rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អ៊ីរ៉ង់ ចាប់​នាវាដឹកប្រេង​របស់​បរទេស ចំនួន ១ ​ថែមទៀត

media
នាវា​កំពុង​ចរាចរណ៍ ​នៅ​ច្រកសមុទ្រ​អកម៉ូស​ (រូប​ថត​តំណាង) REUTERS/Hamad I Mohammed

មិន​ដល់​មួយ​ខែ​ផង អ៊ីរ៉ង់ ​ចាប់​នាវាដឹកប្រេង​របស់​បរទេស អស់​ចំនួន​បីទៅហើយ។ ថ្ងៃ​អាទិត្យ ទី​៤សីហា ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋអ៊ីរ៉ង់ បាន​ផ្សាយ​ជាផ្លូវ​ការ​ថា អ៊ីរ៉ង ​ចាប់​ឃាត់​នាវា​ដឹកប្រេង​របស់​បរទេស ​ថ្មី​មួយ​ទៀត នៅក្នុង​​ឈូង​សមុទ្រ​ពែរស្ស​។ នាវា​នេះ​ផ្ទុះ​ប្រេង​ឥន្ធនៈ​ ចំណុះ៧០ម៉ឺន​​លីត ហើយ​និង​មាន​មនុស្ស​ចំនួន​ ៧ នាក់ផង។ ក៏ប៉ុន្តែ ​អ៊ីរ៉ង់ ​មិន​បាន​បញ្ជាក់​ពី​អត្ថ​សញ្ញាណ​និងសញ្ជាតិ​របស់​មនុស្ស​ទាំង​នោះទេ។


ទ័ព​ជើង​ទឹក​របស់កង​​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ បាន​ធ្វើ​ប្រតិបត្តិ​ការ​ចាប់នាវា​ដឹកប្រេង និង​​​ជន​បរទេស​ទាំង ​៧ នាក់នោះ គឺធ្វើ​ឡើង​តាំង​ពី​ថ្ងៃទី​១សីហា​មកម្ល៉េះ តែ ​កាសែត​ផ្លូវ​រដ្ឋ​អ៊ីរ៉ង់ ទើប​សម្រេច​ទម្លាយ​ដំណឹងនេះ​ ​នៅ​ថ្ងៃ​អាទិត្យ​ ទី​៤សីហា។

នេះ​ជា​នាវាបរទេស​​ទី៣ហើយ​ដែល​ត្រូវ​រដ្ឋអំណាច​តេអេរ៉ង់ ចាប់​ឃាត់ នៅក្នុង​ច្រកសមុទ្រ​អកម៉ូស។ ពោល​គឺលើកទី១ ​អ៊ីរ៉ង់​បាន​ចាប់នាវា​ដឹង​មាសខ្មៅរបស់​ប្រទេស​ប៉ាណាម៉ា, ប៉ុន្មាន​ថ្ងៃ​បន្ទាប់មក​ ​ អ៊ីរ៉ង់​ចាប់​នាវាប្រេង​បរទេស ជា​​លើកទី២ ប៉ះចំនាវា​របស់អង់គ្លេស​ ដែល​មាន​ម្ចាស់​ជាតិ​ស៊ុយអែត​។ រឿង​នេះ ធ្វើ​ឱ្យ​អង់គ្លេស​ ខឹង​ច្រ​លោត​ជាខ្លាំង រហូត​កោះ​ហៅ​ទូត​អ៊ីរ៉ង់​នៅទៅ​សួរដេញដោល​នៅ​​រាជធានី​ឡុងឌ្រឺ ទៀត​ផង។ មិនតែប៉ុណ្ណោះ អង់គ្លេស បាន​ដាក់វិធាន​ការ​ដោយ​បញ្ជូន​​នាវា​យោធាអង់គ្លេស​​ដើម្បី​នាំផ្លូវ​ និងការ​ពារ​ការ​ដឹកប្រេងឆៅ​ ​និង​ដឹក​ជន​ស៊ីវិល​។ ភាព​តាន​តឹង​នេះ បាន​អូស​នាំ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន ឱ្យ​ចូលរួម​សាមគ្គី​ជួយ​អង់គ្លេស​ដែរ​។​ ចំណែក​ អាមេរិក ដែល​មិនសូវ​ស៊ី​ខ្សែ​អ៊ីរ៉ង់​ស្រាប់​ផង ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ​ ក៏​ប៉ះទង្គិចជាមួយ​អ៊ីរ៉ង់មួយ​ប្រាវ​ ដោយ​មា​នការ​បាញ់​ប្រហារ​យន្តហោះ​ឌ្រូន​គ្នា​ទៅវិញទៅ​មកថែមទៀត​ផង។

ទោះយ៉ាងណាក្តី ការ​ចាប់​នាវាដឹកប្រេង​របស់​បរទេស​ជាបន្ត​បន្ទាប់ពី​សំណាក់​អ៊ឺរ៉ង់ គឺ​​កង​កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ បាន​យល់ថា ច្រកសមុទ្រ​អកម៉ូស និង​ឈូង​សមុទ្រ​ពែរស្ស គឺជា​ដែន​ទឹក​របស់​ខ្លួន​និង​ជាកម្មសិទ្ធិ​​របស់​ប្រទេស​ក្នុង​តំបន់​តែប៉ុណ្ណោះ ហើយ​ចំណែក​បរទេស​ដទៃ​ណា​ផ្សេង កុំ​ចង់​មក​លូក​ដៃ​។ ក៏ប៉ុន្តែ ការ​យល់​ដូច្នេះ ចំពោះ​ប្រទេស​បស្ចឹម​លោក គឺ​មិន​សមរម្យ​នោះទេ ដ្បិត​ថា តាម​ច្បាប់​អន្តរជាតិ​ នាវា​របស់​ពួក​គេ ក៏​​អាច​​ធ្វើ​ដំណើរ​ចរា​ចរណ៍​នៅទីនោះ​បាន​ដែរ​។

គួរជ្រាបថា ច្រកសមុទ្រ​អកម៉ូស ជា​ផ្លូវ​ទឹក​សំខាន់​បំផុតមួយ​ ដែល​អនុញ្ញាត​ឱ្យ​គេ​អាច​ដឹកប្រេង​ឆៅ​ចេញចូល​ឆ្លង​កាត់​ពី​​ឈូង​សមុទ្រ​ពែរស្ស ហើយ​ច្រក​នេះ គឺ​ជា​កត្តាកំណត់​នៃ​តម្រូវការ​ប្រើប្រាស់​ប្រេង​ ប្រមាណ​១ភាគ៣ នៅ​ក្នុង​ពិភពលោក៕​