អានតួអត្ថបទ

ក្រោយ​បាក់​ស្ពាន, អ៊ីតាលី​ ដាក់​ទីក្រុង Gênes ​ក្នុង​ស្ថានភាព​ប្រកាសអាសន្ន​ រយៈ​ពេល​១ឆ្នាំ

ក្រោយ​បាក់​ស្ពាន​ដ៏​សោកនាដកម្ម នៅទីក្រុង Gênes (ឬ Genova) រដ្ឋាភិបាល​អ៊ីតាលី ​ថ្ងៃព្រហស្ប៍ ទី​១៦សីហានេះ បាន​ចេញ​ក្រឹត្យ​ដាក់​តំបន់​ Gênes ភាគ​ខាង​ជើង​ប្រទេស​ ឲ្យ​ស្ថិត​ក្នុង​ស្ថានភាពប្រកាស​អាសន្ន​ រយៈ​ពេល​១ឆ្នាំ។ រហូត​មកទល់​ពេល​នេះ ក្រុមជួយ​​សង្គ្រោះ​នៅតែ​បន្ត​រុក​រក​ជន​រងគ្រោះបន្តទៀតនៅ​ឡើយ។​ ទន្ទឹម​នេះ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់​៣៩នាក់​ហើយ​ ក្នុង​នោះ​មាន​ជន​ជាតិ​បារាំង​៤នាក់​ផង។

ទិដ្ឋភាព​ស្ពានបាក់​ នៅ​ក្រុង Gênova
ទិដ្ឋភាព​ស្ពានបាក់​ នៅ​ក្រុង Gênova AFP/Valery Hache
ផ្សាយពាណិជ្ជកម្ម

ពីរថ្ងៃ​ក្រោយ​កើតឧប្បទ្ទ​ហេតុ​បាក់​ស្ពាន រដ្ឋ​អំណាច​អ៊ីតាលី សម្រេច​ដាក់ទីក្រុង Gênes ឲ្យ​ស្ថិត​ក្នុង​ភាព​ប្រកាសអាសន្ន​ ចំនួន​១២ខែ។ សេចក្តី​សម្រេចបែបនេះ​ គឺ​អាច​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ច្បិត​យក​ថវិកា​ជាតិ​ចំនួន​៥លាន​អឺរ៉ូ ដើម្បី​ចាត់​ចែង​ជួយ​ដល់​ជន​រងគ្រោះ។ អាជ្ញាធរ​ ថែមទាំង​​បាន​សន្យា​ជួយ​​ទទួល​ទំនុក​បម្រុង​​ការ​ស្នាក់​ដល់​មនុស្ស​៦៣០នាក់ ដែល​រងផល​ប៉ះពាល់ នៅ​ជុំវិញ​កន្លែង​ដែល​ស្ពាន​បាក់​ផង​។

ទន្ទឹម​នេះ រដ្ឋាភិបាល​អ៊ីតាលី បាន​ប្រកាសថ្ងៃ​​បុណ្យ​កាន់​ទុក្ខ​សម្រាប់​ជាតិ​ ដែល​បើតាម​កាសែត​ក្នុង​ស្រុកអ៊ីតាលី ​គេ​អាចកំណត់​យក​ថ្ងៃសៅរ៍​ខាងមុខនេះ គឺ​ជាថ្ងៃ​បូជា​សព​ជន​រងគ្រោះ​តែម្ត​ង​។ សូម​ជ្រាបថា គិត​មក​ត្រឹមថ្ងៃ​ព្រសហ្បតិ៍​នេះ ចំនួន​អ្នក​ស្លាប់​បាន​កើត​ឡើង​ដល់​ ៣៩នាក់ ហើយ​១៦នាក់​ផ្សេងទៀត​កំពុង​រង​បួស​ធ្ងន់​។ ក្នុង​ហេតុការណ៍​រលំ​បាក់​ស្ពាននេះ គឺ​ក្រៅ​ពី​សម្លាប់​ពលរដ្ឋ​អ៊ីតាលី​ជា​ច្រើន​ ក៏​មានជន​បរទេស​ស្លាប់​ដែរ។​ ក្នុង​នោះមានជនជាតិឈីលីម្នាក់ កូឡុំប៊ីម្នាក់ ហើយនិង​​យុវជន​​ជាតិ​បារាំង​៤នាក់​។ រដ្ឋអាជ្ញា​ទីក្រុង​ប៉ារីស ក៏​បាន​ប្រកាស​បើក​ការ​​ស៊ើប​អង្កេត​ក្នុង​សំណុំ​រឿង​នេះដែរ​ ដោយ​ចោទ​ពី​បទ​ឃាតកម្ម​ដោយ​អចេតនា។

សូម​បញ្ជាក់ថា ស្ពានអាកាស ធ្វើ​ពី​បេតុង ដែល​បាក់​កាលពី​ថ្ងៃ​អង្គារ​នេះ មាន​ឈ្មោះ Morandi ដែល​យក​ឈ្មោះ​តាម​វិស្វករ​អ៊ីតាលី។ វា​មាន​ប្រវែង​ជិត​១ពាន់​២រយម៉ែត្រ។ ហើយ​ពីរថ្ងៃមុននេះ កំណាត់​ស្ពាន​ ចន្លោះ​ប្រវែង​២០០ម៉ែត្រ ​បាន​រំលំ​បាក់​ ដោយ​នាំយក​រថយន្ត ឡាន​កាំមីញ៉ុង កុងទឺន័រ ចំនួន​៣៥គ្រឿង​ ឲ្យ​ធ្លាក់​មក​ជាមួយ​ផង។ ភ្លាមៗ រដ្ឋាភិបាល​អ៊ីតាលី មាន​ចំណាត់​ការ​វែង​មុខ​អ្ន​កទទួល​ខុស​ត្រូវ ហើយ​និង​បាន​សម្រេច​​ដកហូត​សិទ្ធិ​សម្បទាន​គ្រប់គ្រង​ស្ពាន ពី​ក្រុមហ៊ុន​ឯកជន ​Autostrade Per Italia ។ ឥឡូវ​នេះ​ ​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​សាង​សង់​ស្ពាន​នេះ បាន​ដាំ​ក្បាល​ចុះ​ជា​ខ្លាំង​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ