អានតួអត្ថបទ
កម្ពុជា-កសិកម្ម

ម្រេចកំពត ទទួលបានការការពារកម្មសិទ្ធិបញ្ញានៅតាមប្រទេសចំនួន៣២ ជាលក្ខណៈអន្តរជាតិ

ក្រៅ​ពី​បាន​ក្លាយ​ជា​ទំនិញ​សម្គាល់​ភូមិសាស្រ្ត​នៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ ម្រេច​កំពត​ របស់​កម្ពុជា ​ត្រូវ​បាន​ចុះ​បញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ​ នៅ​បណ្តា​ប្រទេស​ចំនួន​៣២​ ក្រោម​ច្បាប់​ទី​ក្រុង​ហ្សឺណែវ​ ស្តីពី​កិច្ច​ព្រមព្រៀង​ទីក្រុង​លីស្បោន​អំពី​ឈ្មោះ​ប្រភព​ដើម​ទំនិញ​ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។ ការ​ទទួល​បាន​ការ​ការពារ​ម្រេច​កំពត​នៅ​ប្រទេស​ទាំង​៣២​នេះ​ គឺ​បន្ទាប់​ពី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ដាក់​លិខិត​ស្នើ​សុំ​ទៅ​អង្គការ​កម្មសិទ្ធិ​បញ្ញា ​កាល​ពី​ដើម​ឆ្នាំ​២០២០​មក​នេះ​។

ម្រេចខ្មែរ ក្នុងខេត្តកំពត
ម្រេចខ្មែរ ក្នុងខេត្តកំពត © Internet
ផ្សាយពាណិជ្ជកម្ម

ម្រេចកំពត គឺជាទំនិញសម្គាល់ភូមិសាស្រ្ត ជាលក្ខណៈអន្តរជាតិ ដែលទទួលបានការចុះបញ្ជីការពារ ក្រោមច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន លើឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដោយមានការផ្តួចផ្តើមពីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ។

ប្រទេសកម្ពុជា បានដាក់ពាក្យស្នើសុំចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ“ម្រេចកំពត” ជាលក្ខណៈអន្តរជាតិនេះ  គឺចាប់ពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០មក។ បច្ចុប្បន្ន “ម្រេចកំពត” នឹងទទួលបានកិច្ចការពារស្របច្បាប់ មិនឱ្យភាគីទីបីណាមួយប្រើប្រាស់ឈ្មោះដោយគ្មានការអនុញ្ញាត និងរំលោភបំពាននានា ចំពោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្នុងបណ្តាប្រទេសជាភាគីហត្ថលេខី។

តាមក្រសួងពាណិជ្ជកម្ម ទម្រាំនឹងម្រេចកំពត ក្លាយជាទំនិញសម្គាល់ភូមិសាស្រ្ត ជាលក្ខណៈអន្តរជាតិនេះ កម្ពុជាបានដាក់តម្កល់លិខិតតុបករណ៍នៃការចូលជាសមាជិក នៃច្បាប់ទីក្រុងហ្សឺណែវ ស្តីពីកិច្ចព្រមព្រៀងទីក្រុងលីស្បោន លើឈ្មោះប្រភពដើមទំនិញ និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ នៅអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដោយស្របច្បាប់ ហើយបានចូលជាធរមាននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។

គួររម្លឹកដែរថា ក្នុងចំណោមម៉ាកសម្គាល់ភូមិសាស្រ្តទំនិញដទៃទៀតជាច្រើន ក្រសួងពាណិជ្ជកម្មបានជ្រើសរើសយកតែ “ម្រេចកំពត”នេះ ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទី១ យកមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១០ ដោយមានបំណងកសាងនូវកេរ្តិ៍ឈ្មោះ ការធ្វើពិពិធកម្មទីផ្សារ និងទប់ស្កាត់ការក្លែងបន្លំទំនិញសម្គាល់ភូមិសាស្រ្ត “ម្រេចកំពត” នៅក្នុងតំបន់ និងអន្តរជាតិ ហើយក្រសួងពាណិជ្ជកម្មក៏បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ម្រេចកំពត” នៅប្រទេស ថៃ វៀតណាម និងនៅលើទីផ្សារសហភាពអឺរ៉ុបផងដែរ កាលពីឆ្នាំ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ