អានតួអត្ថបទ

ក្រុមគ្រួសារ៖ ការអះអាងពីកូនឥតខាន់ស្លារបស់លោក ស៊ីន ស៊ីសាមុត គឺគ្មានមូលដ្ឋាន

ក្រុម​គ្រួសារ​អធិ​រាជ​សំឡេង​មាស​ ស៊ីន ​ស៊ីសាមុត​ នៅ​ថ្ងៃ​ទី​៤​តុលា​នេះ ​បាន​ចេញ​លិខិត​ចំហ​មួយ​ដោយ​បដិ​សេធ​ចំពោះ​ការ​អះ​អាង​ថា ​លោក ​ស៊ីន​ ស៊ីសាមុត​ មាន​កូន​ឥត​ខាន់​ស្លា​ ជា​មួយ​នឹង​ស្រី​ផ្សេង​ក្រៅ​ពី​ភរិយា​ស្រប​ច្បាប់​។

អ្នកស្រី ខាវ ថងញ៉ុត ភរិយា លោក ស៊ីន ស៊ីសាមុត
អ្នកស្រី ខាវ ថងញ៉ុត ភរិយា លោក ស៊ីន ស៊ីសាមុត @RFI
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិត​ដែល​មាន​ផ្តិត​មេដៃ​ដោយ​មនុស្ស​៣​នាក់​ជា​តំណាង​ក្រុម​គ្រួសារ​លោក ​ស៊ីន ​ស៊ីសាមុត ​គឺ​បាន​ចាត់​ទុក​ការ​លើក​ឡើង​ថា ​លោក ​ស៊ីន ស៊ីសាមុត ​មាន​កូន​ឥត​ខាន់​ស្លា​ផងដែរ​នោះ ​គឺ​មិន​មែន​ជា​លើកទី​១​ទេ​ ហើយ​ថា​បន្ត​វែក​ញ៉ែក​ពី​ករណី​នេះ ​មាន​មតិ​ខ្លះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​កិត្តិយស​ របស់​ក្រុម​គ្រួសារ​អធិ​រាជសំឡេង​មាស​រូប​នេះ​ថែម​ទៀត​។

នៅ​ចំពោះ​មុខ​នេះ ​តំណាង​ក្រុម​គ្រួសារ​អធិ​រាជ​សំឡេង​មាស ​ស៊ីន​ ស៊ីសាមុត​ បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​បញ្ចេញ​មតិ​ដោយ​សេចក្តី​ថ្លៃ​ថ្នូរ​ ខណៈ​ការ​បក​ស្រាយ​ពី​កម្ម​សិទ្ធិ​បញ្ញា​វិញ​ដែល​ក្រុម​គ្រួសារ​លោក ​ស៊ីន ​ស៊ីសាមុត ​ទទួល​បាន​នោះ ​គឺ​ទុក​ឲ្យ​មេធាវី​ជា​អ្នក​បក​ស្រាយ​តាម​ផ្លូវ​ច្បាប់​។

សូម​បញ្ជាក់​ថា ​ការ​ផ្ទុះ​ឡើង​នៃ​ការ​វែក​ញ៉ែក​រឿង​រ៉ាវ​អតីត​កាល​របស់​លោក ​ស៊ីន ​ស៊ីសាមុត ​នេះ​បាន​កើត​បន្ទាប់ពី​ លោក​ បឺត ​សំរេច​ ជា​អតីត​កីឡា​ប្រដាល់ ​និង​បច្ចុប្បន្ន​ជា​អ្នក​ចម្រៀង ​បាន​ចេញ​មុខ​អះ​អាង​ថា ​លោក​គឺ​ជា​កូន​របស់​លោក​ ស៊ីន ​ស៊ីសាមុត។​ ការ​អះ​អាង​បែប​ នេះ​បាន​ធ្វើ​ឲ្យ​មហា​ជន​ខ្លះ​ជឿ ​ដោយសារ​តែ​លោក​មាន​ទឹក​ដម​សំឡេង​ប្រហាក់​ប្រហែលគ្នា​នឹង​អធិរាជ​សំឡេង​មាស​ ស៊ីន ​ស៊ីសាមុត​។

នៅ​ចំពោះ​មុខ​ភាព​ស្រពិច​ស្រពិល​នេះ ​មហាជន​ខ្លះ​បាន​ទាម​ទារ​ឲ្យ​ធ្វើ​ការ​ពិនិត្យ ​DNA ​របស់ ​លោក ​បឺត ​សំរេច​ និង​កូនៗ​របស់​លោក​ ស៊ីន​ ស៊ីសាមុត​ ដែល​នៅ​រស់​។​ ប៉ុន្តែ​ភ្លាមៗ​នោះ​ ភរិយា ​លោក​ ស៊ីន​ ស៊ីសាមុត​ គឺអ្នកស្រី ខាវ ថងញ៉ុត បាន​ទាត់​ចោល​ការ​ចង់​បាន​បែប​នេះ ​ខណៈ​លោក​ បឺត​ សំរេច​ បាន​យល់​ព្រម​ធ្វើ​ការ​ពិនិត្យ​DNA​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ