ្ឈប់​ធ្វើទុក្ខ​បុកម្នេញ​សកម្មជន​សហជីព​ណាហ្គាវើលដ៏

នៅថ្ងៃ​ទី​០៦ ​ខែ​ឧសភា​នេះ ​ក្រុម​សមាគម និង​អង្គការ​ក្រៅរដ្ឋាភិបាល​ចំនួន​៥០​ស្ថាប័ន​ បាន​សម្តែងការ​សោកស្តាយ​ចំពោះ​សាលដីកា​របស់តុលាការ​កំពូល​កាលពី​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២៤ ដែលបាន​តម្កល់​សេចក្តីសម្រេច​ផ្តន្ទាទោស​សកម្មជន​សហជីព​នៃ​កាស៊ីណូ​ណាហ្គាវើលដ៏​។ ​ទន្ទឹមគ្នានេះ ​ក្រុម​សង្គមស៊ីវិល​ក៏បាន​អំពាវនាវឲ្យ​អាជ្ញាធរដោះលែង​ប្រធាន​សហជីព​ណាហ្គាវើលដ៏​កញ្ញា ​ឈឹម ស៊ីថរ ​និង​ផ្តល់នូវ​សេរីភាពពេញលេញ​ដល់​ជនជាប់ចោទ​ទាំងអស់​នៅក្នុង​សំណុំរឿង​វិវាទការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គាវើលដ៏​។

សង្គមស៊ីវិលតវ៉ាចំពោះសាលដីការបស់តុលាការកំពូលលើសំណុំរឿងវិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៏
ក្រុមសង្គមស៊ីវិលតវ៉ាចំពោះសាលដីការបស់តុលាការកំពូលលើសំណុំរឿងណាហ្គាវើលដ៏ © សហការី
ផ្សាយពាណិជ្ជកម្ម

«យើងស្នើឱ្យ​អាជ្ញាធរដោះលែង​កញ្ញា ឈឹម ស៊ីថរ ​ដោយឥតលក្ខខណ្ឌ ​និង​ផ្តល់នូវសេរីភាព​ពេញលេញដល់​ជនជាប់ចោទ​ផ្សេងទៀត​ ដើម្បី​អាចរស់នៅដោយ​មិនមានការ​ភ័យខ្លាច​ពីការចាប់ដាក់​ពន្ធនាគារ ឬការ​ធ្វើទុក្ខបុកម្នេញ​ណាមួយ»។ ​នេះគឺជាការទទូច​នៅក្នុង​សេចក្តីថ្លែងការណ៍​រួមរបស់​ក្រុមអង្គការសង្គម​ស៊ីវិលនៅថ្ងៃចន្ទ ​ទី៦ ឧសភានេះ។​

សំណើរបស់​ក្រុមអង្គការសង្គម​ស៊ីវិលទាំងអស់នេះ​ ធ្វើឡើង​ក្រោយតុលាការ​កំពូល​បានប្រកាសសាលដីកា​ដោយតម្កល់​សេចក្ដីសម្រេច​របស់សាលាដំបូង​រាជធានីភ្នំពេញ​ដែលបានផ្តន្ទាទោស​ដាក់ពន្ធនាគារ​លើជនជាប់ចោទចំនួន ​៨នាក់ ​ដែលជាអតីត ​និង​បច្ចុប្បន្នជា​ថ្នាក់ដឹកនាំ ​និងជា​សមាជិក​សហជីព​ណាហ្គាវើលដ៏​។

សកម្មជនទាំងនោះ​ត្រូវបាន​សាលាដំបូងរាជធានីភ្នំពេញ​ផ្តន្ទាទោសដាក់​ពន្ធនាគារម្នាក់ៗ​រយៈពេល​ពី​ ១​ឆ្នាំ ដល់ ២ឆ្នាំ​។ កញ្ញា ឈឹម ស៊ីថរ ​ជាជនជាប់ចោទ​ម្នាក់​ប៉ុណ្ណោះ​ក្នុងចំណោមជន​ជាប់ចោទទាំងនោះ​ ដែលកំពុង​អនុវត្តទោស​ក្នុងពន្ធនាគារ​រយៈពេល ២ឆ្នាំ​។

តាមសេចក្តីថ្លែងការណ៍​រួម​របស់ក្រុមអង្គការ​សង្គមស៊ីវិល​ដដែល ការសម្រេច​តម្កល់សាលក្រម​ផ្តន្ទាទោសដោយឲ្យ​កញ្ញា ឈឹម ស៊ីថរ​ បន្តជាប់​ពន្ធនាគារ​ដដែល​នឹងអាចធ្វើឱ្យ​អាជ្ញាធរចាប់បញ្ជូន​ខ្លួន​ជនជាប់ចោទ​ដែលជា​សកម្មជនចំនួន ​៥នាក់​ផ្សេងទៀត​ទៅកាន់ពន្ធនាគារ​ភ្លាមៗ​។

សូមរំលឹកថា​ កាលពីខែ​មេសា ឆ្នាំ២០២១​ ក្រុមហ៊ុន​កាស៊ីណូណាហ្គាវើលដ៏​បានចាប់ផ្តើម​បញ្ឈប់បុគ្គលិក កម្មករ​ជាង១ពាន់នាក់​ ក្រោមហេតុផល​វិបត្តិកូវីដ-១៩​។ តែភាគីសហជីព​បានជំទាស់នឹង​ផែនការកាត់បុគ្គលិក ​និងបានហៅទង្វើ​របស់ភាគីថៅកែថា​មានចេតនាដើម្បី​លុបបំបាត់សកម្មជន ​និង​ថ្នាក់ដឹកនាំ​សហជីពនៅក្នុង​ក្រុមហ៊ុនណាហ្គាវើលដ៏។

វិវាទការងាររួមមួយនេះ​ក៏បានវិវត្តន៍​ទៅជា​ការតវ៉ារ៉ាំរ៉ៃ ​និងមាន​ការចាប់ខ្លួនសកម្មជន​សហជីពជា​បន្តបន្ទាប់។​ ទោះយ៉ាងណា​ សេចក្តីថ្លែងការណ៍​របស់សង្គមស៊ីវិល​បានរំលេចថា​ ការផ្តល់សេរីភាព​ដល់សកម្មជន​សហជីពវិញ​ជាមធ្យោបាយមួយ​ចុងក្រោយ​ ដើម្បីផ្តល់​នូវដំណោះស្រាយ​ចំពោះការចោទប្រកាន់ ​និង​ការធ្វើទុក្ខ​បុកម្នេញ​ដោយមិនត្រឹមត្រូវ​មកលើសមាជិក​សហជីពមួយចំនួន​ ដែលកំពុង​តស៊ូមតិ​ដើម្បីសិទិ្ធ​កម្មករ ហើយអាជ្ញាធរ​ត្រូវឈប់ចាត់ទុក​សកម្មភាព​អហិង្សារបស់​សហជីពជា​បទល្មើស​ព្រហ្មទណ្ឌ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ