អានតួអត្ថបទ
អ៊ីស្ត្រាអែល

អ៊ីស្រាអែល​ប្រកាស​​ផែន​​ការ​បណ្តេញ​​ជនអន្តោប្រវេសន៍​ខុសច្បាប់​​រាប់​ម៉ឺន​​នាក់​​ចេញ​ពី​ប្រទេស

​ថ្ងៃពុធ ទី​៣មករា រដ្ឋាភិបាល​អ៊ីស្រាអែលបាន​ប្រកាសផែនការ​​បណ្តេញ​ចេញ​នូវ​ជន អន្តោប្រវេសន៍​ខុសច្បាប់ ប្រមាណ​ជិត​៤ម៉ឺន​នាក់ ឲ្យ​ចេញពីប្រទេស។ លោក​នាយករដ្ឋមន្ត្រី​ Benjamin Netanyahu បាន​ដាក់​ឱសានុវាទ​ឲ្យពួកគេ​ចាកចេញ​​​មុន​ដាច់​ខែ​មីនាខាងមុខ​នេះ ជា​កម្រិត​។ វិធានការដូច្នេះ ត្រូវ​ឧត្តម​ស្នងការ​សហប្រជាជាតិទទួល​បន្ទុក​ជន​ភៀសខ្លួន ​សម្តែង​ក្តី​ព្រួយ​បារម្ភជា​ខ្លាំង​។​​

Benjamin Netanyahu
Benjamin Netanyahu @reuteurs
ផ្សាយពាណិជ្ជកម្ម

ចំពោះ​ជន​ភៀសខុស​ច្បាប់ ដែល​កំពុង​ជ្រកកោនក្នុង​ទឹក​ដី​អ៊ីស្រាអែល គឺ​មាន​ជម្រើស​ពីរ។ បើ​សម្រេច​ចិត្ត​ចាកចេញ​ដោយស្មគ្រ​ចិត្ត​ខ្លួន​ឯង​ នោះ​រដ្ឋាភិបាលនឹងជួយ​​ទិញ​សំបុត្រ​យន្ត​ហោះឲ្យ​មួយសន្លឹក​ និងឲ្យ​​លុយ​ប្រហែល​៣ពាន់​អឺរ៉ូ។​ តែប្រសិន​​បើ​មិន​ព្រម​ចាក​ចេញទេ មានផ្លូវ​តែមួយគត់ ​​គឺត្រូវ​ដេក​គុក។ នេះ​គឺ​ជា​សេចក្តីបញ្ជាក់ របស់នាយករដ្ឋមន្ត្រី​​អ៊ីស្រាអែល ​លោក Benjamin Netanyahu។ ​

​ផែន​ការ​​បណ្តេញ​ជនអន្តោប្រវេសន៍​នេះ នឹង​ប៉ះពាល់​ទៅដល់​​ជន​ភៀសខ្លួន​​ ប្រមាណ​​៣៨ ០០០នាក់ ដែល​ភាគច្រើន គឺ​ជា​ជនជាតិអេរីត្រេ និងស៊ូដង់។​ ​រដ្ឋាភិបាល​អ៊ីស្រាអែល ក៏​បាន​ដឹង​ច្បាស់​ណាស់​ថា ​ជនអន្តោប្រវេសន៍​ទាំង​នោះ នឹង​មិន​អាច​ត្រឡប់​ទៅ​មាតុភូមិ​របស់​ពួក​គេ​បា​ន​​នោះឡើយ​​។ ពីព្រោះថា របប​ដឹកនាំរបស់​​ប្រទេស​អេរីត្រេ គឺ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ រហូត​អង្គការ​សហប្រជាជាតិ ចោទ​ថា ជារបប​ដឹកនាំ​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ចំណែក​ ​​ស៊ូដង់ ក៏​មានរបប​ដឹកនាំ​ផ្តាច់​ការ​ ដែល​​​ប្រធានាធីបតី Omar el-Béchir គឺត្រូវ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ តាមរក​​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំង​មនុស្ស​ជាតិ និង​បទ​ប្រល័យ​ពូជ​សាសន៍។

ជន​អន្តោប្រវេសន៍​មកពី​ប្រទេស​ទាំងពីរ​នេះ​ គឺ​ពុំ​អាច​រស់​នៅ​បាន​សុខ​​ស្រួល​ក្នុង​ស្រុក​របស់​ខ្លួនហើយ​ ទើប​សម្រេច​ចាកចេញ​ពី​ស្រុក​កំណើត មក​អ៊ីស្រាអែល។ ឧត្តម​ស្នងការ​សហប្រជាជាតិទទួល​បន្ទុក​ជន​ភៀសខ្លួន និង​អង្គការ​សង្គម​ស៊ីវិល​ល​ខាង​សិទ្ធិ​ជន​ភៀសខ្លួន នៅ​អ៊ីស្រាអែល មាន​ក្តី​ព្រួយ​បារម្ភ និង​អំពាវវនាវ ឲ្យ​អ៊ីស្រាអែល ត្រូវ​គោរព​និងការពារ​សិទ្ធិ​របស់​ជន​ភៀស​ខ្លួន​ផង​។​

សូម​បញ្ជាក់ថា ​នាពេល​កន្លងទៅ​ ក្នុង​ការ​បញ្ជូនជន​អន្តោប្រវេសន៍ចេញ អ៊ីស្រាអែល បាន​ចុះ​កិច្ច​ព្រមព្រៀងជាមួយ​ប្រទេស​ទី៣ ដូចជា​ Rwanda និង​ Ouganda ឲ្យ​ទទួល​ជន​ភៀស​ខ្លួន​ដែល​​ស្មគ្រ​ចិត្ត​ចេញ ពី​ស្រាអែល។ ជន​ភៀសខ្លួន​ខុស​ច្បាប់ ​ជាង​៤ពាន់​នាក់ បាន​ចាកចេញ​ពី​អ៊ីស្រាអែល​រួច​ហើយ​ កាល​​ពីឆ្នាំ​២០១៧។ ជន​អន្តោប្រវេសន៍ ភាគច្រើន ហូរ​ចូលអ៊ីស្រាអែល តាមច្រក​ព្រំដែន​ប្រទេស​អេហ្ស៊ីប​​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ