rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ជប៉ុន សេដ្ឋកិច្ច សេវាសាធារណៈ វិបត្តិបំណុល សភា គណបក្សនយោបាយ ព្រឹទ្ធសភា

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ជប៉ុន​អាច​ជួប​វិបត្តិ​គ្មាន​លុយ​សម្រាប់​បើក​ប្រាក់ខែ​ឲ្យ​បុគ្គលិក​រដ្ឋ

media
នាយក​រដ្ឋមន្រ្តី ជប៉ុន Yoshihiko Noda និយាយ​ប្រាប់​ទៅ​សមាជិក​សភាពី​វិបត្តិ​ប្រាក់ខែ​សាធារណៈ​ REUTERS/Issei Kato

នាយករដ្ឋមន្រ្តី ជប៉ុន Yoshihiko Noda បាន​ព្រមាន នៅថ្ងៃ​ចន្ទ​ទី ២៩ តុលា​ថា ស្ថាប័ន​រដ្ឋ​ជប៉ុន​ទាំងមូល​នឹង​ជាប់គាំង មិន​ដំណើការ ដោយសារ​តែ​គ្មានលុយ។ គ្មានលុយ ដោយសារ​តែគណបក្ស​ប្រឆាំង មិនព្រម​បោះឆ្នោត​អនុម័ត​លើ​​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចេញ​លក់​មូលប័ត្រ​បំណុល។


រដ្ឋាភិបាល​ជប៉ុន​ជិត​អស់​លុយ​ដើម្បី​បើកប្រាក់ខែ​ឲ្យ​បុគ្គលិក​រដ្ឋ ចាប់ពីដើម​ខែ​ធ្នូ​ខាង​មុខ​នេះ។ ជាលទ្ធផល សេវា​សាធារណៈ​នឹង​ជាប់គាំង ហើយ​គឺ​ជីវិត​រស់នៅ​របស់​ប្រជាជន​ជប៉ុន​ទាំង​មូល​ដែល​​នឹង​ត្រូវ​ប៉ះពាល់។ លោក​នាយករដ្ឋមន្រ្តី ជប៉ុន​បាន​ទាញ​សញ្ញា​ប្រកាស​អាសន្ន​បែបនេះ នៅក្នុង​ករណី​ដែល​គណបក្ស​ប្រឆាំង ព្រឹទ្ធ​សភា នៅ​តែ​មិនព្រម​បោះឆ្នោត​គាំទ្រ​ច្បាប់​ដែល​អនុញ្ញាតិ​ឲ្យ​រដ្ឋ​ចេញលក់​មូលប័ត្រ​បំណុល។

ជាធម្មតា ច្បាប់​នេះ​អនុញ្ញាតិ​ឲ្យ​រដ្ឋ​បោះពុម្ព និង​ចេញ​លក់​មូលបត្រ​បំណុល​ចាំបាច់ ដើម្បី​ផ្គត់ផ្គង់​សេវាសាធារណៈ។ ច្បាប់​នេះ​ត្រូវ​បាន​សភា​ដែលមាន​សំឡេង​ភាគច្រើន​ពី​គណបក្ស​កាន់​អំណាច​​បោះឆ្នោត​គាំទ្រ​​រួចហើយ ប៉ុន្តែ មក​នៅជាប់​គាំង នៅព្រឹទ្ធសភា ដែល​មាន​សំឡេង​ភាគច្រើន​ពី​គណបក្ស​ប្រឆាំង។

នៅប្រទេស​ជប៉ុន គណបក្ស​កាន់អំណាច និង​គណបក្ស​ប្រឆាំង​ឈ្លោះ​​ប្រកែក​កាន់តែ​គ្នា ជុំវិញ​បញ្ហា​បោះឆ្នោត​សភា ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ នៅពាក់កណ្តាល​ឆ្នាំ ២០១៣​ខាងមុខ។ គណបក្ស​​ប្រឆាំង​នៅតែ​​ទាមទារ​ឲ្យ​រដ្ឋាភិបាល​រំលាយ​សភា​បច្ចុប្បន្ន និង​រៀបចំ​ការបោះឆ្នោត​សភា ជា​ថ្មី មុន​ពេលកំណត់។ លោកនាយករដ្ឋមន្រ្តី​ជប៉ុន មកពីគណបក្ស​កាន់អំណាច និង​មាន​សំឡេង​ភាគច្រើន​នៅសភា ធ្លាប់​បាន​យល់ព្រម​ម្តងហើយ តាមការទាមទារ​របស់​គណបក្ស​ប្រឆាំង ដោយ​សន្យា​ថា នឹង​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​សមាជិក​សភា ក្នុង​ពេល​ខាងឆាប់ៗ​ខាងមុខ។ កាលណោះ លោក​បាន​យល់ព្រម​តាមគណបក្ស​ប្រឆាំង ក៏ព្រោះ​តែ​ចង់​ឲ្យ​គណបក្ស​នេះ​គាំទ្រ​ច្បាប់​ស្តីពី​ការដំឡើង​ពន្ធ​លើ​ការប្រើប្រាស់។

ទាក់ទង​នឹង​ប្រាក់បំណុល​រដ្ឋ ជប៉ុន មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​FMI​បាន​វាយតម្លៃថា ជប៉ុន​មាន​បំណុល​ជាតិ ២៣៦​ភាគរយ​នៃ​ផលិតផល​ដុលសរុប គឺ​ប្រមាណ ១០ ពាន់​ពាន់​លាន​អឺរ៉ូ។ ​ប៉ុន្តែ គួរដឹងថា ម្ចាស់បំណុល​ជាង​៩០​ភាគរយ​របស់​រដ្ឋ គឺ​ប្រជាជន​ជប៉ុន ដែលធ្វើ​ឲ្យ​សេដ្ឋកិច្ច​ជប៉ុន ​រហូតមកដល់​សព្វថ្ងៃ រួចផុត​ពី​សម្ពាធ​របស់​អ្នកវិនិយោគ​បរទេស៕