អានតួអត្ថបទ
អាមេរិក-អារ៉ាប៊ីសាអូឌីត

ទស្សនកិច្ច​​លោក​ឃែររី នៅ​អារ៉ាប៊ី សាអូឌីត​

នៅក្រុងចេតដា ភាគខាងលិច​​​អារ៉ាប៊ីសាអូឌីត ថ្ងៃព្រហស្បតិ៍២៥សីហា​នេះ​​ ប្រមុខការទូត​អាមេរិក​ ចន ឃែររី បាន​ជួប​​​ថ្នាក់ដឹកនាំ​អារ៉ាប់ អង់គ្លេស ក៏ដូចជា​មន្ត្រី​អង្គការ​សហប្រជាជាតិ ​​ពិភាក្សា​​​ពីវិបត្តិ​​​ជម្លោះ​នៅ​យេម៉ែន ស៊ីរី និង​លីប៊ី។ បន្ទាប់​ពី​អារ៉ាប៊ីសាអូឌីត ថ្ងៃសុក្រ​នេះ លោក​ឃែររី​នឹង​បន្ត​ដំណើរ​ឆ្ពោះទៅ​​​​ជួបប្រមុខការទូត​រុស្ស៊ី ស៊ែរហ្កី ​ឡាវ្រូវ នៅ​ក្រុងហ្សឺណែវ ពិភាក្សា​ពី​កិច្ច​សហ​ប្រតិបត្តិការយោធា​​​នៅ​ស៊ីរី។ 

លោកឃែររី និង​ព្រះមហាក្សត្រ​សាល់ម៉ាន់ នៅ​ក្រុងចេតដា អារ៉ាប៊ីសាអូឌីត
លោកឃែររី និង​ព្រះមហាក្សត្រ​សាល់ម៉ាន់ នៅ​ក្រុងចេតដា អារ៉ាប៊ីសាអូឌីត Reuters
ផ្សាយពាណិជ្ជកម្ម

ថ្ងៃព្រហស្បតិ៍​នេះ ប្រមុខការទូត​អាមេរិក បាន​ជួបពិភាក្សា​ជាមួយ​​ព្រះមហាក្សត្រ​ សាល់ម៉ាន់ និង​ព្រះអង្គម្ចាស់​ស្នងរាជ​ ម៉ូហាមេត ព្រមទាំង​​ថ្នាក់ដឹកនាំ​ប្រទេស​តំបន់ឈូងសមុទ្រ​ពែរស៍​ផ្សេងទៀត​ដែរ ពិភាក្សា​ពិ​ជម្លោះ​យេម៉ែន ស៊ីរី និង​លីប៊ី។ ទិសដៅ​នៃ​ជំនួប​ទាំងនេះ គឺ​ស្វែង​រក​ការសម្រុះសម្រួល​ដើម្បី ឈានដល់​ដំណោះស្រាយ​នយោបាយ។

ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​អារ៉ាប៊ីសាអូឌីត​ផ្តោតលើ​ទំនាក់ទំនង​ទ្វេភាគី ការប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម និង​បញ្ហា​នៅ​លីប៊ី។ ​អាមេរិក​គ្រោង​បន្ត​គាំទ្រ​រដ្ឋាភិបាល​រួបរួមជាតិ​លីប៊ី ស្វែង​រក​ដំណោះស្រាយ​​នយោបាយ ​និងដាក់ស​ម្ពាធ​លើ​ក្រុមភេរវជន​រដ្ឋអ៊ីស្លាម។ តាំង​ពី​របប​លោក​ខាដាហ្វ៊ី​ដួលរលំ​នៅ​ឆ្នាំ២០១១ លីប៊ី​ធ្លាក់​ក្នុង​ជម្លោះ​ប្រដាប់អាវុធ ដណ្តើមអំណាច​គ្នា ធ្វើអោយ​ក្រុមរដ្ឋអ៊ីស្លាម​ឆ្លៀត​ឱកាស​ដាក់ឥទ្ធិពល​ខ្លួន​នៅទីនោះ។

ក្នុង​​ជម្លោះ​ដណ្តើមអំណាចគ្នា​ជិត​១ឆ្នាំ​កន្លះ នៅ​យេម៉ែន​វិញ យើងដឹងថា កិច្ចពិភាក្សា​សន្តិភាព​យេម៉ែនថ្ងៃ៦សីហា នៅ​កូវ៉ែត ​​បានជួបបរាជ័យ។ លោកឃែររី​ចង់អោយ​ភាគី​ជម្លោះ​ពិភាក្សា​គ្នា​​ឡើងវិញ ហើយ​ចង់អោយ​មាន​ស្បៀងជំនួយ​មនុស្សធម៌​សម្រាប់​ប្រជាជន​យេម៉ែន។ នៅ​យេម៉ែន អារ៉ាប៊ីសាអូឌីត​ ​ដឹកនាំ​សម្ព័ន្ធ​អារ៉ាប់ ​កំទេច​ក្រុមឧទ្ទាម​ហ៊ូទី ដែល​គាំទ្រ​​​អតីតប្រធានាធិបតី​អាប់ដាឡា សាឡេ។ ប្រតិបត្តិការ​​បានសម្លាប់​មនុស្សសន្ធឹកសន្ធាប់ ធ្វើអោយ​ក្រុងរីយ៉ាត​រងការ​រិះគន់​យ៉ាងខ្លាំងពី​ក្រុម​សិទ្ធិមនុស្ស។​

ថ្ងៃសុក្រ​នេះ លោក​ឃែររី​នឹងជួប​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក​ឡាវ្រូវ ដើម្បីរក​ការ​សម្រុះសម្រួលគ្នា ​ចំពោះ​​​កិច្ចសហប្រតិបត្តិការ​​យោធា និង​ការចែក​រំលែក​ព័ត៌មាន​ ​នៅ​ស៊ិរី។ អាមេរិក​និង​រុស្ស៊ី​អាច​ព្រមព្រៀងគ្នា​ថា ពេល​ទាហាន​អាមេរិក​និង​រុស្ស៊ី​សហការគ្នា​វាយ​ក្រុមជីហាត ​យន្តហោះ​យោធា​ស៊ីរី​មិនត្រូវ​មាន​វត្តមា​នក្នុង​ដែនអាកាស​ដាច់ខាត។ ​

ទាក់ទង​ស៊ីរី អង្គការ​សហប្រជាជាតិ​ផ្តល់ព័ត៌មាន​ថា រុស្ស៊ីបាន​​យល់ព្រម​អោយ​មាន​បទឈប់បាញ់​​៤៨ម៉ោង ដើម្បី​អោយ​អង្គការ​សហប្រជាជាតិ​អាច​ដឹកស្បៀង​ជំនួយ​ទៅ​អោយប្រជាជន​នៅ​អាឡិប។ ​

ទស្សនកិច្ច​របស់​លោកឃែររី នៅ​អារ៉ាប៊ីសាអូឌីត ធ្វើឡើង​ក្រោយ​​មានហេតុការណ៍​ប៉ះទង្គិច​កប៉ាល់​យោធា​ជាមួយអ៊ីរ៉ង់ ​​នៅច្រក​ឆ្នេរ ​Ormuz។ កាលពី​ថ្ងៃអង្គារ​ ​កប៉ាល់​យោធា​អ៊ីរ៉ង់​៤គ្រឿង បាន​បើកយ៉ាង​​លឿន ចូលទៅ​ក្បែរ​នាវា​ពិឃាត​អាមេរិកមួយគ្រឿង​នៅ​ច្រកឆ្នេរ​នេះ៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ