rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

នុយក្លេអ៊ែរ

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

G7៖ ប្រមុខ​ការទូត​អ៊ីរ៉ង់ ជិះ​យន្តហោះ ទៅដល់​ក្រុង​ប្យ៉ារីត្ស គួរ​ឱ្យ​ភ្ញាក់​ផ្អើល

media
យន្តហោះ​របស់​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ចុះចត​នៅ​ Biarritz GEORGES GOBET / AFP

រសៀល​ថ្ងៃអាទិត្យ​ ទី​២៥សីហា រដ្ឋមន្ត្រីក្រសួង​ការបរទេស​អ៊ីរ៉ង់ បាន​ចុះ​ថត​យន្តហោះ នៅ​​ក្រុង​​ប្យ៉ារីត្ស ប្រទេស​បារាំង ជាទី​ដែលកំពុង​​រៀបចំ​ជំនួប​កំពូល​ក្រុម​ប្រទេស​សេដ្ឋកិច្ចនាំមុខ G7។​​ ជាការ​អញ្ជើញទៅ​ដល់ ​ដ៏គួរឱ្យ​​​ភ្ញាក់​ផ្អើល​ ខណៈ​ដែល​សំណុំ​រឿង​នុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវ​ថ្នាក់ដឹកនាំ G7 យកទៅ​ជជែក​ពិភាក្សា។ នេះបើតា​មប្រភពពី​មន្ត្រីទូត​បារាំង​។​


រដ្ឋមន្ត្រីក្រសួង​ការបរទេស​អ៊ីរ៉ង់ លោក Mohammad Javad Zarif ទៅ​ដល់ក្រុង​​ប្យ៉ារីត្ស Biarritz, ជាប់​មាត់​សមុទ្រ នៅពេលរសៀល ក្រោយពី​សំណុំ​រឿង​នុយក្លេអ៊ែរអ៊ីរ៉ង ទទួល​ជួប​​ភាព​ចម្រូង​ចម្រាស។ ចម្រូង​​ចម្រាស ​នៅត្រង់ថា ភាគី​បារាំង​ថា ថ្នាក់ដឹក​នាំនៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G7 បានយល់ព្រមគ្នា ឱ្យលោក អេម៉ានុយអែល ម៉ាក្រុង ដើរតួអ្នកនាំសារ ដើម្បីចរចាពិភាក្សាជាមួយថ្នាក់ដឹកនាំអ៊ីរ៉ង។ ក៏ប៉ុន្តែផ្ទុយទៅវិញ ភាគី លោក ដូណាល់ ត្រាំ ស្រាប់តែនិយាយប្រាប់អ្នកកាសែតថា «លោកមិនបានជជែកពីរឿងនេះផង​»។ រំពេច​នោះ​ ភាគី​អ៊ីរ៉ងស្រាប់តែ​ប្រតិកម្មវិញភ្លាមភ្លេត​ ដោយ​ខឹង​បន្តិច​ផង​ថា «បើក្រុមប្រទេស G7 និយាយមិនចុះសម្រុងគ្នា មិនមូរមាត់តែមួយទេ មិនបាច់មកនិយាយជាមួយអ៊ីរ៉ង់ទេ។ ដូច្នេះ ម្នាក់ៗធ្វើការតែរៀង​ៗខ្លួនទៅ»។

ទោះ​យ៉ាងណាក្តី នៅពេល​រសៀល​បន្តិច ប្រមុខ​ការទូតបារាំង​និង​អ៊ីរ៉ង់​បាន​ជួប​សំណេះសំណាលគ្នា ហើយ​អ្នកនាំពាក្យក្រសួង​ការ​បរទេស​អ៊ីរ៉ង់ បាន​លើកឡើង​ថា ប្រមុខ​ការទូត​អ៊ឺរ៉ង់​នឹង​ប្រឹងប្រែង​បន្ត​ការពិភាក្សា​បន្ថែមទៀត ដូចអ្វី​ដែល​បាន​ចង្អុល​បង្ហាញ​ដោយប្រធានាធិបតីរបស់ប្រទេស​ទាំង​ពីរ​។

គួរ​ជ្រាប​ដែរថា អ៊ីរ៉ង់​ឈប់​អនុវត្ត​តាម​កាតព្វ​កិច្ច​ដែល​ចែងក្នុង​កិច្ចព្រមព្រៀម​ក្រុង​វីយ៉ែន និង​ឈប់​អនុវត្ត​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ក្រោយ​ពីពេល​ដែល​​អា​មេរិក​​ដក​ខ្លួន​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង កាលពី​ខែ​ឧសភា ២០១៨។ មិនត្រឹម​តែ​ដកខ្លួន​ទេ​ អាមេរិករបស់​លោក ដូណាល់ ត្រាំ ថែមទាំង​​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អ៊ីរ៉ង់ ពិសេស​ទៅលើ​ការនាំចេញប្រេង​។

នៅក្នុង​សភាព​ការណ៍​បែប​​នេះ ប្រធានា​ធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង និង​សមភាគី​អឺរ៉ុប​ផ្សេង​ៗ​ទៀត កំពុង​តែ​ព្យាយាម​សាកល្បង​បញ្ចុះ​បញ្ចូល​លោកប្រធានាធិបតីអាមេរិក​​ ដូណាល់ ត្រាំ​ ដើម្បី​បន្ទន់ចរិយាបថបន្តិច មក​ចរចា​និយាយ​គ្នា​ឡើងវិញ ពី​រឿង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។

តា​មពិតទៅ ទាំងអ៊ីរ៉ង់​ ទាំងបារាំង​ក្តី​ គឺសុទ្ធតែ​បាន​រៀបចំ​ជើងព្រួល​រួច​ស្រេច​ហើយ​សម្រាប់​ចរចា។​ ជាក់​ស្តែង​ ប្រមុខ​ការទូត​អ៊ីរ៉ង លោក Mohammad Javad Zarif បាន​ត្រូវ​ទទួល​ជួប​ពីសា​បាយ​ល្ងាច ជាមួយ​ប្រធានាធិបតី​បារាំង នៅក្រុង​​ប៉ារីស តាំងពី​យប់​ថ្ងៃ​សុក្រ​មក​ម្ល៉េះ។ បើ​តាម​មើលទៅ ភាគីអ៊ីរ៉ង់ ហាក់​មា​នចេតនា​ចង់​ចរចា​ ដោយ​កាត់​កេរ្តិ៍​កាត់​ខ្មាស​សុខ​ចិត្ត​​មក​រង់ចាំពិភាក្សា​នៅ​ស្រុក​បារាំង​​ ពីរបីថ្ងៃ​មកហើយ។ នេះឃើញថា អ៊ីរ៉ង់ បន្ទន់​ជំហរ​មែនទែន នៅឡើយ​តែ​អាមេរិក​ទេ តើអាមេរិកយល់​​ព្រម​កាត់បន្ថយ​​ភាព​មានៈ​បន្តិច​ដែរឬទេ ដើម្បី​សម្រួល​ភាព​តាន់តឹង?​ ចម្លើយ​យ៉ាងណានោះ​ គឺមាន​តែ​​អាមេរិករបស់​លោក ដូណាល់ ត្រាំ តែប៉ុណ្ណោះ ដែលអាច​ឆ្លើយ​បាន៕​