rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

រុស្ស៊ី សហរដ្ឋអាមេរិក កៀហ្ស៊ីស៊ីស្ថាន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

កៀហ្ស៊ីស៊ីស្ថាន​រំលាយ​កិច្ចព្រមព្រៀង​ស្តីពី​មូលដ្ឋាន​ទ័ព​អាមេរិក

media
មូលដ្ឋានទ័ព​អាមេរិក ឈ្មោះ Manas នៅ​កៀហ្ស៊ីស៊ីស្ថាន AFP / V. Oseledko

កៀហ្ស៊ីស៊ីស្ថាន​មាន​កិច្ចព្រមព្រៀង ដែល​អនុញ្ញាត​ឲ្យ​កងអាកាស​អាមេរិក ប្រើ​ព្រលានយន្តហោះ Manas នៅលើដែនដី​កៀហ្ស៊ីស៊ីស្ថាន ជាមូលដ្ឋាន សម្រាប់​ដឹក​ឆ្លងកាត់​ទៅ​អាហ្វហ្កានីស្ថាន នូវ​កងទ័ព សម្ភារៈ​យោធា និង សព្វាវុធ សម្រាប់​បំពេញ​ប្រតិបត្តិការ បង្ក្រាប​ពួកភេរវនិយម Taliban ទៅតាម​សេចក្តីសម្រច របស់​អ.ស.ប.។ ថ្ងៃទី២១​ឧសភា​ម្សិលមិញ​នេះ រដ្ឋាភិបាល​កៀហ្ស៊ីស៊ីស្ថាន បាន​ចេញ​អនុក្រឹត ស្តីអំពី​ការ​រំលាយ​កិច្ចព្រមព្រៀង​នេះ ចាប់ពីថ្ងៃ ១១កក្កដា​ឆ្នាំ២០១៤ទៅ។


កាលពី​ខែធ្នូឆ្នាំ២០០១ បានន័យថា ៣ខែក្រោយ​ពីមាន មហាភេរវកម្ម​ថ្ងៃ១១កញ្ញា នៃ​ពួក Taliban ទល់នឹង​ស.រ.អា. ដែល​ស្របនឹង​កិច្ចព្រមព្រៀង​ចុះ​រវាង​រដ្ឋាភិបាល​កៀហ្ស៊ីស៊ីស្ថាន និង អាមេរិក អាកាសយានដ្ឋាន​ស៊ីវិល នៅ​ចម្ងាយ ២៣គ.ម. ពាយព្យ​ពីក្រុង Bichkek រដ្ឋធានី កៀហ្ស៊ីស៊ីស្ថាន បាន​ប្រែក្លាយ​ទៅជា មូលដ្ឋាន​ទ័ពអាកាស របស់​ស.រ.អា. ឈ្មោះ​Manas។

កិច្ចព្រមព្រៀងនោះ ប្រមើល​ប្រើ​អាកាសយានដ្ឋាន Manas ជា មូលដ្ឋាន​សម្រាប់​ដឹកឆ្លងកាត់​ទៅ​អាហ្វហ្កានីស្ថាន នូវកងទ័ព សម្ភារៈ​យោធា និង សព្វាវុធ សម្រាប់​បំពេញ ប្រតិបត្តិការ​ប្រឆាំង​ភេរវកម្ម ធ្វើទៅតាម​ភ្លើងខៀវ របស់ អ.ស.ប.។ បច្ចុប្បន្ន ប្រចាំការ​នៅនឹង​មូលដ្ឋាន​នេះ គឺ​យោធា​អាមេរិកាំង ១.៥០០នាក់។

នៅខែកុម្ភៈឆ្នាំ២០០៩ ប្រមុខរដ្ឋ​កៀហ្ស៊ីស៊ីស្ថាន លោក Bakiev បាន​ថ្លែងថា រដ្ឋាភិបាល​គាត់ សម្រេចចិត្ត បិទ​មូលដ្ឋាន​នេះ ឲ្យ​ឈប់​ដំណើរការ ដោយ​មកពី កៀហ្ស៊ីស៊ីស្ថាន មិនពេញចិត្ត​ឡើយ នឹង​ប្រាក់ប៉ះប៉ូវ ពីខាង​អាមេរិក ចំពោះ​ការ​ប្រើ​មូលដ្ឋាន​នេះ។ មកទល់ពេលនោះ​ អាមេរិក បង់ទៅ កៀហ្ស៊ីស៊ីស្ថាន គឺតែ ១៥លានដុល្លារ​ប៉ុណ្ណោះ​ក្នុង១ឆ្នាំ។

លោក Bakiev បានថ្លែងយ៉ាងនេះ គឺ​បន្ទាប់ពី​រុស្ស៊ី បាន​សន្យា​ផ្តល់​ឥណទាន​ឲ្យ កៀហ្ស៊ីស៊ីស្ថាន​ខ្ចី ក្នុងទំហំ ២.០០០លាន​ដុល្លារ ព្រមទាំង​ជំនួយ​សេដ្ឋកិច្ច ១៥០លានដុល្លារ​ទៀត។

៤ខែក្រោយមក នៅថ្ងៃ២២មិថុនា​ឆ្នាំ២០០៩ កៀហ្ស៊ីស៊ីស្ថាន និង អាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ថ្មី ដែល​ប្រមើល​ប្រើ​មូលដ្ឋាន​នេះ ទៅជា “មជ្ឈមណ្ឌល​ដឹក​ឆ្លងកាត់​របស់​អាកាសយានដ្ឋាន អន្តរជាតិ Manas” ដោយ​ភាគី​អាមេរិក​បង់ឲ្យទៅ កៀហ្ស៊ីស៊ីស្ថាន គឺ​ឡើងដល់ ៦០លានដុល្លារ ក្នុង១ឆ្នាំ។

ប្រធានាធិបតីថ្មីកៀហ្ស៊ីស៊ីស្ថាន លោក Atambaiev បាន​ថ្លែងបញ្ជាក់​ថា មូលដ្ឋាន Manas ប្រើ ដោយ​ស.រ.អា.នោះ នឹងត្រូវ​បិទឲ្យ​ឈប់​ដំណើរការ មុន​ដំណាច់ឆ្នាំ​២០១៤​ខាងមុខ។ ក្រោយពី ឆ្នាំ២០១៤ទៅ គឺ​មិនត្រូវ​មាន​យោធា​ណាម្នាក់​ឡើយ នៅនឹង​អាកាសយានដ្ឋាន​ស៊ីវិល​នេះ ដើម្បី​ចៀសឲ្យផុត ពី​ហានិភ័យ​ដ៏ធំ សម្រាប់​រដ្ឋធានី Bichkek។

កៀហ្ស៊ីស៊ីស្ថាន​ជា​ប្រទេស​តែមួយគត់ ដែល​មាន​មូលដ្ឋាន​ទ័ព​​រុស្ស៊ី​ផង និង​មូលដ្ឋាន​ទ័ព​អាមេរិក​ផង។ មូលដ្ឋានទ័ព​រុស្ស៊ី​ឈ្មោះ Kant ដែល​វត្តមាន​នៅ​កៀហ្ស៊ីស៊ីស្ថាន តាំងពី​ជំនាន់​សូវៀត​មក ស្ថិតនៅ ចម្ងាយតែ ៣០គ.ម. ពីមូលដ្ឋាន Manas។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Serguei Lavrov ធ្លាប់ថ្លែង​ទៅហើយ​ថា ក្រោយពី​ទ័ព នៃ “សម្ព័ន្ធ​ប្រឆាំង​ភេរវកម្ម” ដកចេញ​ពី អាហ្វហ្កានីស្ថាន ក្នុងឆ្នាំ​២០១៤​ទៅ គឺ​លែង​មានន័យ សម្រាប់ អាមេរិក​ប្រើ​មូលដ្ឋាន Manas តទៅទៀត​ឡើយ៕