អានតួអត្ថបទ
កម្ពុជា-ច្បាប់

ប្រទេស​កម្ពុជា​ចូល​ជា​ភាគី​អនុសញ្ញា​ទីក្រុង​ប៊ែន ស្ដី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ​និង​សិល្បៈ

កម្ពុជា​បាន​ចូល​ជា​ភាគី​អនុសញ្ញា​ទីក្រុង​ប៊ែន ស្ដី​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ​និង​សិល្បៈ តាម​រយៈ​ការ​តម្កល់​លិខិតុបករណ៍​ទៅ​កាន់​លោក Daren Tang អគ្គ​នាយក​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក កាល​ពី​ថ្ងៃ​ទី​០៩​ខែ​ធ្នូ​កន្លង​ទៅ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​កម្មសិទ្ធិ​បញ្ញា សង្កត់ធ្ងន់​ថា ការ​ចូល​ជា​ភាគី​អនុសញ្ញា​ទីក្រុង​ប៊ែន​នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ក្នុង​ការ​ចូល​រួម​ពង្រឹង​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជាឲ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​។

រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ តម្កល់​លិខិត​តុបករណ៍​ចូល​ជា​ភាគី​អនុសញ្ញា​ទីក្រុង​ប៊ែន ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១។
រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោក ប៉ាន សូរស័ក្តិ តម្កល់​លិខិត​តុបករណ៍​ចូល​ជា​ភាគី​អនុសញ្ញា​ទីក្រុង​ប៊ែន ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១។ © ក្រសួង​ពាណិជ្ជកម្ម
ផ្សាយពាណិជ្ជកម្ម

អនុ​​សញ្ញា​ទីក្រុង​ប៊ែន ស្ដីពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ​និង​សិល្បៈ ត្រូវ​បាន​អនុម័ត​ដំបូង​នៅ​ឆ្នាំ​១៨៨៦ និង​ចូល​ជា​ធរមាន​បន្ទាប់​ពី​ការ​អនុម័ត​នោះ​មួយ​ឆ្នាំ គឺ​នៅ​ឆ្នាំ​១៨៨៧​។ គិត​ត្រឹម​ពេល​នេះ មាន​ប្រទេស​ចំនួន​១៧៩​ហើយ ដែល​ចូល​ជា​ភាគី​នៃ​អនុសញ្ញា​នេះ​។ តាម​គោលការណ៍ ប្រទេស​ដែល​ចូល​ជា​ភាគី​អនុសញ្ញា​ប៊ែន ត្រូវ​គោរព​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រទេស​ជា​ភាគី​ផ្សេង​ទៀត ហើយ​ទន្ទឹម​គ្នា​នេះ ប្រទេស​ភាគី​ក៏​តម្រូវ​ឲ្យ​កំណត់​ស្តង់ដារ​អប្បបរមា​មួយ សម្រាប់​ច្បាប់​ស្ដីពី​កម្មសិទ្ធិ​បញ្ញា​ផង​ដែរ​។

លោក ប៉ាន សូរស័ក្តិ រដ្ឋ​មន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​កម្មសិទ្ធិ​បញ្ញា សង្កត់ធ្ងន់​ថា ការ​ចូល​ជា​ភាគី​អនុសញ្ញា​ទីក្រុង​ប៊ែន​នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ក្នុង​ការ​ចូល​រួម​ពង្រឹង​ប្រព័ន្ធ​កម្មសិទ្ធិ​បញ្ញា​នៅ​កម្ពុជាឲ្យ​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត​។ តាម​រយៈ​ការ​ចូល​ជា​ភាគី​អនុសញ្ញា​នេះ​ដែរ លោក​រដ្ឋ​មន្ដ្រី ប៉ាន សូរស័ក្តិ សង្ឃឹម​ថា កម្ពុជា​នឹង​អាច​ទាញ​យក​ប្រយោជន៍​ជា​អតិបរមា​ពី​កិច្ច​ការពារ​ស្នាដៃ​អក្សរសាស្ត្រ និង​សិល្បៈ ក៏​ដូច​ជា​រួម​ចំណែក​លើក​តម្កើង​វប្បធម៌​របស់​កម្ពុជា ក្នុង​ក្រប​ខណ្ឌ​អន្ដរជាតិ ស្រប​តាម​គោលការណ៍​នៃ​អនុសញ្ញា​ប៊ែន​។

សូម​ជម្រាប​​ដែរ​ថា បន្ទាប់​ពី​ចូលជា​ភាគី​នៃ​អនុសញ្ញា​ប៊ែន កម្ពុជា​នឹង​ទទួល​បាន​សិទ្ធិ​ប្រើ​ប្រាស់ និង​បោះ​ពុម្ព​ស្នាដៃ​អក្សរសាស្ត្រ​របស់​បរទេស សម្រាប់​លើក​កម្ពស់​ការ​អប់រំ ការ​ស្រាវ​ជ្រាវ និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា ឲ្យ​កាន់​តែ​រីក​ចម្រើន​ទៅ​មុខ​បន្ថែម​ទៀត​។

អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​អក្សរសាស្ត្រនិង​សិល្បៈ បាន​សម្ដែង​ការ​ស្វាគមន៍​ចំពោះ​ការ​​ចូល​ជា​ភាគី​អនុសញ្ញា​ទីក្រុង​ប៊ែន​របស់​កម្ពុជា​នា​ពេល​នេះ។ អនុសញ្ញា​ទីក្រុង​ប៊ែន​នេះ នឹង​ជួយ​ឲ្យ​ម្ចាស់​ស្នាដៃ​អក្សរសាស្ត្រ​និង​សិល្បៈ​នៅ​កម្ពុជា ទទួល​បាន​ការ​ការពារ​ក្នុង​ក្រប​ខណ្ឌ​អន្ដរជាតិ ជា​ពិសេស​ទាក់ទង​នឹង​សិទ្ធិ​បេតិកភណ្ឌ​និង​សិទ្ធិ​សីលធម៌​។ នេះ​បើ​តាម​ការ​ពន្យល់​របស់​ក្រុម​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​អក្សរសាស្ត្រនិង​សិល្បៈនៅ​កម្ពុជា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ