អានតួអត្ថបទ
អ៊ីតាលី

បាក់​ស្ពាន​នៅ​អ៊ីតាលី ស្លាប់​៣០នាក់

យ៉ាង​ហោច​មនុស្ស​​៣០នាក់ បាន​ស្លាប់​ដោយ​សារតែ​ការ​បាក់​ស្ពាន​មួយ​ នៅ​អ៊ីតាលី ថ្ងៃទី​១៤សីហា។​អ្នក​ស្លាប់​និង​រងគ្រោះ គឺ​ដោយសារតែ​ផ្ទាំង​ថ្ម​បាក់​សង្កត់។ ​ស្ពាន​នោះ គឺ​ជាស្ពាន​អាកាស អាយុ​ជាង​៥០ឆ្នាំទៅ​ហើយ។    នៅ​ក្នុង​បរិយាកាសអួរ​អាប់ ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ស្ពានចំណាស់​មួយនេះ ដែល​កំពុង​តែ​ត្រូវ​ជួស​ជួលផង ស្រាប់​បាន​បានក់​រលំ​​លើ​រថយន្តដែលកំពុងធ្វើ​ដំណើរ ធ្លាក់​លើ​ផ្លូវ​ដែក​ លើ​ផ្ទះសម្បែង​ និងលើ​​អ្នក​ដំណើរមួយ​ចំនួន​។

ទិដ្ឋភាព​ស្ពានបាក់
ទិដ្ឋភាព​ស្ពានបាក់ TV/REUTERS
ផ្សាយពាណិជ្ជកម្ម

រោះថ្នាក់​នេះ បាន​កើត​ឡើង​នៅ​​ក្រុង​ Gênes ភាគ​ពាយ័ព្យ​នៃ​ផ្ទៃ​ប្រទេសអ៊ីតាលី​។ ស្ពាននេះ ​មានប្រវែងជាង​១ពាន់​២រយ​ម៉ែត្រ ហើយ​វា​បាន​ត្រូវ​​សម្ពោធ​ឲ្យ​ប្រើ​តាំងពី​ឆ្នាំ​១៩៦៧​មក​ម្ល៉េះ​។

រហូត​មកដល់​ពេល​នេះ គេនៅ​មិន​ទាន់​ដឹង​ទេ​ពីមូលហេតុនៃការ​បាក់​ស្ពានឲ្យ​បាន​ច្បាស់​លាស់​នោះទេ​។ តែវិស្វករ​មួយ​ចំនួន​បាន​​វាយ​តម្លៃថា ការ​រំលំបាក់​នេះ អាច​មក​ពី​ភាព​ច្រែះ​របស់​ស្ពាន​ ដែលតាម​ពិត ​ធ្លាប់​បាន​ជួសជួលម្តង​ហើយ កាលពី​ឆ្នាំ​២០១៦។​

សាធារណៈ​មតិ​នៅ​អឺរ៉ុប បានរំជួល ហើយ​ទម្លាយ​ចេញ​ឃ្លាថា ហេតុ​ការ​ណ៍គ្រោះថ្នាក់​បាក់​ស្ពាន​ដូច្នេះ មិន​សម​នឹង​កើត​មាន​សោះ នៅ​ក្នុង​ប្រទេស​ជឿន​លឿន​ស៊ីវីល័យ​ដូច​អ៊ីតាលី។ រឿង​មួយ​ដែល​គេ​រិះ​គន់​ផង​នោះ គឺ​អាជ្ញាធរ​ពុំ​គួរ​អនុញ្ញាត​ឲ្យ​មាន​ផ្ទះ​សម្បែងពលរដ្ឋ​ ​នៅ​ក្រោម​ស្ពាន​នោះទេ។​

គ្រាន់តែ​កើត​ហេតុ​បាន​ភ្លាមៗ ទីផ្សារ​ភាគហ៊ុន​របស់​ក្រុម​ហ៊ុន​ដែល​សង់​ស្ពាន​នោះ បាន​ដាំក្បាលចុះ​អស់​១០ភាគរយ​ មួយ​រំពេច។

​ក្រុម​សង្គ្រោះ និង​​អាជ្ញាធរ​អ៊ីតាលី កំពុង​តែ​ញាប់​ដៃ​ជើង​ជួយ​សង្គ្រោះ​។ ​ក្រោយ​ការដឹង​ហេតុការ​អាក្រក់​ភ្លាម​  លោក​ប្រ​ធានាធិបតី​អ៊ីតាលី​បាន​ចុះ​ទៅ​កន្លែងកើត​ហេតុដោយ​ផ្ទាល់។​ ចំណែ​ក​ប្រមុខរដ្ឋ​បារាំង និង​អធិការបតី​អាល្លឺម៉ង់ ជា​ដើម បាន​សម្តែង​ក្តីសោកស្តាយចំពោះ​​មរណទុក្ខរបស់​ពលរដ្ឋ​អ៊ីតាលី។

សូម​ជ្រាបថា ចាប់​គិត​ពី​៥ឆ្នាំ​ចុងក្រោយ​នេះ គឺ​ពី​ឆ្នាំ​២០១៣មក នៅ​អ៊ីតាលី មាន​ស្ពាន​ ចំនួន​១០ហើយ​បាន​រំលំ​​បាក់​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ