អានតួអត្ថបទ
កម្ពុជា-រ៉ែ

រដ្ឋាភិបាលកម្ពុជា អំពាវនាវឱ្យអ្នកវិនិយោគបរទេសធំៗ មកសិក្សាលទ្ធភាពបូមប្រេងនៅកម្ពុជាឡើងវិញ

រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរ៉ែ និងថាមពល កំពុងបន្តជួបជាមួយបណ្តាទូត និងក្រុមហ៊ុនធំៗមួយចំនួន ដើម្បីពិភាក្សាជុំវិញលទ្ធភាពវិនិយោគបូមប្រេងនៅក្នុងតំបន់អប្សរា ឬប្លុកអេរបស់កម្ពុជា ក្រោយខកខានអស់ជាង១ឆ្នាំ។ នេះជាការអះអាងឱ្យដឹងពីលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២១ វិច្ឆិកានេះ។ សម្រាប់កម្ពុជា ចាប់ពីពេលនេះទៅ កម្ពុជានឹងស្វាគមន៍រាល់អ្នកវិនិយោគិនធំៗដែលមានចំណាប់អារម្មណ៍ចង់មកវិនិយោគលើវិស័យបូមប្រេងនៅកម្ពុជា ខណៈកម្ពុជាផ្ទាល់ ក៏អំពាវនាវរាល់ក្រុមហ៊ុនធំៗឱ្យមកសិក្សាវាយតម្លៃ ពីលទ្ធភាពបូមប្រេងឱ្យបានឆាប់ផង។

ទីតាំងបូមប្រេងរបស់កម្ពុជាក្នុងតំបន់ប្លុកអេ
ទីតាំងបូមប្រេងរបស់កម្ពុជាក្នុងតំបន់ប្លុកអេ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងក្នុងវេទិកាពិភាក្សាស្តីពីគោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា លោក កែវ រតនៈបានឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា បានបន្តជួបជាមួយបណ្តាទូតសំខាន់ៗដូចជា៖ ទូតសហអាមេរិក ថៃ បារាំង ចិន ម៉ាឡេស៊ី​ និងជប៉ុន។ កម្មវត្ថុនោះ គឺដើម្បីពាំនាំនូវសំណើទៅកាន់ក្រុមហ៊ុនធំៗក្នុងប្រទេសទាំងនេះ ឱ្យងាកមកវិនិយោគលើវិស័យប្រេងនៅកម្ពុជា ពិសេសការបន្តបូមប្រេងក្នុងតំបន់អប្សរា ឬប្លុកអេនេះ​។

លោក កែវ រតនៈបន្តថា កម្ពុជាបានបើកភ្លើងខៀវដល់ក្រុមហ៊ុនណា ដែលចាប់អារម្មណ៍មកវិនិយោគលើការបូមប្រេងនៅកម្ពុជា ហើយភាគីកម្ពុជានឹងពិនិត្យវាយតម្លៃ មុនឈានដល់ការផ្តល់អាជ្ញាបណ្ណធ្វើអាជីវកម្ម។ តែយ៉ាងណា លោកមិនលើកទឹកចិត្តចំពោះក្រុមហ៊ុនតូចៗឡើយ ត្បិតលោកចង់បញ្ចៀសបញ្ហាមួយចំនួន ដូចជាបញ្ហាក្ស័យធន់ដែលមានគំរូពីក្រុមហ៊ុនបូមប្រេងរបស់សិង្ហបុរី Kris Energyស្រាប់។     

កន្លងមក អគ្គនាយកដ្ឋានប្រេងកាតធ្លាប់បានបញ្ជាក់ថា មានក្រុមហ៊ុនមកពីប្រទេសកាណាដាឈ្មោះថា អ៊ីណ័រខែម រីហ្សូស (Enercam Resource) កំពុងសិក្សាលទ្ធភាព និងវិភាគទិន្នន័យនានាក្នុងប្លុកអេ ដើម្បីមកជំនួសកន្លែងរបស់ក្រុមហ៊ុនKris Energy ដែលបានក្ស័យធន់កាលពីឆ្នាំ២០២១កន្លងទៅ។ ក៏ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បញ្ចប់ការសិក្សានៅឡើយ ត្បិតភាគីក្រសួងក៏នៅមិនទាន់ច្បាស់ថា ក្រុមហ៊ុន Enercam អាចមានលទ្ធភាពវិនិយោគការបូមប្រេងនោះដែរ។

ការអំពាវនាវឱ្យក្រុមហ៊ុនបរទេសមកវិនិយោគនាពេលនេះ គឺធ្វើឡើងបន្ទាប់ពីសំណុំរឿងប្រេងឆៅជាង២៨ម៉ឺនបារ៉ែល ឬស្មើប្រមាណជិត៤៧លានលីត្រដែលត្រូវ បាននាវាដឹ កប្រេង MT Strolovos លួចដឹកចេញពីទឹកដីកម្ពុជា គឺបានដោះស្រាយរួច ដោយភាគីកម្ពុជាទទួលបានទឹកប្រាក់ប្រមាណ២០លានដុល្លារ​ឬប្រមាណ៧០%នៃតម្លៃប្រេងសរុប។

សូមរំឭកបន្តិចថា ប្រេងឆៅរបស់កម្ពុជាជាង៣០ម៉ឺនបារ៉ែល ត្រូវបានក្រុមហ៊ុនMT Strolovos លួចដឹកចេញពីដែនទឹកកម្ពុជា កាលពីអំឡុងថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១។​ ការលួចដឹកចេញនាពេលនោះ​ ភាគីក្រុមហ៊ុននាវាដឹកប្រេងអះអាងថា ដោយសារតែក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិបូមប្រេងក្នុងប្លុកអេ រឺហៅថាប្លុកអប្សរារបស់កម្ពុជា មិនបានបង់ប្រាក់មកឱ្យខ្លួន ក្រោយក្រុមហ៊ុននេះប្រកាសក្ស័យធន់។ ក្រោយមក នាវាដឹកប្រេងនោះ ក៏ត្រូវបានអាជ្ញាធរឥណ្ឌូនេស៊ីចាប់បាន ខណៈភាគីកម្ពុជាបានរៀបចំនីតិវិធីច្បាប់នាំយកប្រេងទាំងនោះមកវិញ  និងបានបិទបញ្ចប់កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ