អានតួអត្ថបទ
សេដ្ឋកិច្ច-កម្ពុជា

ធនាគារពិភពលោក៖សេដ្ឋកិច្ចកម្ពុជាប្រឹងឈានទៅមុខទោះជួបឧបសគ្គចំពោះមុខ

សេដ្ឋកិច្ចកម្ពុជា​ប្រឹង​ឈាន​ទៅមុខទោះត្រូវ​ប្រឈម​បញ្ហាក្នុងស្រុក​និង​ក្រៅក៏ដោយ។ នេះជា​ការព្យាករណ៍របស់​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​ប្រទេសកម្ពុជា​នៅ​ថ្ងៃ​ទី​២២​ខែ​វិច្ឆិកា​ឆ្នាំ​២០​២​៣។

ធនាគារពិភពលោក៖សេដ្ឋកិច្ចកម្ពុជាប្រឹងឈានទៅមុខទោះជួបឧបសគ្គចំពោះមុខ
ធនាគារពិភពលោក៖សេដ្ឋកិច្ចកម្ពុជាប្រឹងឈានទៅមុខទោះជួបឧបសគ្គចំពោះមុខ © RFI
ផ្សាយពាណិជ្ជកម្ម

បញ្ហាប្រឈមក្នុង​ស្រុកត្រូវ​បាន​ធនាគារ​ពិភពលោកមើល​ឃើញថា បើទោះជាមាន​ការវិនិយោគ​ច្រើន​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សាធារណៈកន្លង​មក​ក្ដី តែ​ផ្នែក​ដឹកជញ្ជូន​និងប្រព័ន្ធ​ឡូហ្ស៊ីស្ទិក​ដែល​មានសមត្ថភាពនៅមានកម្រិតនិងការផ្គត់ផ្គង់ថាមពលដែលពិបាកទុកចិត្តបាននៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ចនិងអ្នកប្រើប្រាស់ទូទៅ។ ចំណែកបញ្ហាប្រឈមពីខាងក្រៅវាស្ដែងឡើងតាមរយៈការច្របាច់បញ្ចូលគ្នារវាងការរាតត្បាតជំងឺសកល សង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន និងអត្រាការប្រាក់ខ្ពស់លើទីផ្សារអន្តរជាតិត្រូវបានគេរំពឹងថា នៅតែជាឧបសគ្គដល់កំណើនសេដ្ឋកិច្ចកម្ពុជា។

ចំពោះវិស័យទេសចរណ៍វិញ បើទោះបីជាមា​នភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញជាហូរហែរក៏ដោយប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំ​នួននៅតែមានចំនួនទាបជាងមុនការផ្ទុះជំងឺកូវីដ១៩។ ក្នុងពេលជាមួយគ្នានេះការវិនិយោគលើផលិតផលទំនិញរួមមានៈសម្លៀកបំពាក់និងការនាំចេញទំនិញសម្រេចបានធ្លាក់ចុះហើយជាលទ្ធផលការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ៥ភាគរយ​។

បញ្ហាទាំងនេះបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៣ ថយមកនៅ៥,៤ភាគរយដែលពីដំបូងឡើយធនាគារពិភពលោកព្យាករណ៍ថា នឹងមានកំណើន៥,៥ភាគរយ និង៥,៨ភាគរយក្នុងឆ្នាំ២០២៤ និង៦,១ភាគរយក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលកម្ពុជាមានជាមួយបណ្ដាប្រទេសក្នុងតំបន់។

ធនាគារពិភពលោកបានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជាអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតដោយសារការចុះខ្សោយនៃតម្រូវការពិភពលោកឬស្បៀងអាហារថ្លៃឡើងវិញសម្រាបពេលខាងមុខ ខណៈបញ្ហាក្នុងស្រុកប្រឈមការកើនឡើងនៃបំណុលគ្រួសារនិងឥណទានក្នុងស្រុកលើវិស័យអចលនទ្រព្យនៅតែជាហានិភ័យដដែល។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជាលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយវិស័យឯកជនឲ្យបំពេញមុខងារជាក្បាលម៉ាស៊ីន ហើយត្រូវធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អវិស័យសាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ