អានតួអត្ថបទ

ប្រតិកម្ម​ចម្រុះ ក្រោយ​លោក​ ត្រាំ ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ដ៏​ភ្ញាក់​ផ្អើល​មួយ​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ សម្រាប់​លោក ដូណាល់ ត្រាំ គេ​មិន​អាច​ទប់​ស្កាត់​មហិច្ឆតា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​ទេ តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ដ៏​ពុក​ផុយ​ដែល​មាន​រាល់​ថ្ងៃ​នេះ​។ គួរ​កត់​សម្គាល់​ថា ក្រោយ​ពី​លោក​ត្រាំ​ប្រកាស​ដូច្នេះ សហគមន៍​អន្ដរជាតិ​បាន​បញ្ចេញ​ប្រតិកម្ម​ខុស​ៗ​គ្នា ដោយ​ខ្លះ​ប្រកាស​ស្វាគមន៍ ខ្លះ​ខឹង​សម្បារ និង​ខ្លះ​ចាត់​ទុក​ថា វា​ជា​ការ​សម្រេច​ចិត្ត​ខុស​។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

ប្រតិកម្ម​មុន​គេ​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​អាមេរិក គឺ​ចេញ​ពី​លោក ហាសាន់ រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់​។ សម្រាប់​លោក រ៉ូហានី ការ​ដក​ខ្លួន​របស់​អាមេរិក គឺ​ជា​ការ​ប្រកាស​សង្គ្រាម​ផ្លូវ​ចិត្ត​ប្រឆាំង​នឹង​អ៊ីរ៉ង់​។ ភ្លាម​ៗ ប្រធានាធិបតី​អ៊ីរ៉ង់​រូប​នេះ បាន​ចេញ​បញ្ជា​ទៅ​អង្គការ​ថាមពល​អាតូម​របស់​អ៊ីរ៉ង់ ឲ្យ​ចាត់​វិធានការ​ចាំ​បាច់​នានា​សម្រាប់​ពេល​អនាគត ហើយ​ប្រសិន​បើ​ចាំ​បាច់ លោក​ថា អ៊ីរ៉ង់​អាច​នឹង​បន្ត​ការ​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ដោយ​គ្មាន​ដែន​កំណត់​។ និង​ថា បើ​ទោះ​បី​ជា​អាមេរិក​ដក​ខ្លួន​ចេញ​ក៏​ដោយ អ៊ីរ៉ង់​និង​សហគមន៍​អន្ដរជាតិ នឹង​បន្ត​រក្សា​កិច្ច​ព្រម​ព្រៀង​នេះ​ឲ្យ​នៅ​ដដែល​។

លោក បារ៉ាក់ អូបាម៉ា អតីត​ប្រធានាធិបតី​អាមេរិក​ដែល​ជា​អ្នក​ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​ហៅ​ការ​ប្រកាស​របស់​លោក​ដូណាល់ ត្រាំ ថា​ជា​ការ​សម្រេច​ចិត្ត​ខុស​។

ចំណែក ពី​ខាង​សហភាព​អឺរ៉ុប​វិញ​។ បារាំង អាឡឺម៉ង់ និង​អង់គ្លេស បាន​សម្ដែង​ការ​សោក​ស្ដាយ​ចំពោះ​ការ​ប្រកាស​ដក​ខ្លួន​របស់​អាមេរិក​។ រី​ឯមូស្គូ ក៏​ខក​ចិត្ត​ណាស់​ដែរ។ សម្រាប់រុស្ស៊ី ការ​សម្រេច​ចិត្ត​របស់​លោក ត្រាំ ដក​អាមេរិក​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នឹង​បង្ក​អស្ថិរភាព ក៏​ដូច​ជា​ទំនាស់​ថ្មី​ៗ​បន្ថែម​ទៀត​។

ពី​ស៊ីរី​ឯ​ណោះ​វិញ​។ ប្រមុខ​ការទូត​ស៊ីរី ​ថ្កោល​ទោសចំពោះ​សេចក្ដី​សម្រេច​របស់​អាមេរិក។ ទង្វើ​របស់​អាមេរិក​​ដូច្នេះ បើ​តាម​ប្រមុខ​ការទូត​ស៊ីរី គឺ​បាន​បង្ហាញ​ជា​ថ្មី​ម្ដង​ទៀត​ថា សហរដ្ឋ​អាមេរិក គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​គោរព​តាម​កិច្ចព្រមព្រៀង​អន្ដរជាតិ​ឡើយ​។

ដោយ​ឡែក ប្រមុខ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែស បាន​អំពាវនាវ​ឲ្យប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រម​ព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ផ្សេង​ទៀត គោរព​ឲ្យ​បាន​ពេញលេញ នូវ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ ហើយ​បន្ត​គាំទ្រ​ដល់​កិច្ច​ព្រម​ព្រៀង​នេះ បើ​ទោះ​បី​ជា​អាមេរិក​ចាក​ចេញ​ក៏​ដោយ​។

ជា​ការ​កត់​សម្គាល់ ការ​សម្រេច​ចិត្ត​របស់​លោក​ត្រាំនៅ​ថ្ងៃ​អង្គារ ដ្បិត​តែមាន​ការ​រិះគន់​និង​ថ្កោល​ទោស​ច្រើន​ក៏ពិត​មែន តែ​​ក៏​បាន​ទទួល​ការ​ស្វាគមន៍​ដែរ ពី​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត ដែល​​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ការ​សម្រេច​ចិត្ត​ដ៏​ក្លៀវក្លា​របស់​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ